មតិយោបល់អំពីអាមេរិកទាមទារទស្សនាមូលដ្ឋានទ័ពជើងទឹករាម

 

តើអ្នកគិតយ៉ាងណាចំពោះសំណូមពរម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិកដែលទាមទាទស្សនាមូលដ្ឋានទ័ពជើងទឹករាម?
ពលរដ្ឋ
បេះដូង ខ្វះកំដៅបូរីស្ពានជ្រៃ៖គាំទ្រការអភិវឌ្ឍកងទ័ពជើងទឹកកុំអោយចាញ់កងទ័ពប្រទេសក្នុងតំបន់
Na Toch៖ខ្ញុំនៅតែមិនយល់ហេតុអ្វីអាមេរិកចង់ចេះដឹងរឿងផ្ទៃក្នុងកម្ពុជាម្ល៉េះ ?សួរថាតើលើលោកនេះមានប្រទេសណាដែរអនុញ្ញាតឱ្យគេចូលមកមើលបន្ទាយទ័ពរបស់ខ្លួន តែនេះកម្ពុជាឲ្យមើល ហើយសុទ្ធតែចូលមើលដល់បន្ទប់ទៀត…
រ៉ូស ដាណា៖មកដល់ផ្ទះគេហើយចង់បើកឆ្នាំងបាយគេទៀត
អ្នកវិភាគនយោបាយ
លោក ឯម សុវណ្ណរ៉ា ៖មានប្រសាសន៍គាំទ្រនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជា ជុំវិញការការពារអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែលោកថា បើស្ថានទូតអាមេរិកមិនចង់ឱ្យមានមន្ទិលសង្ស័យជុំវិញការសម្ងាត់ឬពីសន្តិសុខជាតិនៅកម្ពុជានោះ អាមេរិកគួរតែដាក់សំណើពីចំណុចចូលមើលកងទ័ពជើងទឹករាមឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។លោកផ្តល់ជាអនុសាសន៍ថា៖ «លើកក្រោយ ភាគីអាមេរិក បើមានការសង្ស័យ ឱ្យគាត់លើកឡើងមក[ភាគីកម្ពុជា] ហើយឱ្យភាគីកម្ពុជាឆ្លើយតប។ ហើយប្រសិនបើយន្តការនៃការទស្សនកិច្ចនៅតែធ្វើមិនបានល្អទៀត វានៅតែមិនអាចលាងជម្រះមន្ទិលសង្ស័យរវាងភាគីទាំងពីរទេ»។
អ្នកនយោបាយ
គង់ គាំ ៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះលោក គង់ គាំ ដែលជាអ្នកនយោបាយជើងចាស់ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ហើយជាអតីតប្រធានគណបក្សសមរង្ស៉ី បានចាត់ទុកថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើរដ្ឋាភិបាលកម្ពុជាថា «មានមូលដ្ឋានទ័ពរបស់ចិននៅរាម» គ្រាន់តែជា «ល្បែងចោទឆ្កែជាថាឆ្កួត ដើម្បីប្រហារឆ្កែតែប៉ុណ្ណោះ» ដែលករណីនេះ ធ្លាប់កើតឡើងរួចទៅហើយ នៅប្រទេសអ៉ីរ៉ាក់ដែលមុនវាយប្រហារពេលនោះ សហរដ្ឋអាមេរិកបានចោទអ៉ីរ៉ាក់ថា «លួចលាក់ផលិតអាវុធបរិមាណូ»។បានរិះគន់សហរដ្ឋអាមេរិកអំពីការប្រើលេសចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀតថា «អនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ព» និងការវាយកម្ទេចអគារមួយដែលជាជំនួយរបស់ខ្លួននៅទីបញ្ជាការដ្ឋានសន្តិសុខលំហរសមុទ្រ ដែលមានទីតាំងនៅតំបន់រាម រហូតដល់ចង់ធ្វើអធិការកិច្ចនៅតំបន់យោធាកម្ពុជា។លោកលើកឡើងដូច្នេះថា៖ «ហួសពីបំណងដើម ដែលគ្រាន់តែចង់ឱ្យកម្ពុជាផ្តល់ព័ត៌មាន និងហេតុផលអំពីការរុះរើអាគារជំនួយសហរដ្ឋអាមេរិកចេញ ហើយអនុញ្ញាតឱ្យប្រទេសចិនជួយអភិវឌ្ឍមូលដ្ឋានផែសមុទ្ររាម ដែលកម្ពុជា (ក្រសួងការពារជាតិ) បានយកចិត្តទុកដាក់បញ្ជាក់ហេតុផល និងបានបើកឱ្យអ្នកសារព័ត៌មាន ពិសេសអនុព័ន្ធយោធាអមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាធ្វើទស្សនកិច្ចតាមសំណូមពរចប់សព្វគ្រប់ ស្រាប់តែអនុព័ន្ធយោធា និងស្ថានទូតសហរដ្ឋអាមេរិកបានប្រែបំណងទស្សនកិច្ចទៅជាអធិការកិច្ចស្វែងរកមូលដ្ឋានយោធាចិនដ៏ងងើល មិនជឿ និងគោរពកម្ពុជាដដែលជាដដែល»។លោកចាត់ទុកថា៖ «ឥរិយាបថដូចគ្នានេះ សហរដ្ឋអាមេរិកធ្លាប់ធ្វើចំពោះប្រទេសអ៉ីរ៉ាក់ ដែលបានចោទអ៉ីរ៉ាក់ថាលួចលាក់ផលិតអាវុធបរិមាណូ រហូតវាយប្រហារអ៉ីរ៉ាក់ទាំងមិនបានរកឃើញភស្តុតាងអ្វីសោះឡើយ។ ដូចនេះរឿងមូលដ្ឋានទ័ពចិននៅរាមកម្ពុជា គឺគ្រាន់តែជាល្បែងចោទឆ្កែជាថាឆ្កួត ដើម្បីប្រហារឆ្កែតែប៉ុណ្ណោះ»។
ជុំវិញស្ថានភាពនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា ដែលមានសម្បជញ្ញៈ មនសិកាជាម្ចាស់កម្ពុជា ជាម្ចាស់វាសនាអនាគតជាតិមាតុភូមិខ្មែរ កុំវិលត្រលប់ទៅរកការប្រកាន់គំនិតស្តាំនិយមជ្រុល ដែល លន់ នល់ សិរិមតៈ ធ្លាប់ធ្លាក់ចូលគន្លងបម្រើសហរដ្ឋអាមេរិកប្រឆាំងជម្រកវៀតកុងក្នុងទឹកដីកម្ពុជារួចទៅហើយ ក្នុងទស្សវត្សឆ្នាំ៧០ និងគំនិត (ជាតិនិយមជ្រុល) ដែល ប៉ុល ពត ធ្លាប់ធ្លាក់ចូលគន្លងបោសសំអាតខ្មាំងយួនក្នុងទស្សវត្សឆ្នាំ៨០ ជាទស្សវត្សដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោម ឱនថយ មហាសោកស្តាយជាថ្មីទៀតឱ្យសោះ។
រដ្ឋាភិបាល
កាលពីថ្ងៃសុក្រសប្តាហ៍មុន តាមរយៈការប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា លោកវរសេនីយ៍ឯក Marcus M. Ferrara បានស្នើសុំឱ្យភាគីកម្ពុជាសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចជាថ្មីម្តងទៀត នៅពេលឆាប់ៗខាងមុខនេះ ដោយអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកបានដើរមើលគ្រប់ទីកន្លែងនៅមូលដ្ឋានកងទ័ពជើងទឹករាម។យ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បញ្ជាក់ថា ចំពោះសំណើទៅទស្សនកិច្ចនាពេលអនាគត កម្ពុជានឹងពិចារណាយ៉ាងហ្មត់ចត់តាមករណីនីមួយៗ។
ជាមួយគ្នានេះ ក្រសួងការពារជាតិបានស្នើដោយទទូចឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កើតសេណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន និងត្រូវគោរពដល់អធិបតេយ្យភាពនិងលក្ខណការណ៍កងទ័ពរបស់កម្ពុជា។ ក្រសួងការពារជាតិ និយាយថា សកម្មភាពទាំងឡាយណានៅបរិវេណមូលដ្ឋានកងទ័ពដែលបានទទួលការអនុញ្ញាត គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅត្រួតពិនិត្យឬឆែកឆេរនោះឡើយ។
លោក ហ៊ុន សែន៖ កាលពីខែមិថុនាបានបញ្ជាក់ជាថ្មីនូវការច្រានចោលរបស់រដ្ឋាភិបាលចំពោះការចោទប្រកាន់ដែលថាមានមូលដ្ឋានកងទ័ពជើងទឹកចិន     នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមដែលជាបញ្ហាដែលត្រូវបានលើកឡើងដោយអ្នកការទូតអាមេរិក។លោកក៏បានអំពាវនាវឱ្យមានមូលនិធិនៅបរទេសដើម្បីសាងសង់ផែនិងផ្លាស់ប្តូរទីតាំងអគារគណៈកម្មាធិការជាតិដើម្បីសន្តិសុខដែនសមុទ្រ។                លោកហ៊ុនសែនបាននិយាយថា៖« យើងត្រូវការជំនួយហិរញ្ញវត្ថុពីប្រទេសចិនប៉ុន្តែប្រសិនបើអ្នកចង់គាំទ្រយើងយើងក៏នឹងស្វាគមន៍ជំនួយរបស់អ្នកដែរ” ។                លោកបានបន្តថា៖ «មូលដ្ឋានកងទ័ពជើងទឹករាមសូមស្វាគមន៍នាវាពីប្រទេសណាមួយចូលចតហើយយើងក៏ស្វាគមន៍ប្រទេសណាមួយ  ឱ្យធ្វើសមយុទ្ធយោធារួមគ្នាជាមួយយើងផងដែរមិនត្រឹមតែជាមួយចិនប៉ុណ្ណោះទេ។ ប្រសិនបើសហរដ្ឋអាមេរិកមានឆន្ទៈធ្វើដូច្នេះសូមមក» ។ក្រសួងការពារជាតិកាលពីខែសីហាឆ្នាំមុនបានយកអ្នកកាសែតរាប់សិបនាក់ទៅធ្វើទស្សនកិច្ចនៅទីតាំងនោះក្នុងគោលបំណង ដើម្បីជម្រះនូវមន្ទិលជុំវិញកិច្ចព្រមព្រៀងសម្ងាត់ដែលបានចោទប្រកាន់ដើម្បីឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាម។

Leave a Reply

Your email address will not be published. Required fields are marked *

16 − 7 =

This site uses Akismet to reduce spam. Learn how your comment data is processed.