Fresh Exclusive៖ អំណាចសាមគ្គីជាតិ គឺជាគន្លឹះឈ្នះនៃសង្គ្រាមការទូត៖ កុំឲ្យព័ត៌មានបំពុលរបស់ក្រុមជ្រុលនិយមបំបែកជាតិខ្មែរ

ក្នុងពេលដែលកម្ពុជា កំពុងបង្កើនសមត្ថភាពការទូតទ្វេដង និងទទួលបានការគាំទ្រពីប្រទេសមហាអំណាច និងអង្គការអន្តរជាតិ ពលរដ្ឋខ្មែរត្រូវបង្កើនការរួមចំណែកថែរក្សាសាមគ្គីភាពជាតិ ដោយមិនជឿលើព័ត៌មានញុះញង់ និងការបំពុលអារម្មណ៍សង្គមពីក្រុមជ្រុលនិយមក្រៅប្រទេសឡើយ។ ឯកភាពជាតិ និងស្មារតីស្នេហាជាតិ គឺជាឧបករណ៍សំខាន់បំផុតក្នុងការការពារអធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងពេលដែលកម្ពុជាកំពុងទទួលបានជោគជ័យយ៉ាងសំខាន់លើឆាកនយោបាយការទូត ដោយសារតែកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់រាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងទង្វើឈ្លានពានរបស់ថៃ, ក្រុមជ្រុលនិយមខ្មែរនៅក្រៅប្រទេសវិញ កំពុងប្រើវិធីសាស្ត្រព័ត៌មានញុះញង់ដើម្បីបំបែកបំបាក់ភាពសាមគ្គីរបស់ប្រជាជនខ្មែរ។ ព័ត៌មានមិនពិតទាំងនេះ នឹងក្លាយជាអាវុធមុតស្រួច បង្កគ្រោះថ្នាក់ដល់ឯកភាពជាតិ និងស្មារតីស្នេហាបូរណភាពទឹកដីរបស់ប្រជាជាតិខ្មែរ ប្រសិនបើខ្មែរមិនរួមគ្នាក្នុងការទប់ស្កាត់នូវព័ត៌មានបំពុលរបស់ពួកគេទាំងនោះទេ។

កម្ពុជាពេលនេះ កំពុងអនុវត្តយុទ្ធសាស្ត្រការទូតទ្វេដង ដោយសកម្ម ដើម្បីទប់ទល់នឹងអំពើរំលោភឈ្លានពានដែនដីពីសំណាក់ប្រទេសថៃ។ ក្នុងបរិបទនេះ ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ថ្នាក់ដឹកនាំកំពូល ត្រូវគេឃើញថា បានដំណើរការយ៉ាងសកម្មនិងខ្ជាប់ខ្ជួន ដែលមិនត្រឹមតែពង្រឹងបាននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើគោលបំណងរក្សាសន្តិភាព និងការពារអធិបតេយ្យភាពជាតិថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) នៅទីក្រុងធានជីង ប្រទេសចិន និងបានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំកំពូលសំខាន់ៗ រួមមាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីឥណ្ឌា លោក នារេនដ្រា ម៉ូឌី, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ព្រមទាំងនាយករដ្ឋមន្ត្រីនេប៉ាល់, នាយករដ្ឋមន្ត្រីវៀតណាម និងឡាវ និងឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនទៀតនៅក្នុងប្រទេសចិននោះ។

ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ។ ក្នុងអំឡុងទស្សនកិច្ចរយៈពេលពីរថ្ងៃ សម្តេចតេជោ ក៏មានគម្រោងជួបជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំឡាវ ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង៣ រួមមាន៖ កម្ពុជា វៀតណាម ឡាវ ដែលទំនាក់ទំនងគ្នារវាងប្រទេសទាំងបីនេះ មានសារៈសំខាន់យ៉ាងក្រៃលែង ទាំងចលនានយោបាយការទូតសភា និងការទូតរវាងគណបក្ស ដែលបង្កើនភាពកាន់តែជិតស្និទ្ធ និងបង្កើនកម្លាំងចរចាររបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយនឹងការឃើញជោគជ័យនយោបាយការទូតរបស់ខ្មែរ ដែលបានធ្វើឱ្យពិភពលោក បានឃើញនូវការពិត និងទទួលបានការគាំទ្រពីប្រទេសមហាអំណាច និងអង្គការអន្តរជាតិសំខាន់ៗ ដូចជា៖ ប្រទេសចិន, សហរដ្ឋអាមេរិក, អង្គការសហប្រជាជាតិ និងប្រទេសធំៗនៅក្នុងតំបន់នោះហើយ ក្រុមជ្រុលនិយមនៅក្រៅប្រទេស ដែលបំរើនយោបាយឱ្យសត្រូវ បានបង្កើតនូវព័ត៌មានញុះញង់ និងបំពុលផ្សេងៗ ដើម្បីរកការបំបែកបំបាក់ផ្ទៃក្នុងជាតិបំរើនយោបាយរបស់សត្រូវនៃមាតុភូមិកម្ពុជា។

ដូចពលរដ្ឋខ្មែរបានដឹងរួចមកហើយថា ក្រុមជ្រុលនិយមខ្មែរមួយក្តាប់តូចនៅក្រៅប្រទេសដឹក នាំដោយ សម រង្ស៊ី មិនដែលមានបំណងល្អណាមួយចំពោះជាតិខ្មែរ ដែលរងនឹងទង្វើឈ្លានពានរបស់ថៃឡើយ។ ខណៈដែលទាហានថៃ ប្រើអាវុធខុសច្បាប់ ដូចជា គ្រាប់បែកចង្កោម, គ្រាប់ផ្សែងពុល, និងគ្រាប់បែកទម្លាក់ដាក់ទៅលើប្រាសាទបុរាណ និងលើប្រជាពលរដ្ឋស៊ីវិល ក្នុងពេលមានសង្គ្រាម៥ថ្ងៃកន្លងមកនោះ, ជនក្បតិជាតិបីជំនាន់ សម រង្ស៊ី មិនដែលបានថ្លែងនូវពាក្យសម្តីអាណិតអាសូរមកលើយុទ្ធជន និងពលរដ្ឋខ្មែរដែររងគ្រោះនោះឡើយ។ ប៉ុន្តែជំនួសការនិយាយគាំទ្រដល់ជាតិ និងលើកកម្ពស់ស្មារតីដល់ទាហានខ្មែរនៅលើសមរភូមិ ដែលបានការពារទឹកដីតាមបណ្តោយព្រំដែននោះ, ជនក្បតិជាតិបីជំនាន់ សម រង្ស៊ីវិញ បានប្រើសម្តីបំផ្លាញស្មារតីជាតិ និងផ្តល់អត្ថប្រយោជន៍ផ្ទាល់ទៅឱ្យសត្រូវឈ្លានពានទឹកដីខ្មែរទៅវិញ។

គេមិនអាចបំភ្លេចបានឡើយ នូវសម្តីរបស់សម រង្ស៊ី ដែលនិយាយថា «ទាហានថៃ បាញ់ចំៗតែម្តង ប៉ុន្តែទាហានខ្មែរវិញ បាញ់អត់ត្រូវគោលដៅទេ»។ សម្តី សម រង្ស៊ី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងទីក្រុង Chambery នៃប្រទេសបារាំងបាននិយាយចំអកថា «ទាហានខ្មែរអត់មានសម្ភារ:ទេ…ទាហាន ខ្មែរបាញ់ព្រាវៗ មិនដឹងជាបាញ់អីទេ…» ដែលជាសម្តីពិសពុលដូចជា ការផ្តល់អាវុធឱ្យសត្រូវ ក្នុងការប្រឆាំងប្រទេសដើមកំណើតជាតិរបស់ខ្លួនឯង… ហើយសម្តីដ៏ឈឺចាប់មួយទៀតរបស់ សម រង្ស៊ី ដាក់មកលើយុទ្ធជនខ្មែរដែលការពារទឹកដីនោះ គឺជនក្បត់ជាតិបីជំនាន់នេះ បានចោទថា ទង្វើការពារខ្លួនរបស់យុទ្ធជនខ្មែរ ជាទង្វើ «អសីលធម៌» ទៅវិញ។ សម្តីនេះ គឺស្មើនឹងការលាងទោសឲ្យសត្រូវ និងទម្លាក់កំហុសមកលើជាតិខ្មែររបស់ខ្លួនឯងទាំងស្រុង។

នាពេលនេះទៀត ខណៈដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា កំពុងទទួលបានលទ្ធផលជោគជ័យយ៉ាងច្បាស់លាស់ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតទ្វេដង ដោយសកម្ម ដើម្បីទប់ទល់នឹងអំពើរំលោភ និងឈ្លានពានដែនដីពីសំណាក់ប្រទេសថៃ, ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី នៅតែបន្តប្រើប្រាស់ព័ត៌មានញុះញង់ និងបំពុលអារម្មណ៍សង្គម ដើម្បីចង់បំបែកបំបាក់ស្មារតីសាមគ្គីរបស់ពលរដ្ឋខ្មែរ។ ក្រុមជ្រុលនិយមនេះ បានបង្កើតនិងបំប៉ោងព័ត៌មានមិនពិត ដូចជាចោទថា កម្ពុជាបាន «លុតក្រាប» ចំពោះបរទេស ឬ ចោទថា រាជរដ្ឋាភិបាលបានធ្វើឱ្យបាត់បង់ទឹកដីកន្លែងនេះ ឬកន្លែងនោះ ដោយមិនថែរក្សាផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពដែនដីជាដើម ខណៈធាតុពិតជាក់ស្តែងវិញ គឺរាជរដ្ឋាភិបាលលកម្ពុជា បានបន្តរក្សាភាពអត់ធ្មត់ និងគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ ដោយចៀសវាងការបង្កើតជម្លោះពីព្រោះអ្វីទាំងនេះ គឺជាកូនសោរសំខាន់ក្នុងការធ្វើឱ្យកម្ពុជាអាចឈ្នះលើសត្រូវ តាមរយៈ យុទ្ធសាស្ត្រការទូតអហិង្សា និងការគាំទ្រពីសហគមន៍អន្តរជាតិ។

ស្ថានភាពបច្ចុប្បន្នបង្ហាញច្បាស់ថា ពិភពលោកបានមើលឃើញនូវតួនាទីរបស់កម្ពុជា ដែលប្រើប្រាស់ឯកភាពជាតិ និងអំណាចការទូត ជាឧបករណ៍សំខាន់ដើម្បីការពារដែនដី និងអធិបតេយ្យភាពជាតិរបស់ខ្លួន។ ជ័យជំនះរបស់កម្ពុជាតាមយុទ្ធសាស្ត្រការទូតអហិង្សា កំពុងលេចជាស្រមោលបន្តិចម្តងៗមកហើយ ប៉ុន្តែយើងជាប្រជាពលរដ្ឋ ត្រូវរួមគ្នាទប់ស្កាត់ការបំពុលព័ត៌មានទាំងឡាយពីក្រុមជ្រុលនិយម ដែលគ្មានបំណងល្អដល់ប្រទេសកម្ពុជាឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានអំពាវនាវនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បញ្ជាក់ថា ពលរដ្ឋខ្មែរ «ត្រូវតែស្រាក់ដៃគ្នា គាំទ្រជំហររាជរដ្ឋាភិបាល និងបន្តចូលរួមបន្សាបក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងញុះញង់ក្នុងចេតនាអាក្រក់ដើម្បីបំផ្លាញមហាសាមគ្គីភាពដ៏រឹងមាំ»។

ជោគជ័យការទូតរបស់កម្ពុជាក្នុងពេលនេះ គឺអាស្រ័យលើភាពរួមចំណែកគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកំពូលរបស់ជាតិរបស់យើង។ ពលរដ្ឋខ្មែរត្រូវចងចាំថា នៅពេលដែលជាតិយើងកំពុងរួមគ្នាជាធ្លុងមួយ និងស្ថិតនៅក្នុងទិសដៅតែមួយ កម្ពុជាកាន់មានសមត្ថភាពប្រើអំណាចការទូត ដើម្បីទទួលបានការគាំទ្រពីប្រទេសមហាអំណាច និងអង្គការអន្តរជាតិ។ ដូច្នេះគេមិនត្រូវជឿលើសម្តីរបស់ក្រុមជ្រុលនិយម ដែលគ្មានបំណងល្អចំពោះជាតិខ្មែរឡើយ។ ហើយគេក៏មិនត្រូវភ្លេចដែរថា ពាក្យសម្តីរបស់ សម រង្ស៊ី ដែលបន្លឺចេញពីមាត់របស់ខ្លួន ជាមួយនឹងការបញ្ចេញកាយវិការឆ្កាដៃជើង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងទីក្រុង Chambery នៃប្រទេសបារាំង គឺជាទង្វើក្បត់ជាតិ ដែលបំផ្លាញស្មារតីក្លាហានជាតិរបស់យុទ្ធជនខ្មែរ, និងជាទង្វើជួយសត្រូវដោយការទម្លាក់កំហុសមកលើប្រទេសខ្មែរដែលរងគ្រោះ។

យើងជាពលរដ្ឋខ្មែរ មិនត្រូវជឿលើពាក្យសម្តីញុះញង់ ពីក្រុមជ្រុលនិយមក្រៅប្រទេស, ត្រូវរួមគ្នារក្សា សាមគ្គីភាពជាតិ និងស្មារតីស្នេហាជាតិ, ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងទទួលបានការគាំទ្រពីពិភពលោក។ ការទប់ទល់នឹងទង្វើឈ្លានពានរបស់ថៃក្នុងពេលនេះ គឺមាតុភូមិកម្ពុជា ត្រូវការជំនួយសាមគ្គីភាពរបស់ប្រជាជនទាំងអស់ ដើម្បីបង្កើនសមត្ថភាពការទូត និងការពារអធិបតេយ្យភាពរបស់ប្រទេស។ ព័ត៌មានរបស់ក្រុមជ្រុលនិយម និងពីមេខ្លោងក្បត់ជាតិបីជំនាន់ គឺគ្មានអ្វីក្រៅពីការជួយសត្រូវ និងទម្លាក់កំហុសមកលើយុទ្ធជនខ្មែរ, លើពលរដ្ឋខ្មែរ និងមកលើថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងក្រាញននៀលជាមួយនឹងប្រជាជាតិខ្លួនឯងតែប៉ុណ្ណោះ។

–FRESH NEWS–

Bun

Leave a Reply

Your email address will not be published. Required fields are marked *

eighteen − five =

This site uses Akismet to reduce spam. Learn how your comment data is processed.