អាមេរិកគ្រោងជួបពិភាក្សាជាមួយវៀតណាម៖ឱកាសសហរដ្ឋអាមេរិកក្នុងការជ្រៀតចូលផ្ទៃក្នុងវៀតណាម និងអាស៊ាន

សហរដ្ឋអាមេរិក និងវៀតណាមមានប្រវត្តិសាស្រ្តមិនល្អនោះឡើយរវាងប្រទេសទាំងពីរ ទោះបីជាយ៉ាងណាក៏ដោយ កត្តាភូមិសាស្ត្រនយោបាយបានធ្វើឱ្យពួកគេមិនអាចចាកឆ្ងាយពីគ្នាបាននោះឡើយ ខណៈពេលដែលចិនកំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងរដ្ឋធានីហាណួយ។ ក្នុងជំនួបនោះដែរ អ្នកទាំងពីរបានពិក្សាគ្នាលើការងារមួយចំនួនដោយរាប់បញ្ជូលអំពីការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Antony Blinken បានលើកឡើងថា «យើងគិតថានេះជាវេលាដ៏មហោឡារិកដើម្បីលើកកម្ពស់ភាពជាដៃគូដែលមានស្រាប់របស់យើង»។ ការលើកឡើងបែបនេះស្របពេលដែលប្រទេសវៀតណាមជាប្រទេសកុម្មុនីស្តដែលផ្ទុយទៅនឹងគុណតម្លៃរបស់សហរដ្ឋអាមេរិក។

លោក Antony Blinken (ខាងឆ្វេង) និងលោក Pham Minh Chinh នៅក្នុងជំនួបនាខែមេសាកន្លងទៅ

កាលពីពេលថ្មីៗនេះដែរ យោងតាមព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពោលគឺចាប់ពីថ្ងៃទី៧ ដល់៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សាខាងមុខនេះរវាងអាមេរិក និងវៀតណាមត្រូវបានគេជឿជាក់ថានឹងលើកឡើងអំពីបច្ចេកវិទ្យា សេដ្ឋកិច្ច
បម្រែបម្រួលនៃអាកាសធាតុ និងស្ថេរភាពក្នុងតំបន់។

តើជាការចាំបាច់ឬទេ ដែលលោក Joe Biden គប្បីធ្វើដំណើរមកកាន់រដ្ឋធានីហាណូយ?

រាប់ចាប់ពីទស្សវត្សរ៍ ១៩៩០ មកបន្ទាប់ពីប្រទេសអាមេរិក និងវៀតណាមបានផ្សះផ្សារទំនាក់ទំនងការទូតរវាងគ្នាវិញមក គ្រប់ប្រធានាធិបតីទាំងអស់សុទ្ធតែបានធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសវៀតណាមរាប់តាំងពីលោក Bill Clinton លោក George W. Bush លោក Barack Obama និងលោក Donald Trump។ ការណ៍នេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ទោះបីជាវៀតណាមជាអតីតសត្រូវរបស់អាមេរិកយ៉ាងណាក្ដី ប៉ុន្តែបច្ចុប្បន្ននេះវៀតណាមបានដើរតួនាទីយ៉ាងសំខាន់សម្រាប់អាមេរិកទាំងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ទោះវៀតណាមមិនមែនជាប្រទេសប្រជាធិបតេយ្យក្ដី។

ក-កត្តាភូមិសាស្រ្តនយោបាយ
សហរដ្ឋអាមេរិក និងវៀតណាម គឺបានចែករំលែកនូវកង្វល់រួមមួយអំពីការពង្រីកដែនឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិននៅលើពិភពលោក និងដែនសមុទ្រចិនខាងត្បូង។ គោលនយោបាយសំខាន់របស់សហរដ្ឋអាមេរិកសព្វថ្ងៃនេះ គឺការរាំងខ្ទប់ការរីកដុះដាលនូវឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយន៍ដើម្បីរក្សានូវកេរិ៍្តឈ្មោះរបស់ខ្លួនជាប្រទេសមហាអំណាចទីមួយលើលោក។ បច្ចុប្បន្ននេះបើមិនពិនិត្យលើសេដ្ឋកិច្ច វៀតណាម និងចិនគឺជាសត្រូវនឹងគ្នាដោយបញ្ហាដែនអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង ដោយវៀតណាមនៅតែចិញ្ចឹមចិត្តចង់គ្រប់គ្រងទៅលើតំបន់មួយផ្នែកដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ដូច្នេះហើយវៀតណាមពិតជាត្រូវការអាមេរិកដើម្បីធ្វើជាខ្នងបង្អែករបស់ខ្លួន។ ការណ៍នេះបានផ្ដល់ឱកាសជូនទៅសហរដ្ឋអាមេរិក ដើម្បីចូលមកកាន់តែកៀកទៅនឹងប្រទេសដែលជាដៃគូរប្រជែងរបស់ខ្លួន។ លើសពីនេះទៅទៀត អ្នកវិភាគមួយចំនួនបានលើកឡើងថាការធ្វើដំណើរទស្សនកិច្ចរបស់លោក Biden ទំនងបញ្ចូលនូវការបង្កើនសហប្រតិបត្តិការយោធា និងការលក់សព្វាវុធផងដែរ។ តើការខិតកាន់តែកៀកទៅរកសហរដ្ឋអាមេរិកអាចប៉ះពាល់ទៅគោលការណ៍អព្យាក្រឹត្រភាពរបស់ខ្លួន និងតំបន់អាស៊ានឬទេ? ប្រាកដណាស់វានឹងប៉ះពាល់ដល់អព្យាក្រឹតភាពដែលជាគោលការស្នូលរបស់អាស៊ានទាំងមូល។

តំបន់ចម្លោះរបស់វៀតណាមនៅក្នុងសមុទ្រចិនខាងត្បូង
ខ-កត្តាសេដ្ឋកិច្ច
កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសដទៃ ផលប្រយោជន៍តែងតែស្ថិតនៅលំដាប់លេខ១ ជានិច្ច។ ការបន្តពង្រឹងកិច្ចសហការជាមួយប្រទេសវៀតណាម គឺមិនត្រឹមតែផ្ដល់នូវភាពអំណោយផលផ្នែកភូមិសាស្រ្តនយោបាយតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្ដល់ជូននូវការផលចំណេញផ្នែកសេដ្ឋកិច្ចដល់សហរដ្ឋអាមេរិកផងដែរ។ ក្នុងបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន ប្រទេសវៀតណាមអាចជាប្រទេសមួយដែលមានសក្ដានុពលជាងគេសម្រាប់សហរដ្ឋអាមេរិកបើមើលទៅលើកត្តាមួយចំនួនដូចជាចំនួនប្រជាជន ទីតាំងភូមិសាស្រ្ត ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ស្ថានភាពជាប្រទេសកំពុងអភិវឌ្ឍន៍ និងការអនុគ្រោះនៃច្បាប់វិនិយោគនៃប្រទេសនេះ។

លោក Joe Biden នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅដើមខែកញ្ញានេះ ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនោះឡើយ ដោយលោកស្រី Kamala Harris អនុប្រធានាធិបតីនឹងចូលរួមជំនួស។ នេះអាចជាចេតនារបស់សហរដ្ឋអាមេរិក ដែលបង្ហាញអំពីជំហររបស់ខ្លួនទៅកាន់វៀតណាមថាខ្លួនមានចេតនាចាប់ដៃជាមួយវៀតណាមដើម្បីធ្វើការធំណាមួយ និងបញ្ជាក់ពីសារៈសំខាន់របស់វៀតណាមសម្រាប់សហរដ្ឋអាមេរិកផ្ទាល់។ ជាងនេះទៅទៀតអ្នកស្រាវជ្រាវ និងសារព័ត៌អន្តជាតិជាច្រើនបានរំពឹងថាប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀតដោយសហរដ្ឋអាមេរិកត្រូវការជ្រៀតចូលអោយកាន់តែជិត ស្របពេលដែលវៀតណាមត្រូវការអាមេរិកដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។

លោក Joe Biden នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ខណៈពេលដែលសុខភាពរបស់អគ្គលេខាបក្សមួយរូបនេះមានវ័យកាន់តែចាស់ និងសុខភាពមិនសូវអំណោយផលនោះឡើយនៅរយៈពេលប្រមាណឆ្នាំចុងក្រោយនេះដោយលោកនឹងឈានចូលវ័យ ៨០ វស្សានៅឆ្នាំក្រោយនេះហើយ។ អ្នកស្រាវជ្រាវជឿជាក់ថាលោកនឹងមិនអាចកាន់តំណែងនេះលើសពីឆ្នាំ ២០២៦ នោះឡើយ សម្រាប់អ្នកបន្តវេនមិនទាន់មាននរណាម្នាក់អាចកំណត់បាននៅឡើយទេ។ បញ្ហានេះស្រដៀងទៅនឹងប្រវត្តិសាស្រ្តរបស់កម្ពុជាដែលកាលនោះលោក លន់ នល់ ធ្នាក់ខ្លួនឈឺបន្ទាប់ពីចងសម្ព័ន្ធជាមួយអាមេរិកដែលជាលទ្ធផលមិនគប្បី បានធ្វើឱ្យកម្ពុជារងទុក្ខវេទនាអស់ជាច្រើនឆ្នាំបន្ទាប់ពីអាមេរិកដោះដៃចេញពីលោកដោយឈប់ផ្គត់ផ្គង់ជំនួយទាំងស្រុងតែម្ដង។

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ការពង្រឹងបន្ថែមនូវទំនាក់ទំនងជាដៃគូរយុទ្ធសាស្រ្ត រវាងវៀតណាម និងសហរដ្ឋអាមេរិក គឺជាឱកាសថ្មីដ៏ល្អមួយទៀតសម្រាប់សហរដ្ឋអាមេរិកក្នុងការជ្រៀតចូលទៅកាន់ផ្ទៃក្នុងនៃប្រទេសវៀតណាម និងជាការកំរាមកំហែងដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យមានការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរកាន់តែខិតជិត។ ទោះបីជាអ្នកស្រាវជ្រាវមួយចំនួនមើលឃើញថានេះ គឺជាចេតនារបស់វៀតណាមក្នុងការទប់ទល់ទៅនឹងសហរដ្ឋអាមេរិកក្ដី ប៉ុន្តែចង់ក្ដី ឬមិចចង់ក្ដី សហរដ្ឋអាមេរិកបានមើលឃើញអំពីចំណុចវិជ្ជមានជាច្រើនដែលជាផលប្រយោជន៍របស់ខ្លួន ពិសេសពាក់ព័ន្ធនឹងវិស័យយោធា។ ប្រសិនបើការបន្ថែមនូវសព្វាវុធ និងបង្កើនសហប្រតិបត្តិការយោធាមែននោះ វានឹងមិនខុសពីឆ្នាំ១៩៦៩ នោះឡើយដោយកងទ័ពសហរដ្ឋអាមេរិកចំនួនជាង ៥៤ ម៉ឺននាក់មានវត្តមានលើទឹកដីនៃប្រទេសវៀតណាម។ ទោះលើកនេះអាចសន្មត់ថាជាការទប់ទល់នឹងឥទ្ធិពលរបស់ចិនមែន ប៉ុន្តែវាជាសន្លឹកបៀរដែលមានប្រៀបជាងទៅកាន់សហរដ្ឋអាមេរិកព្រោះកម្លាំងទ័ពរបស់គេមាននៅទីនេះផ្ទាល់ដែលអនុញ្ញាតឱ្យពួកគេអាចធ្វើអ្វីបានគ្រប់ពេលវេលា រាប់បញ្ចូលទាំងការកំរាមកំហែងដល់ប្រទេសចិន វៀតណាម និងក្នុងតំបន់។

ជាងនេះទៅទៀត មានអ្នកស្រាវជ្រាវមួយចំនួនបានដាក់ការសង្ស័យ និងបង្ហាញក្ដីបារម្ភថាសហរដ្ឋអាមេរិកអាចនឹងជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់វៀតណាមតាមរយៈនិស្សិតដែលបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ហើយជ្រើសដើរតាមកន្លងរបស់សហរដ្ឋអាមេរិកព្រោះពួកគេត្រូវបានទទួលមនោគមន៍វិជ្ជារបស់លោកខាងលិច។ ជាក់ស្ដែងនៅក្នុងជួររដ្ឋាភិបាលមានថ្នាក់ដឹកនាំ ជាពិសេសក្មេងៗជាច្រើនបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិកតាមរយៈអាហារូបករណ៍ដែលបានផ្ដល់ជូនពីរដ្ឋាភិបាលអាមេរិក។ ដូច្នេះហើយទើបធ្វើអោយអ្នកវិភាគមួយចំនួនបានដាក់ក្ដីបារម្ភអំពីបញ្ហានេះ។

តើកម្ពុជាក្នុងរជ្ជកាលនៃថ្នាក់ដឹកនាំវ័យក្មេងពោលពេញដោយចំណេះដឹងពីបរទេសគួរមានឥរិយាបថបែបណាជាមួយនឹងសហរដ្ឋអាមេរិក?

កម្ពុជាជាប្រទេសដែលធ្វើអ្វីមួយមិនសូវត្រូវក្នុងចង្ខុវិស័យរបស់សហរដ្ឋអាមេរិកនោះឡើយ។ ការខិតជិតមកកាន់តែកៀកវៀតណាម គឺជាសម្ពាធមួយទៀតសម្រាប់កម្ពុជារួមទាំងសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា និងអន្តរជាតិ កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ជាមួយនឹងគណៈរដ្ឋមន្រ្តីថ្មីរបស់កម្ពុជាដែលជាយុវជនបន្តវេន និងសុទ្ធតែជាបញ្ញវ័នដែលបញ្ចប់ការសិក្សាពីបរទេសនឹងអាចទាញផលប្រយោជន៍ពីសហរដ្ឋអាមេរិកបានច្រើនជាងមុន និងផ្លាស់ប្ដូរការកំរាមកំហែងនេះទៅជាឱកាស។ ទោះបីជាអាមេរិកមិនសូវនិយាយល្អពីកម្ពុជាពិតមែន ប៉ុន្តែពួកគេមិនអាចខ្វះកម្ពុជាបាននោះឡើយ ជាពិសេសនៅក្នុងសម័យកាលដែលមានការផ្លាស់ប្ដូរយ៉ាងលឿន និងកត្តាភូមិសាស្រ្តនយោបាយដូចទៅនឹងវៀតណាមដែរ។

អព្យាក្រឹត គឺជាគោលការស្នូលរបស់អាស៊ាន និងជាគោលនយោបាយការបរទេសរបស់កម្ពុជា ប៉ុន្តែការប៉ះទង្គិចគ្នា ពិសេសផ្នែកពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាមេរិក ប្រទេសទាំងអស់ក្នុងលោកមិនអាចនៅនឹងថ្កល់បានឡើយរួមទាំងអាស៊ានផងដែរ។ កម្ពុជាគប្បីមានមធ្យោបាយការទូតមួយប្រកបដោយការប្រុងប្រយ័ត្ន និងមានការពិចារណាល្អិតល្អន់ ដោយផ្ដោតលើការពង្រឹងសមត្ថភាពខ្លួនឯង និងបង្កើនមិត្តដើម្បីទាញផលប្រយោជន៍បន្ថែមទៀតជូនប្រទេសជាតិ។

អ្នកនិពន្ធ៖ SK

Leave a Reply

Your email address will not be published. Required fields are marked *

sixteen − 8 =

This site uses Akismet to reduce spam. Learn how your comment data is processed.