
តួកគីបានប្រកាសនៅព្រឹកថ្ងៃចន្ទទី១៨ ខែមេសា ឆ្នាំ២០២២នេះថា បានចាប់ផ្តើមការវាយលុកយោធាឆ្លងព្រំដែនដ៏ធំមួយក្នុងប្រទេសអ៊ីរ៉ាក់ ដោយផ្តោតលើKurdistan Workers’ Party (PKK) នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Euronews។
លោក Hulusi Akar រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់តួកគីបាននិយាយនៅក្នុងវីដេអូមួយថា ប្រតិបត្តិការនេះប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាដោយមានទាំងការលុកលុយលើដីដោយកងទ័ព commando និងយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងច្រើនដោយប្រើយន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកទៀតផង ដើម្បីវាយកំទេចពួកសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសអ៊ីរ៉ាក់។
ប្រតិបត្តិការយោធានេះមានឈ្មោះថា “Operation Claw Lock” គឺជាយុទ្ធនាការរបស់តួកគី ដែលដំណើរការយូរមកហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៃ PKK និង Syrian Kurdish YPG នៅទីក្រុងអង់ការ៉ាចាត់ទុកថាជាក្រុមភេរវករ។
នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងកាលពីព្រឹកថ្ងៃចន្ទថា យន្តហោះចម្បាំង និងកាំភ្លើងធំបានវាយប្រហារទីជម្រក លេណដ្ឋាន ផ្លូវរូងក្រោមដី ឃ្លាំងរំសេវ និងទីស្នាក់ការកណ្តាលដែលជាកម្មសិទ្ធិរបស់ពួកសកម្មប្រយុទ្ធឃឺដ PKK ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានចុះផ្សាយថា “ប្រតិបត្តិការកំពុងបន្តដោយជោគជ័យតាមការគ្រោងទុក” ។ “គោលដៅដែលបានកំណត់ក្នុងដំណាក់កាលទីមួយត្រូវបានកំទេចទាំងស្រុង”។ មិនមានព័ត៌មានអំពីការស្លាប់និងរបួសប៉ុន្មាននាក់នោះទេក្នុងប្រតិបត្តិការយោធានេះ។
លោក Akar បាននិយាយថា “យើងប្តេជ្ញាចិត្តដើម្បីសង្គ្រោះជាតិដ៏ថ្លៃថ្នូរបស់យើងឱ្យរួចផុតពីគ្រោះមហន្តរាយភេរវកម្មដែលបានញាំញីប្រទេសរបស់យើងអស់រយៈពេល 40 ឆ្នាំមកហើយ” ។ “ការតស៊ូរបស់យើងនឹងបន្តរហូតដល់ពួកភេរវករទាំងនោះត្រូវបានកំទេចអស់។”
គួរជំរាបថាប្រទេសតួកគីបានធ្វើប្រតិបត្តិការពីលើអាកាស និងជើងគោកឆ្លងព្រំដែនជាច្រើនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដ PKK ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បើតាមយោធាតួកគី ប្រតិបត្តិការនោះ មានគោលដៅលើក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់មេទីណា (Metina), ហ្សាប (Zap), និងអាវ៉ាស៉ីន-បាស៉ីយ៉ាន (Avasin-Basyan) របស់អ៉ីរ៉ាក់។ ។
បើតាមក្រសួងការពារជាតិរបស់តួកគីបានអះអាងថា មូលហេតុនៃការវាតប្រហារទៅលើមូលដ្ឋានទ័ពក្រុមសកម្មប្រយុទ្ធឃឺដ PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់នេះ គឺព្រោះតែតួកគីទទួលបានដឹងណឹងសំងាត់ងាក្រុមសកម្មប្រយុទ្ធឃឺដ PKK កំពុងរៀបចំផែនការភេរវកម្មទ្រង់ទ្រាយធំដែលធ្វើធោយប៉ះពាល់ដល់សន្តិសុខរបស់តួកគី និងពិភពលោកទាំងមូល ទើបតួកគីបបើកប្រតិបត្តិការវាយកំទេចចោលភ្លាមៗ។
ជុំវិញករណីនេះរដ្ឋាភិបាលទីក្រុងបាកដាដ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ ការបើកប្រតិបត្តិការយោធារបស់តួកគី នៅតំបន់ភាគខាងជើងប្រទេសអ៉ីរ៉ាក់ថាជា ការរំលោភបំពានអធិបតេយ្យភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។
គួររំលឹកថា PKK គឺជាអង្គការនយោបាយសកម្មប្រយុទ្ធឃឺដ និងចលនាទ័ពព្រៃប្រដាប់អាវុធ ដែលប្រយុទ្ធដើម្បីឯករាជ្យ Kurdistan បានប្រយុទ្ធនឹងទីក្រុងអង់ការ៉ាតាំងពីឆ្នាំ ១៩៨៤ ក្នុងសង្រ្គាមដែលបានឆក់យកជីវិតមនុស្សជាង ៤០,០០០ នាក់។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសតួកគីបានធ្វើប្រតិបត្តិការយោធាជាច្រើនដងប្រឆាំងនឹងក្រុម PKK ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ហើយបានប្រើប្រាស់ទឹកដីនេះ ដើម្បីបញ្ឆេះការបះបោរនៅតំបន់ភាគខាងកើតនៃប្រទេសតួកគីផងដែរ។ ក្រុមសកម្មប្រយុទ្ធឃឺដ PKK ត្រូវបានអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកជាអង្គការភេរវជនដ៏ធំមួយផងដែរនៅក្នុងពិភពលោក ។
ប៉ុន្តែបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មាន CNN កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានផ្តល់ឧបករណ៍ និងសព្វាវុធមួយចំនួនដល់កងកម្លាំងឃឺដ ហើយបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី ១០០ ដុល្លារដល់ ៤០០ ដុល្លារសម្រាប់ទាហានម្នាក់ទៀតផង ជាមួយនឹងចលនានេះ សហរដ្ឋអាមេរិកបានប្រគល់ប្រាក់សរុបចំនួន 400 លានដុល្លារដល់កងកម្លាំងសន្តិសុខឃឺដ និងអ៊ីរ៉ាក់។ ទោះបីជាយ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក David Williams នាយកមជ្ឈមណ្ឌលសម្របសម្រួល Kurdistan (KCC) បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយឃឺដថា “ជំនួយទឹកប្រាក់គឺជាការគាំទ្រទៅដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់”។ វរសេនីយ៍ឯក Williams បានបន្ថែមថា គោលបំណងសំខាន់របស់យើងគឺ “ការបរាជ័យរបស់ពួក ISIS” ។
លោក Henri Barkey ដែលជាអ្នកជំនួយការជាន់ខ្ពស់សម្រាប់ការសិក្សានៅមជ្ឈិមបូព៌ានៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសបានប្រាប់ CNN ស្ថានភាពនៅជំរុំដែលគ្រប់គ្រងដោយកងកម្លាំងឃឺដ ក្នុងឆ្នាំ ២០១៧ ក្រសួងការពារជាតិអាមេរិកបានចំណាយប្រាក់ជំនួយបរទេសសរុបប្រមាណ ១៣ ពាន់លានដុល្លារ។ ហើយបើយោងតាមទីភ្នាក់ងារ USAID អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងអ៊ីស្រាអែល ម្នាក់ៗទទួលបានជាង 3 ពាន់លានដុល្លារ។ កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិកក៏បានប្តេជ្ញាផ្តល់ជំនួយយោធាចំនួន 38 ពាន់លានដុល្លារដល់អ៊ីស្រាអែល ក្នុងរយៈពេល 10 ឆ្នាំ។ គិតត្រឹមឆ្នាំ ២០១៩ សហរដ្ឋអាមេរិកជំនួយយោធាចំនួនប្រមាណ 686 ពាន់លានដុល្លារ។ លោក Barkey បានលើកឡើងថាជំនួយរបស់សហរដ្ឋអាមេរិច ក៏អាចបង្កទៅជាសង្គ្រាមកាន់តែធំ ឬក៏ជាជម្លោះនៅក្នុងតំបន់នោះឲ្យមានសភាពខ្លាំងក្លាបន្ថែមទៀតក៏ថាបាន៕
អ្នកនិពន្ធ៖ Chim Ratha