នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ទណ្ឌិត សម រង្សី បានបង្ហោះសារគាំទ្រដល់សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិតស៊ូ ដែលបានថ្លែងអំពី “ការបំពេញនាទីជារដ្ឋាភិបាលក្រៅប្រទេស” និងបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថាមិនអនុវត្តតាមខ្លឹមសារ និងស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១។ ការគាំទ្រនេះ បានបង្ហាញពីចេតនាកសាងមូលដ្ឋានក្រុមឧទ្ទាមក្រៅប្រទេស ក្រោមការជួយទំនុកបំរុងពីអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យោងទៅតាមលិខិតបែកធ្លាយ ដែលបានចេញផ្សាយដោយកាសែត The Sunday Guardian បានបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី មួរ សុខហួរ បានផ្ញើលិខិតដែលមានចំណងជើងថា “ផែនការសកម្មភាពទ្វេភាគី និងការណែនាំរបស់លោកប្រធាន” ដែលខ្លឹមសារនៃលិខិតនេះបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបំប៉ោងព័ត៌មានមិនពិតដើម្បីអូសទាញប្រជាជនប្រឆាំងនឹងរាជរដ្ឋាភិបាលនៅតាមតំបន់មួយចំនួនដូច តាមាន់ធំ និងតំបន់មុំបី។ បន្ថែមពីនេះផែនការនេះ ក៏បានណែនាំឱ្យក្រុមអាវលឿងរបស់ប្រទេសថៃត្រូវបានប្រគល់ភារកិច្ចឱ្យប្រមូលកម្លាំងសម្រាប់ប្រតិបត្តិការនៅព្រំដែន ដើម្បីបង្កការរំខាន និងផ្តល់ការហ្វឹកហាត់ជាប្រព័ន្ធ សម្រាប់ការប្រឈមមុខគ្នាដោយហិង្សា ការតវ៉ាអហិង្សា និងសង្គ្រាមព័ត៌មាន។ សម្រាប់ភាគីកម្ពុជា ផែនការនេះផ្តោតលើការអំពាវនាវឱ្យមានកិច្ចខិតខំ «ពង្រឹងបណ្តាញនៅថ្នាក់មូលដ្ឋាន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា» និងសម្របសម្រួលជាមួយសកម្មជនថៃ ដើម្បីបញ្ឆេះចលនាជាតិនិយម និង «ប្រែក្លាយជម្លោះកម្ពុជា-ថៃ ឱ្យទៅជាចលនាជំទាស់នឹងភាពស្របច្បាប់នៃការគ្រប់គ្រងរបស់គ្រួសាររបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគោលបំណងដើម្បីឈានទៅផ្ដួលរំលំ»។ កាសែតដដែរនេះផងដែរ ក៏ធ្លាប់បានចេញផ្សាយព័ត៌មានស្រដៀងនេះផងដែរកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានបង្ហាញពីភាពជាប់ទាក់ទងគ្នារវាងក្រុមប្រឆាំងនៅក្រៅប្រទេស CNRP និងភ្នាក់ងារអង្គការសង្គមស៊ីវិលអាម៉េរិកក្នុងរដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្នុងការរៀបចំគម្រោងរៀបចំធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដោយយកលំនាំទៅតាមប្រទេសបង់ក្លាដេស។
ផ្ទុយពីកិច្ចខិតខំថែររក្សាសន្តិភាព និងការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឆាំងដែលដឹកនាំដោយទណ្ឌិត សម រង្សី និងបក្ខពួករបស់ខ្លួនបានរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើតជាសេណារីយ៉ូ និងសាច់រឿងផ្សេងៗក្នុងគោលបំណងបញ្រ្ជាបមនោគមវិជ្ជាប្រជាភិថុ និងកៀរគរប្រជាពលរដ្ឋធ្វើបាតុកម្ម ក្រោម ការជួយជ្រោមជ្រែងពីបរទេស និងជ្រកក្រោមស្លាក “ស្នេហាជាតិ គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ”។ ជាអាទិ៍ ក្រុមទណ្ឌិត សម រង្សី បានអំពាវនាវឱ្យពលរដ្ឋខ្មែរក្រោកឈរធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍរួម CLV-DTA នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ និងការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាការបង្កើតចលនាតស៊ូប្រឆាំង និងរដ្ឋាភិបាលក្រៅប្រទេសនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៤ ជាដើម។ ទណ្ឌិត សម រង្សី ក៏បានគាំទ្រដល់សភាអឺរ៉ុប ដែលបានស្នើឱ្យមានការបោះឆ្នោតដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ដែលនេះឆ្លុះបញ្ចាំងពីសណ្តានចិត្តទុរយ៌ស គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក និងបំរើប្រយោជន៍បរទេស ដើម្បីបំផ្លាញជាតិនិងប្រជាជនខ្លួនឯង។ កន្លងមកក្រុមប្រឆាំង ដែលដឹកនាំដោយទណ្ឌិត សម រង្សី តែងតែទទួលរងបរាជ័យក្នុងការអនុវត្តគម្រោងផែនការផ្លាស់ប្តូរតាមរយៈការអំពាវនាវ ឱ្យធ្វើសកម្មភាពបាតុកម្ម “បដិវត្តន៍ពណ៌” ដែលត្រូវបានគេទទួលស្គាល់ថាជាការប្រឆាំងរដ្ឋាភិបាលដោយប្រយោលទៅតាមគំនិតក្រៅប្រទេស ដែលផ្ទុយស្រលះទៅនឹងប្រយោជន៍ជាតិ។
បាតុកម្មនៅប្រទេសបង់ក្លាដេស ស្រីលង្កា និងថ្មីនេះ នៅប្រទេសនេប៉ាល សុទ្ធសឹងតែជាព្រឹត្តិការណ៍ដែលបានកើតឡើងមិនជាចៃដន្យនោះឡើយ ពោលគឺមានការលូកដៃ និងឧបត្ថម្ភពីបរទេសខាងក្រៅតាមរយៈអង្គការសង្គមស៊ីវិល ក្រោមឆត្រប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេ្នហាជាតិ។
ប្រជាជនកម្ពុជាមានបទពិសោធន៍ដ៏ជ្រាលជ្រៅក្នុងប្រវត្តិសាស្រ្តប្រទេសជាតិ ដែលបានបង្កើតជាសៀវភៅដ៏សំខាន់សម្រាប់ការចងចាំរបស់ជាតិ។ បទពិសោធន៍នៃការវាយប្រហារខ្មែរនឹងខ្មែរគ្នាឯងនៅសម័យសង្គ្រាមស៊ីវិល និងការគ្រប់គ្រងដ៏អាក្រក់ និងឃោឃៅរបស់របបខ្មែរក្រហម បានបង្រៀនប្រជាជនអំពីគុណតម្លៃដ៏មិនអាចកាត់ថ្លៃបានរបស់សន្តិភាព និងសេរីភាព។ភាពចាស់ទុំផ្នែកនយោបាយរបស់ប្រជាជនកម្ពុជាបានចាប់ផ្តើមកើនឡើងដោយសារការអប់រំពីបទពិសោធន៍ដ៏ឈឺចាប់ក្នុងអតីតកាល និងការយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពជាអ្នកដឹកនាំដ៏អង់អាចក្លាហាន ទស្សនៈប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានកំណត់ដោយបទពិសោធន៍ផ្ទាល់ខ្លួន ការចងចាំអំពីប្រវត្តិសាស្ត្រនៃការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់មហាអំណាច និងការចង់ឃើញកម្ពុជាមានសន្តិភាពយូរអង្វែង ឯកភាពជាតិ និងវិបុលភាព បានរុញច្រានឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ទស្សនៈសនិ្តភាព និងលុបបំបាត់ភាពជ្រុលនិយម។ កន្លងមក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រកាសឱ្យប្រជាពលរដ្ឋប្រឆាំងនឹងចលនា “បដិវត្តពណ៌” និងរក្សាសន្តិភាព ហើយក៏បានបញ្ជាក់ថា នឹងមិនឱ្យមានការលើកលែងទោសជាដាច់ខាតចំពោះជនណាដែលចង់បំផ្លាញសន្តិភាព។ ថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតច្បាប់ស្តីពីការដកសញ្ជាតិ ហើយច្បាប់នេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែកម្ពុជានោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។
លើសពីនេះទៅទៀត អំពើភេរវកម្មបង្កការគំរាមកំហែងជាបន្តបន្ទាប់បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សន្តិសុខជាតិ សុវត្ថិភាព សាធារណៈ និងស្ថិរភាពសង្គមនិងសេដ្ឋកិច្ច។ ខណៈពេលដែលប្រទេសកម្ពុជាមានច្បាប់ដែលមានស្រាប់ ដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងអំពើហឹង្សានយោបាយក៏ដោយ ក៏ភាពស្មុគស្មាញនៃអំពើភេរវកម្មសម័យទំនើបទាមទារឱ្យមានក្របខ័ណ្ឌច្បាប់ដ៏រឹងមាំជាងមុន។ ទណ្ឌិតរូបនេះ គឺជាឧក្រិដ្ឋជនដ៏គួរឱ្យស្អប់ខ្ពើមបំផុត ដែលបានធ្វើការជេរប្រមាថព្រះចេស្តារព្រះមហាក្សត្រកម្ពុជា ដើរដកបង្គោលព្រំដែន និងអំពាវនាវឱ្យប្រជាជនដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រួមទាំងអំពាវនាវឱ្យមានការបះបោរប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និងបន្តចិញ្ចឹមមហិច្ឆិតាលរំលំរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ ក្រុមនេះតែងតែចូលរួមសកម្មភាពវិទ្ធង្សនាជាមួយបរទេសដើម្បីបង្កអស្ថិរភាព បង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខ ហើយការចោទប្រកាន់ទាំងនេះបានបង្កឱ្យមានការមន្ទិលសង្ស័យអំពីឥទ្ធិពលខាងក្រៅដែលគាំទ្រដល់សកម្មភាពដែលអាចប៉ះពាល់ដល់អធិបតេយ្យភាព និងស្ថិរភាពរបស់កម្ពុជា។
កម្ពុជាជាប្រទេសប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សយោងទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែលំហរសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ត្រូវបានកេងប្រវ័ញ្ច និងប្រើប្រាស់បំរើប្រយោជន៍នយោបាយរបស់បរទេសពីសំណាក់អង្គការសង្គមស៊ីវិល និងសារព័ត៌មានមួយចំនួនដែលបានក្លាយខ្លួនជាអាវុធមុខពីរ ដោយប្រែក្លាយខ្លួនទៅជាភ្នាក់ងាររបស់បរទេសក្នុងការលូកដៃជ្រៀតជ្រែកក្នុងនយោបាយ និងកិច្ចការផ្ទៃក្នុងកម្ពុជា ជាថ្នូរទៅនឹងការទទួលបានជំនួយ ឬការផ្តល់ជំនួយហិរញ្ញវត្ថុ ដើម្បីអាចចាប់ផ្តើមប្រតិបត្តិការកៀរគរប្រជាជនធ្វើបាតុកម្មទាមទារការផ្លាស់ប្តូរគោលនយោបាយ កំណែទម្រង់ច្បាប់ ឬផ្តួលរលំរដ្ឋាភិបាល និងធ្វើយ៉ាងណាឱ្យកម្ពុជាដើរតាមបន្ទាត់នយោបាយរបស់បរទេសបរទេស ដើម្បីប្រយោជន៍ភូមិសាស្រ្តនយោបាយ និងយុទ្ធសាស្រ្តការបរទេសរបស់ពួកគេក្រោមលេស “ដើម្បីស្តារប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស”។ ក្រុមអង្គការសង្គមស៊ីវិល និងសារព័ត៌មានដែលមានចរិកបរទេសនិយមទាំងនេះ បានព្យាយាមបង្កើតសកម្មភាព និងរូបភាពការប៉ះទង្គិចជាមួយកងកម្លាំងរក្សាសណ្តាប់ធ្នាប់ ដើម្បីលាបពណ៌ និងបង្ហាញសហគមន៍អន្តរជាតិ ថាកម្ពុជាជាប្រទេសមិនគោរពសិទ្ធិមនុស្ស និងតុលាការមិនឯករាជ្យជាដើម ក្នុងគោលបំណងបញ្រ្ជាបមនោគម នយោបាយប្រជាភិថុ និងការសាបព្រោះការរើសអើងជាតិសាសន៍ និងស្អប់ជនជាតិខ្លួនឯងជាដើម។
វាមិនមែនជារឿងចៃដន្យ ឬមិនប្រក្រតីនោះទេ ដែលសារព័ត៌មានបរទេសបានចុះផ្សាយអំពីឯកសារបែកធ្លាយ អំពីផែនការសំងាត់របស់ក្រុមប្រឆាំង CNRP ដែលដឹកនាំដោយទណ្ឌិត សម រង្សី និងអ្នកស្រី មួរ សុខហួរ ក្នុងការរៀបចំស៊ីណារីយ៉ូផ្សេងៗ ក្នុងការបង្កើតផែនការ និងសកម្មភាពវិទ្ធង្សនាជាមួយបរទេសដើម្បីបង្កអស្ថិរភាព និងបំផ្លាញសន្តិភាពនៅកម្ពុជា។ ដូចនេះហើយ ពលរដ្ឋកម្ពុជាត្រូវតែឈប់ជឿលើការអំពាវនាវធ្វើបាតុកម្ម ឬបដិវត្តន៍ពណ៌ ហើយត្រូវរៀនសូត្រពីបទពិសោធន៍ប្រវត្តិសាស្រ្ត បង្កើនភាពជឿជាក់លើសន្តិភាព និងសមិទ្ធផលរដ្ឋាភិបាល បន្តសិក្សាស្រាវជ្រាវបន្ថែមពីប្រវត្តិសាស្រ្តរបស់ខ្លួន និងខិតខំរៀនសូត្រយល់ដឹងឱ្យកាន់តែច្បាស់អំពីផលវិបាកនៃការបាត់បង់សន្តិភាព និងសង្រ្គាម ព្រោះថាកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម ដ៏ឈឺចាប់ និងបានបង្កើតទៅជាទំនោរថ្មីមួយដែលធ្វើឱ្យប្រជាជនកម្ពុជាគោរព និងលើកតម្កើងតម្លៃនៃសន្តិភាព ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសតាមយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និងបន្តចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ ប្រកបដោយការស្ថាបនា និងការគិតអំពីប្រយោជន៍ជាតិជាធំ។ ដូចនេះពលរដ្ឋខ្មែរត្រូវមានមោទនភាពចំពោះសន្តិភាពដ៏ថ្លៃថ្លារបស់កម្ពុជា ហើយយើងមិនត្រូវបំភ្លេចគុណតម្លៃ និងគុណប្រយោជន៍នៃសន្តិភាពនោះទេ។
ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ។