ច្បាប់គឺច្បាប់! អាមេរិកមិនអាចមកបង្វិលឱ្យកម្ពុជាធ្វើតាមការបញ្ជារបស់ខ្លួនបានឡើយ

នៅក្នុងប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញ រាល់ការសម្រេចចិត្ដ ឬការអនុវត្ដកិច្ចការនានា ត្រូវធ្វើឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ដើម្បីធានាបាននូវស្ថិរភាព និងសន្ដិសុខសង្គម។ កម្ពុជាក៏ដូចគ្នា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាសន្ដិភាពឱ្យគង់វង្ស ចៀសវាងភាពចលាចលណាមួយកើតឡើងដោយសារតែក្រុមបំពុលសង្គម ឬក្រុមអង្គការសង្គមស៊ីវិលដែលជាអាយ៉ងរបស់បរទេស ដោយពួកនេះចាំតែចាប់កំហុស និងលូកដៃកកូរកកាយរឿងផ្ទៃក្នុងរបស់ជាតិសាសន៍ដទៃ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន។

កម្ពុជាធ្លាប់រងគ្រោះច្រើនហើយ ពិសេសពីសហរដ្ឋអាមេរិកដែលចោទកម្ពុជាទាំងបំពាន ថាបានរំលោភសិទ្ធិមនុស្ស មិនអនុវត្ដតាមគន្លងប្រជាធិបតេយ្យ ទាំងដែលអាមេរិកខ្លួនឯងក៏មានភាពចលាចលកើតឡើង មិនថារឿងសង្គម និងនយោបាយ។ ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និងអាមេរិកចោទថាបានចាប់ខ្លួនមនុស្សទាំងបំពានថែមទៀត ទាំងដែលការចាប់ខ្លួននោះអនុវត្ដតាមច្បាប់ជាធរមាន។ នោះគឺករណីតុលាការកម្ពុជាសម្រេចចាប់ខ្លួន និងផ្ដន្ទាទោសសកម្មជនសិទ្ធិមនុស្ស និងជាមេធាវីខ្មែរ-អាមេរិកកាំងម្នាក់ឈ្មោះនាង សេងធារី រួមទាំងអតីតមន្ដ្រីបក្សប្រឆាំងមួយចំនួនទៀត។

រឿងក្ដីក្ដាំនេះ ហាក់ដូចជានៅតែជាប្រធានបទក្ដៅសម្រាប់ក្រុមអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ មែនទែននាងសេង ធារី ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចេញសាលក្រមផ្ដន្ទាទោសកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ “រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ”។ ក្រោយប្រកាសសាលក្រម ដីកាចាប់ខ្លួនក៏បានចេញក្នុងថ្ងៃដដែលដើម្បីនាំខ្លួននាងសេង ធារីទៅអនុវត្ដទោសភ្លាមៗ។

ប៉ុន្ដែទោះបីជាតុលាការបានរកឃើញភស្ដុតាងរហូតឈានដល់ការសម្រេចផ្ដន្ទាទោសតាមច្បាប់ក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងហាក់មិនសប្បាយចិត្ដ ព្រមទាំងបានទាមទារឱ្យដោះលែងនាងសេង ធារីវិញថែមទៀតផង។ ជាក់ស្ដែងស្ដ្រីម្នាក់ឈ្មោះអ៊ុង នីកូល (Nicole Ung) ដែលជាតំណាងរបស់ក្រុមអង្គការសង្គមស៊ីវិល និងជាគណៈគ្រប់គ្រងនៃអង្គការខ្មែរ-អាមេរិកកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា ខារ៉ាត (CAHRAD) តាមរយៈវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី០៥ ខែកក្កដា បានលើកឡើងថា ក្រុមអ្នកការពារសិទ្ធិមនុស្ស និងឈឺឆ្អាលបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា យល់ថា ការដាក់ទោសទណ្ឌនិងចាប់ឃុំខ្លួននាងសេង ធារី និងសកម្មជនសង្គម និងនយោបាយដទៃទៀតជារឿងអយុត្តិធម៌។

ស្ដ្រីរូបនេះក៏អំពាវនាវដល់ពលរដ្ឋទូទៅដែលនិយមប្រើអិនធឺណិត ឱ្យចូលរួមចុះហត្ថលេខាលើញត្តិ ដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិល ដើម្បីគ្រោងនឹងផ្ញើទៅប្រធានាធិបតីអាមេរិក លោក ចូ បាយដិន(Joe Biden) និងរដ្ឋបាលរបស់លោក ផ្ញើទៅព្រឹទ្ធសភា និងសមាជិកសភាសហរដ្ឋអាមរិក ព្រមទាំងគណៈកម្មការសិទ្ធិមនុស្ស ថមលេនថូស (The Tom Lantos Human Rights Commission) ដើម្បីសុំអន្តរាគមន៍ឱ្យនាងសេង ធារីមានសេរីភាពឡើងវិញ។

តើការព្យាយាមសុំជំនួយពីអន្ដរជាតិជាបន្ដបន្ទាប់នេះ អាចនឹងអន្ដរាគមន៍លើសំណុំរឿងនាងសេង ធារីបានដែរឬទេ? ចម្លើយគឺអាស្រ័យថាតើពួកគេមានភស្ដុតាងអ្វី ដើម្បីដោះបន្ទុកនាងសេង ធារី។ សម្រាប់ប្រព័ន្ធច្បាប់របស់កម្ពុជា មិនអាចឱ្យមានភាគីណាមួយមកបញ្ជាបានឡើយ មិនថាអាមេរិកជាមហាអំណាយពិភពលោកក៏ដោយ។ កម្ពុជាជារដ្ឋឯករាជ្យ មានសិទ្ធិធ្វើអ្វីដែលខ្លួនចាត់ទុកថាប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ប៉ះពាល់ដល់សន្ដិភាពដែលរាជរដ្ឋាភិបាលខំស្វែងរកយ៉ាងលំបាក។

រីឯក្រុមសកម្មជន ឬក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលទទួលបានការឧបត្ថម្ភ ហើយបម្រើផលប្រយោជន៍ឱ្យអាមេរិក ក៏មិនមែនជាលើកទីមួយទេដែលពួកគេតែងធ្វើសកម្មភាពឡាំប៉ា ឱ្យតែបានប្រឆាំងនឹងរាជរដ្ឋាភិបាល ឬធ្វើយ៉ាងណាឱ្យតែអាចបង្កចលាចលក្នុងសង្គមកម្ពុជា។ ការទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ដូចជាករណីកាត់ទោសនាងសេង ធារីជាអាទិ៍ ពួកគេហ៊ានចោទថារដ្ឋាភិបាលកម្ពុជាធ្វើអ្វីតាមតែអំពើចិត្ដ ចាប់មនុស្សតាមតែការនឹកឃើញ ប៉ុន្ដែពួកគេមិនបានគិតឡើយថា នាងសេង ធារីនេះបានធ្វើអ្វីខ្លះប៉ះពាល់ដល់សង្គមកម្ពុជា។

មហាជនច្រើនណាស់ដែលគាំទ្រការសម្រេចរបស់តុលាការកាត់ទោសនាងសេង ធារីឱ្យជាប់ពន្ធនាគារ។ សកម្មភាពប្លែកៗនាងសេង ធារីធ្លាប់បានធ្វើកន្លងមក ដូចជាកោរសក់ ស្លៀកសម្លៀកបំពាក់អប្សរាដើរេរាំតាមថ្នល់ និយាយឬធ្វើឫកដែលមហាជនចាត់ទុកថាមិនសមជានារីខ្មែរ ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងចាស់ដៃ។ ពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចាត់ទុកទង្វើរបស់ស្ដ្រីរូបនេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរទូទាំងប្រទេស។ អ្នកខ្លះថា នាងសេង ធារីបំពុលសង្គមណាស់ចាប់ខ្លួនឱ្យស្រឡះទៅ និងមានការស្នើថាគួរតែដាក់ពន្ធនាគារដល់១០ឆ្នាំ ហើយគួរតែអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនស្ត្រីរូបនេះជាយូរមកហើយ មិនគួរណាបណ្តោយឱ្យធ្វើព្យុះភ្លៀងតាមអំពើចិត្ត ហាក់បីដូចជាប្រទេសកម្ពុជាគ្មានច្បាប់ទម្លាប់នោះទេ។ មហាជនថាអ្វីដែលស្ដ្រីរូបនេះបានធ្វើកន្លងមក គឺគ្រាន់ជាការសម្ដែងឱ្យគេចាប់អារម្មណ៍ថាខ្លួនជាជនរងគ្រោះ តែតាមពិតនៅពីក្រោយគឺជាកលល្បិច។

អ្នកនាំពាក្យក្រសួងយុត្ដិធម៌កម្ពុជា ក៏បានឆ្លើយតបជាច្រើនលើកច្រើនសារទៅនឹងការចោទប្រកាន់របស់ក្រុមអង្គការសង្គមស៊ីវិល ឬក្រុមដែលមាននិន្នាការប្រឆាំង គឺថានៅកម្ពុជាគ្មានការចាប់ខ្លួនក្រុមដែលមាននិន្នាការប្រឆាំងនោះទេ ប៉ុន្ដែចាប់តែអ្នកដែលប្រព្រឹត្ដខុសច្បាប់ប៉ុណ្ណោះ។ រាល់អ្នកដែលត្រូវបានចាប់ខ្លួន សុទ្ធសឹងជាអ្នកធ្វើសកម្មភាពមិនស្របច្បាប់ទាំងអស់ ទើបបានជាមានការចាប់ខ្លួន ហើយប្រទេសណាក៏គេធ្វើដូច្នេះដែរ។ ហេតុនេះមិនសំខាន់ថាអ្នកបញ្ចេញមតិប្រឆាំងឬមិនប្រឆាំង ឬក៏អនុវត្ដសិទ្ធិសេរីភាពនយោបាយអ្វីនោះទេ បើធ្វើឡើងស្របតាមនីតិវិធីច្បាប់ពុំមានការឃាត់ខ្លួនឡើយ។ ផ្ទុយទៅវិញអ្នកដែលអនុវត្ដសិទ្ធិសេរីភាពហួសព្រំដែន រំលោភបំពានច្បាប់ ប៉ះពាល់សន្ដិសុខសណ្ដាប់សង្គម ហើយបង្កើតបទល្មើស អ្នកទាំងនោះនឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

ជារួម ថ្វីបើកម្ពុជាជាប្រទេសតូចមួយ តែក៏មានច្បាប់ទម្លាប់ត្រឹមត្រូវ មិនអាចឱ្យជនបំពុលសង្គម ជាពិសេសជនដែលជាអាយ៉ងបរទេសមកបង្កព្យុះភ្លៀងបានដាច់ខាត ហើយក៏រឹងរឹតតែមិនអាចឱ្យនរណាមកបង្គាប់បញ្ជា។ ប្រវត្ដិសាស្ដ្របានបង្រៀនឱ្យកម្ពុជាបានជួប និងបានហែលឆ្លងកាត់ភ្លើងសង្គ្រាមសមល្មមគ្រប់គ្រាន់ កម្ពុជាមិនបណ្ដោយឱ្យបរទេសមកប្រើកលល្បិចបំផ្លាញសុខសន្ដិភាពដែលកំពុងមានសព្វថ្ងៃឡើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានលើកឡើងដាច់ណាត់កន្លងមកថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះទេ។ កម្ពុជាក៏មិនឱ្យបរទេសបោកប្រាក់តាមរយៈរូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលសម្ដែងដោយជនស៊ីឈ្នួលមួយក្ដាប់តូចនោះដែរ។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រីកម្ពុជាបញ្ជាក់ជំហរថា លោកមិនឱ្យនរណាមកដឹកច្រមុះកម្ពុជា ហើយវាគ្មានតម្លៃទេនិងជារឿងថោកទាប ប្រសិនបើច្បាប់របស់កម្ពុជាមិនអាចអនុវត្តបាន តែតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ។ ច្បាប់គឺច្បាប់! ហើយប្រទេសមហាអំណាចដូចអាមេរិកជាដើម មិនមែនជាអាណាព្យាបាលរបស់កម្ពុជាឡើយ៕

អ្នកនិពន្ធ៖Penh pheng

Leave a Reply

Your email address will not be published. Required fields are marked *

four × 2 =

This site uses Akismet to reduce spam. Learn how your comment data is processed.