លោក ពូទីន និយាយថាការផ្ទុះស្ពាន​គ្រីមេ ​ជាអំពើភេរវកម្មរបស់អ៊ុយក្រែន
តើអាមេរិកតើទួនាទីយ៉ាងណាក្នុងរឿងនេះ?


គណៈកម្មាធិការស៊ើបអង្កេត រុស្ស៊ី​បាន​បើក​ការស៊ើបអង្កេតឧក្រិដ្ឋកម្ម​ទៅលើ​ហេតុការណ៍​ផ្ទុះ​បំផ្លាញ ស្ពាន​គ្រីមេ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៨ ខែតុលា ឆ្នាំ ២០២២នេះ ។ តាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលដកស្រង់ផ្សាយ​ដោយ​កាសែត​ក្នុងស្រុក នៅវេលា​ម៉ោង ៦ព្រឹក ម៉ោង​នៅ​រុស្ស៊ី រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​ផ្ទុះ នៅលើ​ស្ពាន​គ្រីមេ និង​រាលដាល ធ្វើ​ឲ្យ​ផ្ទុះ​ឆេះ​ស៊ីទែន​ដឹកប្រេង ដែល​គេ​កំពុង​ដឹកសំដៅ​ឧបទ្វីបគ្រីមេ ដែល​រុស្ស៊ី បាន​កាត់យក​ពីអ៊ុយក្រែន កាលពី​ឆ្នាំ ២០១៤ ។ ស្ពាននោះត្រូវបានសម្ពោធនៅឆ្នាំ២០១៨ និងដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដឹកជញ្ជូនដើម្បីនាំបរិក្ខារយោធានិងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៉ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ក៏ជាការដឹកជញ្ជូនកងទ័ពពីរុស្ស៉ីទៅកាន់គ្រីមៀ។ ដោយលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើជ (Kerch Strait) វាគឺជាស្ពានចម្លងតែមួយគត់ រវាងតំបន់គ្រីមៀនិងប្រទេសរុស្ស៉ី។ តាមអាជ្ញាធររុស្ស៊ី តុល្យការចុងក្រោយបង្ហាញថា មានមនុស្ស​៣នាក់​ស្លាប់​នៅក្នុងហេតុការណ៍បំផ្ទុះឆេះស្ពានគ្រីមេនោះ។

ក្រោយការបំផ្ទុះ​នេះកើតឡើង ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានអះអាងថា អ៊ុយក្រែនជាអ្នករៀបចំការវាយប្រហារភេរវកម្មលើស្ពានដ៏សំខាន់មួយដែល​តភ្ជាប់​ពីទឹកដី​រុស្ស៊ី ទៅកាន់​តំបន់គ្រីមេ (Crimea)។ លោកពូទីនបានថ្លែងថា៖ «អ្វីដែលរុស្ស៊ីអាចឆ្លើយតបបានចំពោះឧក្រិដ្ឋកម្មនេះ គឺមានតែការសម្លាប់ភេរវករដែលពាក់ព័ន្ធតែប៉ុណ្ណោះ ពិសេសគឺជាអ្នកដែលផ្ដល់អាវុធទៅឲ្យអ៊ុយក្រែន នេះជាអ្វីដែលពលរដ្ឋរុស្ស៊ីរំពឹង»។

ក្រុមអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនបានលើកជាសំណួរចោទសួរថា​ តើ​ការបំផ្ទុះបំផ្លាញ​ស្ពានដែលជាសមិទ្ធិផល​របស់​លោកពូទីន និងជានិមិត្តរូប​នៃការកាត់យក​ទឹកដី​អ៊ុយក្រែនពីសំណាក់រុស្ស៊ី ដែលលោកពូទីន ថាជា​ស្នាដៃ​របស់​អ៊ុយក្រែន តើសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រអ៊ុយក្រែន​ និងជាអ្នកដែលផ្ដល់នូវអាវុធដ៏ច្រើនដូចទឹកបាក់ទំនប់ទៅឲ្យអ៊ុយក្រែន អាចជួយអ្វីបាននៅពេលនេះ? តើជម្លោះរុស្សី-អ៊ុយក្រែនអាចឈានទៅកំរិតណា?

ជាការពិតណាស់ កន្លងមករុស្ស៉ីធ្លាប់បានអះអាងថា ស្ពានខាងលើគឺមានសុវត្ថិភាព បើទោះបីជាសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែរុស្ស៉ីក៏​​បានព្រមានចាត់វិធានការសងសឹក ប្រសិនបើវារងការវាយប្រហារណាមួយទៅលើទីតាំងរបស់ខ្លួន។ បើទីក្រុងកៀវពិតជានៅពីក្រោយករណីអគ្គិភ័យ លើស្ពានគ្រីមៀមែននោះ វានឹងជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់ទីក្រុងមូស្គូ ដ្បិតស្ពាននោះស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខ។ ដោយឡែក ក៏ធ្លាប់មានករណីផ្ទុះមួយចំនួន កើតមានឡើងនៅតាម មូលដ្ឋានយោធារបស់រុស្ស៉ី លើឧបទ្វីបគ្រីមៀផងដែរ។

ក្នុងសារជាវីដេអូមួយ កាលពីថ្ងៃអាទិត្យទី៩ ខែតុលា កន្លងទៅ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «គ្មានអ្វីត្រូវសង្ស័យនោះទេ។ នេះគឺជា​អំពើភេរវកម្ម សកម្មភាពនេះ ត្រូវបាន​រៀបចំ ប្រព្រឹត្ត និងបញ្ជាដោយ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ និងសន្តិសុខជាតិរបស់អ៊ុយក្រែន»។

គេសង្កេតឃើញថា មានហេតុការណ៍ផ្ទុះបន្តបន្ទាប់ នៅតាមទីក្រុងរបស់អ៊ុយក្រែន កើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ ករណីបំផ្ទុះស្ពានយុទ្ធសាស្រ្ត​គ្រីមៀ។ ការវាយប្រហារដោយគ្រាប់មីស៉ីល បានកើតមានឡើងនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ព្រមទាំងទីក្រុងមួយចំនួនទៀត ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានអះអាងថា មានមនុស្សស្លាប់និងរងរបួស ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងកៀវ ប៉ុន្តែពុំមានការបញ្ជាក់លម្អិតអ្វីទៀតឡើយ។ ក្រៅពីរដ្ឋធានីកៀវ ក៏មានសេចក្តីរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅឯទីក្រុងលីវ (Lviv), ធើណូពីល (Ternopil) និងហ្ស៉ីតូមៀ (Zhytomyr) ក្នុងតំបន់ភាគខាងលិចអ៊ុយក្រែន ហើយនិងនៅទីក្រុងឌីនីប្រូ (Dnipro) នៃតំបន់ភាគកណ្តាលប្រទេសផងដែរ។ ទន្ទឹមគ្នា ស៊ីរ៉ែនប្រកាសអាសន្នឱ្យប្រុងប្រយ័ត្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន បានបញ្ចេញឃ្លីបវីដេអូមួយ ដែលអះអាងថា ជាទិដ្ឋភាព មីស៉ីល១គ្រាប់ បាញ់កម្ទេចស្ពានមួយខ្សែ នៅកណ្តាលរដ្ឋធានីកៀវ។

គេបានឱ្យដឹងថា ចំពោះមុខការវាយប្រហារដោយមីស៉ីល នាថ្ងៃចន្ទនេះ ប្រជាជនរាប់ពាន់នាក់ ដែលរស់នៅក្នុងទីក្រុងកៀវ បាននិងកំពុងនាំគ្នាជ្រកកោន នៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីសុវត្ថិភាព។

ការវាយប្រហាររបស់រុស្ស៊ីចូលទៅក្នុងទឹកដីអ៊ុយក្រែនគឺកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះវាបង្កជាក្តីបារម្ភយ៉ាងខ្លាំង ទៅដល់ជនស៊ីវិលរស់នៅនៅក្នុងតំបន់នោះ។ ជំនួយ​ការ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន​បាន​និយាយថា ជនស៉ីវិលចំនួន ៨នាក់ បានស្លាប់និង ២៤នាក់រងរបួស ក្រោយការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី លើទីក្រុងកៀវ កាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។

ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មានមនុស្សស្លាប់និងរបួស ក្នុងការវាយប្រហារ​ដោយគ្រាប់មីស៉ីល នៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀត នាថ្ងៃចន្ទនេះ ហើយលោកបានចោទថា រុស្ស៉ីកំពុងព្យាយាមបំផ្លាញប្រទេសរបស់លោក ឱ្យបាត់ចេញពីផែនដី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពួកគេកំពុងព្យាយាមបំផ្លាញយើង ហើយលុបប្រទេសរបស់យើងចេញពីផ្ទៃពិភពលោក……. ពួកគេបំផ្លាញប្រជាជនរបស់យើង ដែលកំពុងស្នាក់នៅក្នុងផ្ទះ ក្នុងតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា។ សម្លាប់មនុស្សដែលកំពុងបំពេញការងារ ក្នុងទីក្រុងកៀវ និងទីក្រុងឌីនីប្រូ។ ពេលនេះ សំលេងស៉ីរ៉ែនប្រកាសអាសន្នឲ្យប្រុងប្រយ័ត្ន ពីការវាយប្រហារតាមអាកាសនៅទូទាំងប្រទេស មិនទាន់បញ្ឈប់ទេ, ការបាញ់មីស៉ីលកំពុងធ្វើឡើង, ជាអកុសលមានអ្នកស្លាប់ និងរបួស តើអ្នកណាអាចជួយយើងបាន»​ ។ អគ្គមេបញ្ជាការយោធាអ៊ុយក្រែន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ រុស្ស៉ីបានបាញ់មីស៉ីលសរុបយ៉ាងហោច៧៥គ្រាប់ មកលើអ៊ុយក្រែន ដោយការវាយប្រហារធ្ងន់ៗជាងគេ។

ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានព្រមានចាត់វិធានការឆ្លើយតបធ្ងន់ៗទៀត ប្រសិនបើការវាយប្រហារលើរុស្ស៉ី នៅតែបន្ត។ ការព្រមានរបស់លោកធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងរុស្ស៉ី បានបាញ់មីស៉ីលរាប់សិបគ្រាប់ទៅលើ​ទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន។ លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើការវាយប្រហារនៅតែបន្តប្រឆាំងលើរុស្ស៉ី នោះការឆ្លើយតបធ្ងន់ៗនឹងនៅតែបន្ត។

នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodomyr Zelenskiy) ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសទំនើបៗ ខណៈការសន្យានេះធ្វើឡើង បន្ទាប់ពីរុស្ស៉ីបានបាញ់មីស៉ីលរាប់សិបគ្រាប់ ស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។
ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខ ស្មើនឹងទឹកប្រាក់សរុបជាង ១៦.៨ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ និងថែមទាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន ប្រឆាំងនឹងទីក្រុងមូស្គូទៀតផង។ តែទោះជាយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះសហរដ្ឋអាមេរិក នូវតែមិនបានរកនូវកិច្ចចរចាសន្តិភាព ដើម្បីឱ្យធានាអ៊ុយក្រែនជៀសផុតពីសង្គ្រាមរាំរ៉ៃនោះទេ បើទោះជាដឹងថាអ៊ុយក្រែនកំពុងតែធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យជនស៊ីវិល នៃប្រទេសទាំងពីរស្លាប់បាត់បង់ជីវិត និង រងរបួស ថែមទាំងប្រជាជនអ៊ុយក្រែន រាប់លាននាក់ ក្លាយជាជនភៀសខ្លួនទៀតផង ។

បើតាមក្រុមអ្នកជំនាញ សហរដ្ឋអាមេរិក កំពុងព្យាយាមប្រើអំណាច និងឥទ្ធិពលរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឱ្យរុស្ស៉ី «ឯកោពីពិភពលោក»។ ក៏ប៉ុន្តែ ក្រៅពីតំបន់អឺរ៉ុប ការព្យាយាមរបស់ទីក្រុងវ៉ាស៊ីនតោន ហាក់មិនបានទទួលផែ្លផ្កាជាដុំកំភួននោះទេ ការដែលសហរដ្ឋអាមេរិក​ផ្ដល់ជំនួយថវិកានិងអាវុធជាច្រើនសន្ធឹកសន្ធាប់ទៅឲ្យអ៊ុយក្រែនបែបនេះ គឺវាមិនបានជួយឲ្យពលរដ្ឋអ៊ុយក្រែន​មានសន្តិភាពនោះទេ តែផ្ទុយទៅវិញអាមេរិកធ្វើបែបនេះគឺកំពុងតែញុះញង់ ធ្វើឲ្យជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រាកដជាមិនអាចស្វែងរកទីបញ្ចប់បាននោះទេ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + 10 =

This site uses Akismet to reduce spam. Learn how your comment data is processed.