Hok Nave បានបង្ហោះសារមួយតាមរយៈបណ្តាញ Facebook ដើម្បីឆ្លើយសំណួររបស់បងប្អូនជាច្រើន ដែលបានសួរអំពីការព្រួយបារម្ភក្នុងការដកសព្វាវុធធុនធ្ងន់ និងការដោះមីនតាមតំបន់ព្រំដែន។ គាត់បាននិយាយថា សំណួរមួយដែលគេសួរញឹកញាប់គឺ៖ តើយើងអាចទុកចិត្តសៀមបានទេ? ហើយហេតុអ្វីបានជារាជរដ្ឋាភិបាលយើងយល់ព្រមលើការដកសព្វាវុធនោះ?
Hok Nave ឆ្លើយថា សម្រាប់គាត់ផ្ទាល់ មិនអាចទុកចិត្តសៀមបានទេ។ ប៉ុន្តែក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាព យើងអាចទុកចិត្តបានតាមរយៈប្រតិបត្តិការសមមូល គឺខ្មែរដក សៀមក៏ត្រូវតែដក ដោយមានការត្រួតពិនិត្យ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីធានាថាទាំងពីរប្រទេសអនុវត្តតាមនីតិវិធីត្រឹមត្រូវ។
គាត់បានប្រាប់ថា ប្រសិនបើសៀមប៉ុនប៉ងឈ្លានពានដល់ប្រទេសខ្មែរ វានឹងជាការផ្តល់ភស្តុតាងច្បាស់លាស់ថា សៀមជាអ្នកឈ្លានពាន មិនមែនខ្មែរទេ។ គាត់បានយោងតាមពាក្យសម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននិយាយថា ខ្មែរមិនអាចធ្វើអ្វីផ្ទុយកិច្ចព្រមព្រៀងបានឡើយ។ ប្រសិនបើសៀមបំពាន វានឹងបង្ហាញថាវាជាអំពើឈ្លានពានច្បាស់។
អំពីការដោះមីន Hok Nave ធានាថាបងប្អូនមិនត្រូវបារម្ភ ព្រោះការដោះនោះធ្វើត្រូវតាមបច្ចេកទេស និងមានការត្រួតពិនិត្យ។ ប្រសិនបើមានអ្វីកើតឡើង ប្តូរផែនការ យើងក៏អាចប្រើប្រាស់អាវុធចល័តរបស់យើងដែលមានសមត្ថភាពខ្ពស់ក្នុងការពារ និងទប់ទល់បានក្នុងពេលខ្លី។
Hok Nave ក៏បញ្ជាក់ថា សៀមបានស្នើសុំចំណុចបួនចំណុចទៅកាន់ខ្មែរ ប៉ុន្តែខ្មែរយើងមិនបានស្នើសុំអ្វីវិញទេ។ យើងតែអំពាវនាវឱ្យសៀមអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព កិច្ចព្រមព្រៀងបារាំង–សៀម ឆ្នាំ 1904–1907 និងអនុវត្តតាម MOU ឆ្នាំ 2000 ព្រមទាំងកិច្ចព្រមព្រៀង JBC & GBC ដែលបានចុះហត្ថលេខារួចរាល់។
គាត់ក៏បញ្ជាក់ពីការរំពឹងរបស់ប្រជាជនខ្មែរ អំពីវីរកងទ័ពខ្មែរចំនួន ១៨ រូប ដែលត្រូវបានសៀមចាប់ខ្លួន អោយបានវិលត្រលប់មកមាតុភូមិវិញ។ Hok Nave ប្រាប់ថា តាមពិតទៅ ខ្លួនគិតថា មិនគួរលើស៥ថ្ងៃទេ ប៉ុន្តែថ្ងៃនេះជាថ្ងៃទី៤ហើយ ក៏មិនទាន់ឃើញការវិលត្រឡប់ឡើយ។ គាត់ក៏បន្ទោសអ្នកខ្លះដែលបានផ្សាយវីដេអូអំពីកងទ័ពខ្មែរទាំងនោះ ដែលអាចជាល្បិចសៀមក្នុងការបន្សាបកំហឹងប្រជាជន និងពន្យារពេលការសម្រេចចិត្ត។
Hok Nave បន្ថែមថា បច្ចុប្បន្ននេះមានបីចំណុចគួរឱ្យចាប់អារម្មណ៍៖
រាជរដ្ឋាភិបាលខ្មែរបានសហការជាមួយអង្គភាពអន្តរជាតិ និងអង្គភាពស៊ើបអង្កេតដូចជា FBI ក្នុងបញ្ហាដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការត្រៀមផែនការវាយប្រទេសនីហ្សេរីយ៉ា ដែលបង្ហាញពីទិសដៅថ្មីនៃអំណាចអាមេរិក និងអាចជាសារព្រមានសៀម។
សេដ្ឋកិច្ចសៀមកំពុងមានសម្ពាធខ្លាំង ប្រសិនបើពន្យារពេលការដោះលែងវីរកងទ័ពខ្មែរទៀត សេដ្ឋកិច្ចនឹងទទួលផលប៉ះពាល់។
នៅចុងក្រោយ Hok Nave សូមអភ័យទោសប្រសិនបើអត្ថបទរបស់គាត់មានចន្លោះខ្វះខាត ហើយសូមអំពាវនាវឱ្យបងប្អូនជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីអនុវត្តនីតិវិធីបន្តៗ និងកុំជឿពាក្យបោកប្រាស់របស់ពួកជ្រុលនិយម។ គាត់សូមអរគុណចំពោះអ្នកអានដែលបានចំណាយពេលអានសារទាំងមូលនេះ។