តើការពង្រីកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយវៀតណាមអាចប៉ះពាល់ដល់កម្ពុជាដែរឬទេ?

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសវៀតណាម ហាក់ប្រែប្រួលទៅរកចំណុចវិជ្ជមានគួរឱ្យកត់សម្គាល់ មិនថាទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ឬយោធា។ ការណ៍នេះបានធ្វើឱ្យមានចម្ងល់ចោទសួរថា ហេតុអ្វីបានជាវៀតណាមអាចបំភ្លេចគំនុំឈាមក្នុងប្រវត្ដិសាស្ដ្រជាមួយអាមេរិក បែរទៅរឹតចំណងមិត្ដភាពជាមួយគូសត្រូវទៅវិញ? ចំពោះអាមេរិកហេតុយ៉ាងម៉េចបានជាទៅចាប់ដៃជាមួយវៀតណាមជារដ្ឋកុម្មុយនីស្ដ ខណៈខ្លួនជាបិតាប្រជាធិបតេយ្យនៅក្នុងពិភពលោក? យ៉ាងណាមិញបើតាមទ្រឹស្ដីនយោបាយ រឿងទាំងអស់នេះពុំមានអ្វីត្រូវពិបាកយល់នោះទេ ព្រោះគ្រប់យ៉ាងសុទ្ធតែបង្កប់នូវហេតុផលពីក្រោយខ្នង ហើយហេតុផលពិតប្រាកដគឺជាផលប្រយោជន៍រៀងៗខ្លួន។ លោកបណ្ឌិត យង់ ពៅ អvគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងថា ទាំងអាមេរិកនិងវៀតណាមសុទ្ធតែមានបំណងខ្ចីដៃគ្នាប្រើទៅវិញទៅមក។ “ការភ្ជាប់ទំនាក់ទំនងស្អិតល្មួតរវាងអាមេរិកនិងវៀតណាម ផ្អែកលើទិដ្ឋភាពនៃការប្រជែងភូមិសាស្ដ្រនយោបាយ...