ថ្មីៗនេះមានការបែកធ្លាយនូវឯកសារមួយស្ដីពី ការស្នើសុំឱ្យលុបចោលច្បាប់រំលូតកូននៅអាមេរិក។ នោះគឺជាគម្រោងសេចក្ដីសម្រេចដែលតាក់តែងឡើងដោយចៅក្រមអភិរក្សនិយមលោកSamuel Alito។ ពុំមានការបញ្ជាក់ថា នរណាជាអ្នកធ្វើឱ្យបែកធ្លាយឯកសារនេះទេ ប៉ុន្ដែវាពិតជាបានធ្លាក់ដល់ដៃបណ្ដាញសារព័ត៌មាន ហើយនេះគឺជាករណីកម្របំផុតដែលព័ត៌មានអាចធ្លាយចេញពីប្រព័ន្ធតុលាការកំពូលអាមេរិក។
ជាការពិតណាស់ថា ផ្អែកលើសេចក្ដីសម្រេចRoe v. Wade តុលាការកំពូលអាមេរិកបានសម្រេចចិត្ដជាប្រវត្ដិសាស្ដ្រក្នុងឆ្នាំ១៩៧៣ អនុញ្ញាតឱ្យស្ដ្រីមានផ្ទៃពោះអាចជ្រើសរើសយកការរំលូតកូនដោយគ្មានការហាមឃាត់ ឬរឹតបន្ដឹងនៅទូទាំងអាមេរិក។ ប៉ុន្ដែតាមព័ត៌មានដែលបែកធ្លាយថ្មីៗនេះ កំពុងធ្វើឱ្យមានមន្ទិលថា អាមេរិកអាចវិលទៅរកស្ថានភាពដូចមុនឆ្នាំ១៩៧៣វិញឬយ៉ាងណា។
បើតាមចៅក្រម Samuel Alito ចាត់ទុកការរំលូតកូនជាបញ្ហាអសីលធម៌ និងគ្មានធម្មនុញ្ញអាមេរិកណាមួយចែងការពារសិទ្ធិរំលូតកូនទេ។ លោកថាសេចក្ដីសម្រេច Roe v. Wade ដែលអមុន័តកាលពីជិត៥០ឆ្នាំមុន ការពារសិទ្ធិរំលូតកូនរបស់ស្ដ្រីដោយគ្មានមូលដ្ឋានតាំងពីដំបូងមកម៉្លេះ ដូច្នេះអាមេរិកគួរតែលុបចោលសេចក្ដីសម្រេចនេះ។ យ៉ាងណាមិញ គម្រោងសេចក្ដីសម្រេចចិត្ដបែកធ្លាយប៉ុន្មានថ្ងៃមុន នឹងត្រូវឆ្លងកាត់ការចរចាច្រើនជុំទៀតមុនអាចចេញផ្សាយផ្លូវការបាន។ បើតុលាការកំពូលអាមេរិកសម្រេចលុបចោលសិទ្ធិរំលូតកូនមែន នោះរដ្ឋនីមួយៗរបស់អាមេរិកអាចជ្រើសរើសដោយសេរី ថាគួរហាមឃាត់ឬអនុញ្ញាតឱ្យមានការរំលូតកូន។ ការណ៍នេះត្រូវបានគេមើលឃើញថា បណ្ដារដ្ឋនៅភាគខាងត្បូងនិងកណ្ដាល ដែលសុទ្ធសឹងជាអ្នកអភិរក្សនិយមនិងមានជំនឿខ្លាំងលើសាសនា ច្បាស់ជានឹងលែងឱ្យមានស្ដ្រីរំលូតកូនទៀតហើយ ឬអាចចេញច្បាប់ហាមឃាត់ទាំងស្រុងតែម្ដង។
បើតាមការចុះផ្សាយរបស់កាសែតNew York Times បានបញ្ជាក់ពីរដ្ឋចំនួន១៣នៅអាមេរិកអាចនឹងហាមឃាត់ភ្លាមៗ ឬយ៉ាងឆាប់រហ័សនូវការរំលូតកូន។ រដ្ឋទាំង១៣មានដូចជា Idaho, Wyoming, North Dakota, South Dakota, Utah, Missouri, Oklahoma, Arkansas, Tennessee, Kentucky, Mississippi, Texas និង Louisiana ដោយបានហៅសេចក្ដីសម្រេច Roe v. Wade ឆ្នាំ១៩៧៣ថាជាច្បាប់បង្កហេតុ ដូច្នេះពួកគេនឹងហាមឃាត់ការរំលូតកូននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រសិនបើតុលាការកំពូលអនុញ្ញាត។ ក្នុងចំណោមនោះមានរដ្ឋមួយចំនួនដូចជាKentucky, Louisiana, Oklahoma, South Dakota អាចហាមឃាត់ការរំលូតកូនភ្លាមៗតែម្ដង ខណៈរដ្ឋផ្សេងទៀតដូចជា Idaho បម្រាមអាចមានប្រសិទ្ធភាពនៅរយៈពេល៣០ថ្ងៃ បន្ទាប់ពីតុលាការសម្រេចលុបចោលសេចក្ដីសម្រេចRoe v. Wade។ បណ្ដារដ្ឋដទៃអាចត្រូវការការបញ្ជាក់ពីរដ្ឋអាជ្ញា ឬក្រុមប្រឹក្សានីតិបញ្ញត្ដិសម្រាប់យកការហាមឃាត់នេះឱ្យក្លាយជាច្បាប់ពេញលេញ ដែលដំណើរការអាចចំណាយពេលច្រើនសប្ដាហ៍។ ក្នុងចំណោមរដ្ឋទាំងអស់នេះ ក៏អាចមានករណីលើកលែងចំពោះការរំលូតកូនដែរ ប្រសិនបើសុខភាពស្ដ្រីពពោះអាចមានគ្រោះថ្នាក់ដល់ជីវិត ប៉ុន្ដែរដ្ឋខ្លះក៏មិនទំនងជាអនុញ្ញាតឱ្យរំលូតកូនក្រោយមានផ្ទៃពោះដោយសារការចាប់រំលោភ ឬការសាហាយស្មន់នោះដែរ។
រីឯរដ្ឋចំនួន៥ដែលមានការហាមឃាត់ការរំលូតកូនតាំងពីមុនសេចក្ដីសម្រេចRoe v. Wade មានដូចជា Arizona, Wisconsin, Michigan, West Virginia និង Alabama អាចត្រូវអនុវត្ដរឿងនេះឡើងវិញម្ដងទៀត។ មែនទែនរដ្ឋទាំង៥មានច្បាប់ហាមឃាត់ការរំលូតកូនជាយូរមកហើយ ប៉ុន្ដែគ្មានសុពលភាពដោយសារតែសេចក្ដីសម្រេចRoe v. Wade។ ផ្ទុយទៅវិញច្បាប់នេះអាចនឹងរស់រានជាថ្មី មិនថាការអនុវត្ដក្នុងរដ្ឋនីមួយៗស្ថិតក្នុងភាពស្រពេចស្រពិលក្ដី។
ចំណែកឯរដ្ឋ១៤ទៀត អាចរឹតបន្ដឹងការរំលូតកូនដែលមានអាយុ២២សប្ដាហ៍ឬមុននេះ ហើយភាគច្រើនអាចផ្លាស់ប្ដូរដើម្បីហាមឃាត់នីតិវិធីទាំងស្រុងនៅប៉ុន្មានខែខាងមុខ។ សមត្ថភាពរបស់រដ្ឋក្នុងការកំណត់អាយុកូនដែលអាចរំលូតបាន គឺប្រហែលជានៅអាយុ២៤សប្ដាហ៍ ត្រូវបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចPlanned Parenthood v. Caseyក្នុងឆ្នាំ១៩៩២រួចទៅហើយ។ ដូច្នេះនៅពេលគ្មានសេចក្ដីសម្រេចRoe v. Wade ច្បាប់រដ្ឋដែលរឹតបន្ដឹងការរំលូតកូននៅអាយុប្រហែល២០សប្ដាហ៍ ១៥សប្ដាហ៍ ឬក៏៦សប្ដាហ៍ អាចនឹងចូលជាធរមានវិញ។
សរុបមក ការរំលូតកូនអាចត្រូវបានហាមឃាត់ ឬត្រូវដាក់កម្រិតយ៉ាងតឹងរ៉ឹងនៅក្នុងរដ្ឋយ៉ាងហោចក៏២៨ដែរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ និងប៉ុន្មានខែខាងមុខនេះ។ តែទន្ទឹមគ្នា២២រដ្ឋក្នុងចំណោម៥០រដ្ឋរបស់អាមេរិក ទំនងជានៅតែមិនផ្លាស់ប្ដូរ ដោយរក្សាសិទ្ធិទូលំទូលាយក្នុងការរំលូតកូន ស្របពេលរដ្ឋខ្លះដែលនៅសេសសល់ក៏កំពុងធ្វើការដើម្បីពង្រឹងការការពារការរំលូតកូន ជាពិសេសសម្រាប់អ្នកផ្ដល់សេវាវេជ្ជសាស្ដ្រ។ ចំពោះការសម្រេចចុងក្រោយរបស់តុលាការកំពូលអាមេរិកនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខ។
គួររំលេចឱ្យដឹងថា សូម្បីអតីតអនុប្រធានាធិបតីអាមេរិកលោកMike Pence ក៏ធ្លាប់បានស្នើទៅតុលាការកំពូលឱ្យលុបចោលច្បាប់រំលូតកូននេះដែរ ព្រោះលោកយល់ថាវាជាការសម្រេចចិត្ដខុសបង្កគ្រោះថ្នាក់ដល់ទារកមិនទាន់កើតរាប់លាននាក់។ លោកដាក់ក្ដីរំពឹងថា តុលាការកំពូលនឹងបង្កើតប្រវត្ដិសាស្ដ្រជាមួយការផ្លាស់ប្ដូរពេញលេញនៃសេចក្ដីសម្រេច Roe v. Wade ឆ្នាំ១៩៧៣។ ប៉ុន្ដែគោលបំណងចង់លុបចោលច្បាប់រំលូតកូន ត្រូវបានជំទាស់ដោយពលរដ្ឋអាមេរិករាប់លាននាក់។
មែនទែនទៅ ភាពចម្រូងចម្រាសពាក់ព័ន្ធនឹងសិទ្ធិរំលូតកូននៅសហរដ្ឋអាមេរិកមិនមែនជារឿងថ្មីនោះទេ ព្រោះបាតុកម្មប្រឆាំងនឹងការលុបច្បាប់នេះបានធ្វើឡើងជាច្រើនលើកច្រើនសាមកហើយ។ ជាក់ស្ដែងក្នុងខែធ្នូឆ្នាំ២០២១ ពលរដ្ឋអាមេរិករាប់ម៉ឺននាក់បានប្រមូលផ្ដុំ និងនាំគ្នាដើរពាសពេញទាំង៥០រដ្ឋគាំទ្រឱ្យមានច្បាប់រំលូតកូន។ បាតុកម្មកាលនោះចំពេលរដ្ឋTexasកំណត់ច្បាប់តឹងរ៉ឹងប្រឆាំងនឹងការរំលូតកូន។ ការតវ៉ាក៏បានកើតឡើងជាថ្មីម្ដងទៀតកាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ពោលគឺជាបាតុកម្មឥតព្រាងទុកនៅមុខតុលាការកំពូលតែម្ដង ក្រោយមានព័ត៌មានលេចធ្លាយពីគម្រោងសេចក្ដីសម្រេចលុបចោលច្បាប់រំលូតកូន។ បាតុករដែលភាគច្រើនជាស្ដ្រីបានប្រឆាំងការលុបចោលច្បាប់រំលូតកូន ដោយបារម្ភថាបើសិនច្បាប់នេះត្រូវលុបចោលមែន សិទ្ធិសេរីភាពពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិកអាចនឹងដើរថយក្រោយ។ ជាងនេះទៅទៀត ពួកគេក៏ចង់មានការសម្រេចចិត្ដផ្ទាល់ខ្លួន ពួកគេមិនចង់ក្លាយជាជនរងគ្រោះដោយសារបុរស ហើយក៏មិនចង់ឱ្យជីវិតនិងខ្លួនប្រាណរបស់ខ្លួនឯង ត្រូវបានកំណត់ដោយអ្នកដទៃនោះដែរ។
ករណីរំលូតកូននេះបើផ្សាភ្ជាប់មកប្រទេសកម្ពុជាវិញ ភាពស្របច្បាប់នៃការរំលូតកូនដោយសុវត្ថិភាពនៅកម្ពុជាត្រូវបានណែនាំក្នុងឆ្នាំ១៩៩៧។ យោងតាមបញ្ញត្តិមាត្រា៥ មាត្រា៦ និងមាត្រា៨ នៃច្បាប់ស្តីពីការរំលូតកូននៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យស្ត្រីដែលកំពុងមានគភ៌អាចរំលូតកូនដោយត្រឹមត្រូវ មានសុវត្ថិភាព និងស្របតាមច្បាប់បាន លុះត្រាតែគភ៌(ទារក)នោះមានអាយុក្រោម១២សប្ដាហ៍ និងប្រព្រឹត្ដទៅបានតែនៅមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាលប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើគភ៌មានអាយុលើសពី១២សប្តាហ៍ ការរំលូតកូនអាចទទួលបានការអនុញ្ញាតបានលុះត្រាតែក្នុងពេលធ្វើរោគវិនិច្ឆ័យរកឃើញថា គភ៌នោះមានភវនីយភាពមិនលូតលាស់ដូចប្រក្រតី ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ, កូនដែលនឹងកើតមកអាចមានជម្ងឺធ្ងន់ធ្ងរព្យាបាលពុំជា, ក្នុងករណីដែលត្រូវគេរំលោភបណ្តាលឱ្យមានគភ៌។
ការរំលូតកូននៅកម្ពុជាអាចប្រព្រឹត្តទៅបាន ដោយគិតពីលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ តែត្រូវមានការស្នើសុំពីសាមីខ្លួនផ្ទាល់ ប្រសិនបើសាមីខ្លួននោះមានអាយុ១៨ឆ្នាំឡើង។ ប៉ុន្តែក្នុងករណីស្តី្រនោះអាយុក្រោម១៨ឆ្នាំ ត្រូវមានការស្នើសុំដោយទទូចពីឪពុកម្តាយ ឬ អាណាព្យាបាល និងសាមីខ្លួន ។ ជាមួយគ្នាការសម្រេចនៃបញ្ហានេះ ត្រូវមានការឯកភាពពីក្រុមគ្រួសារចំនួន២ឬ៣រូប រួមទាំងសាមីខ្លួនផង ។
សម្រាប់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ/ឆ្មបមធ្យម ដែលមានភារកិច្ចធ្វើការរំលូតកូន ត្រូវតែពន្យល់ណែនាំដល់ស្ត្រីដែលមានគភ៌មកសុំធ្វើការរំលូតកូន ពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុបណ្តាលមកពីការរំលូតកូននេះ និងពីផលប្រយោជន៍នៃកិច្ចពន្យារកំណើតមុននឹងធ្វើការរំលូតកូន។ ប៉ុន្តែប្រសិនបើសាមីខ្លួននៅតែទទូចសុំធ្វើការរំលូតកូន វេជ្ជបណ្ឌិត ឬគ្រូពេទ្យ/ឆ្មបមធ្យមអាចធ្វើការរំលូតកូនបាន តែត្រូវស្ថិតក្នុងលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ ។
ជារួម ការរំលូតកូនមិនមែនជាអំពើខុសច្បាប់ និងមានសុវត្ថិភាពផងដែរនៅកម្ពុជា ប្រសិនបើគោរពនូវលក្ខខណ្ឌដែលច្បាប់បានកំណត់ និងមានការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឬពេទ្យមធ្យម ឬឆ្មបមធ្យមដែលមានជំនាញច្បាស់លាស់ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព គី្លនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល។ ផ្ទុយទៅវិញ ក្នុងករណីជនទាំងឡាយណាដែលមិនគោរពនូវលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីការរំលូតកូន នោះជនដែលបានប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
ជាការកត់សម្គាល់ បន្ទាប់ពីមានការអនុញ្ញាតឱ្យរំលូតកូនដោយស្របច្បាប់នៅកម្ពុជា បន្តិចម្តងៗចំនួនស្ដ្រីដែលជ្រើសរើសការរំលូតកូនដោយសុវត្ថិភាពហាក់កើនឡើងខ្ពស់។ កន្លងមកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដែលជាអង្គការលើកកម្ពស់សុខភាពរបស់ស្ត្រីបានលើកឡើងថា ប្រជាជនកម្ពុជាកាន់តែច្រើនបានទទួលយកគំនិតនៃការរំលូតកូនដោយសុវត្ថិភាព បើទោះជាប្រឈមនិងការមាក់ងាយពីសង្គមខាងក្រៅក៏ដោយ។ រីឯមន្ដ្រីនៃសមាគមអាដហុកទទួលបន្ទុកផ្នែកស្ត្រីនិងកុមារ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ស្ត្រីតែងតែត្រូវបានគេរើសអើងនៅពេលពួកគេជ្រើសរើសការរំលូតកូន ជាពិសេសប្រសិនបើពួកគេនៅលីវ។ តែយ៉ាងណាមិញ នេះគឺជាការសម្រេចចិត្ដរបស់ពួកគេក្រោមហេតុផលផ្សេងៗ។ យើងក៏មិនហ៊ានស្រមៃដែរថាអាចនឹងមានប្រតិកម្មអ្វីខ្លះកើតឡើង បើសិទ្ធិរំលូតកូនស្របច្បាប់នៅកម្ពុជាត្រូវបានលើកយកមកពិចារណាលុបចោលដូចនៅអាមេរិក។ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជារហូតមកដល់សព្វថ្ងៃ ពុំបានបង្ហាញសញ្ញានៃការសើរើច្បាប់នេះដូចនៅសហរដ្ឋអាមេរិកឡើយ៕
អ្នកនិពន្ធ៖Penh pheng