ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា កាន់តែ​ធ្វើអោយកម្ពុជា​ងាកទៅរកចិនកាន់តែខ្លាំងឡើងថែមទៀត​

ភាពរកាំរកូសនៃទំនាក់ទំនងកម្ពុជា-អាមេរិក នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលមកពីការគំរាម និងដាក់សម្ពាត ដែលជាការបើកឱកាសឱ្យកម្ពុជា-ចិន ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនកាន់តែខ្លាំងឡើង។ ការសម្លុតគំរាម និងការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក នឹងមិនអាចជួយអ្វីបានឡើយ ហើយថែមទាំងធ្វើឱ្យប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ងាកទៅរកចិនកាន់តែខ្លាំងឡើងថែមទៀត។
ខណៈទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជាកាន់តែធ្លាក់ចុះដុនដាប ហើយទំនាក់ទំនងរវាងចិន និងកម្ពុជាកាន់តែល្អប្រសើរឡើង កម្ពុជាបានសម្រេចចិត្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអាមេរិកចោល ក្នុងឆ្នាំ២០២០។

ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា ជាពិសេសគឺ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ម្ដងហើយម្ដងទៀតថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ព បរទេសអចិន្ត្រៃយ៍នៅលើទឹកដីរបស់ខ្លួនឡើយ។ តាមពិតទៅក៏មិនមានភស្តុតាងជាក់លាក់សមហេតុផលណាមួយ ដែលបង្ហាញថាមេដឹកនាំកម្ពុជា នឹងបើកដៃឱ្យចិនប្រើប្រាស់មូលដ្ឋានទ័ពរាម ដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់អាស៊ីគ្នេយ៍ ឬក៏ធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់នោះដែរ។ ក្នុងន័យនេះ កិច្ចព្រមព្រៀងដែលអាចទៅរួចរវាងចិន និងកម្ពុជា អាចនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងសិង្ហបុរីដូច្នោះដែរ។

សិង្ហបុរីបានអនុញ្ញាតឱ្យយោធារាប់រយនាក់ រួមទាំងនាវាចម្បាំង និងយន្ដហោះចម្បាំងអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក និងមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ក្នុងការបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំ។ ប៉ុន្តែសិង្ហបុរី នឹងមិនអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីរបស់ខ្លួន ជាមូលដ្ឋានបើកការវាយប្រហារប្រឆាំងនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក៏ចិននោះទេ។

លោក Blake Herzinger ជាអ្នកជំនាញខាងគោលនយោបាយការពារជាតិតំបន់ឥណ្ឌូប៉ាស៊ីហ្វិកម្នាក់ បាននិយាយយ៉ាងសាមញ្ញថា អាមេរិកខ្លួនឯងគឺជាអ្នករុញឱ្យកម្ពុជា បោះដៃទៅរកចិន តាមរយៈការសម្លុតគំរាម និងដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ដែលវ៉ាស៊ីនតោនចោទថា ពុករលួយ និងពាក់ព័ន្ធនឹងផែនការអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពនៅកម្ពុជា។ សម្រាប់ លោក Blake Herzinger, ទណ្ឌកម្ម និងការសម្លុតគំរាមរបស់សហរដ្ឋអាមេរិក គឺជាការបញ្ចេញប្រតិកម្មជ្រុលហួសហេតុ និងបង្ហាញពីបរាជ័យនៃ គោលនយោបាយអាស៊ីរបស់អាមេរិកតែប៉ុណ្ណោះ ជាជាងការផ្ដល់ជម្រើសផ្សេងគួរឱ្យទុកចិត្តដល់បណ្ដាប្រទេសដទៃក្នុងតំបន់រួមទាំងកម្ពុជា ដើម្បីទប់ស្កាត់កុំឱ្យពួកគេកាន់តែងាកទៅរកចិន។ ជាឧទាហរណ៍ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការជំនួយដើម្បីអភិវឌ្ឍ ហើយចិនអាចផ្ដល់ឱ្យកម្ពុជាតាមតម្រូវការ ខណៈអាមេរិកមិនបានធ្វើបែបនេះឡើយ។ ដូច្នេះថាតើកម្ពុជាគួរតែបដិសេធជំនួយពីចិនមែនទេ?

សហរដ្ឋអាមេរិក ក៏បានផ្ដល់ជំនួយអភិវឌ្ឍដល់កម្ពុជាដែរ តែវានៅមានបរិមាណតិចតួចនៅឡើយបើធៀបជាមួយចិន។ មិនតែប៉ុណ្ណោះ វ៉ាស៊ីនតោនថែមទាំងទទូចឱ្យកម្ពុជាសងបំណុលជាង ៧០០លានដុល្លារដែលជំពាក់នៅក្រោម អតីតរដ្ឋាភិបាល លោក លន់ ណុល ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ទៀតផង ដែលនេះកាន់តែបង្ក ភាពស្មុគស្មាញបន្ថែមពីលើទំនាក់ទំនងដែលកំពុងល្អក់កករនឹងគ្នាស្រាប់។ សម្ដេចនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើឱ្យសហរដ្ឋអាមេរិកប្រែក្លាយកញ្ចប់បំណុលទាំងនេះ ឱ្យទៅជាកញ្ចប់ជំនួយអភិវឌ្ឍ និងមនុស្សធម៌ តែមិនទាន់មានចម្លើយតបជាវិជ្ជមានទេរហូតមកដល់ពេលនេះ។

អ្នកជំនាញមួយចំនួនយល់ថា សហរដ្ឋអាមេរិក គួរតែលើកលែងបំណុលនេះភ្លាមៗ ខណៈបំណុលនេះជាចំនួនទឹកលុយតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងជំនួយជាងលុយជាង ៥៤ពាន់លានដុល្លារដែលសន្យាផ្ដល់ឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយរុស្ស៉ី។
ធ្វើបែបនេះក៏ជាផ្នែកមួយនៃការជួសជុលទំនាក់ទំនងឡើងវិញជាមួយកម្ពុជា ព្រមទាំងលាងរូបភាពអាក្រក់របស់សហរដ្ឋអាមេរិក នៅក្នុងដួងចិត្តប្រជាជនខ្មែរមួយចំនួន ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកជិត ៣លានតោន ដែលសម្លាប់ប្រជាជនខ្មែររាប់ម៉ឺននាក់ នៅកម្ពុជាចន្លោះពីឆ្នាំ១៩៦៥ និង១៩៧៣ ក៏ដូចជាបន្សល់ទុកគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលធ្វើឱ្យប្រជាជនខ្មែរជាង ៦៥,០០០នាក់ស្លាប់ និងរងរបួសចន្លោះពីឆ្នាំ១៩៧៩ មកទល់នឹងបច្ចុប្បន្ន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ រដ្ឋបាលលោក ចូ បៃដិន បានបញ្ជូន អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Wendy Sherman មកកាន់ទីក្រុងភ្នំពេញ ដើម្បីសាកល្បង ស្ដារទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា។ តែនៅក្នុងដំណើរទស្សនកិច្ចនៅពេលនោះ លោកស្រី Sherman នៅតែបន្តបង្កឱ្យមានការប្រឈមមុខ តាមរយៈការលើកឡើងនូវប្រធានបទជាច្រើនរាប់ចាប់ពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធអាមេរិក នៅឯមូលដ្ឋានទ័ពជើងទឹករាម។ ដំណើរទស្សនកិច្ចរបស់ លោកស្រី Sherman មិនបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកប្រសើរឡើងនោះទេ ផ្ទុយទៅវិញវាកាន់តែធ្វើឱ្យកម្ពុជាងាកទៅរកចិនរឹតតែខ្លាំងជាងមុនទៅទៀត។

គ្មានប្រទេសណាមួយនៅក្នុងតំបន់អាស៊ី អាចបោះបង់ចោលចិនបាននោះទេ។ ប៉ុន្តែរឿងដែលសំខាន់ពួកគេនៅតែចង់មានទំនាក់ទំនងក្នុងកម្រិតណាមួយជាមួយ សហរដ្ឋអាមេរិក ទាំងលើវិស័យសេដ្ឋកិច្ច ឬសន្តិសុខ ឬក៏អាចទាំងពីរវិស័យនេះតែម្ដង។ ពោលគឺសហរដ្ឋអាមេរិកខ្លួនគួរតែផ្ដល់ជម្រើសផ្សេងគួរឱ្យទុកចិត្តដល់បណ្ដាប្រទេសដទៃក្នុងតំបន់រួមទាំងកម្ពុជា ដូចជាប្រយោជន៍សេដ្ឋកិច្ចជាដើម ដើម្បីទប់ស្កាត់កុំឱ្យពួកគេកាន់តែងាកទៅរកចិន»៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

three × five =

This site uses Akismet to reduce spam. Learn how your comment data is processed.