នៅ ថ្ងៃទី២៨ ខែមេសា លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ដឹកនាំក្រុមយុវជនទៅកាន់តំបន់កោះកុងក្រៅ ដើម្បីលាតត្រដាងការពិតបកស្បែកក្រុមប្រឆាំងដែលតែងតែយកប្រធានបទបរិស្ថានមកចោទប្រកាន់មកលើរាជរដ្ឋាភិបាល ហើយថា អ្វីដែលក្រុមជ្រុលនិយមលើកយកប្រធានបទកោះកុងក្រៅថា មានការបូមខ្សាច់ ការកាប់បំផ្លាញ់ព្រៃឈើ គឺជាការប្រឌិត ដើម្បីបម្រើនយោបាយបរទេសបំពុលសង្គមប៉ុណ្ណោះ។
បន្ទាប់ពីបានដឹងរួចមក សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះទង្វើរបស់យុវជនទាំងនេះ ដោយសម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ពួកគេសុទ្ធតែជាមនុស្សពូកែ។
នៅក្នុងសារសំឡេងបង្ហោះតាមហ្វេសប៊ុក កាលពីយប់ថ្ងៃទី៤ ឧសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកមានការចេញចិត្តចំពោះក្រុមយុវជនធ្លាប់ធ្វើការងារខាងសង្គមស៊ីវិល ដែលលោកហៅថា ជាកូនៗនោះ បានជួយបំភ្លឺបន្ថែម និងបង្ហាញពីភាពត្រឹមត្រូវ នូវអ្វីដែលរដ្ឋាភិបាលប្រកាន់យកដើម្បីទប់ស្កាត់កុំឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរលំរដ្ឋាភិបាល តាមរយៈការកកូរកកាយពីជនបរទេស។
សម្ដេចតេជោ ហ៊ុន សែន៖ «បរទេសបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់ មិនមែនជាបញ្ហាការមួលបង្កាច់ ពីសំណាក់គណបក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវាជារឿងពិត ហើយកូនជាសាក្សីរស់ពិតប្រាកដ ពុកអរគុណកូនៗ ដែលកូនៗ បានយល់សភាពការណ៍នេះ ហើយកូនៗនឹងក្លាយជាធនធានមនុស្ស ដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍជាតិនាពេលខាងមុខ»។
ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលថា «បរទេសបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់ មិនមែនជាបញ្ហាការមួលបង្កាច់ ពីសំណាក់គណបក្សកាន់អំណាច» ជាការអះអាងដែលមានគំរូជាច្រើនដូចជា៖
តាមប្រភពព័ត៌មានសម្ងាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានចូលរួមសមាជយុវកសិករជនបទអន្តរជាតិ ក្រោមលេសស្ដីអំពី «ការកើនឡើងនៃយុវជនជនបទដើម្បីសុវត្ថិភាពស្បៀង» នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ សមាជនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវកសិករជនបទលើសិទ្ធិដីធ្លី និងសុវត្ថិភាពស្បៀងអាហារ។ ប៉ុន្តែតាមពិត គឺជាការចូលរួមរៀបចំគម្រោងផែនការត្រៀមបំផ្ទុះការតវ៉ាក្នុងចំណោមប្រជាកសិករ ក្នុងករណីចាំបាច់ដើម្បីបង្កចលាចលក្នុងសង្គមនាពេលខាងមុខ ប្រសិនបើចៅហ្វាយនាយបរទេសរបស់ពួកគេចង់ធ្វើវិច្ឆេទកម្មនយោបាយ ប្រឆាំងនឹងកម្ពុជា ក្នុងករណីដែលកិច្ចខិតខំប្រែងទាំងបំពានច្បាប់ទម្លាប់អន្តរជាតិរបស់ពួកគេបរាជ័យ មិនអាចប្រស់ខ្មោចគណបក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញ និងមិនអាចជួយស្រោចស្រង់អ្នកនយោបាយដែលត្រូវបានដកសិទ្ធិ មិនឱ្យធ្វើនយោបាយទាំង ១១៨ នាក់បាន។
ដោយប្រើប្រាស់រូបភាពនៃការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដើម្បីផ្លាស់ប្តូររបប និងរាជរដ្ឋាភិបាលស្របច្បាប់ និងលើកបន្តុបក្រុមអ្នកនយោបាយ ប្រឆាំងដែលតែងតែលក់ឧត្តមគតិជាតិ បម្រើផលប្រយោជន៍បរទេស និងយកអធិបតេយ្យភាពជាតិដាក់ក្រោមបាតជើងបរទេស ចៅហ្វាយនាយ បរទេស ពួកគេមិនញញើតនឹងជះលុយចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបង្កបង្កើតបញ្ហាទាំងឡាយឡើយ ហើយ ក្រុមយុវជនឬក្រុមអង្គការសង្គមស៊ីវិលជាច្រើនបាននិងកំពុងអនុវត្តផែនការបំផ្លាញជាតិ និងសំខាន់ចំពោះមុខគឺបំផ្លាញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដា ខាងមុខ។
ទង្វើទាំងអស់នេះគឺជាទង្វើខុសច្បាប់ ហើយ ប្រសិនបើអង្គការទាំងនោះនៅតែបន្តសកម្មភាព នោះអាចនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ក៏ថាបាន៕