ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានធ្វើឱ្យប្រជាជនកម្ពុជាកើតទុក្ខមិនសុខចិត្ដ ដ្បិតរងការប្រមាថគ្រប់បែបយ៉ាងពីសំណាក់ភាគីថៃ។ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ដយ៉ាងខ្ជាប់នូវបទឈប់បាញ់នេះ ប៉ុន្ដែទាហានថៃបានបំពានម្ដងហើយម្ដងទៀត រហូតដល់ចូលរាយលួសបន្លាលើទឹកដីកម្ពុជា និងធ្វើសកម្មភាពបំពាននានា ធ្វើឱ្យប្រជាពលរដ្ឋ អ្នកនយោបាយក្នុងស្រុកគ្រប់និន្នាការរួមគ្នាជាធ្លុងមួយប្រឆាំងសត្រូវឈ្លានពានប្រទេសជាតិ។
ប៉ុន្ដែសម្រាប់ក្រុមអ្នកនយោបាយជ្រុលនិយមប្រឆាំងកម្ពុជាដែលស្ថិតនៅក្រៅប្រទេស ហាក់ដើរផ្ទុយពីប្រជាពលរដ្ឋនិងអ្នកនយោបាយប្រឆាំងក្នុងស្រុក។ ពលរដ្ឋនិងអ្នកនយោបាយក្នុងស្រុកថ្កោលទោសទាហានថៃ ប៉ុន្ដែមេដឹកនាំចលនាប្រឆាំងក្រៅប្រទេស គឺទណ្ឌិត សម រង្ស៊ី បែរជាកោតរសរសើរទាហានថៃ ថាបានបាញ់មកកម្ពុជាចំគោលដៅល្អ ហើយបន្ទោសទាហានកម្ពុជាថាបាញ់មិនចំគោលដៅ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃទៅវិញ។ នេះជាការនិយាយទាំងបិទភ្នែកធ្វើមិនឃើញពីផ្ទះប្រជាពលរដ្ឋខ្មែរ វត្ដអារាម ពិសេសប្រាសាទព្រះវិហារ ដែលរងការខូចខាតដោយសារថៃបាញ់ប្លោងដាក់។
ទង្វើដែលពលរដ្ឋខ្មែរខឹងសម្បាខ្លាំងបំផុតនោះ គឺទណ្ឌិតរូបនេះរួមនឹងបក្ខពួកតែងតែនិយាយបំផ្លើសពីកម្ពុជា និងវាយប្រហារកម្ពុជាឥតស្គាល់កាលៈទេសៈប្រទេសជាតិកំពុងរងនូវការឈ្លានពានពីបរទេស។ សារវាយប្រហារមកលើជាតិសាសន៍ឯងរបស់បុគ្គល សម រង្ស៊ី និងបក្ខពួក ត្រូវបានកាសែតថៃនាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតបង្ខូចកេរ្ដិ៍ឈ្មោះ កម្ពុជា ហើយជនជាតិថៃបានចាត់ទុក សម រង្ស៊ី ដូចជាបុគ្គលសំខាន់ម្នាក់អ៊ីចឹងដែរ។ ការណ៍នេះបានធ្វើឱ្យមានមតិលើកឡើងថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួកបានគប់គិតជាមួយថៃបំផ្លាញកម្ពុជា។
មែនទែនទៅ វាមិនមែនជារឿងចម្លែកទេសម្រាប់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលតែងប្រឆាំងរដ្ឋាភិបាល ប្រឆាំងផលប្រយោជន៍ប្រទេសជាតិគ្រប់ពេលដូច្នេះ ព្រោះពួកគេបានចិញ្ចឹមចិត្ដចង់ឱ្យមានបដិវត្ដន៍ពណ៌នៅកម្ពុជាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ តាមរយៈរឿងរ៉ាវនៅព្រំដែន ក្រុមរបស់ទណ្ឌិត សម រង្ស៊ី បាននិងកំពុងមានទំនាក់ទំនងជាមួយក្រុមចលនាអាវលឿងជាតិនិយមរបស់ថៃ ដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sunday Guardian ។ សារព័ត៌មាននេះទទួលបានឯកសារផ្ទៃក្នុងពីប្រភពអនាមិកជាបន្ដបន្ទាប់ ដែលក្នុងនោះរាប់បញ្ចូលទាំងអ៊ីមែលចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានចាត់ទុកថា លោកស្រី មូរ សុខហួរ ជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមប្រឆាំងកំពុងស្ថិតនៅក្រៅប្រទេស បានផ្ញើវាទៅឱ្យសកម្មជនប្រឆាំងម្នាក់ទៀតកំពុងស្ថិតនៅក្រៅប្រទេសដូចគ្នា។ សកម្មជនម្នាក់នោះឈ្មោះ ឯម ពិសិដ្ឋ ដែលជាអ្នកដឹកនាំបណ្តាញយុវជនកម្ពុជាសកលមានទីតាំងនៅប្រទេសថៃ។
អ៊ីមែលដែលជនអនាមិកផ្ដល់ឱ្យ The Sunday Guardian មានចំណងជើងថា “ផែនការសកម្មភាពទ្វេភាគី និងសេចក្តីណែនាំរបស់ប្រធាន”។ ផែនការសកម្មភាពនេះបានសរសេររៀបរាប់អំពីគំនិតផ្តួចផ្តើមនានាដើម្បីរៀបចំសកម្មភាពយុទ្ធសាស្ត្រនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រីកសាធារណមតិអំពីបញ្ហាទឹកដីនៅក្នុងតំបន់រសើបមួយចំនួនដូចជាតាមាន់ធំ និងតំបន់មុំបីនៅព្រះវិហារ។ យោងតាមផែនការនោះ ក្រុមអាវលឿងរបស់ប្រទេសថៃត្រូវបានប្រគល់ភារកិច្ចឱ្យប្រមូលកម្លាំងសម្រាប់ប្រតិបត្តិការនៅព្រំដែន ដើម្បីបង្កការរំខាននិងផ្តល់ការហ្វឹកហាត់ជាប្រព័ន្ធ សម្រាប់ការប្រឈមមុខគ្នាដោយហិង្សា ការតវ៉ាអហិង្សា និងសង្គ្រាមព័ត៌មាន។ នេះជាសញ្ញាបង្ហាញថាពួកគេបាននិងកំពុងរួមដៃគ្នាយ៉ាងពិតប្រាកដ។
ងាកចេញពីព្រឹត្ដិការណ៍ក្នុងពេលបច្ចុប្បន្ន សារព័ត៌មាន The Sunday Guardian ដដែល ក៏ធ្លាប់បានចេញផ្សាយអត្ថបទមួយកាលពីអំឡុងឆ្នាំ២០២៤ ដោយទម្លាយថា រដ្ឋបាលលោក ចូ បៃឌិន របស់សហរដ្ឋអាមេរិកគ្រានៅដឹកនាំប្រទេស ជាអ្នកនៅពីក្រោយគម្រោងការបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាផងដែរ។ នៅក្នុងការចុះផ្សាយកាលនោះបានទម្លាយទៀតថា គម្រោងការធ្វើរដ្ឋប្រហារនៅកម្ពុជាបានកើតឡើងតាមរយៈមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាងឯកសារបែកធ្លាយដែលពួកគេទទួលបាន។
លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្ដ្រនយោបាយអន្ដរជាតិ បានបញ្ជាក់ថា ករណីនេះគឺជាការពិត ដោយលោកសង្កត់ធ្ងន់ថា មានពាក់ព័ន្ធនឹងកូនរបស់លោក កឹម សុខា ហើយទណ្ឌិត សម រង្ស៊ី ក៏ចូលរួមមួយផ្នែកដែរ។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា កាលនោះពួកគេបានជ្រើសរើសគោលដៅចំនួនពីរ គឺមួយប្រឆាំងលទ្ធផលនៃការបោះឆ្នោត និងមួយទៀតបំផុសឱ្យពលរដ្ឋដែលទៅចូលរួមពិធីបុណ្យអុំទូក នាំគ្នាប្រឆាំងឈានទៅរកការធ្វើបដិវត្ដន៍ពណ៌ ក្នុងពេលដែលប្រជាជនកម្ពុជាមកទូទាំងរាជធានី ខេត្ត ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ ប៉ុន្ដែប្រជាជនកម្ពុជាមិនបានចាប់អារម្មណ៍ សកម្មភាពញុះញង់របស់ក្រុមប្រឆាំងដែលមានបំណងបំផ្លាញព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបំផ្លាញសន្តិភាពនៅកម្ពុជាឡើយ ពីព្រោះប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព ហើយក៏បានយល់ច្បាស់ពីល្បិចកលរបស់ក្រុមប្រឆាំងអស់លក្ខ មិនតែប៉ុណ្ណោះប្រជាជនកម្ពុជា បានសហការជាមួយរាជរដ្ឋាភិបាលដោយបានទប់ស្កាត់ទាន់ពេលវេលា ខណៈទឹកចិត្ដប្រជាពលរដ្ឋខ្មែរវិញក៏មិនបានជឿទៅលើការញុះញង់អ្វីដែរ ព្រោះពួកគេទទួលបានសន្ដិភាព រស់នៅបានសុខហើយ មិនចង់មានសង្គ្រាមទៀតឡើយ នេះបើតាមលោកបណ្ឌិត កា ម៉ាធុល។
រម្លឹកកាលពីអំឡុងឆ្នាំ២០១៩ នៅទីក្រុងឡូវែល រដ្ឋម៉ាឆាឈូសេត សហរដ្ឋអាមេរិក ក្រុមរបស់ទណ្ឌិត សម រង្ស៊ី បានចេញសេចក្តីប្រកាស៥ចំណុច ពាក់ព័ន្ធនឹងគម្រោងនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ពួកគេបានដឹងយ៉ាងច្បាស់ថា សម រង្ស៊ី នឹងមិនអាចចូលមកកម្ពុជាដើម្បីឱ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនដាក់ពន្ធនាគារនោះឡើយ ដ្បិតបុគ្គលរូបនេះរុំព័ទ្ធដោយបណ្ដឹងរាប់មិនអស់ ប៉ុន្ដែពួកគេនៅតែប្រើវិធីសាស្ដ្ររុញឱ្យអ្នកដែលជឿលង់លើខ្លួនទទួលរងគ្រោះជំនួស ដើម្បីបំពេញមហិច្ឆតាក្រុមខ្លួន។ ការប្រកាសរបស់ក្រុមក្បត់ជាតិនេះ មានន័យស្មើនឹងការប្រកាសធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ពីទឹកដីអាមេរិក។ ជារួមអ្វីដែលក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានធ្វើពីមុន និងកំពុងធ្វើនាពេលនេះ មិនអាចប្រកែកបានទេថាបំពានទៅលើច្បាប់និងឆ្លងបន្ទាត់ក្រហមទៅហើយ ចាំបាច់ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ដ្រីកម្ពុជា ធ្លាប់បានលើកឡើងថា អស់រយៈពេលជាច្រើនទសវត្សរ៍ បណ្ដាប្រទេសដែលអះអាងថាជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្រខ្មែរក្រហមក្នុងការប្រឆាំងនឹងរដ្ឋាភិបាលរបស់សម្ដេច ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។ សម្តេចតេជោ បានថ្លែងបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្ដែងបដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ក៏បានលើកពីបទពិសោធន៍ថា បដិវត្តន៍ពណ៌គេអាចធ្វើបាន តួយាងគឺបានធ្វើនៅប្រទេសបង់ក្លាដែស ដែលកើតឡើងក្នុងឆ្នាំ២០២៤កន្លងទៅ ហើយក៏ចង់មកបំផ្លាញនៅកម្ពុជាទៀត ក៏ប៉ុន្តែសម្ដេចបានស្គាល់វិធីសាស្ត្ររបស់ក្រុមធ្វើបដិវត្តន៍ពណ៌រួចស្រេចទៅហើយ ពួកគេមិនធ្វើរដ្ឋប្រហារផ្ដួលរំលំទៀតទេ ក៏ប៉ុន្តែពួកគេចង់ធ្វើបដិវត្តពណ៌ជំនួសវិញតាមរយៈប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ វិធីសាស្ត្រដំបូងរបស់ពួកគេ គឺធ្វើឱ្យអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា សម្រាប់កម្ពុជា អព្យាក្រឹត្យអនុញ្ញាតតែបក្សនយោបាយនិងបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល គឺជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹតបានទេ ដូច្នេះពួកបដិវត្តន៍ក៏មិនអាចធ្វើអ្វីបានដែរ ហើយថ្នាក់ដឹកនាំរដ្ឋាភិបាលត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ ព្រោះបើមិនដូច្នោះទេឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សារជាថ្មីម្ដងទៀត។ រដ្ឋាភិបាលកម្ពុជាមិនញញើតដៃក្នុងការប្រើប្រាស់វិធានការទាំងឡាយដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ឡើយ។
ជុំវិញករណីញុះញង់ម្ដងហើយម្ដងទៀតទៅកាន់ប្រជាពលរដ្ឋខ្មែរឱ្យដើរខុសគន្លងប្រជាធិបតេយ្យរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក៏ធ្លាប់បានផ្ញើសារទៅកាន់ទណ្ឌិតរូបនេះដែរថា គោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាលតាមផ្លូវមិនមែនប្រជាធិបតេយ្យពិតជាមិនអាចទៅរួចដាច់ខាត។ សម្ដេចថែមទាំងបានដាក់រហ័សនាមថ្មីដល់ទណ្ឌិត សម រង្ស៊ី ថាជា “ទណ្ឌិតជើង១០ ភ្នែក៥” ។
គួរឱ្យដឹងថា ចំណុចសំខាន់របស់បដិវត្តន៍ពណ៌រួមមានការជំរុញឱ្យមានការតវ៉ា ពីដំបូងធ្វើដោយសន្តិវិធីនិងក្រោយមកបានដុតបញ្ឆេះឱ្យក្លាយជាហិង្សា។ ចំណុចបញ្ឆេះឱ្យមានការបង្កើតកំហឹងនោះ ត្រូវបានគេបង្កើតមកពីកត្តាផ្សេងៗដូចជាបញ្ហាបោះឆ្នោត, ចោទប្រកាន់ពីអំពើពុករលួយ, ភាពលម្អៀង និងការបំផុសរឿងរ៉ាវណាដែលធ្វើឱ្យមនុស្សឆាប់មានកំសួលកំហឹង ជាមួយការលើកទឹកចិត្តដល់ក្រុមគាំទ្ររបស់ខ្លួនជាយុវជន, ជាអង្គការមិនមែនរដ្ឋាភិបាល និងស្ថិតនៅក្នុងក្រុមផ្សេងៗដើម្បីឱ្យពួកគេធ្វើជាឆ្នួនបំផ្ទុះ និងការស្វែងរកឥទ្ធិពលពីប្រទេសលោកខាងលិច ដើម្បីជួយផ្តល់ការគាំទ្រដល់ពួកគេដើម្បីឈានទៅសម្រេចមហិច្ឆតាផ្តួលរំលំនោះ។
ដើម្បីទប់ស្កាត់បដិវត្ដន៍ពណ៌នៅកម្ពុជា នយោបាយឈ្នះ-ឈ្នះដែលធ្វើឱ្យកម្ពុជាអស់សង្គ្រាម និងការរក្សាស្ថិរភាពនយោបាយបានស្ថិតស្ថេរ ភាពប៉ិនប្រសប់នៃការដឹកនាំរបស់រាជរដ្ឋាភិបាល ជាវិធីសាស្ដ្រល្អបំផុត។ រាជរដ្ឋាភិបាលបានប្រើប្រាស់វិធីសាមញ្ញៗ ក្នុងការបន្សាបឥទ្ធិពលសកម្មភាពដែលជាផ្នែកមួយនៃបដិវត្ដន៍ពណ៌ ដូចជាការផ្សាយព័ត៌មានមិនពិតរបស់ក្រុមជ្រុលនិយម។ វិធីសាស្ត្រដ៏សាមញ្ញមួយក្នុងការទប់ស្កាត់ការបំផុសព័ត៌មានមិនពិតដើម្បីដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ គឺការប្រើប្រាស់ព័ត៌មានពិតយកមកទប់ទល់។ ជាមួយនឹងការចូលរួមគ្រប់ស្រទាប់ពីបណ្តាពលរដ្ឋ និងការបញ្ជ្រាបព័ត៌មានពិតទាំងនោះឱ្យពលរដ្ឋបានយល់ និងឃើញជាក់ស្តែង ពួកគេនឹងមិនលង់ជឿឧបាយកលរបស់សត្រូវឡើយ។
ម្យ៉ាងវិញទៀត ដើម្បីប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ គឺការអនុវត្តច្បាប់តាមរយៈតុលាការដោយតម្លាភាព និងស្មោះត្រង់ ខណៈការផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់កាន់តែត្រូវបានលើកតម្កើង និងកាន់តែត្រូវបានទ្រទ្រង់នូវសេរីភាពការបញ្ចេញមតិ ពីព្រោះសេរីភាពនៃការបញ្ចេញមតិដែលមានការគោរពច្បាប់ពិតប្រាកដ មិនរំលោភបំពានសិទ្ធិអ្នកដទៃស្របតាមមាត្រារដ្ឋធម្មនុញ្ញនោះហើយ គឺជាមូលដ្ឋានសំខាន់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ។ ចំណុចមួយទៀត គឺការជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រជាពលរដ្ឋ មានការបង្ហាញនូវការពិត ដូចជាដំណើរទស្សនកិច្ចពិនិត្យខ្សែបន្ទាត់ព្រំដែនកន្លងមកជាដើម ជាវិធីសាស្ដ្របន្សាបព័ត៌មានមិនពិតរបស់ក្រុមជ្រុលនិយម។
រីឯការរក្សាបាននូវសុខសន្តិភាពក៏ជាកិច្ចការសំខាន់ ពីព្រោះនយោបាយឈ្នះ-ឈ្នះ គឺការរួមគ្នាទ្រទ្រង់សន្តិភាពនេះហើយ ដែលអាចបំបាត់អស់ទាំងស្រុងនូវភាពចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ចំពោះការបង្កើនទំនុកចិត្តរបស់ប្រជាជន ជាពិសេសទំនុកចិត្តរវាងសាធារណជននិងរដ្ឋាភិបាលជារឿងចាំបាច់មួយទៀត។ ប្រសិនបើធ្វើបានដូចរៀបរាប់ ការព្យាយាមចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបំផុសចលនាបដិវត្តន៍ពណ៌ពិតជាមិនអាចទៅរួចឡើយ។
ផ្ទុយទៅវិញ តាមរយៈបដិវត្តន៍ពណ៌នេះបើប្រទេសណាជួបហើយ ប្រទេសនោះអាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរ ឬឈានដល់ដំណាក់កាលសង្គ្រាម ដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ បដិវត្តន៍ពណ៌ គឺជាចលនាដ៏គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសនានាដែលមិនអាចទប់ស្កាត់វាបាន ព្រោះវាអាចនឹងបំផ្លាញប្រទេសនោះបានទាំងស្រុងពីសំណាក់អ្នកដែលប៉ុនប៉ងធ្វើវា។ ដូច្នេះហើយ ទើបបានជារាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ទល់នឹងចេតនាអាក្រក់នេះ និងធានាឱ្យបាននូវការរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសចេតនាបំផ្លាញកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរនិងសង្គ្រាម៕
ឆាយ វណ្ណៈ / Chhay Vannak អ្នកសារព័ត៌មានផ្នែកសង្គម នយោបាយ