កម្ពុជានឹងប្រើវិធានក្តៅបំផុត ចំពោះដ្រូនរបស់ក្រុមឧទ្ទាមណាមួយដែលហោះចូលកម្ពុជា

ប្រៀបដូចជាបទបញ្ជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានហាមប្រាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ មិនត្រូវយកបញ្ហាពាក់ព័ន្ធសន្ដិសុខជាតិ ទៅបង្ហោះផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាតបានឡើយ។

ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាសន្ដិសុខជាតិ មិនមែនជារឿងលេងសើចដែលត្រូវយកបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ ប្រសិនបើគ្មានការអនុញ្ញាត។

សម្ដេចតេជោ ហ៊ុន សែន


សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើអ្នកលេង Facebook ទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ មកបង្ហោះមិនអនុញ្ញាតទេ បើគ្មានការអនុញ្ញាតខាងយោធា មិនអាចលេងសើចបានទេ។ សូមប្រាប់ឲ្យហើយ រឿងសន្ដិសុខជាតិ មិនមែនរឿងតូចតាចទេ»។

បំរាមរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ មានការបង្ហោះចែកចាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម Facebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើក ជាមួយយន្តហោះពាណិជ្ជកម្ម ខណៈសម្ដេចអះអាងថាយប់មិញនេះ មិនមានយន្តហោះគ្មានមនុស្សបើក (Drone) ហោះចូលទឹកដីកម្ពុជានោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមបានយល់ច្រឡំថា ឃើញមានយន្ដហោះ ហោះកាត់ក្រុងបានលុង ខេត្ដរតនគិរី ជាយន្ដហោះគ្មានមនុស្សបើករបស់ក្រុមអមិត្ត ប៉ុន្ដែផ្ទុយទៅវិញ យន្ដហោះនោះ ជាយន្ដហោះពាណិជ្ជកម្មដែលហោះហើរឆ្លងកាត់ប្រទេសកម្ពុជា។ ភ្លាមៗក្រោយការបង្ហោះសម្ដេចបានបញ្ជាឲ្យលុបចេញជាបន្ទាន់ ដើម្បីជៀសវាងការយល់ច្រឡំពីប្រជាពលរដ្ឋ។

មិនអស់ចិត្តជាមួយនឹងការឲ្យលុបចេញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ខំចិត្តចេញសារទាំងយប់តាមបណ្ដាញ Telegram ដោយអះអាង គ្មានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលដែនអធិបតេយ្យរបស់កម្ពុជាទៀតនោះឡើយ ខណៈកម្លាំងកងទ័ពរបស់កម្ពុជាបានតម្លើងសព្វាវុធជាច្រើនគ្រឿង ដើម្បីត្រៀមបាញ់កម្ទេចយន្ដហោះទាំងនោះ បើនៅតែគឃ្លើនហោះចូលកម្ពុជាបន្ដទៀតដូចពេលកន្លងទៅ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមិថុនា។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឲ្យពួកភេរវកម្មទាំងនោះបានចិត្ត ហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។

ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍ដែលបានកើតឡើងកន្លងមក នៅក្នុងខេត្តដាឡាក់ ប្រទេសវៀតណាម ហើយបានចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ទៅលើស្នាក់ការប៉ូលីសនៅតាមឃុំ ជាអំពើភេរវកម្ម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត។
ជាមួយគ្នានេះដែរ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សានៅវៀតណាមនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី ថា មានយន្តហោះគ្មានមនុស្សបើកបរ ឬហៅថាដ្រូន ហោះចូលដែនអាកាសកម្ពុជាជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ ជាការរំលោភបំពានយ៉ាងគន្លើនមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយមិនអាចអត់ឱនឱ្យបានឡើយ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២ស​ប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។

​សម្តេចបញ្ជាក់ដូច្នេះថា៖ «អ្វីដែលជាបញ្ហា គឺមានដ្រូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ខេត្តរតនគិរី យើងបានសួរទៅខាងវៀតណាម ភាគីខាងវៀតណាមបាន​បដិសេធថា “មិនមែនជាដ្រូនរបស់គេទេ” ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា ដ្រូនដែលមានចំនួនច្រើននេះ គឺជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅខាងទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា»។

វាមិនច្បាស់ទេថា តើអ្វីដែលជំរុញឱ្យពួកបះបោរវៀតណាមបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែនអាកាសកម្ពុជា ប៉ុន្តែយើងអាចព្យាយាមប៉ាន់ស្មានបាន។

គួរជម្រាបថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានចែករំលែកនៅលើទំព័រ Facebook របស់គាត់ នូវវីដេអូសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដែលគាត់បានអំពាវនាវដល់ ប្រជាជនកម្ពុជា ដែលជឿលើលទ្ធិប្រជាធិបតេយ្យឲ្យធ្វើពហិកាកុំទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការបោះឆ្នោតនោះ។ គាត់ក៏បានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ឲ្យដកខ្លួនចេញពី “ការសង្កេតការណ៍” ការបោះឆ្នោតនោះ។ គាត់បានអំពាវនាវបែបនេះ ម្តងហើយម្តងទៀត។ លុះមកដល់ថ្ងៃទី៤ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការអំពាវនាវក្នុងការធ្វើពហិកានេះ ថាជាអំពើខុសច្បាប់ ដែលរំលោភបំពានទៅលើមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ។” ថ្នាក់ដឹកនាំរបស់ គ.ជ.ប ក៏ធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរដោយក្នុងនោះ អ្នកនាំពាក្យ បានភ្ជាប់ការអំពាវនាវឲ្យធ្វើពហិកា ទៅនឹងការញុះញង់ និងការបង្កើតឲ្យមានចលាចលប៉ះបោរ។

លោក សម រង្ស៊ី

ជាក់ស្តែង មកដល់គៀកនិងការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ (ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣)ខាងមុខនេះ គឺមានព្រឹត្តិការណ៍ស្រដៀងដូចគ្នានេះដែរ ហើយរាជរដ្ឋាភិបាលកម្ពុជាថា វាអាចមានមេដឹកនាំក្រុមឧទ្ទាម មានទំនាក់ទំនងជាមួយ លោក សម រង្ស៊ី ដែលមិនចង់ឱ្យការបោះឆ្នោតរបស់កម្ពុជាប្រព្រឹត្តទៅដោយរលូន។ ចាប់តាំងពីលោក សម រង្ស៊ី បានភៀសខ្លួនទៅក្រៅប្រទេស គាត់បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីបំផ្លាញរាល់ការបោះឆ្នោតទូទៅនៅក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់ លោក សម រង្ស៊ី តែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនយោបាយអាមេរិកមួយចំនួន ដែលចង់បំផ្លាញនូវសន្តិភាពរបស់កម្ពុជាកន្លងមក។ លើសពីនេះទៅទៀត ​ដូចដែរគេដឹងស្រាប់ហើយថាអាមេរិកតែងតែទាមទារគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសន្តិភាព ប៉ុន្តែបើមើលតាមភាពជាក់ស្ដែងដូចជា សង្គ្រាមនៅអាហ្វកានីស្ថានកន្លងមកដែលរដ្ឋអ៊ីស្លាមមួយនេះ កំពុងតែគ្រប់គ្រងដោយពួកក្រុមឧទ្ទាមតាលីបង់ និងបច្ចុប្បន្នគឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន តើប្រទេសអ៊ុយក្រែនទទួលបានសេរីភាព ឬសន្តិភាពដែលរីយ៉ាងណា ឬក៏ប្រទេសធ្លាប់តែរីកចម្រើនមួយនេះ ក្រៅកំពុងតែនាំញីដោយសារតែភ្លើងសង្គ្រាម និងវិបត្តិនានា ពិសេសគឺប្រជាជននៅក្នុងប្រទេសនេះកំពុងតែរងទុក្ខយ៉ាងខ្លាំង។ តើនេះគឺជាសន្តិភាពដែលសហរដ្ឋអាមេរិកត្រូវការមែនដែរឬទេ។ ​

ដោយឡែក យោងតាមkarចេញផ្សាយដោយសារព័ត៌មាន VAYO បានឱ្យដឹងថា នាវាUSS Ronald Reaganរបស់អាមេរិក បានបោះពួយមកដល់ទីក្រុងដាណាងភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យទី២៥ ខែមិថុនា ឆ្នាំ២០២៣ គឺចំពេលសហរដ្ឋអាមេរិក និងវៀតណាមប្រារព្ធខួបលើកទី ១០នៃ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយប្រទេសទាំងពីរបានចែករំលែកទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធ ក៏ដូចជាការព្រួយបារម្ភ អំពី ភាពរឹងមាំរបស់ចិននៅក្នុងតំបន់។ ការមកដល់នៃនាវាមួយគ្រឿងនេះ កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងហាណូយ បានតវ៉ាប្រឆាំងនឹងនាវាចិន ដែលធ្វើដំណើរចូលក្នុងដែនទឹករបស់ខ្លួន។ ពោល នាវាអង្កេតរបស់ចិន, កប៉ាល់ឆ្មាំឆ្នេរសមុទ្រជាច្រើនគ្រឿង និងទូកនេសាទ បានដំណើរការជាច្រើនសប្តាហ៍ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង។ បន្ទាប់ពីមានការតវ៉ាទាមទារពីវៀតណាម នៅទីផុតទ្រព្យសម្បត្តិទាំងអស់នោះរបស់ក្រុងប៉េកាំង ត្រូវបានចល័តចេញនៅដើមខែមិថុនានេះ។

នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Ronald Reagan ធ្វើដំណើរទៅដល់វៀតណាម ហើយ

បើតាមក្រុមអ្នកជំនាញយល់ឃើញថា ​ដំណើរទស្សនកិច្ចរបស់នាវាអាមេរិក គឺជាការផ្ញើសារថា វៀតណាមកំពុងបន្តរក្សាតុល្យភាពប្រឆាំងនឹងចិន ដោយការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយអាមេរិក និងជាមួយមហាអំណាចខាងក្រៅផ្សេងទៀត។

នេះជាដំណើរទស្សនកិច្ចលើកទី៣របស់នាវាផ្ទុកយន្តហោះអាមេរិកទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីកាចតជាប្រវត្តិសាស្ត្រដោយ USS Carl Vinson ក្នុងឆ្នាំ ២០១៨ ដែលជាលើកទី១ហើយដែលកប៉ាល់បែបនេះ បានមកដល់ប្រទេសវៀតណាមចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាម។

ជាការពិតណាស់ បន្ទាប់ពីសកម្មភាពភេរវកម្មបានបង្ហោះដ្រូន ចូលក្នុងទឹកដីកម្ពុជាច្រើនថ្ងៃមកនេះ​ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានដាក់ការសង្ស័យចំនួន២ចំណុច ចំពោះការឈរជើង របស់ក្រុមភេរវកម្មនេះ។ ចំណុចទាំង២នោះរួមមាន ៖ ទី១.ចេញពីប្រទេសមួយ (មិនចង្អុលប្រទេសណា) និងទី២.ចេញពីនាវាដែលហោះចូល។

ក្នុងពិធីសំណះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ២៨ មិថុនា សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកនេះកំពុងហ្វឹកហ្វាត់ នៅចំណុចណាមួយ ហើយខ្ញុំមិនចង្អុលប្រទេសណាទេ ។ គឺនៅក្នុងប្រទេសមួយក្នុងតំបន់យើង ហើយខ្ញុំកំពុងសង្ស័យ២ចំណុចទេ គឺទី១.ចេញពីប្រទេសមួយ (មិនចង្អុលប្រទេសណា) ទី២.ចេញពីនាវាដែលហោះចូល»។

ត្រង់ចំនុចនេះអ្នកជំនាញបានលើកឡើងថា យន្តហោះគ្មានមនុស្សបើកវាអាចសម្លាប់មនុស្សបាន និងបង្កឲ្យមានការវាយប្រហារភេរវកម្ម គឺដូចដែលអាមេរិកធ្លាប់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកមួយដើម្បីទៅធ្វើឃាតមេទ័ពអ៊ីរ៉ង់ កាលពីអាណត្តិ អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

ប្រជាជនអ៊ីរ៉ង់កាន់ទុក្ខចំពោះការសម្លាប់លោកឧត្តមសេនីយ៍ Suleimani ក្នុងទីក្រុង Tehran

សូមជម្រាបថា ប្រសិនបើដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៣កន្លងទៅ មានការឃុបឃិតពីក្រុមឧទ្ទាម និងក្រុមប្រឆាំង​ណាមួយដែលចង់បំផ្លាញ សន្តិភាពរបស់កម្ពុជា​ ក៏ផែនការអាក្រក់របស់ពួកគេនោះ​នឹងមិនជោគជ័យឡើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជាដោយមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រកាសប្រឆាំងយ៉ាងដាច់ខាត ដើម្បីរក្សាសន្តិភាពរបស់កម្ពុជា និងបានបញ្ជូនកងទ័ពទៅកាន់ព្រំដែន ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំងនោះ បើនៅតែគឃ្លើនហោះចូលកម្ពុជាបន្ដទៀតដូចពេលកន្លងទៅ​ ហើយប្រទេសកម្ពុជានឹងបន្តរក្សាស្ថិរភាព និងការអភិវឌ្ឍន៍បន្តទៅមុខនិរន្ត​ ៕

អ្នកនិពន្ធ៖ Chim Ratha

Leave a Reply

Your email address will not be published. Required fields are marked *

10 − 9 =

This site uses Akismet to reduce spam. Learn how your comment data is processed.