ហេតុអ្វីលោកស៊ីនហ្សូ អាបេទទួលបានការគោរពស្រឡាញ់ខ្លាំងទាំងក្នុងប្រទេសនិងលើឆាកអន្ដរជាតិ?

មរណភាពរបស់លោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ភ្ញាក់ផ្អើលត្រង់ថា លោកស្លាប់ដោយសារករណីឃាតកម្មបាញ់សម្លាប់។ ជនសង្ស័យឈ្មោះTetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺនៅក្នុងទីក្រុងNara ជាទីលោកអាបេកំពុងថ្លែងសារទៅកាន់ប្រជាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុនពេលរងការបាញ់ប្រហារ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរចម្លើយ ហើយបើតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យឆ្លើយយ៉ាងខ្លីថា រូបលោកមិនពេញចិត្ដនឹងលោកស៊ីនហ្សូ អាបេ ទើបមានបំណងចង់សម្លាប់លោកអាបេ។ យ៉ាងណាមួយថ្ងៃបន្ទាប់គឺនៅថ្ងៃទី០៩ ខែកក្កដា យោងតាមប្រភពស៊ើបអង្កេត ជនសង្ស័យសារភាពបន្ថែមថា ដំបូងរូបគេគ្រោងវាយប្រហារមេដឹកនាំអង្គការសានាមួយ ដែលគេជឿជាក់ថាបានធ្វើឱ្យម្ដាយរបស់គេត្រូវក្ស័យធនតាមរយៈការបរិច្ចាគដល់សាសនានោះ។ គេសារភាពទៀតថា មានចេតនាសម្លាប់លោកអាបេ ដោយជឿជាក់ថាលោកអាបេបានជាប់ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយក្នុងអង្គការនេះនៅក្នុងប្រទេសជប៉ុន ប៉ុន្ដែប៉ូលិសមិនបានលម្អិតពីអង្គការសាសនានោះឡើយ។ បើតាមជនសង្ស័យ មុនធ្វើសកម្មភាពរូបគេបានទៅមើលទីតាំងដែលលោកអាបេថ្លែងសុន្ទរកថាច្រើនដង។

ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើង គឺពិតជាកម្រមានណាស់នៅក្នុងប្រទេសជប៉ុន ដែលមានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងបំផុតលើពិភពលោក ហើយឧប្បត្តិហេតុនៃអំពើហិង្សាផ្នែកនយោបាយ គឺស្ទើរតែមិនធ្លាប់មានសោះតែម្តង។ ក្នុងឆ្នាំ២០១៤ មានឧបទ្ទវហេតុនៃការស្លាប់ដោយកាំភ្លើងត្រឹមតែ៦ករណីប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកមានរហូតដល់ទៅ៣៣,៥៩៩ករណី។

ប៉ុន្ដែគ្រប់យ៉ាងពិតជាមិនអាចប៉ាន់ស្មានដឹងមុន ហើយរឿងអ្វីក៏អាចកើតឡើងបានដែរ។ ឃាតកដែលធ្លាប់ជាកងទ័ពស្វ័យការពារដែនសមុទ្រជប៉ុន បានប្រើប្រាស់កាំភ្លើងច្នៃដើម្បីបាញ់សម្លាប់លោកអាបេ ហេតុនេះពិតជាពិបាកនៅក្នុងការកំណត់អត្ដសញ្ញាណ។ តែទោះជាយ៉ាងណា វាជាមេរៀននិងជាសារដាស់តឿនដល់ជប៉ុន និងទៅដល់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការរក្សាសន្ដិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បុគ្គលឬឥស្សរជនសំខាន់ៗ។ មិនថាខ្លួនជាប្រទេសធ្លាប់មានសុវត្ថិភាពកម្រិតណាក៏ដោយ ការពង្រឹងលើផ្នែកសន្ដិសុខនៅតែជារឿងសំខាន់មិនអាចធ្វេសប្រហែសបាន។

សម្រាប់កម្ពុជាក្រោយកើតហេតុការណ៍នេះ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៩ ខែកក្កដា បានរៀបចំប្រជុំដកពិសោធន៍មួយជាបន្ទាន់។ នៅក្នុងកិច្ចប្រជុំ លោក ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងបន្ថែមទៀតលើកិច្ចការងារការពារសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺ ការពារសន្តិសុខ សុវត្ថិភាពជូននាយករដ្ឋមន្ត្រី និងលោកជំទាវឱ្យបាន១០០ភាគរយទោះក្នុងតម្លៃណាក៍ដោយ។

អំពើឃាតកម្មលើលោកស៊ីនហ្សូ អាបេនេះទៀតសោត បើគិតពីផលអវិជ្ជមានសម្រាប់ជប៉ុន តិចឬច្រើនពិតជាធ្វើឱ្យប៉ះពាល់កេរ្ដិ៍ឈ្មោះជប៉ុនលើពិភពលោក។ ជាប្រទេសមួយដែលត្រូវបានគេចាត់ទុកថាមានភាពចាស់ទុំផ្នែកប្រជាធិបតេយ្យ តែបែរកើតមានអំពើព្រៃផ្សៃបែបនេះ ចង់ឬមិនចង់ក្ដីបារម្ភពីបញ្ហាសន្ដិសុខនឹងមានដោយចៀសមិនរួច។ ភាពជាគំរូនៃប្រទេសដែលមានសុវត្ថិភាពបំផុត ក៏ទំនងជាត្រូវពិភពលោកផ្លាស់ប្ដូរទស្សនៈ និងដាក់សញ្ញាសួរថា តើនៅថ្ងៃខាងមុខជប៉ុនអាចនឹងផ្ទុះហេតុការណ៍អ្វីទៀត?

និយាយពីបរិបទពិភពលោក ចន្លោះពេលលោកអាបេត្រូវបានបាញ់សម្លាប់ ពិភពលោកកំពុងផ្ទុះរឿងចម្រូងចម្រាស់ធំៗច្រើនណាស់ទៅហើយ ដូចជាសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដ កូវីដ-១៩ក៏មិនទាន់បញ្ចប់ទៅវិញទាំងស្រុង ហើយអឺរ៉ុបក៏កំពុងរង្គោះរង្គើទាំងរឿងនយោបាយផង និងមានបញ្ហាជាមួយរុស្ស៊ីរឿងសង្គ្រាមនៅអ៊ុយក្រែនផង ហើយឥលូវនៅជប៉ុនមានការណីបាញ់សម្លាប់អតីតនាយករដ្ឋមន្ដ្រី ពិតជារុញច្រានឱ្យសណ្ដាប់ធ្នាប់ពិភពលោកកាន់តែវឹកវរ។

គួរបញ្ជាក់ថា លោកស៊ីនហ្សូ អាបេគឺជានាយករដ្ឋមន្ដ្រីដែលកាន់តំណែងយូរជាងគេនៅក្នុងប្រទេសជប៉ុន។ លោកបានស្បថចូលកាន់តំណែងនាយករដ្ឋមន្ដ្រីជប៉ុនលើកដំបូងនៅឆ្នាំ២០០៦ ប៉ុន្ដែនៅឆ្នាំ២០០៧លោកបានប្រកាសចុះចេញពីតំណែងវិញ ក្រោយដឹកនាំប្រទេសបានតែមួយឆ្នាំគត់ មូលហេតុដោយសារមានបញ្ហាសុខភាព។ បន្ទាប់មកលោកបានវិលចូលសង្វៀននយោបាយជាថ្មី ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ លោកអាបេត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីជប៉ុនម្ដងទៀត។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកអាបេបន្ដក្លាយជានាយករដ្ឋមន្ដ្រីអាណត្ដិទីបី ក្រោយអំពាវនាវឱ្យរៀបចំការបោះឆ្នោតមុនកំណត់ ព្រោះស្ថានភាពក្នុងប្រទេសមិនល្អប្រសើរ។ នៅឆ្នាំ២០១៧ ការបោះឆ្នោតជាសកលបានរៀបចំឡើងមុនកំណត់ម្ដងទៀត គឺនៅថ្ងៃទី២២ ខែតុលា ចន្លោះពេលមានការគំរាមកំហែងដោយសារការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង។ រហូតដល់ខែកញ្ញាឆ្នាំ២០២០ក៏ជាពេលវេលាចុងក្រោយ ដោយលោកត្រូវចុះចេញពីតំណែងព្រោះលក្ខខណ្ឌសុភាពមិនអាចឱ្យលោកបន្ដដឹកនាំប្រទេសតទៅទៀត។

ការស្លាប់របស់លោកអាបេ ពិតជាបានធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ពីអ្វីដែលលោកបានផ្ដល់ឱ្យជប៉ុន។ ទីមួយនិងសំខាន់បំផុតនោះ គឺស្ថិរភាព និងសន្ដិសុខ។ មុនពេលលោកអាបេឡើងកាន់អំណាចជាថ្មីក្នុងឆ្នាំ២០១២ ប្រទេសជប៉ុនទើបតែបានជួបនូវគ្រោះមហន្ដរាយដ៏ធំបំផុតតាំងពីសង្គ្រាមលោកលើកទីពីរ គឺការរញ្ជួយដី រលកយក្សស៊ូណាមិ និងការផ្ទុះរលាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា។ ការគ្រប់គ្រងប្រទេសនៅពេលនោះគឺស្ថិតក្នុងភាពវឹកវរ សេដ្ឋកិច្ចជប៉ុនមិនអាចងើបឡើងវិញបានក្រោយដួលរលំទីផ្សារភាគហ៊ុនឆ្នាំ១៩៩២ ហើយក្នុងរយៈពេល២ទសវត្សមុន ជប៉ុនមាននាយករដ្ឋមន្ដ្រីរហូតដល់១៤រូបចូលដឹកនាំប្រទេស ក្នុងនោះមានមួយរូបកាន់តំណែងបានតែ៦៤ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាសម្រាប់លោកអាបេ បានចូលកាន់តំណែងជាមួយនឹងថាមពលដ៏ខ្លាំងក្លា ហើយសំខាន់បំផុតលោកបានបង្កើតផែនការសេដ្ឋកិច្ចមួយដែលលោកបានដាក់ឈ្មោះថា “Abenomics”។ លោកបានប្រកាសថា ជប៉ុនត្រឡប់មកវិញហើយ ស្ដារឡើងវិញនូវវិបត្ដិសាច់ប្រាក់ដែលជប៉ុនបានជួបប្រទះឱ្យងើបឡើងវិញ។

មែនទែនទៅ ដ្បិតថាបានជួយស្ដារសេដ្ឋកិច្ចជប៉ុន ប៉ុន្ដែមហិច្ឆតាពេញមួយជីវិតរបស់លោក គឺបញ្ហាសន្ដិសុខជាតិ។ លោកអាបេបានព្យាយាមបង្កើតសម្ព័ន្ធភាពដែលលោកហៅថា “ប្រទេសប្រជាធិបតេយ្យមានគំនិតដូចគ្នា” រួមមានឥណ្ឌានិងអូស្ដ្រាលី។ លោកក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសម្ព័ន្ធភាព Quad រវាងអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ដ្រាលី។ ប៉ុន្ដែគន្លឹះនៃគោលនយោបាយសន្ដិសុខរបស់ជប៉ុន គឺមានត្រា៩នៃរដ្ឋធម្មនុញ្ញ។ មនុស្សគ្រប់រូបនៅជប៉ុនអាចដឹងអត្ថន័យបាន នៅពេលនរណានិយាយពាក្យនេះ ព្រោះវាគឺជាផ្នែកមួយដ៏សំខាន់នៃរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសសន្ដិភាពនិយម។ នៅក្រោយសម័យសង្គ្រាមត្រជាក់ ជាមួយនឹងការកើនឡើងការគំរាមកំហែងពីចិននិងកូរ៉េខាងជើង លោកអាបេបានប្ដេជ្ញាថា មាត្រា៩ត្រូវតែបោះជំហានទៅមុខ។ អតីតមន្ដ្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប និងជាមិត្ដភក្ដិរបស់លោកអាបេផងបាននិយាយថា “ខ្លឹមសារនៃរដ្ឋធម្មនុញ្ញគឺ ប្រទេសជប៉ុនគួរតែពឹងផ្អែកលើសុច្ឆន្ទៈរបស់ពិភពលោក សម្រាប់សន្ដិសុខរបស់ខ្លួន។”

ប៉ុន្ដែតើត្រូវធ្វើយ៉ាងណា? ការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុនគឺពិបាកខ្លាំង។ វាត្រូវការសំឡេងពីរភាគបីនៅក្នុងសភាទាំងពីររបស់ជប៉ុន ហើយត្រូវមានការគាំទ្រពីការបោះឆ្នោតប្រជាមតិ។ លោកអាបេបានដឹងរឿងទាំងអស់នេះ ប៉ុន្ដែវាមិនអាចទៅរួច។ ដូច្នេះលោកបានចេញដំណោះស្រាយមួយទៀត គឺលោកអនុម័តច្បាប់ “បកស្រាយឡើងវិញ” ដែលអត្ថន័យគឺមាត្រា៩។ លោកបានបកស្រាយឡើងវិញនូវមាត្រា៩ បានន័យថាបើអាមេរិកវាយលុក នោះអាចឱ្យជប៉ុនអះអាងបានពីសិទ្ធិក្នុងការការពារស្វ័យភាពជាសមូហភាព។ យ៉ាងណាមហិច្ឆតាធំបំផុតរបស់លោក ដែលចង់ឱ្យប៉ុនអាចប្រើប្រាស់កម្លាំងទ័ព និងសព្វាវុធដូចមុនសង្គ្រាមលោកលើកទីពីរមិនទាន់ជោគជ័យផង លោកបែរជាត្រូវទទួលមរណភាព។

ជារួម មូលហេតុដែលធ្វើឱ្យលោកអាបេត្រូវបានប្រជាជនជប៉ុនគោរពស្រឡាញ់ ហេតុផលដូចបានរៀបរាប់ត្រួសៗខាងលើ ព្រោះដោយលោកបានដោះស្រាយភាពចម្រូងចម្រាសជាច្រើនអំឡុងពេលលោកដឹកនាំប្រទេស រួមមានជម្លោះជាមួយប្រទេសចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិ និងព្យាយាមពង្រីកកេរ្ដិ៍ឈ្មោះជប៉ុននៅក្នុងពិភពលោក។

រីឯប្រជាប្រិយភាពលោកអាបេនៅលើឆាកអន្ដរជាតិវិញ ចាប់តាំងពីចូលកាន់តំណែងលោកបានបង្កើតទំនាក់ទំនងការទូតយ៉ាងល្អប្រសើរជាមួយប្រទេសជាច្រើនក្នុងពិភពលោក បើទោះបីជាមួយប្រទេសជាគូសត្រូវ តួយ៉ាងមានចិន ក៏លោកបានព្យាយាមសម្របសម្រួលកុំឱ្យមានវិវាទ។ ចំពោះកម្ពុជា លោកស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំជប៉ុនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ដ្រីកម្ពុជា ហើយបន្ដទំនាក់ទំនងនោះរហូតមក។ ជាងនេះទៅទៀត នៅក្នុងអាណត្ដិលោកអាបេជានាយករដ្ឋមន្ដ្រី ជំនួយយ៉ាងច្រើនរបស់ជប៉ុនបានផ្ដល់មកឱ្យកម្ពុជា។ ហេតុដូច្នេះហើយ មិនថាតែមេដឹកនាំកម្ពុជា តែមេដឹកនាំជាច្រើននៅក្នុងពិភពលោក បានផ្ញើសាររំលែកទុក្ខជាហូរហែចំពោះមរណភាពលោកស៊ីនហ្សូ អាបេ៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

7 + fourteen =

This site uses Akismet to reduce spam. Learn how your comment data is processed.