តើសហរដ្ឋអាមេរិកនៅពីក្រោយការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ឬយ៉ាងណា?

បំពង់បង្ហូរឧស្ម័នចំនួនពីរ និងជាលំហូរឧស្ម័នដ៏ធំមួយចេញពីប្រទេសរុស្សី ទៅកាន់សហភាពអឺរ៉ុបបានផ្ទុះលេចធ្លាយ ពោលគឺបំពង់បង្ហូរឧស្ម័ន Nord Stream1 និង Nord Stream2 បានធ្វើឱ្យមានការជជែកវែកញែក ពិសេសនោះថាតើដើមចមនៃបញ្ហានេះមកពីអ្វី? និងមានការចោទប្រកាន់គ្នាទៅវិញទៅមកជាច្រើនផងដែរ។ បំពង់បង្ហូរឧស្ម័ននេះ គឺបង្ហូរចេញពីប្រទេសរុស្សី ភ្ជាប់ទៅកាន់ប្រទេសអាល្លឺម៉ង់ដោយផ្ទាល់តែម្ដង ដោយត្រូវបានគេជឿថារុស្សីបានចំណាយលុយខ្ទង់ពាន់លានដុល្លាដើម្បីសាងសង់វាឡើង។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ មានការបំផ្ទុះដ៏ញាប់ញ័រលើបំពង់បង្ហូរប្រេងក្រោមផ្ទៃទឹកនៃសមុទ្របាល់ទិក។ ការផ្ទុះនេះបានបង្កឱ្យមានការលេចធ្លាយឧស្ម័ននៅទីតាំងចំនួន ៤ ផ្សេងៗគ្នា ក្នុងនោះមានពីរនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសដាណឺម៉ាក និងពីរនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសស៊ុយអែត។ អាជ្ញាធរស៊ុយអែត និងដាណឺម៉ាកបានលើកឡើងថា រ៉ិចទ័រនៃការផ្ទុះទាំងនោះត្រូវបានវាស់នៅកម្រិត ២.៣ និង ២.១ រ៉ិចទ័រ។ ទោះបីជាការផ្ទុះនេះមានសម្ពាធធ្ងន់ ប៉ុន្តែក្នុងខណៈពេលនោះពុំមានការបញ្ចូនឧស្ម័ននោះឡើយ។ អ្នកវិទ្យាសាស្រ្តផ្នែកបរិស្ថានបានលើកឡើងថានេះគឺ «ជាការធ្វេសប្រហេសក្នុងការបញ្ចេញឧស្ម័នដែលធ្វើឱ្យមានការប៉ះពាល់ដល់បរិស្ថាន» ហើយប្រសិនបើការផ្ទុះនេះជាចេតនាវិញ វាគឺជា «ឧក្រិដ្ឋកម្មបរិស្ថាន»។ គួរបញ្ជាក់ដែរថាតំបន់បង្ហូរឧស្ម័នខាងលើនេះ គឺជាតំបន់ដែលស្ថិតក្រោមភាពតានតឹងក្នុងប៉ុន្មានខែចុងក្រោយនេះរវាងរុស្សី និងសហភាពអឺរ៉ុបក្រោយការផ្ទុះឡើងនៃសង្រ្គាមរវាងរុស្សី នឹងអ៊ុយក្រែន។

តើនរណានៅពីក្រោយនៃឧប្បត្តិហេតុនេះ?

រហូតមកទល់ពេលនេះគេមិនទាន់សំយោគបាននៅឡើយទេថា ឧប្បត្តិហេតុខាងលើនេះបណ្ដាលមកពីអ្វីឱ្យពិតប្រកដ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមក ពិសេសនោះរុស្សីបានក្លាយជាប្រធានបទដ៏ក្ដៅសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីវាយប្រហារ។ បន្ទាប់ពីឧប្បត្តិហេតុខាងលើកើតឡើងភ្លាមៗនោះ គេបានសន្មត់ថាវាជា «គ្រោះថ្នាក់» ដែលមិនបានបណ្ដាលមកពីនរណាម្នាក់នោះឡើយ ប៉ុន្តែក្រោយមកការលើកឡើងនេះត្រូវបានផ្លាស់ប្ដូរទៅវិញ។ សហភាពអឺរ៉ុបបានព្រមានថា «នរណាដែលមានចេតនាធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន នឹងត្រូវទទួលការឆ្លើយតបយ៉ាងខ្លាំងបំផុត» ហើយសហភាពអឺរ៉ុបក៏​បាន​លើក​ឡើង​ចំៗ​ថា​ជា​វិច្ឆេទកម្ម ពោល​មិនមែន​ជា​គ្រោះថ្នាក់​ទេ។ កាលពីពេលថ្មីៗនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានលើកឡើងដែរថា ការបំផ្ទុះនៅលើបំពង់បង្ហូរ Nord Stream ជា «អំពើបំផ្លិចបំផ្លាញដោយចេតនា» ហើយក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដោះស្រាយនូវអ្វីដែលបានកើតឡើង។ ការលើកឡើងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហាក់ដូចជាដាក់ចោទការប្រកាន់ទៅលើរុស្សីដែលជាម្ចាស់បំពង់បង្ហូរឧស្ម័នទាំងពីរខាងលើ។ ជាក់ស្ដែង អង្គការ ណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថាការផ្ទុះនេះគឺបណ្តាលមកពីយន្តហោះដ្រូនបើកក្រោមទឹករបស់រុស្ស៊ី ទោះបីជាមិនទាន់មានសម្មតិកម្ម​ ឬភស្តុតាងមកបញ្ជាក់ច្បាស់លាស់យ៉ាងណាក្ដី។ ប្រទេសស៊ុយអែត បានបញ្ចប់ការស៊ើបអង្កេត ដោយលើកឡើងថា វាគឺជា «ការបំផ្លិចបំផ្លាញ» ដោយមិនបានបញ្ជាក់ថានរណាម្នាក់នៅពីក្រោយនោះឡើយ។

រូបភាពនៃការផ្ទុះនោះ
ស្របពេលដែរសង្រ្គាមរវាងអ៊ុយក្រែន និងរុស្សីកំពុងបន្តយ៉ាងក្ដៅកកុកនោះ ក្រុង​មូស្គូ​បាន​ប្រើ​ឧស្ម័ន​ដែល​អឺរ៉ុប​បាន​ពឹង​ខ្លាំង​លើ​ខ្លួន​ជា​អាវុធ​យុទ្ធសាស្រ្ត​ដើម្បី​សងសឹក​វិញ ពិសេសទៅនឹងទណ្ឌកម្មជាច្រើនដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានដាក់ជាបន្តបន្ទាប់មកលើខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ រុស្សីបានបដិសេដដោយខ្លួនមិនមែនជាអ្នកនៅពីក្រោយឧបត្តិហេតុខាងលើនោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ការចោទប្រកាន់មកលើរុស្សីជារឿងមិនសមហេតុផល»។ លោក Zakharova បានសង្កត់ធ្ងន់លើ «ការវិនិយោគដ៏ធំសម្បើមរបស់រុស្សី» ដែលវិមានក្រឹមឡាំងបានអនុវត្ត និងវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ ហើយបានរិះគន់លោកខាងលិចចំពោះការរារាំងទីក្រុងម៉ូស្គូពីការចូលរួមក្នុងការស៊ើបអង្កេតទៅលើឧបត្តិហេតុខាងលើនេះ។ ជាងនេះទៅទៀត ប្រសិនបើរុស្សីមានបំណងក្នុងការបញ្ឍប់ការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប​ ពួកគេអាចបិទ ​រ៉ូប៊ីណេ បានដោយមិនបាច់ដល់ថ្នាក់កម្ទេចបំពង់ឧស្ម័នដែលកសាងឡើងដោយខ្លួនឯងនោះឡើយ។ ស្របពេលជាមួយគ្នានេះដែរ រុស្សី បានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើអង្គប្រជុំដើម្បីស្វែងរកដើមចមនៃឧបត្តិហេតុនេះផងដែរ។

សហភាពអឺរ៉ុប ប្រហែលមិនមែនជាអ្នកនៅពីក្រោយឧប្បត្តិហេតុនេះឡើយដោយជាក់ស្ដែងវាជាតម្រូវការរបស់ខ្លួន ហើយសម្រាប់សហរដ្ឋអាមេរិកក៏ប្រហែលមិនទទួលផលចំណេញពីបញ្ហានេះនោះឡើយ។ ចុះតើអ៊ុយក្រែនអាចជាតួអង្គនៅពីក្រោយបញ្ហានេះទេ? ចម្លើយនោះគឺអាចទៅរួចព្រោះអ៊ុយក្រែនចង់ឱ្យសហភាពអឺរ៉ុឈប់បញ្ជាទិញឧស្ម័នពីរុស្សីទាំងស្រុង ប៉ុន្តែសំណួរត្រង់ថាតើអ៊ុយក្រែនអាចមានសម្ថភាពក្នុងការបាញ់​ ឬបំផ្លាញបំពង់ឧស្ម័ននៅក្រោមទាំងដ៏ជ្រៅនោះឬទេ?

សហរដ្ឋអាមេរិកមិនទទួលបានផលចំណេញច្រើននោះទេប៉ុន្តែ….៖

ដូចបានលើកឡើងខាងដើម សហរដ្ឋអាមេរិកមិនទំណងនឹងទទួលបានផលប្រយោជន៍ច្រើនពីការលេចធ្លាយបំពង់បង្ហូរឧស្ម័ននេះឡើយ ប៉ុន្តែមិនបានសេចក្ដីថាពួកគេមិនបាននោះឡើយ។ ជាក់ស្ដែងរដ្ឋលេខាធិការលោក Antony Blinken បានលើកឡើងថា «វាជាឱកាសដ៏អស្ចារ្យមួយដើម្បីដកការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីម្តងហើយម្តងទៀត ដើម្បីបន្ថយអនុភាពរបស់លោក វ្ល៉ាឌីមៀ ពូទីន នូវអាវុធថាមពលដែលជាមធ្យោបាយនៃការជំរុញការរចនាចក្រពត្តិរបស់គាត់»។ តើអាចឬទេដែលឧបត្តិហេតុនេះជាកូនអុករបស់សហរដ្ឋអាមេរិកដើម្បីចាប់យកសហភាពអឺរ៉ុបទាំងមូល? តើអាចទេពួកគេចង់ក្ដោបក្ដាប់សហភាពអឺរ៉ុបទាំងមូលរួមទាំងផ្នែកសេដ្ឋកិច្ច សព្វាវុធ និងក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀត?

ជារួម សម្មតិកម្មខាងលើនៅមិនទាន់គ្រប់ជ្រុងជ្រោយដើម្បីឈានដល់ការសម្រេចថានរណានៅពីក្រោយនៃឧបត្តិហេតុនេះឡើយ ប៉ុន្តែបើភាគីទាំងអស់ពិសេសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពិតជាស្អាតស្អំនោះគប្បីអនុញ្ញាតឱ្យរុស្សីចូលរួមស៊ើបអង្គេតអំពីឧប្បត្តិហេតុនេះទាំងអស់គ្នា ពុំនោះទេវាគឺជារឿងអយុត្តិធម៌ដែលពិភពលោកពុំគួរអនុញ្ញាតឱ្យកើតឡើងនោះឡើយ។

អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

eight + eighteen =

This site uses Akismet to reduce spam. Learn how your comment data is processed.