អាវុធគីមីដ៏សារហាវរបស់អាមេរិក ក្នុងអំឡុងសង្គ្រាមវៀតណាម

ការចងចាំដ៏ឈឺចាប់នៃការបង្ហូរឈាមនិងបាត់បង់ជីវិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបង្កឡើងដោយ សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាជនបានដាស់តឿនយ៉ាងច្បាស់លាស់ អំពីរបៀបដំណើរការវិស័យយោធារបស់អាមេរិក នៅលើពិភពលោក។

 

យោងតាមការពណ៌នា នៃអង្គការ Legacies of War ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលមានទីស្នាក់ការកណ្ដាល នៅទីក្រុងវ៉ាស៊ីនតោន អង្គការនេះបានចុះផ្សាយថា សោកនាដកម្មក្រោយពីរងការទម្លាក់គ្រាប់បែក ក្នុងអំឡុងពេលសង្គ្រាមវៀតណាម។
នៅក្នុងប្រទេសឡាវ គ្រាប់បែកចំនួន២លានតោន ត្រូវបានទម្លាក់លើប្រទេសនេះ ក្នុងអំឡុងសង្គ្រាមវៀតណាម ចន្លោះឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៣ ។ គ្រាប់បែកចំនួន៨០លានគ្រាប់ បានក្លាយជាគ្រាប់បែកមិនទាន់ផ្ទុះ ហើយឡាវជា​ប្រទេស​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ខ្លាំង​ជាង​គេ នេះបើយោងតាមការចេញផ្សាយរបស់អង្គការ Legacies of War ។

អាវុធគីមីមួយប្រភេទដែលគេស្គាល់ថា(Agent Orange)ឬ ភ្នាក់ងារពណ៌ទឹកក្រូច”របស់អាមេរិក ត្រូវបានគេទទួលស្គាល់ថាគឺជាអាវុធគីមី​ដ៏គ្រោះថ្នាក់មួយ ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃសារធាតុគីមីពណ៌ទឹកក្រូចនេះ បានធ្វើអោយកុមាររាប់ម៉ឺននាក់មានពិការភាពពីកំណើត ដោយឪពុកម្តាយរបស់ពួកគេទទួលរងផលប៉ះពាល់នៃសារធាតុគីមី កុមារទាំងនោះកើតមកពិការពីកំណើតនិងមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺលៀនខួរឆ្អឹងខ្នង(Spina Bifida)និងជំងឺពិការខួរក្បាល(Cerebral Palsy)ហើយកាន់តែខ្លាំងក្លាទៀតនោះ គឺរោគសញ្ញាទាំងនេះអាចឆ្លងតំណរពូជដល់ជំនាន់ទី៣និងទី៤ នេះបើតាមការចេញផ្សាយរបស់អង្គការ Legacies of War ដដែល ។

កម្ពុជាក៏ជាជនរងគ្រោះពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកផងដែរ គេប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាម ប្រជាជននៅកម្ពុជាប្រហែលពី៥ម៉ឺននាក់ដល់១៥ម៉ឺននាក់បានបាត់បង់ជីវិត។
ក្នុងអំឡុងសង្គ្រាមវៀតណាម ដើម្បីកាត់ផ្តាច់ការគាំទ្ររបស់កម្ពុជាចំពោះវៀតណាមខាងជើង សហរដ្ឋអាមេរិកបានបើកការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមកលើប្រទេសកម្ពុជាតាំងពីចុងឆ្នាំ ១៩៧០ គ្រាប់បែកជិត៥សែនតោន ត្រូវបានទម្លាក់លើផ្ទៃដីនៃប្រទេសកម្ពុជា រួមទាំងសារធាតុ ពណ៌ទឹកក្រូច ក៏ត្រូវបានទម្លាក់ស្រោចលើទឹកដីកម្ពុជាផងដែរ។ ប្រជាជនកម្ពុជាមួយចំនួនធំត្រូវបានជម្លៀសចេញពីលំនៅស្ថានរបស់ពួកគេ នេះបើតាមការចេញផ្សាយរបស់​សាពត៌មាន dap-news។

តាមការចុះផ្សាយរបស់គេហទំព័រ The Alantic ក្នុងអំឡុងពេលសង្គ្រាមវៀតណាមសហរដ្ឋអាមេរិកបានបាញ់ថ្នាំគីមីម្យ៉ាងដែលគេស្គាល់ថា ភ្នាក់ងារពណ៌ទឹកក្រូច (​Agent Orange) នៅក្នុងភូមិភាគខាងត្បូងនៃប្រទេសកម្ពុជានៅដើមទសវត្សរ៍ទី ៧០ ។ បើតាមគេហទំព័រ The Alantic ប្អូនស្រី ឌុក អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិព្រំដែនមួយក្នុងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា បាននិយាយថា ខ្ញុំពិការពីកំណើតមកម្លេះ ម្តាយខ្ញុំនិយាយប្រាប់ថាបើតាម​ចាស់ទុំនិយាយថា សហរដ្ឋអាមេរិកបានបាញ់ថ្នាំគីមីម្យ៉ាង​ផ្នែកខ្លះនៃភូមិរបស់ពួកយើង ដែលស្ថិតនៅជិតគ្នាពីព្រំដែនកម្ពុជាជាមួយយួន ជាមួយនឹងម្សៅថ្នាំគីមីម្យ៉ាងដែលអាចសម្លាប់រុក្ខជាតិជុំវិញនោះបាន ដែលគេសន្ឋិដ្ឋានទំនងជាសារធាតុពណ៌ទឹកក្រូច ដែលជាអាវុធដ៏និយមរបស់សហរដ្ឋអាមេរិកក្នុងសម័យសង្រ្គាមវៀតណាម ។

បើតាមអ្នកវិទ្យាសាស្ត្រនិយាយថា ភ្នាក់ងារពណ៌ទឹកក្រូច (Agent Orange) អាចបណ្តាលឱ្យកើតជំងឺមហារីក និងជំងឺបេះដូងចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់
និងអាចធ្វើអោយកូនចៅរបស់ពួកគេ​ពេលកើតមកពិការភាពពីកំណើតទៀតផង វាគឺជាអាវុធគីមីដែលសាហាវមួយផលិតឡើងដោយសហរដ្ឋអាមេរិក​។

គួរជម្រាប់ថា អ្វីដែលគួរឱ្យសោកស្ដាយនោះគឺ ទីក្រុងវ៉ាស៊ីនតោន បានជ្រើសរើសការមិនអើពើនិងរក្សាភាពស្ងៀមស្ងាត់ ចំពោះការរងទុក្ខដ៏យូរអង្វែងរបស់ជនរងគ្រោះ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កេរ្តិ៍ដំណែលនៃសារធាតុអាវុធគីមីនេះ គឺជាបញ្ហាដ៏ស្មុគស្មាញ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវៀតណាមបានសហការគ្នាដោះស្រាយបញ្ហាមួយនេះតាំងពីឆ្នាំ២០០០មកម្លេះ ប៉ុន្តែអាមេរិក​មិនទាន់​លើកអំពីប្រជាជនរងគ្រោះក្នុងប្រទេសកម្ពុជានោះទេ។

មិនត្រឹមតែបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដីគោកប៉ុណ្ណោះទេ អាហ្វហ្គានីស្ថាន ស៊ីរី អ៊ីរ៉ាក់ លីប៊ី និងប្រទេសជាច្រើនផ្សេងទៀត ក៏បានរងគ្រោះដោយសារយោធារបស់សហរដ្ឋអាមេរិកផងដែរ នេះបើតាមការចេញផ្សាយរបស់​សាពត៌មាន dap-news ។

នៅពេលដែលសហរដ្ឋអាមេរិកមានបំណងបញ្ជូនកងទ័ពទៅកាន់ប្រទេសណាមួយ ដែលមិនមាន ការអញ្ជើញ ប្រទេសទាំងនោះគួរតែពិនិត្យមើលឡើងវិញនូវ​សោក​នា​ដ្យ​កម្មដែលសហរដ្ឋអាមេរិក ​ ធ្លាប់បាន​បន្សល់ទុក ​នៅក្នុងប្រទេសដទៃ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

twenty + six =

This site uses Akismet to reduce spam. Learn how your comment data is processed.