“ជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី” ទុកមិនចំណេញកម្ចាត់ចេញរឹតតែមិនខាត

មានសារជាតិមិនខុសពីជីតា និងឪពុក ទណ្ឌិតសម រង្ស៊ី បានបន្ដប្រព្រឹត្ដទង្វើដ៏គួរឱ្យស្អប់ខ្ពើម គឺការព្យាយាមបំផ្លិចបំផ្លាញប្រទេស និងប្រជាជនកម្ពុជាម្ដងហើយម្ដងទៀត ដូច្នេះពិតជាសមណាស់នឹងឈ្មោះថ្មី “ជនក្បត់ជាតិ៣ជំនាន់”។ ខ្ចាត់ព្រាត់ពីប្រទេសកំណើតរត់ភៀសខ្លួនដល់បរទេស តែជននេះមិនព្រមសម្ងំលាក់ខ្លួនឱ្យស្រួលនោះទេ បែរជាប្រឹងកៀរគរគ្នីគ្នារិះរកមធ្យោបាយបំផ្លាញដែនដីកំណើត ចង់ធ្វើជាសត្រូវប្រឆាំងនឹងជាតិសាសន៍ឯងទៅវិញ។


រឿងដែលហួសចិត្ដថ្មីៗនេះ ទណ្ឌិតសម រង្ស៊ីបានប្រកាសក្ដែងៗញុះញង់ឱ្យពលរដ្ឋ និងកងទ័ពងើបបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងរស់ក្រោមម្លប់សន្ដិភាព ដោយស្រែកថាខ្លួនធ្វើដើម្បីពលរដ្ឋខ្មែរ។ នេះគឺជាសម្ដីដែលគ្មានអៀនខ្មាស និងគ្រាន់តែដើម្បីបោកប្រាស់ពលរដ្ឋខ្មែរប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គោលនយោបាយចងអាឃាតគិតតែប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ មិនអាចមកបោកបញ្ឆោតពលរដ្ឋខ្មែរដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលបានឡើយ។ ផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ជនក្បត់ជាតិសម រង្ស៊ី មិនអាចទៅរួចនោះទេបានត្រឹមស្រែកពីក្រៅស្រុកប៉ុណ្ណោះ។


សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានការភ័យខ្លាចសូម្បីបន្ដិចចំពោះការប្រយុទ្ធតតាំងជាមួយនឹងការប៉ុនប៉ងផ្ដួលរំលំរបស់ទណ្ឌិតសម រង្ស៊ី ប្រសិនបើឈានដល់ការប្រើហិង្សាមែន ប៉ុន្ដែសម្ដេចគ្រាន់តែស្ដាយស្រណោះចំពោះសាច់ឈាមពលរដ្ឋខ្មែរដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម។ យ៉ាងណាបើដល់ដំណាក់កាលចុងក្រោយ ក៏គ្មានជម្រើសក្រៅពីការពារជាតិ ការពាររាជានិយម ការពាររាជបល្ល័ង្គ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាល។


ពេលនេះ ទណ្ឌិតក្បត់ជាតិសម រង្ស៊ី ពិតជាត្រូវអស់លក្ខណ៍ ព្រោះផែនការធ្វើបដិវត្ដន៍ពណ៌គ្មានសង្ឃឹមនឹងជោគជ័យ។ សម្ដេចតេជោហ៊ុន សែន ដែលជាវីរបុរសកាច់ចង្កូតដឹកនាំនាវាកម្ពុជាចេញពីរបបប្រល័យពូជសាសន៍មករកសុខសន្ដិភាព ស្ថិរភាព ដូចពេលបច្ចុប្បន្ន ពិតជាមិនអាចឈរឱបដៃមើលជនក្បត់ជាតិ៣ជំនាន់មកបង្កចលាចលឡើយ ហើយក៏មិនអាចទុកឱកាសប៉ុនសរសៃសក់សម្រាប់ជនក្បត់ជាតិរូបនេះដែរ។

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់រុនតាឯកក្នុងខេត្ដសៀមរាប សម្ដេចតេជោបានប្រកាសប្ដូរផ្ដាច់ជាថ្មីថានឹងកម្ចាត់ចោលឱ្យខានតែបាននូវមនោគមន៍វិជ្ជារបស់ជនក្បត់ជាតិ៣ជំនាន់នេះ។ សម្ដេចអះអាងថា បើសិនមិនប្រកាសរំសាយចោលនូវនយោបាយមានឯងអត់អញ និងសុំទោសប្រជាពលរដ្ឋថា ចាប់ពីពេលនេះទៅខ្ញុំបញ្ឈប់នូវនយោបាយផ្ដួលរំលំរដ្ឋាភិបាល គឺដរាបនោះសម្តេចប្តេជ្ញាកម្ចាត់ចោលឱ្យបានជាដាច់ខាត។ ចំពោះវិធីកម្ចាត់ប្រើយុទ្ធសាស្ដ្រតែ២អក្សរប៉ុណ្ណោះ គឺIF បានន័យថា Isolated (ផ្ដាច់ខ្លួនចេញ) បន្ទាប់មក Finish(បញ្ចប់)តែម្ដង មិនប្រើយុទ្ធសាស្ដ្រ៥អក្សរ (DIFID) ដូចមុនឡើយ។

កន្លងមកសម្ដេចតេជោធ្លាប់បានផ្ដល់ឱកាសឱ្យពីរលើកដើម្បីកែខ្លួន ប៉ុន្ដែមិនត្រឹមមិនព្រមកែ ផ្ទុយទៅវិញជនក្បត់ជាតិសម រង្ស៊ី រឹងរឹតតែផ្គើនលើសដើម។ ទោសទណ្ឌដែលជនក្បត់ជាតិរូបនេះមានជាប់ខ្លួន ក៏មិនអាចនឹងលើកលែងបានទៀត បូករួមទាំងការសម្រេចរបស់តុលាការកាលពីថ្ងៃទី១៩តុលា ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរក្នុងសំណុំរឿងលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ដ ឱ្យទៅជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម។

សម្ដេចតេជោក្នុងនាមជាថ្នាក់ដឹកនាំប្រទេសបានខំប្រឹងយ៉ាងលំបាកលំបិន ដើម្បីចរចាបញ្ហាព្រំដែនមិនទាន់បានឯកភាព១៦ភាគរយជាមួយភាគីវៀតណាម ព្រោះតែចង់រក្សាទឹកដីនៅសេសសល់ឱ្យគង់វង្សតកូនចៅទៅមុខ មិនហ៊ានឱ្យបាត់បង់សូម្បីមួយតឹងមួយផឹក។ ប៉ុន្ដែជនក្បត់ជាតិរូបនេះបែរជាហ៊ានលួចចុះកិច្ចព្រមព្រៀងកាត់ខេត្ដ៤ឱ្យទៅបរទេស តើនេះមិនមែនជាទង្វើក្បត់ជាតិទេឬ? ដល់ពេលហើយដែលត្រូវលេងធម៌ក្ដៅជាមួយមនុស្សកែលែងឡើង អង្គុយរកតែវិធីសន្សំរឿងបំបែកបំបាក់ជាតិសាសន៍ខ្មែរ។

ញត្ដិគាំទ្រសម្ដេចតេជោ បានចេញយ៉ាងព្រោងព្រាត ឱ្យកម្ទេចចោលជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី។ ការណ៍នេះសបញ្ជាក់ថា ពលរដ្ឋខ្មែរមិនចង់ឱ្យប្រទេសដ៏កំសត់របស់ខ្លួនត្រូវមនុស្សវិកលចរិតមកបំផ្លាញទៀតទេ។ ទណ្ឌិតក្បត់ជាតិសម រង្ស៊ីល្មមភ្ញាក់រលឹកថា អំពើអាក្រក់មិនឈ្នះអំពើល្អដាច់ខាត។ កន្លងមកអ្នកធ្លាប់ប្រើគោលនយោបាយ “មានសែនអត់ស៊ី មានស៊ីអត់សែន” ឥលូវនេះដល់វេនបុរសខ្លាំងកម្ពុជាយកគោលនយោបាយនេះទៅប្រើលើមនុស្សក្បត់ជាតិដូចអ្នកឯងវិញ ព្រោះក្រុមសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយម បើងើបមួយសមនឹងវ៉ៃមួយ បើងើបពីរសមនឹងវ៉ៃពីរ ដូចសម្ដេចតេជោមានប្រសាសន៍។ ពួកនេះមិនបាននាំឱ្យជាតិរីកចម្រើន មានតែបង្កមហន្ដរាយធ្ងន់ធ្ងរ។

ក្រុមក្បត់ជាតិជ្រុលនិយមដូចទណ្ឌិត សម រង្ស៊ី កុំស្រមៃថាអាចធ្វើអ្វីបានស្រេចតែចិត្ដ។ ជង់មិនដែលភ្លេចកុកនោះទេ មានតែកុកដែលភ្លេចជង់។ ដូចគ្នាដែរ ល្គឹកណាមានសម្ដេចតេជោ មានគណបក្សប្រជាជនកម្ពុជា នៅបន្ដដឹកនាំប្រទេស ល្គឹកនោះក៏គ្មានវត្ដមានជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី អាចមកប្រឡូកក្នុងសង្វៀននយោបាយក្នុងស្រុកខ្មែរបន្ដទៀតបានដែរ។ មនុស្សពិសពុលដូចទណ្ឌិតសម រង្ស៊ី មិនអាចរួចខ្លួនពីសំណាញ់ច្បាប់កម្ពុជាបានដាច់ខាត ហើយជោគវាសនារបស់ជននេះច្បាស់ណាស់នឹងត្រូវចោលឆ្អឹងនៅក្រៅស្រុក។ សម្ដេចតេជោក៏ព្រមានអ្នកដែលពាក់ព័ន្ធសូមដកខ្លួនចេញឱ្យឆ្ងាយពីទណ្ឌិតសម រង្ស៊ីបើចង់សុខ ហើយគណបក្សនយោបាយបើហ៊ានភ្ជាប់ខ្លួនជាមួយនឹងជនក្បត់ជាតិរូបនេះនឹងត្រូវប្ដឹងទៅតុលាការដើម្បីរំលាយចោលតែម្ដង។

ជារួម គោលនយោបាយកម្ចាត់ចោលជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី ត្រូវតែធ្វើមិនអាចខកខានបាន ដើម្បីរក្សាកម្ពុជាឱ្យបន្ដស្ថិតក្នុងសន្ដិភាព ពលរដ្ឋអាចរស់នៅបានសុខសាន្ដ។ បច្ចុប្បន្នគ្មាននរណាមានសមត្ថភាពផ្ដល់ម្លប់ដល់ពលរដ្ឋខ្មែរដូចសម្ដេចតេជោនោះទេ ដូច្នេះទណ្ឌិតក្បត់ជាតិ៣ជំនាន់សម រង្ស៊ី ទុកពិតជាមិនចំណេញកម្ចាត់ចេញរឹតតែមិនខាត៕

អ្នកនិពន្ធ៖ Penh Pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

18 − 13 =

This site uses Akismet to reduce spam. Learn how your comment data is processed.