តើកិច្ចព្រមព្រៀង AUKUS អាចនឹងមានផលប៉ះពាល់ដល់អាស៊ានដែលឬទេ ជាពិសេសនោះគឺការធ្វើជាម្ចាស់ផ្ទះកិច្ចកំពូលអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២?

សម្ព័ន្ធភាពយោធាត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក, អង់គ្លេស និងអូស្ត្រាលីត្រូវបានប្រកាសបង្កើតឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។ តើ AUKUS ជាអ្វីឱ្យពិប្រាកដ? AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសចំនួនបីរួមមាន អូស្ត្រាលី អាមេរិក និងអង់គ្លេស។ កិច្ចព្រមព្រៀងអនុញ្ញាតឱ្យមានការចែករំលែកបច្ចេកវិទ្យា និងភាពឆ្លាតវ័យកាន់តែច្រើនថែមទៀត ហើយអ្វីដែលសំខាន់នោះវាបានផ្តល់ឱកាសឱ្យអូស្រ្តាលីទទួលនូវបច្ចេកវិទ្យាសម្ងាត់ដើម្បីសាងសង់នាវាមុជទឹកដែលដំណើរការដោយ
ថាមពលនុយក្លេអ៊ែរទោះបីជាមិនមានបំពាក់ដោយអាវុធនុយក្លេអ៊ែរក៏ដោយក្ដី។ ជាងនេះទៅទៀតកិច្ចព្រមព្រៀងមួយនេះត្រូវបានគេគត់សម្គាល់ឃើញថា វាបានបង្កើតឡើងដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលនៃប្រទេសចិន ជាពិសេសនោះគឺនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ស្របពេលជាមួយគ្នានេះដែរ បន្ទាប់ពីសមាជិកទាំងបីនៃ AUKUS ចុះកិច្ចព្រមព្រៀងរួចភ្លាមៗនោះ គឺមានការប្រតិកម្មយ៉ាងខ្លាំងពីសមាជិកចាស់វស្សារបស់សហរដ្ឋអាមេរិក គឺប្រទេសបារាំងដោយសារតែប្រទេសអូស្រ្តាលីបានលុបកិច្ចព្រមព្រៀងរបស់ខ្លួនស្ដីពីការទិញនាវារបស់បារាំងដោយបង្វែរមកជ្រើសរើសនាវាដើរដោយ
ថាមពលនុយក្លេអ៊ែរជំនួសវិញ។ កត្តាមួយនេះបាននាំឱ្យបារាំងប្រើពាក្យសម្ដីមួយថា ទង្វើរបស់ប្រទេសទាំងបីគឺជា «ការលួចចាក់ពីក្រោយខ្នង»។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះបញ្ហានេះក៏បានស្ងប់ស្ងាត់ ហើយបារាំងក៏បានយល់ព្រមបញ្ចូនឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅកាន់
ប្រទេសទាំងពីរវិញផងដែរ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron ជួបពិភាក្សាជាមួយប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Joe Biden រួចមក។ ទោះបីជាការបង្កើតនេះបានធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តចាស់របស់ខ្លួនដូចជាបារាំង និងសហភាពអ៊ីរ៉ុបជាដើមក្ដី ប៉ុន្តែមិនមានន័យថាពួកគេអាចបំភ្លេចសហរដ្ឋអាមេរិកបាននោះឡើយ ពួកគេនឹងព្យាយាមដោះស្រាយ និងរកផ្លូវចេញបានដោយសារតែពួកគេនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក។

តើកិច្ចព្រមព្រៀងត្រីភាគីនៃប្រទេសទាំងបីនឹងបង្កជាបញ្ហាប្រឈមអ្វីខ្លះដល់អាស៊ាន?

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «អាស៊ាន» គឺជាតំបន់ដែលគេតែងមើលឃើញថាពោលពេញទៅដោយសន្តិភាព និងការរីកចម្រើនខ្ពស់ផ្នែកសេដ្ឋកិ្ចនៅក្នុងប្រមាណទសវត្សរ៍ចុងក្រោយនេះ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបន្តសហប្រតិបត្តិការ និងទទួលបានផលប្រយោជន៍ជាច្រើនជាពិសេសលើវិស័យសេដ្ឋកិច្ចដែលទទួលបានដោយការបន្តអភិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសចិន ទោះបីជាមានប្រទេសមួយចំនួនមានបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូងក៏ដោយក្ដីក៏ភាគីទាំងពីរបានបន្តពិភាក្សាដោយសន្តិភាពបំផុតដើម្បីផលប្រយោជន៍រួមក្នុងតំបន់។

បន្ទាប់ពីការប្រកាសស្ដីពីការបង្កើត AUKUS និងជំនួយរបស់អាមេរិកដល់អូស្រ្តាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ អ្នកជំនាញ និងប្រទេសមួយចំនួនបានបង្ហាញពីការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការប្រកួតប្រជែកសព្វាវុធក្នុងតំបន់ដែលអាចនឹងកើតឡើងសារជាថ្មីម្ដងទៀត
បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលយូរមកហើយ។ បញ្ហានេះត្រូវបានអ្នកជំនាញជឿជាក់ថាវាមិនត្រឹមតែមានការកម្រាមកំហែងដល់ប្រទេសចិន និងសម្ព័ន្ធមិត្តរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវានឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសក្នុងតំបន់ និងអាស៊ានដែលជាអង្គការក្នុងតំបន់ផងដែរ។ ជាក់ស្ដែងបន្ទាប់ពីការប្រកាសភ្លាមៗនោះមានប្រទេសមួយចំនួនបានសម្ដែងការព្រួយបារម្មណ៍រួចទៅហើយតួយ៉ាងលោក Hishammuddin Hussein រដ្ឋមន្រ្តីការពារជាតិនៃប្រទេសម៉ាឡេស៊ីបានលើកឡើងថា «យើងត្រូវការការយល់ឃើញពីថ្នាក់ដឹកនាំប្រទេសចិនជាពិសេសការការពាររបស់ចិនចំពោះ AUKUS ដែលត្រូវបានប្រកាសដោយប្រទេសទាំងបី ហើយតើសកម្មភាពរបស់ពួកគេយ៉ាងណាបន្ទាប់ពីការប្រកាសនេះ» ដោយលោកបានស្នើឱ្យមានដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសចិនភ្លាមៗតែម្ដង។ ជាងនេះទៅទៀតប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានដាក់ការសន្និដ្ឋានថានាវាមុជទឹកនុយក្លេអ៊ែរអាចនឹងបង្កទៅជាការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់នាពេលដ៏ខ្លីខាងមុខនេះ
ព្រោះថាគ្មាននរណាម្នាក់ធានាបាននោះឡើយថានាវាប្រភេទនេះនឹងមិនបំពាក់ដោយអាវុធនុយក្លេអ៊ែនាពេលអនាគត ខណៈសិង្ហបុរីដែលជាសម្ព័ន្ធមិត្តរបស់អូស្ត្រាលីនៅក្នុងតំបន់បានបង្ហាញគំនិតវិជ្ជមានចំពោះ AUKUS ប៉ុន្តែក៏បានបង្ហាញក្ដីព្រួយបារម្ភផងដែរ។ នេះបានសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាការបង្កើតសម្ព័ន្ធនៃប្រទេសទាំងបីអាចនឹងជាសញ្ញាអវិជ្ជមានដល់សន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ពិតប្រាកដមែន។

កិច្ចប្រជុំកំពូលអាស៊ានលើកទី១២ នាទីក្រុងភ្នំពេញ កម្ពុជា

កម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ ខាងមុខនេះនៅមិនទាន់បានបង្ហាញពីប្រតិកម្ម និងធ្វើសេចក្ដីអត្ថាធិប្បាយអ្វីយ៉ាងណាក្ដីប៉ុន្តែវាអាចនឹងក្លាយជាប្រធានបទមួយដែលអាស៊ានត្រូវតែដោះស្រាយ និងធានាឱ្យបាននូវសន្តិសុខក្នុងតំបន់ដើម្បីធានាថាគ្មានវត្តមានអាវុធនុយក្លេអ៊ែរក្នុងតំបន់ដែលស្របទៅនឹងសន្ធិសញ្ញាគ្មាន
អាវុធនុយក្លេអ៊ែរក្នុងតំបន់ (Treaty of Southeast Asia Nuclear Weapon-Free Zone) ចុះហត្ថលេខាដោយសមាជិកអាស៊ាននៅឆ្នាំ១៩៩៥ ដែលតម្រូវឱ្យបណ្ដាប្រទេសជាសមាជិកប្ដេជ្ញាមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។ អាស៊ាន គឺជាតំបន់ដែលមានការរីកចម្រើន
ពោលពេញទៅដោយសន្តិភាព និងអព្យាក្រឹត្យភាពដោយផ្អែកទៅលើផ្លូវរបស់អាស៊ាន (ASEAN Way)ដោយសមាជិកត្រូវយកគោលការណ៍កុងសង់ស៊ុស និងមិនលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។ ក្នុងន័យនេះកម្ពុជាត្រូវធ្វើការធ្ងន់ព្រោះដំណោះស្រាយត្រូវតែជាការសម្រេចចិត្តរួម ហើយកម្ពុជាត្រូវមានចំហរច្បាស់ថាតើកម្ពុជាមើលឃើញសន្ធិសញ្ញានេះជាការកម្រាមកំហែង ឬយ៉ាងណា? កម្ពុជាមិនអាចដោះស្រាយបញ្ហានេះ
ផ្ទាល់ដោយឯកឯងបានទេ ដូច្នេះហើយការធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន គឺជាឱកាសរបស់កម្ពុជាក្នុងការបង្ហាញនូវភាពជាអ្នកដឹកនាំរបស់ខ្លួន ឬវានឹងក្លាយជាការកម្រាមកំហែងដល់កិត្តិយសរបស់កម្ពុជាប្រសិនបើបរាជ័យក្នុងការដឹកនាំអាស៊ានជាថ្មីម្ដងទៀតបន្ទាប់ពីបានទទួល
ការរិះគុណយ៉ាងចាស់ដៃកាលពីឆ្នាំ២០១២ ទាន់ទងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

1 + 14 =

This site uses Akismet to reduce spam. Learn how your comment data is processed.