កម្ពុជា និងសហរដ្ឋអាមេរិក៖ ទស្សនៈខុសគ្នាចំពោះ ICJ និង ICC ក្នុងបរិបទអធិបតេយ្យភាព និងយុត្តិធម៌អន្តរជាតិ

ប្រទេសកម្ពុជាមានប្រវត្តិប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice: ICJ) ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ នៅឆ្នាំ១៩៥៩ កម្ពុជាបានដាក់សំណុំរឿងប្រាសាទព្រះវិហារទៅកាន់ ICJ ហើយនៅឆ្នាំ១៩៦២ តុលាការបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០១៣ ICJ បានបកស្រាយបន្ថែមលើសាលក្រមឆ្នាំ១៩៦២ ដោយបញ្ជាក់អំពីវិសាលភាពនៃតំបន់ជុំវិញប្រាសាទ ថាប្រាសាទព្រះវិហារពិតជាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា។
ក្រោយពីការប៉ះទង្គិច និងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់សំណុំរឿងថ្មីទៅកាន់ ICJ ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់លើតំបន់ដែលនៅមានវិវាទ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ជារដ្ឋភាគីនៃ លក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ដែលបង្កើត តុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court: ICC) ផងដែរ (International Court of Justice [ICJ], 1962, 2013; Royal Government of Cambodia, 2025)។
សុរបជារួមមក កម្ពុជាបានចូលជាសមាជិក ទាំងនៅក្នុង តុលាការយុត្តិធម៌អន្តរជាតិ ឬហៅថា(ICJ) និង ជាសមាជិក តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងឆ្នាំ ២០០២។ ​ ICJ ឬ តុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នតុលាការសំខាន់របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិវាទផ្នែកច្បាប់រវាងរដ្ឋអធិបតេយ្យ និងផ្តល់មតិយោបល់ផ្នែកច្បាប់អន្តរជាតិ។ ចំណែកឯ ICC ឬ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង្កើតឡើងនៅឆ្នាំ១៩៤៥ ដើម្បីកាត់ទោសបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋឈ្លានពាន។ ដូច្នេះ ICJ ដោះស្រាយវិវាទរវាងរដ្ឋ ខណៈដែល ICC កាត់ទោសបុគ្គលដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត។
នៅក្នុងបរិបទនយោបាយអន្តរជាតិ សហរដ្ឋអាមេរិក និងកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពខុសគ្នា ប៉ុន្តែមានចំណុចរួមមួយ គឺការថ្លឹងថ្លែងរវាងការការពារអធិបតេយ្យភាពជាតិ និងការទទួលយកយុត្តិធម៌អន្តរជាតិ។ សម្រាប់សហរដ្ឋអាមេរិក ក្តីបារម្ភចម្បងគឺអំណាចរបស់ ICC ក្នុងការស៊ើបអង្កេត ឬចោទប្រកាន់បុគ្គលដែលជាមន្ត្រីរដ្ឋ ឬកងទ័ពអាមេរិក។ បើយោងតាម គេហទំព័រផ្លូវការរបស់ សិតវិមាន កាលពីថ្ងៃទី ៦ ខែកុម្ភះឆ្នាំ ២០២៥ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធាធិបតី ដូណាល់ត្រាំ បានចេញបទបញ្ជា ដាក់ទណ្ឌកម្មលើ មន្រ្តី​ ICC បង្កកហិរញ្ញវត្ថុ និងបិទទិដ្ឋការរាល់មន្រ្តីណាដែលចូលរួមការស៊ើបអង្កេតនិតិវិធីរបស់ ស្ថាប័ន ICC មកលើសហរដ្ឋអាមេរិក។ បើយោងតាមអ្នកវិភាគ អាមេរិក ក្រោមរដ្ឋបាលលោកប្រធាធិបតីដូណាល់ត្រាំ គឺចូលរួមគាំទ្រយ៉ាងខ្លាំងជាមួយរដ្ឋអ៊ីស្រាអ៊ែល បង្កសង្រ្គាមនៅក្នុងមជ្ឈិមបូពារ៍ ហើយមានប្រជាជនស្ទើរគ្រប់ជាតិសាសន៍បាត់បង់អាយុជិវិត ដែលនេះ គឺចាំបាច់ត្រូវមានការស៊ើបអង្កេតរបស់ ស្ថាប័នតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ហេតុដូច្នេះហើយ ទើបរដ្ឋបាលលោក ដូណាល់ត្រាំ ហាក់មានចេតនាចង់កម្ចេតចោល ICC ចេញពីកែវភ្នែកអាមេរិក។ដូចដែលគ្រប់គ្នាបានដឹងហើយថា រដ្ឋបាលសហរដ្ឋអាមេរិកជាច្រើន អាណត្តិមកនេះ បានផ្ដល់ការគាំទ្រជាសម្ងាត់ ឬពេលខ្លះជាសាធារណៈ នៅពេលដែលតុលាការ ICC ចាត់វិធានការប្រឆាំងសត្រូវរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីននិងសូម្បីតែអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ។ និយាយម្យ៉ាងទៀត ICC នឹងល្អនៅក្រោមក្រសែភ្នែកអាមេរិក ឱ្យតែតុលាការនេះធ្វើការស្របតាមផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
ចំណែកឯកម្ពុជា កំពុងប្រើប្រាស់ ICJ ជាមធ្យោបាយផ្លូវច្បាប់ ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ការនាំសំណុំរឿងទៅកាន់ ICJ គឺជាជម្រើសសន្តិវិធី ដែលផ្អែកលើច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់កម្លាំងយោធា។ សំណុំរឿងនេះរួមមានតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដែលជាចំណុចមានភាពតានតឹងជាយូរមកហើយ (Royal Government of Cambodia, 2025; Reuters, 2025)។ ទោះជាយ៉ាងណា ការគាំទ្រយន្តការយុត្តិធម៌អន្តរជាតិក៏នាំមកនូវភាពស្មុគស្មាញផ្នែកនយោបាយផងដែរ។ ខណៈដែល ICJ អាចជួយការពារផលប្រយោជន៍របស់កម្ពុជាក្នុងវិវាទព្រំដែន ការចូលរួមក្នុងប្រព័ន្ធយុត្តិធម៌អន្តរជាតិជាទូទៅក៏អាចនាំឱ្យមន្ត្រីរដ្ឋស្ថិតក្រោមការពិនិត្យផ្លូវច្បាប់ ប្រសិនបើមានការចោទប្រកាន់អំពីឧក្រិដ្ឋកម្មអន្តរជាតិ និងបំពេញលក្ខខណ្ឌយុត្តាធិការរបស់ ICC ។ ករណីអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហាញថា មេដឹកនាំជាតិអាចត្រូវបានស៊ើបអង្កេតដោយ ICC ប្រសិនបើតុលាការមានយុត្តាធិការតាមច្បាប់។ ទោះយ៉ាងណា នេះមិនមានន័យថា មេដឹកនាំកម្ពុជាណាម្នាក់នឹងត្រូវចោទប្រកាន់ឡើយ ព្រោះការសម្រេចបែបនេះអាស្រ័យលើមូលដ្ឋានច្បាប់ ភស្តុតាង និងយុត្តាធិការរបស់តុលាការក្នុងករណីជាក់លាក់នីមួយៗ។ ហើយលើសពីនោះទៀត លុះត្រាតែ មានការចូលរួមសហការពីអាជ្ញាធររបស់រដ្ឋ ឧទាហរណ៍ ប្រទេសហ្វីលីពីន គឺមន្រ្តីនយោបាយហាក់គាំទ្រនូវការចាប់ខ្លួនរបស់លោក ឌូតេ Duterte (Reuters, 2025).។ គួររម្លឹកផងដែរថា ICJ និង ICC មានភារកិច្ចខុសគ្នាជាមូលដ្ឋាន។ ICJ ដោះស្រាយវិវាទរវាងរដ្ឋ និងរដ្ឋ ដូចជាវិវាទព្រំដែន ឬការបកស្រាយសន្ធិសញ្ញា ខណៈដែល ICC មានសមត្ថកិច្ចកាត់ទោសបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋឈ្លានពាន។ ដូច្នេះ ប្រទេសមួយអាចគាំទ្រ ICJ ដើម្បីការពារអធិបតេយ្យភាពទឹកដី ប៉ុន្តែបង្ហាញការប្រុងប្រយ័ត្នចំពោះ ICC ព្រោះវាពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់មន្ត្រីរដ្ឋ (International Court of Justice, n.d.; International Criminal Court, n.d.).។
ប្រសិនបើយើង សួរថាហេតុអ្វីកម្ពុជាមិនអាចងាកចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងដកខ្លួនពីលក្ខន្តិកៈទីក្រុងរ៉ូម? អ្នកវិភាគខ្លះលើកឡើងថា នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបច្ចុប្បន្ន ការប្រកាន់ខ្ជាប់នូវយន្តការយុត្តិធម៌អន្តរជាតិ គឺជាខែលដ៏រឹងមាំមួយសម្រាប់ប្រទេសតូចៗដូចជាកម្ពុជា។
ការប្រៀបធៀបនេះបង្ហាញថា សហរដ្ឋអាមេរិក និងកម្ពុជាស្ថិតក្នុងបរិបទនយោបាយខុសគ្នា ប៉ុន្តែទាំងពីរកំពុងប្រឈមនឹងសំណួរដូចគ្នា គឺតើគួរផ្តល់អាទិភាពដល់អធិបតេយ្យភាពជាតិ ឬពឹងផ្អែកលើយន្តការយុត្តិធម៌អន្តរជាតិ។ សម្រាប់កម្ពុជា ICJ អាចជួយពង្រឹងការទាមទារផ្លូវច្បាប់លើទឹកដីដែលមានវិវាទជាមួយថៃ ខណៈដែលការជារដ្ឋភាគីនៃ ICC បង្ហាញពីការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ប៉ុន្តែក៏ត្រូវគិតគូរពីផលប៉ះពាល់ផ្នែកនយោបាយ និងផ្លូវច្បាប់ក្នុងរយៈពេលវែងផងដែរ (Royal Government of Cambodia, 2025; Reuters, 2025).។
References (APA 7th Edition)
International Court of Justice. (1962). Case concerning the Temple of Preah Vihear (Cambodia v. Thailand), Merits. https://www.icj-cij.org
International Court of Justice. (2013). Request for interpretation of the Judgment of 15 June 1962 in the Case concerning the Temple of Preah Vihear (Cambodia v. Thailand). https://www.icj-cij.org
International Criminal Court. (1998). Rome Statute of the International Criminal Court. https://www.icc-cpi.int
Royal Government of Cambodia. (2025, June 15). Cambodia submits official request to the International Court of Justice regarding the Cambodia–Thailand border dispute. https://pressocm.gov.kh/en/archives/ HYPERLINK “https://pressocm.gov.kh/en/archives/111577″111577
Reuters. (2025, June 15). Cambodia asks International Court of Justice to settle border disputes with Thailand. Reuters.

អ្នកនិពន្ធ៖វង សេរីវឌ្ឍនៈ អ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ

Leave a Reply

Your email address will not be published. Required fields are marked *

4 × three =

This site uses Akismet to reduce spam. Learn how your comment data is processed.