
ជាការពិតណាស់ យើងទាំងអស់គ្នាបានជ្រាបហើយថាប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងទាំងអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា និងធានាបាននៅសុខសុវត្ថិភាព។ កម្ពុជាមានទីកន្លែងកំសាន្តជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាពិសេសគឺភ្ញៀវទេសចរណ៍បរទេសជាច្រើនចូលចិត្តនិងមកលេងកំសាន្តនៅក្នុងប្រទេសកម្ពុជា។ ចំនួននៃភ្ញៀវទេសចរណ៍នេះបានធ្វើឲ្យកម្ពុជា ទទួលបានចំណូលបន្ថែម នៅលើផ្នែកសេវាកម្មមួយចំនួន ពិសេស គឺប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទាល់។
ប៉ុន្តែគេសង្គេតឃើញថា ស្របពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន ក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិមួយចំនួនតូចដែលជាឧក្រិដ្ឋជន បានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនករណី ពិសេសគឺករណីរំលោភបំពានផ្លូវភេទលើកុមារកម្ពុជាដែលមិនទាន់គ្រប់អាយុ ដែលរាជរដ្ឋាភិបាលយើង កំពុងតែព្យាយាមលុបបំបាត់បានជាច្រើនកន្លងមកហើយ។ នៅក្នុងអត្ថបទនេះយើងសូមលើកយក ករណីជនបរទេសមួយចំនួនបានរំលោភបំពានលើកុមារកម្ពុជា មកជម្រាបជូនលោកអ្នកឲ្យជ្រាបដូចតទៅ។
យោងតាមការចេញផ្សាយដោយគេហទំព័រ News York Post កាលពីថ្ងៃទី ១៤ ខេត្តកុម្ភៈឆ្នាំ២០២២ អតីតទាហានម៉ារីនម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២១០ឆ្នាំពីបទរំលោភនិងវាយដំកុមារកម្ពុជា។ មេទ័ពជើងទឹកអាមេរិកចូលនិវត្តន៍ម្នាក់ ត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភក្មេងស្រីកម្ពុជា ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ២១០ ឆ្នាំ លើបទចោទប្រកាន់។
លោក Micheal Joseph Pepe អាយុ 68 ឆ្នាំបានជាប់ពន្ធនាគារសហព័ន្ធតាំងពីឆ្នាំ 2007 ប៉ុន្តែត្រូវបានកាត់ទោសជាថ្មីកាលពីថ្ងៃច័ន្ទពីបទជួយឲញដូរគ្រឿងញៀន និងរំលោភផ្លូវភេទលើជនរងគ្រោះដែលមានអាយុពី 9 ទៅ 12 ឆ្នាំ។
Pepe ត្រូវបានចាប់ខ្លួនដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2006 ហើយត្រូវបានគេរកឃើញថាមានពិរុទ្ធភាពរួមភេទជាមួយអនីតិជន ហើយ២ឆ្នាំក្រោយត្រូវបានគេនាំខ្លួនទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើការកាត់ទោស។
ទោះបីជាគាត់ត្រូវបានកាត់ទោសក្នុងឆ្នាំ ២០០៨ ប៉ុន្តែ ប៉ុន្តែការកាត់ក្តីនេះត្រូវបានពន្យារពេលរហូតទៅដល់ឆ្នាំ ២០១៤ ដោយសារតែមានភាពចម្រូងចម្រាស។ បន្ទាប់ពី Pepe ត្រូវបានកាត់ទោសនៅឆ្នាំ២០១៤ ក្នុងសំណុំរឿងដំបូង។ ភាពចម្រូងចម្រាសបានពន្យារពេលការកាត់ទោសរបស់ Pepe បន្ទាប់ពីមេធាវីការពារក្តីបានផ្តល់ការបកស្រាយមិនច្បាស់នៃសក្ខីកម្មរបស់ជនរងគ្រោះដើម្បីជួយដល់ការកាត់ក្តី ហើយត្រូវបានពន្យារពេល៤ឆ្នាំទៀតនៅក្នុងការកាត់ក្តីនោះ។
នៅក្នុងឆ្នាំ ២០១៨ នៅពេលដែលសាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិកបានច្រានចោលការផ្តន្ទាទោសរបស់គាត់ ហើយបានពន្យារពេល៣ឆ្នាំទៀត។ នៅខែសីហា ឆ្នាំ ២០២២ ព្រះរាជអាជ្ញាបានសម្រេចកាត់ក្តី ករណីនេះឡើងវិញ ហើយលើកនេះ គេបានចោទប្រកាន់លើអតីតទាហានម៉ារីនរូបនេះចំនួន ២ ករណីដោយមានចេតនាប្រព្រឹត្តអំពើផ្លូវភេទខុសច្បាប់ និងការរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរលើកុមារ។
ក្នុងអំឡុងពេលសវនាការរយៈពេលប្រាំពីរថ្ងៃ ជនរងគ្រោះទាំងប្រាំបីនាក់បានផ្តល់សក្ខីកម្មជាលើកទីពីរ អំពីអំពើររបស់ Pepe រំលោភ និងប្រើប្រាស់ថ្នាំញៀននៅក្នុងរាជធានីភ្នំពេញកាលពីពួកគេនៅជាអនីតិជន។ ហើយព្រះរាជអាជ្ញាក៏បានបង្ហាញពីភស្តុតាងដែលថា Pepe មានរូបអាសអាភាសកុមារទាំងនោះទៀតផង។ ក្រោយការជំនុំជម្រះក្តីលោក Micheal Joseph Pepe ដែលមានអាយុ 68 ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ២១០ ឆ្នាំ។
ដោយឡែកករណីមួយទៀត ដែលជនជាតិអាមេរិកត្រូវជាប់ពន្ធនាគារពីបទរំលោភផ្លូវភេទកុមារីមិនទាន់គ្រប់អាយុបីនាក់ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Khmer thimes កាលពីឆ្នាំ២០១៩។ សាលាដំបូងខេត្តសៀមរាបបានកាត់ទោសជនជាតិអាមេរិកម្នាក់ឲ្យជាប់ពន្ធនាគារ៣០ខែ ពីបទរំលោភបំពានផ្លូវភេទក្មេងស្រីមិនទាន់គ្រប់អាយុបីនាក់។
លោក Rugh James Cline ជាជនល្មើសត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើមិនសមរម្យលើអនីតិជនអាយុក្រោម ១៥ ឆ្នាំ បន្ទាប់ពីបានបង់ប្រាក់ឱ្យពួកគេរួមភេទជាមួយគាត់អំឡុងពេលមកលេងក្រុងសៀមរាបក្នុងខែកុម្ភៈ និងឧសភា ឆ្នាំ២០១៩។
តុលាការខេត្តសៀមរាបបានកាត់ទោសលោក Rugh James Cline ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះពីបទប្រព្រឹត្តអំពើមិនសមរម្យលើកុមារីមិនទាន់គ្រប់អាយុបីនាក់។ តុលាការក៏បានបង្គាប់ឱ្យគាត់សងជំងឺចិត្តប្រហែល ៣៧៥០ ដុល្លារដល់ជនរងគ្រោះម្នាក់ក្នុងចំណោម ៣ នាក់។
គួររំលឹកថា លោក Cline ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី ២២ ឧសភា ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នបន្ទាប់ពីការចាប់ខ្លួននៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ជុំវិញការចោទប្រកាន់ថាគាត់បានធ្វើបាបក្មេងស្រីមិនទាន់គ្រប់អាយុ។ គេជឿថា លោក Cline ត្រូវបានចោទប្រកាន់ពីបទទិញពេស្យាចារកុមារ ដោយសារតែគាត់បានកេងចំណេញពីជនរងគ្រោះដោយការបង្ខិតបង្ខំពួកគេដោយប្រើប្រាស់លុយ”។
ករណីរំលោភបំពានផ្លូវភេទលើកុមារមិនទាន់គ្រប់អាយុមួយទៀត គឺជនជាតិអាមេរិកាំងម្នាក់ត្រូវចោទប្រកាន់ពីបទធ្វើបាបអនីតិជន នេះយោងតាមការចេញផ្សាយដោយគេហទំព័រ The phnom penh postកាលពីឆ្នាំ២០១៩។
សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ជាបណ្តោះអាសន្ន បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទលើអនីតិជននៅក្នុងក្រុងសៀមរាប។
លោក Robinson Shaun Earl អាយុ ៤០ឆ្នាំ ត្រូវបានចោទប្រកាន់តាមមាត្រា ៤៣ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។ ជនជាតិអាមេរិករូបនេះត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើមិនសមរម្យលើអនីតិជនអាយុក្រោម ១៥ ឆ្នាំ។ គេរកឃើញថាលោក Earl អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៦ លានរៀល (១.៥០០ ដុល្លារ)។ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត មានប្រសាសន៍ថា អៀល បានប្រព្រឹត្តទង្វើមិនសមរម្យ បន្ទាប់ពីបានល្បួងក្មេងប្រុសដែលសុំលុយឱ្យទៅផ្ទះរបស់គាត់។ គេបានតាមរកគាត់បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់ក្មេងប្រុស។ តាមពាក្យបណ្តឹងឈ្មោះ អៀ ល បានជួបក្មេងប្រុសនោះ ពេលគាត់ដើរសុំទាននៅផ្សារក្នុងឃុំស្លក្រាម ហើយបាននាំគាត់ទៅផ្ទះដោយសន្យាយកលុយ។
ពេលនោះ គាត់បានសុំក្មេងប្រុសនោះដោះខោអាវ ហើយដេកលើគ្រែ។ បន្ទាប់មកគាត់បានលេងប្រដាប់ភេទរបស់ក្មេងប្រុសនោះរហូតដល់គាត់បញ្ចេញទឹកកាម។ អៀល បាននៅជាមួយក្មេងប្រុសមួយយប់ មុននឹងឲ្យគាត់១០ម៉ឺនរៀលត្រឡប់មកផ្ទះវិញ។ ពេលទទួលបានពាក្យបណ្តឹង និងទទួលបានដីកាឆែកឆេរ ប៉ូលីសបានឆ្មក់ចូលផ្ទះរបស់ Earl ហើយដកហូតបាន Memory Card មួយ កុងសូលហ្គេមចំនួន 3 និងដបទឹករំអិលចំនួន ២ ដប រួមទាំងវត្ថុតាងមួយចំនួនទៀត។
មួយវិញទៀតលោក Michael Strahan គេស្គាល់ថាជាតារាល្បីម្នាក់ក្នុងអ៊ីនធឺណិត និងជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ហៅថា “Teacher Michael” ត្រូវបានគេរាយការណ៍ថាបានភៀសខ្លួនទៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីត្រូវគេបណ្តេញចេញពីមុខតំណែងបង្រៀននៅសាលាអន្តរជាតិភ្នំពេញដ៏ល្បីមួយ កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការបែកធ្លាយសាររវាងលោក និងអតីតសិស្សម្នាក់ត្រូវបានផុសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ Khmer Times កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសារដែលលេចធ្លាយនោះត្រូវបានគេសង្គេតឃើញថាលោក Michael ទំនងដូចជាចង់ចែចង់ជាមួយអតីតសិស្សវ័យក្មេងរបស់គាត់។ ជាមួយនឹងសំណួររបស់សិស្សគាត់ អំពីអាហារូបករណ៍ ហើយបន្ទាប់មកលោក Michael ឆ្លើយថា ‘ខ្ញុំអាចជួយអ្នកបានដោយប្រើលុយ តែអ្នកត្រូវណាត់ជួបខ្ញុំ។
ក្រោយត្រូវបានសាលារៀន ACE បញ្ឈប់ការងារដោយការចោទប្រកាន់ ជាមួយនិងសារបែកធ្លាយនោះ លោក Michael បានបង្ហោះវីដេអូមួយ លោកទទួលស្គាល់ថា ‘អត្ថបទគឺលោកជាអ្នកសរសេរពិតប្រាកដ ប៉ុន្តែលោកអះអាងថា រឿងពិតមិនទាន់លេចចេញទេ ព្រោះថា ‘ការជជែកជាគ្នាច្រើនទៀត ត្រូវបានសិស្សរបស់គាត់បានលុបចេញ។ លោក Michael អះអាងបន្ថែមថាក្នុងនាមគាត់ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់គាត់មិនមានបំណងអ្វីមិនល្អទៅលើសិស្សរបស់គាត់នោះឡើយ។
លោក Michael Strahan បានរស់នៅប្រទេសកម្ពុជា៩ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២ ទើបចាកចេញកម្ពុជាដោយសារគេបណ្តេញចេញពីការងារព្រោះរឿងអាស្រូវ ហើយបានភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ី ដែលកន្លែងលាក់ខ្លួនរបស់គាត់រួចត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ ប៉ុន្តែក្រោយរឿងនេះស្ងប់ស្ងាត់អស់មួយរយៈ គេទទួលបានដំណឹងថាលោក Michael Strahan បានធ្វើដំណើរតាមជើងហោះហើរពីសហរដ្ឋអាមេរិកដើម្បីមកកាន់ទីក្រុងភ្នំពេញវិញកាលពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០២៣ នេះ។
គួរបញ្ជាក់ថា នៅក្នុងបញ្ញត្តិ ស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធី ព្រហ្មទណ្ឌសម្រាប់ អនុវត្តនៅប្រទេសកម្ពុជា ក្នុងសម័យអន្តរកាល និយមន័យនៃបទរំលោភសេពសន្ថវៈត្រូវកំណត់ថា បទរំលោភសេពសន្ថវៈ គឺគ្រប់អំពើបញ្ចូលអង្គជាតិដោយឃោរឃៅ ដោយបង្ខំ ឬដោយមិនដឹងខ្លួនជាមុន។ ការរំលោភសេពសន្ថវៈ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅកម្ពុជា។ បញ្ហានេះឃើញមានចុះផ្សាយស្ទើរតែរាល់ថ្ងៃក្នុងសារព័ត៌មានក្នុងស្រុក។ ជនរងគ្រោះភាគច្រើនមិនហ៊ានលាតត្រដាងមុខជនល្មើសនោះឡើយ ពីព្រោះអ្នកទាំងនោះខ្លាចអាប់អោននូវកិត្តិយស។ តែយ៉ាងណា មាត្រា ២៣៩នៃក្រមព្រហ្មទណ្ឌកម្ពុជា បានចែងថា បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ កាលដែលបទល្មើសនៃការរំលោភនាំឲ្យមានមរណៈជនរងគ្រោះ យោងតាមមាត្រា ២៤៤ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំយ៉ាងសស្រៈសស្រាំ ដើម្បីព្យាយាមលុបបំបាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទមកលើកុមារកម្ពុជា៕
អ្នកនិពន្ធ៖ Chim Ratha