តើការពង្រីកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយវៀតណាមអាចប៉ះពាល់ដល់កម្ពុជាដែរឬទេ?

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសវៀតណាម ហាក់ប្រែប្រួលទៅរកចំណុចវិជ្ជមានគួរឱ្យកត់សម្គាល់ មិនថាទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ឬយោធា។ ការណ៍នេះបានធ្វើឱ្យមានចម្ងល់ចោទសួរថា ហេតុអ្វីបានជាវៀតណាមអាចបំភ្លេចគំនុំឈាមក្នុងប្រវត្ដិសាស្ដ្រជាមួយអាមេរិក បែរទៅរឹតចំណងមិត្ដភាពជាមួយគូសត្រូវទៅវិញ? ចំពោះអាមេរិកហេតុយ៉ាងម៉េចបានជាទៅចាប់ដៃជាមួយវៀតណាមជារដ្ឋកុម្មុយនីស្ដ ខណៈខ្លួនជាបិតាប្រជាធិបតេយ្យនៅក្នុងពិភពលោក? យ៉ាងណាមិញបើតាមទ្រឹស្ដីនយោបាយ រឿងទាំងអស់នេះពុំមានអ្វីត្រូវពិបាកយល់នោះទេ ព្រោះគ្រប់យ៉ាងសុទ្ធតែបង្កប់នូវហេតុផលពីក្រោយខ្នង ហើយហេតុផលពិតប្រាកដគឺជាផលប្រយោជន៍រៀងៗខ្លួន។


លោកបណ្ឌិត យង់ ពៅ អvគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងថា ទាំងអាមេរិកនិងវៀតណាមសុទ្ធតែមានបំណងខ្ចីដៃគ្នាប្រើទៅវិញទៅមក។ “ការភ្ជាប់ទំនាក់ទំនងស្អិតល្មួតរវាងអាមេរិកនិងវៀតណាម ផ្អែកលើទិដ្ឋភាពនៃការប្រជែងភូមិសាស្ដ្រនយោបាយ ជាជាងការធ្វើទំនាក់ទំនងប្រក្រតី។ ដូច្នេះយើងឃើញថា ប្រទេសទាំងពីរមានបំណងខ្ចីដៃគ្នាទៅវិញទៅមក។ អាមេរិកក៏ខ្ចីដៃវៀតណាមប្រឆាំងជាមួយការស្ទុះងើបរបស់ចិនក្នុងតំបន់ ដោយអាមេរិកបានដឹងច្បាស់ថា ចិននិងវៀតណាមមានទំនាស់ជាប្រវត្ដិសាស្ដ្រជាមួយគ្នាទៅលើបញ្ហាទឹកដី បញ្ហានយោបាយ បញ្ហាប្រវត្ដិសាស្ដ្រ និងបញ្ហាប្រជាជាតិរវាងគ្នា គឺជាសត្រូវស៊ូពូជប្រវត្ដិសាស្ដ្ររវាងវៀតណាមនិងចិន។ អាមេរិកបានយល់នូវចំណុចនេះច្បាស់ ដូច្នេះអាមេរិកខ្ចីដៃវៀតណាមដើម្បីទប់ទល់ជាមួយចិន ព្រោះអាមេរិកត្រូវការបង្ក្រាបដៃគូរបស់ខ្លួនជាមហាអំណាច ធ្វើយ៉ាងម៉េចឱ្យដៃគូខ្លួនខ្សោយជាងខ្លួន។ ឧទាហរណ៍ការបង្ក្រាបសហព័ន្ធរុស្ស៊ី ឱ្យរុស្ស៊ីជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែន។” នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ។

លោកបណ្ឌិតបន្ដថា “ចំពោះវៀតណាមក៏ដូចគ្នា វៀតណាមឆ្លៀតឱកាសអាមេរិកត្រូវការទម្ងន់ភូមិសាស្ដ្រនយោបាយក្នុងតំបន់ វៀតណាមក៏ខ្ចីដៃអាមេរិកសម្រាប់បង្កើនសមត្ថភាពរបស់ខ្លួន ទាំងសេដ្ឋកិច្ច យោធា និងទម្ងន់ភូមិសាស្ដ្រនយោបាយ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនផង អភិវឌ្ឍយោធារបស់ខ្លួនផង និងជាទម្ងន់នយោបាយទប់ទល់នឹងចិនក្នុងជម្លោះប្រវត្ដិសាស្ដ្រ ជម្លោះនយោបាយ និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។”


នៅពេលឃើញអាមេរិកនិងវៀតណាមកំពុងល្អូកល្អិននឹងគ្នាកាន់តែខ្លាំងបែបនេះ ក៏មានសំណួរលើកឡើងថា តើអាមេរិកអាចលូកដៃចូលជីកកកាយកិច្ចការផ្ទៃក្នុង ឬនយោបាយរបស់វៀតណាមបានឬទេ? លោកបណ្ឌិត យង់ ពៅ ក្នុងនាមជាអ្នកជំនាញភូមិសាស្ដ្រនយោបាយមួយរូបអះអាងថា អាមេរិកមិនអាចធ្វើបានជាដាច់ខាត។ លោកបណ្ឌិតបញ្ជាក់បែបនេះ “ខ្ញុំយល់ថា វៀតណាមបានដឹងច្បាស់ពីគោលបំណងជាក់លាក់របស់អាមេរិក ទី១ គឺអាមេរិកខ្ចីដៃវៀតណាមដើម្បីទប់ទល់ជាមួយចិនក្នុងតំបន់ នេះជាអ្វីដែលអាមេរិកធ្លាប់ធ្វើ និងបានធ្វើទូទាំងពិភពលោក ទី២ អាមេរិកអាចមិនបោះបង់ចោលនូវការជ្រាបចូល ឬបញ្ជ្រាបលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស សេរីភាពសិទ្ធិមនុស្សជាដើមចូលក្នុងសង្គមវៀតណាម អ៊ីចឹងកន្លែងនេះខ្ញុំយល់ថា បក្សកុម្មុយនីស្ដវៀតណាមគឺជាបន្ទាត់នយោបាយគូសវាសនយោបាយរបស់វៀតណាមច្បាស់ណាស់ ចឹងវៀតណាមដឹងកន្លែងនេះ ប្រសិនបើទំនាក់ទំនងនេះវៀតណាមមិនបានថ្លឹងថ្លែងឱ្យប្រាកដច្បាស់ទេ វៀតណាមអាចនឹងផុងជើងជាមួយអាមេរិក អាចនឹងធ្វើឱ្យសង្គមវៀតណាមមានការបែកខ្ញែក។ អ៊ីចឹងហើយបានជាវៀតណាមក៏ត្រូវថ្នាក់ថ្នមទំនាក់ទំនងជាប្រពៃណីជាមួយប្រទេសចិនដែរ ពោលគឺវៀតណាមមិនចោលចិនទេ រាប់អានជាមួយអាមេរិកខ្លាំងក៏ល្អ រស់នៅបន្ដរាប់អានជាមួយចិននៅក្នុងចំណែកសេដ្ឋកិច្ច ធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតី ហើយបន្ដទំនាក់ទំនងល្អជាមួយសហព័ន្ធរុស្ស៊ីដដែល។ ជាក់ស្ដែងកម្ពុជាបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី ប៉ុន្ដែវៀតណាមមិនបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ អ៊ីចឹងវៀតណាមរក្សាទំនាក់ទំនងល្អជាមួយមហាអំណាចទាំងអស់ នេះជាចំណុចខ្លាំងរបស់វៀតណាម។ ហេតុនេះអាមេរិកមិនអាចទទួលបានជោគជ័យទៅលើការបញ្ជ្រាបនយោបាយប្រជាធិបតេយ្យរបស់ខ្លួនចូលក្នុងប្រទេសវៀតណាមបានទេ គឺអាចចំណេញបានត្រឹមខ្ចីវៀតណាមជាឈ្នាន់ភូមិសាស្ដ្រនយោបាយសម្រាប់ទប់ទល់ជាមួយការកើនអំណាចរបស់ចិននៅក្នុងតំបន់។”

និយាយពីប្រទេសកម្ពុជា អាចនឹងរងផលប៉ះពាល់ដែរឬទេក្រោយអាមេរិកនិងវៀតណាមជំរុញទំនាក់ទំនងការទូតជាមួយគ្នា? ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ ពន្យល់ដែរថា “ប្រទេសនីមួយៗមានអធិបតេយ្យឯករាជ្យរៀងៗខ្លួនក្នុងការធ្វើទំនាក់ទំនងការទូតរវាងបណ្ដារដ្ឋផ្សេងៗ ដោយមិនអាចបារម្ភខ្លាចប្រទេសនេះឬប្រទេសនោះធ្វើទំនាក់ទំនងជាមួយបរទេសណា ហើយមកបំផ្លាញប្រទេសយើងទេ។ ដោយឡែកប្រទេសគេក៏អ៊ីចឹង គួរប្រកាន់ឥរិយាបថដូចគ្នា ឧទាហរណ៍ដូចជាកម្ពុជាជារដ្ឋអធិបតេយ្យពេញលេញ មានសមត្ថភាពពេញលេញក្នុងដែនអធិបតេយ្យភាពស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាស្របនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាមានទំនាក់ទំនងជាមួយបរទេសណាជារឿងរបស់កម្ពុជា ព្រោះដើម្បីផលប្រយោជន៍របស់កម្ពុជា។ រីឯវៀតណាមឬក៏ប្រទេសណាក៏ដោយចុះ មានទំនាក់ទំនងស្អិតល្មួតជាមួយអាមេរិកជារឿងរបស់វៀតណាម ដែលនិន្នាការ ដែលទំនោរគេគិតថាធ្វើទំនាក់ទំនងល្អជាមួយអាមេរិក ពិតជានាំមកនូវផលប្រយោជន៍ជាតិសម្រាប់វៀតណាមនេះជារឿងធម្មតា។ ដូច្នេះកម្ពុជាពុំមានអ្វីត្រូវបារម្ភពីការជ្រៀតចូលរបស់អាមេរិកឬចិននោះទេ ព្រោះកម្ពុជាបានគូសវាសបន្ទាត់នយោបាយច្បាស់លាស់ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។”


ជាទស្សនៈផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ យល់ថា ជំនួសឱ្យការព្រួយបារម្ភ កម្ពុជាត្រូវតែពង្រឹងគោលនយោបាយការបរទេសឱ្យរឹងមាំ ត្រូវតែពង្រឹង ពង្រីកសកម្មភាពការទូត ពង្រីកកិច្ចសហប្រតិបត្ដិការ និងអនុវត្ដគោលនយោបាយផ្កាចម្រុះពណ៌។ ក្នុងន័យនេះគឺពង្រីកកិច្ចសហប្រតិបត្ដិការជាមួយគ្រប់និន្នាការ គ្រប់មហាអំណាចទាំងអស់ដែលកម្ពុជាតម្កល់ផលប្រយោជន៍របស់ខ្លួនជាធំ ទោះអាមេរិក ទោះសហគមន៍អឺរ៉ុប ទោះចិនក្ដី ឱ្យតែមានប្រយោជន៍កម្ពុជាត្រូវពង្រីកកិច្ចសហប្រតិបត្ដិការទៅគ្រប់ទាំងអស់មិនប្រកាន់និន្នាការនោះទេ។ កម្ពុជាអាចមើលលំនាំតាមវៀតណាម គឺមានទំនាក់ទំនងល្អទាំងជាមួយអាមេរិកនិងចិន ព្រោះនៅក្នុងនយោបាយអន្ដរជាតិ គ្មានមិត្ដអមតៈ គ្មានសត្រូវអមតៈ មានតែផលប្រយោជន៍អមតៈ។ លោកបណ្ឌិតបន្ថែមថា ជាការពិតកម្ពុជាស្ថិតនៅចន្លោះនៃការប្រជែងអំណាចរវាងអាមេរិកនិងចិន រួមទាំងការកើនឡើងឥទ្ធិពលរបស់វៀតណាមផងដែរ។ កម្ពុជាគ្មានអ្វីទៅរារាំងទំនាក់ទំនងល្អរបស់វៀតណាមនិងអាមេរិកបានទេ កម្ពុជាមានតែពង្រឹងខ្លួនឯងឱ្យមាំទាំ អភិវឌ្ឍសេដ្ឋកិច្ចឱ្យរឹងមាំ ពង្រឹងប្រព័ន្ធសង្គមតាមរយៈកំណែទម្រង់ស៊ីជម្រៅ។ នេះហើយជាអ្វីដែលកម្ពុជាត្រូវធ្វើ កម្ពុជាមិនអាចទៅហាមឃាត់មិនឱ្យគេរាប់អានគ្នាក្នុងទំនាក់ទំនងអន្ដរជាតិបានទេ៕


អ្នកនិពន្ធ៖ Penh Pheng

Leave a Reply

Your email address will not be published. Required fields are marked *

1 × one =

This site uses Akismet to reduce spam. Learn how your comment data is processed.