ឯកសារបែកធ្លាយបង្ហាញថាសហរដ្ឋអាមេរិកកំពុងស៊ើបការសម្ងាត់លើសម្ព័ន្ធមិត្តរបស់ខ្លួនឯង

ការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់នាពេលថ្មីៗនេះ ស្តីពីផែនការសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន នៅប្រទេសអ៊ុយក្រែន គឺបានបង្កឱ្យមានភាពចលាចល នៅក្នុងមន្ទីរប៉ង់តាហ្គោន ដោយបង្ខំឱ្យមន្ត្រីបង្កើនផ្នែកសន្តិសុខ។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារ Washington Post ដោយបាននិយាយថា ពួកគេនៅតែព្យាយាមវាយតម្លៃ ការខូចខាតពីការលេចធ្លាយ ឯកសារសន្តិសុខជាតិជាច្រើន ដែលទាក់ទាញការចាប់អារម្មណ៍ ពីសាធារណជនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានមនុស្សជាច្រើនងឿងឆ្ងល់ថា តើ​ការបំពាន​បាន​ធ្វើទៅ​ដោយ​មិន​បាន​កត់​សម្គាល់​អស់​ជា​យូរ​មក​ហើយនោះ កើតឡើងយ៉ាងដូចម្តេច?

ខណៈពេលដែលរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដំបូងអំពីរឿងនេះ បានផុសឡើងតែក្នុងសប្តាហ៍នេះ ឯកសារមួយចំនួនត្រូវបានចែករំលែក នៅលើវេទិកាជជែក Discord នៅចុងខែកុម្ភៈ និងដើមខែមីនា។ ភាពត្រឹមត្រូវនៃការស៊ើបការណ៍សម្ងាត់ នៅតែមិនទាន់ផ្ទៀងផ្ទាត់នៅឡើយនោះទេ។

មន្ត្រីអាមេរិកពីរនាក់បានប្រាប់ Post ថា ថ្នាក់ដឹកនាំមន្ទីរបញ្ចកោណបាន “រឹតបន្តឹងលំហូរនៃព័ត៌មានស៊ើបការណ៍សម្ងាត់” ដើម្បីឆ្លើយតបទៅនឹងការលេចធ្លាយ។ ប្រភព​មួយ​បាន​ពណ៌នា​អំពី​វិធានការ​នេះ​ថា​ តឹងរ៉ឹង​ខុសពី​ធម្មតា និង​ការផ្តល់ជា​សក្ខីកម្ម​ចំពោះ​ «​កម្រិត​នៃ​ការ​ភ័យ​ស្លន់ស្លោ​ខ្ពស់​» ក្នុងចំណោម​មន្ត្រីដែលមានសក្ដិធំៗ ។

មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាខ្លួនបានបញ្ជូនសំណើផ្លូវការមួយទៅកាន់ក្រសួងយុត្តិធម៌អាមេរិក ដើម្បីស្នើសុំឱ្យបើកការស៊ើប អង្កេតលើឯកសារដែលបានបែកធ្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គមនារ​យៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឯកសារទាំងនោះត្រូវបានគេជឿជាក់ថាជាឯកសាររបស់មន្ទីរបញ្ចកោណដែលមាន ព័ត៌មានសម្ងាត់ទាក់ទិននឹងអ៊ុយក្រែន ចិន តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។ មិនតែប៉ុណ្ណោះ ឯកសារបែកធ្លាយក៏បានបង្ហាញដែរថាទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងស៊ើបការសម្ងាត់លើសម្ព័ន្ធមិត្ត របស់ខ្លួន ក្នុងនោះរួមមានអ៊ុយក្រែន កូរ៉េខាងត្បូង និងអ៉ីស្រាអែល រួមទាំងប្រទេសដែលជាគូសត្រូវទៀតផង។

ដោយឡែក បើតាម Reuters នៅក្នុងចំណោមឯកសារសម្ងាត់ខាងលើ មានឯកសារខ្លះមានបោះត្រាពាក្យជាភាសាអង់គ្លេសថា «Secret» និងចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ ដោយ មានរៀបរាប់ថាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនអាចនឹងអស់គ្រាប់រំសេវនៅខែឧសភាខាងមុខ បើនៅតែធ្វើប្រតិបត្តិការក្នុងកម្រិតដូចសព្វថ្ងៃ។ ចំណែកឯ ឯកសារមួយផ្សេងទៀតវិញ បានអះអាងថា ទីភ្នាក់ងារស៊ើបការសម្ងាត់អ៉ីស្រាអែល Mossad បានលើកទឹកចិត្តដល់ក្រុមបាតុករប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាន់មីន ណេតាន់យ៉ាហ៊ូ។ ក្រៅពីនេះ នៅក្នុងចំណោមឯកសារដែលបានបែកធ្លាយ មានឯកសារមួយទៀតនិយាយថាក្រុមមន្ត្រីកូរ៉េខាងត្បូងបានបើកកិច្ចពិភាក្សា ចំពោះមុខសម្ពាធពី សហរដ្ឋអាមេរិកឱ្យទីក្រុងសេអ៊ូល ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ជាទង្វើបំពានលើគោលនយោបាយរបស់កូរ៉េខាងត្បូងដែលប្រឆាំងនឹងការនាំចេញអាវុធទៅកាន់ប្រទេសកំពុងមានជម្លោះ។

ឯកសារលេចធ្លាយមួយទៀត បានលាតត្រដាងពីសកម្មភាពចារកម្មរបស់អាមេរិកនៅជុំវិញពិភពលោក។ ឯកសារនេះ បានរៀបរាប់លម្អិតអំពីរបៀបដែលអាមេរិក បន្តជ្រៀតចូលប្រទេសសម្ព័ន្ធមិត្ត ចំពេលភាពតានតឹងពិភពលោកកាន់តែឡើងកម្តៅ។

ឯកសាររបស់មន្ទីរបញ្ចកោណនេះ បានបង្ហាញវិសាលភាព ដែលយុទ្ធសាស្ត្រចារកម្មរបស់អាមេរិក ប្រជ្រៀតចូលទៅក្នុងសង្គ្រាមរបស់លោក វ្ល៉ាឌីមៀ ពូទីន។ ម្យ៉ាងវិញទៀត យោងទៅតាមកាសែត Wall Street Journal, ឯកសារនេះ ក៏បានបង្ហាញឲ្យឃើញពីយុទ្ធនាការស៊ើបអង្កេតរបស់អាមេរិក នៅក្នុងប្រទេសជាច្រើន រួមទាំងកូរ៉េខាងត្បូង អ៊ីរ៉ង់ និងចក្រភពអង់គ្លេសផងដែរ។

សារព័ត៌មានខាងលើរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង អ៊ីស្រាអែល អ៊ុយក្រែន និងចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្ត ដែលសហរដ្ឋអាមេរិក កំពុងតាមដាន។

ពាន់ព័ន្ធបញ្ហាអ៊ុយក្រែន​, បច្ចុប្បន្ន មន្ត្រីយោធាអាមេរិក អាចផ្តល់ការព្រមានទាន់ពេលដល់សមភាគីអ៊ុយក្រែន អំពីការវាយប្រហាររបស់រុស្ស៊ី ដែលជិតកើតឡើងនៅក្នុងទីតាំងជាក់លាក់។

ថ្វីបើឯកសារបែកធ្លាយនេះ បានគូសបញ្ជាក់ពីសមត្ថភាពរបស់អាមេរិកក្នុងការជ្រៀតចូលមើលព័ត៌មានរបស់ទីក្រុងមូស្គូពិតមែន ប៉ុន្តែក៏បង្កឲ្យមានការភ័យខ្លាចផងដែរថា ឥឡូវ ចារកម្មរុស្ស៊ី អាចយល់កាន់តែច្បាស់អំពីអ្វីដែលអាមេរិកធ្វើ ហើយផ្តល់ឱកាសដើម្បីកាត់ផ្តាច់ប្រភពព័ត៌មាននានា។

មានការសង្ស័យផងដែរថាការលេចធ្លាយនេះត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិកដោយខ្លួនឯង និងជាបុព្វហេតុនៃការចង់បោះបង់ចោលការគាំទ្រសម្រាប់អ៊ុយក្រែន។ អ្នកជំនាញមួយចំនួនទៀតបានចង្អុលបង្ហាញថា អ្វីដែលគេហៅថា “ឯកសាររបស់សហរដ្ឋអាមេរិកចាត់ថ្នាក់” ដែលលេចឆ្លាយមិនអាចបញ្ជាក់បាន ១០០%ថា ពិតឬមិនពិតទោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅ ឧប្បត្តិហេតុនេះអាចបណ្តាលឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់សីលធម៌របស់អ៊ុយក្រែន ហើយក្នុងពេលជាមួយគ្នានេះ ថាតើត្រូវបន្តជំនួយទ្រង់ទ្រាយធំដល់អ៊ុយក្រែនដែរឬទេ ការជជែកពិភាក្សាក្នុងស្រុករបស់សហរដ្ឋអាមេរិកនឹងកាន់តែខ្លាំង សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏នឹងកាន់តែស្ទាក់ស្ទើរផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

five × three =

This site uses Akismet to reduce spam. Learn how your comment data is processed.