“សិចតោ សិចម៉ូវ”

មេឧទ្ទាមក្បត់ជាតិកំពុងតែធ្លាក់ខ្លួនផុងចូលក្នុងល្បែងនយោបាយដ៏ស្មោកគ្រោក និងរាក់កំភែលរបស់ខ្លួន ក្រោយពីជននេះបានឆ្លៀត ឆក់យកពាក្យប៉ុន្មានឃ្លាដែលកាសែត The Guardan ចុះផ្សាយខុសយកមកជួយឃោសនាបន្តដោយចោទប្រកាន់ថាសម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប។ សម រង្ស៊ី មេឧទ្ទាមក្បត់ជាតិបានឆ្លៀតឱកាសធ្វើនយោបាយទៅលើអត្ថបទដែលចុះផ្សាយបំភ្លៃការពិតនេះទៀតផង ។ ដោយយកពាក្យប៉ុន្មានម៉ាត់របស់កាសែត The Guardan នៅថ្ងៃទី៥ ខែតុលា ជននេះបានបង្ហោះខិត្តបណ្ណនិយាយបំផ្លើសចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ប្រុងរត់ចោលស្រុកក្រោយពីបានទិញលិខិតឆ្លងដែន និងទិញសញ្ជាតិពីប្រទេសស៊ីប និងបានបំផុសឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
ក្រោយពីមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែតុលា កាសែត The Guardan បានកែតម្រូវនូវកំហុសឆ្គងនៃអត្ថបទរបស់ខ្លួនឡើងវិញ ធ្វើឲ្យមេឧទ្ទាមក្បត់ជាតិធ្លាក់ក្នុងស្ថានភាពវង្វេងស៊ុងតែម្តង។
នៅថ្ងៃទី៧ ខែតុលា នោះដែរ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម ដែលរួមមាន សម រង្ស៊ី អេង ឆៃអ៊ាង មួរ សុខហួរ ហូរ វ៉ាន់ និងគូកន ពីបទរួមគំនិតក្បត់ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធអង្គហេតុនៃសេចក្តីអំពាវនាវរបស់បុគ្គលសម រង្ស៊ី ដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារបង្កប់នូវ”ការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិតក្រោមឧបាយកលអំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” ផែនការទុច្ចរិតនេះ គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ។
ដើម្បីបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ ចំពោះមាតុភូមិ ដើម្បីបង្ហាញពីសច្ចៈភាព និងភាពស្មោះត្រង់ពីការចោទប្រកាន់ដ៏ងងើលនេះ និងដើម្បីធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងដើម្បីបញ្ចៀសពីការជ្រៀតជ្រែកពីបរទេស សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឲ្យធ្វើការសិក្សាដើម្បីធ្វើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួនដោយកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន”សញ្ជាតិខ្មែរតែមួយគត់”។ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងបងប្អូនប្រជាជនខ្មែររស់នៅក្រៅប្រទេសបានគាំទ្រភ្លូកទឹក ភ្លូកដី ចំពោះសំណើរប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលជាមេដឹកនាំប្រទេសដ៏ឧត្តុងឧត្តម តែងតែតម្កល់នូវផលប្រយោជន៍ កតិ្តយស និងសេចក្តីថ្លៃថ្លូររបស់ជាតិ ជាមេដឹកនាំដែលតែងតែការពារដាច់ខាតនូវឯករាជ្យ និងអធិបតេយ្យរបស់ជាតិខ្ពស់ជាងអ្វីៗទាំងអស់។
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តីក៏បានធ្វើការពិនិត្យ ពិភាក្សា ផ្លាស់ប្តូរ យោបល់ និងសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មានភារកិច្ចទទួលខុសត្រូវ សម្រេចកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ជាតិ មានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដោយសច្ចាដាច់ខាតស្មោះត្រង់ចំពោះជាតិ និងប្រជាជន នៅគ្រប់កាលៈទេសៈទាំងអស់ ធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនពីការជ្រៀតជ្រែកពីបរទេស ដូច្នេះត្រូវកំណត់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន”សញ្ជាតិខ្មែរតែមួយគត់” ។
ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់មួយកាលពីអំឡុងឆ្នាំ២០១៣-២០១៤ ដែលពេលនោះពួកឧទ្ទាមក្បត់ជាតិបានដឹកនាំខ្មោចគណបក្សនយោបាយមួយនៅកម្ពុជា ដែលគណបក្សនោះជាយន្តការមួយសម្រាប់បម្រើចលនាបដិវត្តន៍ពណ៌ ដើម្បីធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការចងក្រងចាក់ស្រេះប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅរវាងក្រុមគ្រួសារគណបក្សប្រឆាំង ដែលភាគច្រើនមានសញ្ជាតិពីរ និងពួកចារកម្មបរទេស រហូតមានអង្គការបរទេសខ្លះបានចូលមកបង្ហាត់បង្រៀនយុទ្ធសាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម ការផ្តល់ ថវិកាជំរុញបំផ្ទុះឡើងនូវបដិវត្តន៍ពណ៌ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលមួយមិនតាមបែបប្រជាធិបតេយ្យ មានបរទេសជាអ្នកបញ្ជា និងបម្រើឲ្យផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ជាយុទ្ធសាស្រ្តរបស់ពួកបរទេសទៀតផង។ សូម្បីតែកម្មវិធីនយោបាយរបស់គណបក្សនេះ ក៏ពួកបរទេសជាអ្នកផ្តួចផ្តើមគំនិតក្នុងការសរសេរឲ្យដែរ។ មេដឹកនាំគណបក្សនេះថែមទាំងនិយាយអួតអាងជាចំហអំពីផែនការសំងាត់នៃការឃុបឃិតគ្នាយ៉ាងស៊ីជម្រៅរវាងបក្ខពួកជាមួយពួកបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យើងសាកល្បងប្រមើលមើលថា បើពេលនោះខ្មោចគណបក្សដ៏សំអុយមួយនេះ បានឈ្នះឆ្នោត ហើយប្រធាន និងអនុប្រធានគណបក្សនេះ ដែលមានសញ្ជាតិពីរ និងបានដាក់ខ្លួនបម្រើបរទេសរួចទៅហើយនោះ បានកាន់អំណាចជាប្រធានព្រឹទ្ធសភា ឬប្រធានរដ្ឋសភា ឬនាយករដ្ឋមន្រ្តី តើជោគវាសនារបស់កម្ពុជាមកដល់ថ្ងៃនេះនឹងក្លាយទៅជាយ៉ាងណា? ជាការពិតប្រទេសយើងប្រាកដជាជួបនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាមិនខានឡើយ។
ប្រជាជនកម្ពុជាពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង និងចាត់ទុកថានេះជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀត។ ក្នុងពេលដែលសេចក្តីព្រាងច្បាប់នេះឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភា និងបានការឡាយព្រះហស្ថលេខាពីព្រះករុណា ព្រះមហាក្សត្រ និងបានដាក់ឲ្យអនុវត្តហើយនោះ ច្បាប់នេះ និងកាន់តែបានជួយរួមចំណែកក្នុងការការពារឯករាជ្យ អធិបតេយ្យជាតិ ការពារផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលដែលប្រជាជនអបអរសាទរចំពោះសេចក្តីព្រាងច្បាប់នេះ នៅយប់ថ្ងៃទី៨ ខែតុលា មេឧទ្ទាមក្បត់ជាតិកាន់សញ្ជាតិពីរដែលដឹងថាជីវិតនយោបាយខ្លួនឯងត្រូវបញ្ចប់ហើយនោះ បានចេញមកលោតកញ្ឆេងមួយក្បាច់ទៀត ដោយបុគ្គលនេះធ្វើជានិយាយលួងខ្លួនឯង និងលួងចិត្តអ្នកគំាទ្រមួយចំនួនថា ច្បាប់នេះមិនអាចបិទទ្វារសម្រាប់ចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ខ្លួនទេ ព្រោះខ្លួនគេនឹងលាសញ្ជាតិទី២ ដែលជាសញ្ជាតិបារាំងមុនចូលកាន់តំណែង។ យើងអាចចោទសួរថា តើបុគ្គលនេះ នឹងត្រូវចូលមកក្នុងប្រទេសកម្ពុជាដោយរបៀបណា?មកធ្វើនយោបាយយ៉ាងម៉េច បើខ្លួននៅជាប់ជំពាក់ក្នុងសាលក្រមរបស់តុលាការដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបូករួមទៅមានរយៈពេលរាប់ឆ្នាំ ហើយក៏នៅមានជាប់ពាក់ព័ន្ធសំណុំរឿងក្តីក្តាំក្នុងតុលាការជាច្រើនទៀត។ ប៉ុន្តែនេះគឺជារឿងបុគ្គលរបស់ក្រុមឧទ្ទាមក្បត់ជាតិតែប៉ុណ្ណោះ។
នៅក្នុងសមរភូមិនយោបាយតែងតែមានការតស៊ូស្វិតស្វាញនឹងគ្នាបែបនេះឯង ប៉ុន្តែដូចអ្វីដែលសម្តេចតេជោមានប្រសាសន៍រួចហើយថា៖ បើលេងកុំខឹង បើខឹងកុំលេង ។ បើខ្លួនជាអ្នកនយោបាយធុនអន់យ៉ាងនេះក៏រិតតែមិនគួរនឹងលេងទេ ព្រោះវានាំឲ្យអន្តរាយដល់ខ្លួនឯង និងអ្នកគំាទ្រផ្កាប់មុខ ក្នុងពេលដែលល្បែងនយោបាយនេះត្រូវជួបនឹងគ្រោះ”សិចតោ សិចម៉ូវ” ដូចពេលនេះអញ្ចឹង៕
ដោយ៖ទស្សនាវដ្តីប្រជាជន

Bun

Leave a Reply

Your email address will not be published. Required fields are marked *

17 + thirteen =

This site uses Akismet to reduce spam. Learn how your comment data is processed.