តើប្រទេសកម្ពុជាអាចនឹងក្លាយជាប្រទេសអ៊ីរ៉ាក់ទីពីរដែលឬទេ?

នាពេលថ្មីៗនេះប្រទេសកម្ពុជាត្រូវបានញុំាញីនិងធ្វើទុក្ខបុកម្នេញពីសហរដ្ឋអាមេរិក ជាពិសេសនោះគឺការចោទប្រកាន់មកលើមូលដ្ឋានកងទ័ពជើងទឹករាម។ ការចោទប្រកាន់នេះត្រូវបានសាធារណៈជនយល់ថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាការចោទប្រកាន់ទាំងស្រុងមកលើប្រទេសកម្ពុជា។ ជាក់ស្ដែងការចោទប្រកាន់នេះមិនមែនជាលើកទីមួយនោះឡើយដោយយើងអាចពិនិត្យទៅលើបញ្ហានៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែលដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ដោយ
គ្មានអំណះអំណាងច្បាស់លាស់ដែលបន្តរហូតទៅដល់ការឈ្លានពានលុកលុយនិងបង្ហូរឈាមទៀតផងដោយសំអាងថា រដ្ឋភិបាលអីរ៉ាក់ដែលដឹកនាំដោយលោក Saddam Hussien បានធ្វើទារុណកម្មមកលើជាតិសាសន៍របស់ខ្លួននិងបរាជ័យក្នុងការការពារប្រជាជាតិរបស់ខ្លួន និងបានផលិតសព្វាវុធដែលជាការកម្រាមកំហែងដល់សុវត្ថិភាពក្នុងតំបន់និងពិភពលោកដែលមានដូចជាអាវុធជីវសាស្រ្ត និងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយលួចលាក់ជាដើម។ លើសពីនេះទៅទៀតសហរដ្ឋអាមេរិកបានបន្តចោទប្រកាន់ទៀតថាអីរ៉ាក់បានផ្គត់ផ្គង់សព្វាវុធទាំងនោះទៅកាន់ក្រុមភេរវកម្មទៀតផង។ រហូតមកដល់ពេលនេះការចោទប្រកាន់នោះមិនទាន់បានបង្ហាញភស្ដុតាងណាមួយជាក់លាក់ដើម្បីយកមកបង្ហាញជូនពិភពលោកនៅឡើយទេ
ព្រមទាំងបានបន្សល់ភាពរកាំររូសជាច្រើននៅក្នុងប្រទេស។

ការបំផ្លាញដោយសារសង្រ្គាមក្នុងប្រទេសអ៊ីរ៉ាក
រូភាពពី BBC News

ជាមួយគ្នានេះដែលសហរដ្ឋអាមេរិកក៏បានប្រើប្រាស់មធ្យោបាយប្រហាក់ប្រហែលគ្នានេះដែរមកលើប្រទេសកម្ពុជាដោយចោទប្រកាន់ថាកម្ពុជាបាន
អនុញ្ញាត្តិឱ្យចិនដាក់មូលដ្ឋានទ័ពនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ហើយនេះជាអ្វីដែលមិនមែនជាការពិតនោះឡើយ។ ដូច្នេះអ្វីដែលមិនមែនជាការពិតគឺមិនអាចបកស្រាយឬគ្មានមធ្យោបាយណាដែលអាចបញ្ចុះបញ្ចូលគេឱ្យយល់ស្របនឹងយើងនោះឡើយ។ បញ្ហានេះមិនមែនជាលើកទីមួយនោះឡើយដែលសហរដ្ឋអាមេរិកបានចោទប្រកាន់មកលើប្រទេសកម្ពុជា ជាក់ស្ដែងនោះកាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកក៏បានចោទប្រកាន់កម្ពុជាអំពីតំបន់ ”ឧទ្យានជាតិបុទុមសាគរ ” ដែលស្ថិតនៅក្នុងខេត្តកោះកុង ដោយក្រោយមករឿងនេះក៏ស្ងប់ស្ងាត់ទៅវិញ។ នាពេលនោះដែលសហរដ្ឋអាមេរិកបានប្រកាសអំពីក្ដីបារម្មណ៍របស់ខ្លួន ដែលបានបកស្រាយថាខ្លួនបារម្មណ៍ពីលទ្ធភាពដែលចិនអាចប្រើប្រាស់កន្លែងនោះជាផ្លូវអាកាសថ្មីសម្រាប់យោធារបស់ចិនដោយសារការសាងសង់ផ្លូវយន្តហោះថ្មីមួយនៅក្នុងតំបន់នោះ។ គ្រានោះរាជរដ្ឋាភិបាលកម្ពុជាក៏បានបដិសេដដូចអ្វីដែលកំពុងនឹងកើតឡើងកាលពីពេលថ្មីៗនេះផងដែរ ទាក់ទងទៅនឹងមូលដ្ឋានកងទ័ពជើងទឹករាម ហើយកម្ពុជាក៏បានបញ្ជាក់ផងដែលនាគ្រានោះថារឿងបែបនេះនឹងមិនកើតមានឡើយក្នុងប្រទេសកម្ពុជា ដូចទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបនាពេលថ្មីៗនេះ។

                រូបភាពពីនាឆ្នាំ២០១៨Reuterស្ដីពីកម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនចិននៅឯ”ឧទ្យានជាតិបុទុមសាគរ”

              មូលដ្ឋានកងទ័ពជើងទឹករាមរូបភាពពី Phnom Penh Post

 

ឆ្លើយតបទៅនឹងបញ្ហានេះ ប្រសិនបើព្រះរាជាណាចក្រកម្ពុជាមិនអាចលុបបំបាត់ឬកាត់បន្ថយការសង្ស័យរបស់សហរដ្ឋអាមេរិកអំពីមូលដ្ឋានកងទ័ពជើងទឹករាមបាននោះ តើកម្ពុជានឹងមានវាសនាដូចទៅដឹងប្រទេសអ៊ីរ៉ាក់ឬយ៉ាងណា?
សហរដ្ឋអាមេរិកជាប្រទេសដែលយើងមិនអាចធ្វើការទស្សទាយដឹងអ្វីដែលគេនឹងអាចធ្វើនោះឡើយទោះបីស្ថានភាពកម្ពុជាបច្ចុប្បន្ននេះមានភាពប្រសើរច្រើន បើប្រៀបធៀបទៅនឹងអីរ៉ាក់ទាំងសេដ្ឋកិច្ចនិងបញ្ហាក្នុងតំបន់យ៉ាងណាក្ដី ពួកគេអាចនឹងបន្តការឃោសនាអ្វីដែលមិនមែនជាការពិត បន្តដាក់សម្ពាធនិងប្រឆាំងនឹងប្រទេសកម្ពុជា ហើយកម្ពុជានឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះទង្វើនេះបានបង្ហាញពីការប្រកួតប្រជែងឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់ ដែលសហរដ្ឋអាមេរិកដែលជាមហាអំណាចចាស់តាំងពីដើមមកមិនអាចឈរឱបដៃមើលចិនដែលនៅក្នុងយុគ្គថ្មីឬមហារអំណាចថ្មីដែលកំពុងតែរះ ឬយើងអាចនិយាយបានថា មហាអំណាចនៅថ្ងៃអនាគតវ៉ាខ្លួនបាននោះឡើយទោះបីជានៅក្នុងតំបន់ក្ដី។ ជាក់ស្ដែងថ្មីៗនេះ សហរដ្ឋអាមេរិកបានលុបចោលនូវកម្រោងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក ដោយបានបញ្ឈប់ការបង់ថ្លៃការសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកដោយឯកតោភាគី។ សកម្មភាពបែបនេះយើងមិនអាចមើលរំលងនោះឡើយ ឬគិតថាសហរដ្ឋអាមេរិកនឹងមិនអនុវត្តអ្វីដែលធ្លាប់ធ្វើលើអីរ៉ាក់មកលើប្រទេសកម្ពុជានោះឡើយ ដែលបានចាប់ផ្ដើមដោយការផ្សព្វផ្សាយពាក្យចចាមអារាម បំផុសបំផុលជាមុនហើយបន្ទាប់មកវាយប្រហារយកតែម្ដង។
ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យនិងពោលពេញទៅដោយសន្តិភាពត្រូវតែធានាឱ្យបាននូវអព្យាក្រឹតភាពរបស់ខ្លួនដើម្បីគេចចេញឬកាត់បន្ថយឥទ្ធិពលនៃការប្រកួតប្រជែងរវាង
ប្រទេសមហាអំណាចធំៗទាំងពីរដែលរាប់បញ្ជូលទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងយោធា ព្រមទាំងគេចចេញពីអន្ទាក់មួយនេះ។ ដើម្បីសម្រេចបាននូវឯករាជ្យភាព កម្ពុជាត្រូវតែរក្សាចំហរបស់ខ្លួននិងមានម្ចាស់ការលើខ្លួនឯងដោយគោរពនិងប្រតិបត្តិទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជាដែលបានចែងយ៉ាងច្បាស់ថាកម្ពុជា
មិនអនុញ្ញាតឱ្យប្រទេសណាមួយមានមូលដ្ឋានទ័ពក្នុងប្រទេសរបស់ខ្លួនឡើយ និងបន្តអនុវត្តគោលនយោបាយការបរទេសដែលកម្ពុជាព្យាយាមបង្កើតមិត្តជាជាងសត្រូវ។ ការចោទប្រកាន់របស់សហរដ្ឋអាមេរិក គឺជារឿងមួយដោយឡែកព្រោះថាប្រសិនបើវាជាការចោទប្រកាន់ទៅហើយនោះ ទោះបីកម្ពុជាព្យាយាមពន្យល់ឬបកស្រាយយ៉ាងណាក៏គ្មានចម្លើយដែលត្រឹមត្រូវតាមអ្វីដែលគេចង់បាននោះឡើយ ប៉ុន្តែវាក៏ជាឱកាសសម្រាប់កម្ពុជាផងដែរក្នុងការបង្ហាញពីភាពស្អាតស្អំ និងឯករាជ្យភាពរបស់ខ្លួនទៅកាន់ពិភពលោក និងយកមេរៀននេះជាទន់ទៅថ្ងៃអនាគតបន្តទៀត។ ជាងនេះទៅទៀតកម្ពុជាត្រូវតែព្យាយាមអភិវឌ្ឍផ្នែកខាងក្នុងនិងបង្កើនមិត្តខាងក្រៅ។ ក្នុងន័យនេះកម្ពុជាដើម្បីមានម្ចាស់ការលើខ្លួនឯងបានកម្ពុជាត្រូវតែមានការកែប្រែប្រព័ន្ធខាងក្នុងជាពិសេស គឺត្រូវតែកាត់បន្ថយអំពើពុករលួយបន្តិចម្ដងៗ រហូតក្លាយជាប្រទេសដែលគ្មានអំពើពុករលួយនាថ្ងៃអនាគត លុបបំបាត់បក្សពួកនិយមហើយប្ដូរមកយកសម្ថភាពជាគ្រឹះសំខាន់ដើម្បីអភិវឌ្ឍជាតិហើយផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយឱ្យបានបញ្ជេញសម្ថភាព និងប្រកួតប្រជែងដោយមានតម្លាភាពនៅក្នុងកិច្ចការងារដែលពាក់ព័ន្ធទៅនឹងប្រទេសជាតិ ជាពិសេសនោះគឺវិស័យនយោបាយ។ នៅខណៈពេលមួយដែលកម្ពុជាមានភាពធនរួមបញ្ចូលទាំងវិស័យសេដ្ឋកិច្ចនិងស្ថេរភាពនយោបាន នោះកម្ពុជានឹងអាចបង្កើតមិត្តបានព្រោះនៅក្នុងវិស័យការទូតការរាប់អានគឺត្រូវតែមានផលចំណេញឬគេតែងតែប្រើពាក្យថា “ទៅជាមួយនឹងអំណោយ” ដែលប្រើប្រាស់ក្នុងការពិពណ៌នាអំពីប្រទេសដែលព្យាយាមទៅទាក់ប្រទេសមួយទៀតក្នុងកិច្ចការណាមួយគឺកប្បីមានអំណោយជូនគេទើបជាការប្រសើរ។
ជារួមដើម្បីឱ្យកម្ពុជាគេចចេញពីអន្ទាក់នេះបាន និងមិនដើរតាមដានប្រវត្តិសាស្ត្ររបស់ខ្លួនហើយមានលំនាំស្រដៀងទៅនឹងប្រទេសអ៊ីរ៉ាក់ដែលត្រូវបានឈ្លានពានពីបរទេស គឺមានតែសាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរនឹងខ្មែរនិងសន្តិភាពតែប៉ុណ្ណោះដែលអាចជួយឱ្យកម្ពុជាបន្តអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

អ្នកនិពន្ធ៖LY SOKONG

Bun

Leave a Reply

Your email address will not be published. Required fields are marked *

six + 18 =

This site uses Akismet to reduce spam. Learn how your comment data is processed.