វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ សម្រេចបានផែនការហ្កាហ្សារបស់លោកដោយរបៀបណា?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៨ ខែតុលា បានប្រកាសថាអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់លោក ដែលនឹងបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់។ នេះអាចនិយាយបានថាភាពរីកចម្រើនមួយយ៉ាងធំសម្រាប់លោក ត្រាំ ដែលបានចាត់ទុកខ្លួនឯងជា «ប្រធានាធិបតីនៃសន្តិភាព» ខណៈកំពុង ខ្នះខ្នែងចង់ឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាព។ នៅឯកិច្ចប្រជុំមួយនៅសេតវិមានកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានងើបចេញពីកន្លែងអង្គុយដើរទៅខ្សឹបប្រាប់លោក ត្រាំ ថាកិច្ចព្រមព្រៀងហ្កាហ្សាជិតសម្រេចបានហើយ។

ភ្លាមៗនោះដែរ លោក ត្រាំ ស្រាប់តែប្រកាសថាអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការដកកងទ័ពរបស់អ៉ីស្រាអែលទៅតាមអ្វីដែលបាន ឯកភាពគ្នាក្រោមដំណាក់កាលទី១នៃកិច្ចព្រមព្រៀងសន្តិភាពរបស់លោក។ ប៉ុន្តែតើលោក ត្រាំ ធ្វើដូចម្ដេចទើបអាចបញ្ចុះបញ្ចូលឱ្យហាម៉ាស និងអ៉ីស្រាអែលទទួលយកផែនការរបស់លោក?

*​ ដាក់សម្ពាធលើលោក ណេតាន់យ៉ាហ៊ូ
ក្នុងពេលខ្នះខ្នែងចង់ឈ្នះពានរង្វាន់ណូបែលសន្តិភាព និងបន្សល់ទុកស្នាដៃរបស់លោក វិធីសាស្ត្ររបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាមានលក្ខណៈខុសប្លែកពីវិធីសាស្ត្រដែលលោកបានប្រើកន្លងមកចំពោះ អ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិក។ អំឡុងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅឯសេតវិមានកាលពីថ្ងៃទី២៩ ខែកញ្ញា លោក ត្រាំ បានបញ្ចេញផែនការសន្តិភាព ២០ចំណុចដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ជាមួយការបង្ហាញជាសាធារណៈពីជំហរគាំទ្រលោក ណេតាន់យ៉ាហ៊ូពេញទំហឹង ដោយនិយាយថាប្រសិនបើហាម៉ាសមិនព្រមទទួលយក ផែនការសន្តិភាពរបស់លោកទេ នោះលោកនឹងផ្ដល់ការគាំទ្រពេញទំហឹងឱ្យអ៉ីស្រាអែលបង្ហើយការងារក្នុងការកម្ទេចចលនាតស៊ូប៉ាឡេស្ទីនមួយនេះ។ ប៉ុន្តែនៅពីក្រោយឆាកវិញ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា ក៏បានដាក់សម្ពាធលើលោក ណេតាន់យ៉ាហ៊ូផងដែរ។

ជាដំបូង ផែនការដែលលោក ត្រាំ បានបញ្ចេញនៅចំពោះមុខលោក ណេតាន់យ៉ាហ៊ូ និងក្រុមមន្ត្រីអ៉ីស្រាអែល ត្រូវបានព្រាងរួចជាស្រេចទៅហើយបន្ទាប់ពីការពិគ្រោះយោបល់ជាមួយបណ្ដាមេដឹកនាំអារ៉ាប់ និងមូស្លីម នៅឯអង្គការសហប្រជាជាតិកាលពីប៉ុន្មានសប្ដាហ៍មុន។ នៅពេលលោក ណេតាន់យ៉ាហ៊ូបានមើលផែនការនេះ លោកបានប្រទះឃើញថាមានចំណុចសំខាន់ៗមួយចំនួននៅក្នុងផែនការនោះដែលលោកផ្ទាល់ បានស្បថថានឹងមិនទទួលយកឡើយ ជាពិសេសពាក់ព័ន្ធនឹងការជំទាស់ដាច់អហង្ការរបស់លោកមិនឱ្យបង្កើតរដ្ឋប៉ាឡេស្ទីន។

* សាមគ្គីភាពរបស់អារ៉ាប់ ក្រោយការវាយប្រហារលើកាតា
ជាលក្ខណៈឯកជន លោក ត្រាំ ក៏បានបង្ហាញការខឹងសម្បារផងដែរចំពោះការវាយប្រហាររបស់អ៉ីស្រាអែលក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំហាម៉ាសក្នុងទីក្រុងដូហា ប្រទេសកាតា ចំពេលដែលកិច្ចចរចាបទឈប់បាញ់ ឈានដល់ដំណាក់កាលមួយដ៏សំខាន់។ លោក ត្រាំ បានប្រើប្រាស់សាមគ្គីភាពអារ៉ាប់ប្រឆាំងនឹងការវាយប្រហារនេះ ដើម្បីជំរុញឱ្យពួកគេទាំងអស់យល់ព្រមទទួលយកផែនការសន្តិភាពរបស់លោក។ ក្រោយមកទៀត លោកបានធ្វើឱ្យលោក ណេតាន់យ៉ាហ៊ូ ភ្ញាក់ផ្អើលដោយបានឱ្យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលហៅទូរស័ព្ទទៅកាន់មេដឹកនាំកាតាចេញពីវិមានពងក្រពើនៃសេតវិមានដើម្បីសូមទោសកាតា។ រូបភាពមួយសន្លឹកចេញផ្សាយ ដោយសេតវិមាន បានបង្ហាញថាលោក ត្រាំ ថែមទាំងអង្គុយកាន់ទូរស័ព្ទឱ្យលោក ណេតាន់យ៉ាហ៊ូទៀតផងក្នុងពេលមេដឹកនាំអ៉ីស្រាអែលរូបនេះកំពុងអង្គុយអានក្រដាសមួយសន្លឹក។ ដោយឡែក បើតាមសារព័ត៌មាន អាមេរិក Politico មន្ត្រីជាន់ខ្ពស់កាតាម្នាក់ក៏មានវត្តមានអង្គុយនៅក្នុងបន្ទប់នោះដែរ ដើម្បីធ្វើឱ្យប្រាកដថាលោក ណេតាន់យ៉ាហ៊ូមិននិយាយក្រៅសាច់រឿង។ ប៉ុន្មានម៉ោងក្រោយបិទបញ្ចប់ជំនួប លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយឱ្យសហរដ្ឋអាមេរិកផ្ដល់ការធានាសន្តិសុខការពារកាតា។ ការផ្លាស់ប្ដូរបែបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធដែលលោក ត្រាំ បានកសាងឡើងជាមួយបណ្ដារដ្ឋអារ៉ាប់ អំឡុងអាណត្តិទី១ និងទី២របស់លោក។ កាលពីអាណត្តិទី១ អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក បានចុះកិច្ចព្រមព្រៀង Abraham Accords ដើម្បីទទួលស្គាល់អ៉ីស្រាអែលក្រោមការសម្របសម្រួលពីលោក ត្រាំ។ ក្នុងអាណត្តិទី២នេះ ដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ត្រាំ គឺឆ្ពោះទៅកាន់បណ្ដាប្រទេសអារ៉ាប់ដូចជា អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៉ីប ដោយមិនបានឈប់សំចតនៅ អ៉ីស្រាអែល នោះទេ។

* ចាប់យកឱកាសពីការយល់ព្រមរបស់ហាម៉ាស
លោក ដូណាល់ ត្រាំ បានបង្កើនការដាក់សម្ពាធលើហាម៉ាស ជាមួយការដាក់ឱសានវាទឱ្យចលនាតស៊ូប៉ាឡេស្ទីនមួយនេះនៅត្រឹមថ្ងៃទី៥ ខែតុលា ដើម្បីទទួលយកផែនការសន្តិភាពរបស់លោក បើពុំដូច្នោះទេនឹងត្រូវ ប្រឈមនឹងផលវិបាកយ៉ាងមហន្តរាយ។ ហាម៉ាសបានផ្ដល់ចម្លើយតបយ៉ាងប្រុងប្រយ័ត្ន ជាមួយការផ្ដោតលើចំណុចសំខាន់មួយ នោះគឺការដោះលែងចំណាប់ខ្មាំងដែលលោក ត្រាំ បានសន្យាម្ដងហើយម្ដងទៀតថានឹង សម្រេចឱ្យបាន។ ហាម៉ាសបានយល់ព្រមថានឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់នៅក្រោមផែនការសន្តិភាពរបស់លោក ត្រាំ ហើយលោកប្រធានាធិបតីអាមេរិកមិនបានបង្អង់យូរឡើយដោយចាត់ទុកថានេះជា ជ័យជម្នះមួយ។ លោក ត្រាំ បានចេញសារជាវីដេអូមួយ និងបានធ្វើរឿងមួយដែលគ្មានប្រធានាធិបតីអាមេរិកណាពីមុនមកធ្លាប់បានធ្វើ គឺបង្ហោះឡើងវិញនូវសេចក្ដីថ្លែងការណ៍របស់ក្រុមហាម៉ាដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាក្រុមភេរវករ។ តែតាមពិតទៅ ក្រុមហាម៉ាសមិនទាន់ទទួលយកទាំងស្រុងនូវផែនការសន្តិភាពទាំង២០ចំណុចរបស់លោក ត្រាំនៅឡើយទេ។ តែទោះជាបែបនេះក្ដី ដោយមិននិយាយច្រើនពីសេចក្ដីលម្អិត នៃផែនការសន្តិភាពរបស់លោក លោក ត្រាំ បានជំរុញភ្លាមៗឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាស រួមទាំងក្រុមអ្នកសម្របសម្រួលកិច្ចចរចាបើកកិច្ចពិភាក្សាលើផែនការសន្តិភាពរបស់លោកជាបន្ទាន់។

លោក ត្រាំ បានប្រាប់សារព័ត៌មានអាមេរិក Axios ថារូបលោកបាននិយាយទៅកាន់លោក ណេតាន់យ៉ាហ៊ូ ថា «Bibi (រហ័ស្សនាមរបស់លោក ណេតាន់យ៉ាហ៊ូ) នេះជាឱកាសរបស់អ្នកដើម្បីជ័យជម្នះ។ គាត់បានយល់ព្រម ហើយគាត់ត្រូវតែយល់ព្រម ពីព្រោះគាត់គ្មានជម្រើសទេ។ ជាមួយខ្ញុំ អ្នកត្រូវតែយល់ព្រម»៕

ប្រភព៖Fresh News

Bun

Leave a Reply

Your email address will not be published. Required fields are marked *

7 + one =

This site uses Akismet to reduce spam. Learn how your comment data is processed.