កម្ពុជាជាប្រទេសតូចប៉ុន្ដែលំហប្រជាធិបតេយ្យមិនតូចនោះទេផ្ទុយទៅវិញកាន់តែប្រសើរជាងមុន

នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ចាំបាច់ត្រូវតែធ្វើឱ្យប្រជាធិបតេយ្យមានភាពរឹងមាំ និងកាន់តែល្អប្រសើរ។ ចំពោះកម្ពុជា ក៏កំពុងជំរុញឱ្យលំហប្រជាធិបតេយ្យកាន់តែល្អប្រសើរជាងមុន។ តើការវិវឌ្ឍនៃប្រជាធិបតេយ្យនៅកម្ពុជា អាចមើលឃើញតាមរយៈរូបភាពអ្វីខ្លះ? មុននឹងពិស្ដារពីបញ្ហានេះ យើងមកស្វែងយល់ជាមុនសិនថា “ប្រជាធិបតេយ្យ” មានន័យដូចម្ដេច?

“ប្រជាធិបតេយ្យ” អាចនិយាយបានថាជាទម្រង់នៃការគ្រប់គ្រងរដ្ឋដែលសិទ្ធិ និងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិ ស្ថិតនៅក្នុងដៃរបស់ពលរដ្ឋ ហើយដាច់ខាតត្រូវមានប្រព័ន្ធធានាដល់ការប្រើសិទ្ធិ និងអំណាចជាម្ចាស់របស់ប្រជាពលរដ្ឋជាអចិន្ដ្រៃយ៍។ រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលមួយដែលបង្កើតឡើងដោយប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ។ ដោយប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនដោយចំមុខ និងមានតម្លាភាព របស់ប្រជាពលរដ្ឋ គឺពលរដ្ឋជាអ្នកបោះ និងទម្លាក់តំណាងនោះពីតំណែងវិញ នៅពេលតំណាងនោះមិនធ្វើការឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ គឺតំណាងត្រូវបំពេញការងារដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដែលតម្រូវដោយប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋ ដែលមានតុល្យភាពអំណាចរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។

ចំពោះដំណើរការប្រជាធិបតេយ្យ ជាដំណើរការនៃការចូលរួមក្នុងគ្រប់កិច្ចការប្រទេសជាតិនៃពលរដ្ឋជាម្ចាស់សិទ្ធិ និងម្ចាស់អំណាច។ ដំណើរការប្រជាធិបតេយ្យរួមមាន៖ ដំណើរការចូលរួមការបោះឆ្នោត និងដកតំណាងគ្រប់ប្រភេទ, ចូលរួមតាមដានកិច្ចការដែលទាក់ទងនឹងប្រទេសជាតិ ចូលរួមជាមួយគណបក្សនយោបាយ អង្គការសង្គមនានា សមាគម សហជីព សហគមន៍ អង្គការសង្គមស៊ីវិល។ល។ចូលរួមសម្ដែងឆន្ទៈ តាមរយៈបាតុកម្ម ឬកូតកម្ម រួមទាំងការសម្ដែងឆន្ទៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ រាល់ដំណើរការប្រជាធិបតេយ្យត្រូវគោរពគោលការណ៍ដែលប្រជាពលរដ្ឋជាម្ចាស់អំណាច តែក្នុងករណីភាពជាម្ចាស់របស់ប្រជាពលរដ្ឋត្រូវបានរំលោភ ការអនុវត្ដនោះពុំតាមប្រជាធិបតេយ្យឡើយ។

យើងអាចទាញយកមួយផ្នែកនៃដំណើរការប្រជាធិបតេយ្យ គឺការចូលរួមបោះឆ្នោតជ្រើសរើសតំណាង មកផ្ទៀតផ្ទាត់ពីប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តើពិតជាមានភាពទូលំទូលាយឬក៏រឹតត្បិតដូចការចោទប្រកាន់មួយចំនួនតូច?

ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាង កម្ពុជាទើបបានបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី០៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ប៉ុន្ដែអ្វីដែលមិនទាន់ចប់គឺការបន្ដកើតទុក្ខមិនសុខចិត្ដពីសំណាក់គណបក្សនយោបាយមួយចំនួន។ ក្នុងនោះជាអាទិ៍គណបក្សដែលបានចេញសេចក្ដីថ្លែងការណ៍មិនពេញចិត្ដនឹងដំណើរការបោះឆ្នោត មានដូចជាគណបក្សភ្លើងទៀន គណបក្សកម្ពុជានិយម និងគណបក្សឆន្ទៈខ្មែរ ដោយចាត់ទុកការបោះឆ្នោតឃុំ-សង្កាត់អាណត្ដិទី៥នេះ មានលក្ខណៈមិនត្រឹមត្រូវ មានភាពមិនប្រក្រតី និងមិនយុត្ដិធម៌ ដោយអះអាងថាមើលឃើញពីការគំរាមកំហែង ចេតនាបិទបាំងមិនឱ្យអ្នកសង្កេតការណ៍ ឬភ្នាក់ងារគណបក្សនយោបាយអាចមើលឃើញពីទិដ្ឋភាពរាប់សន្លឹកឆ្នោត។ ចំណែកឯគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ បានអះអាងតាមរយៈការធ្វើសន្និសីទកាសែតកាលពីថ្ងៃ០៧មិថុនា មិនពេញចិត្ដនឹងដំណើរការរៀបចំការបោះឆ្នោតដូចគ្នា។ ជារួមគណបក្សទាំងនេះចាត់ទុកដំណើរការបោះឆ្នោត មិនបានប្រព្រឹត្ដទៅត្រឹមត្រូវតាមគន្លងប្រជាធិបតេយ្យនោះឡើយ។

តើការបោះឆ្នោតនៅកម្ពុជាដែលទើបបញ្ចប់ប៉ុន្មានថ្ងៃមុននេះ ពិតជាមិនត្រឹមត្រូវ មិនយុត្ដិធម៌ មិនឆ្លុះបញ្ចាំងថាកម្ពុជាអនុវត្ដតាមប្រជាធិបតេយ្យមែន ឬគ្រាន់ជាលេសចោទប្រកាន់របស់គណបក្សដែលទទួលការគាំទ្រតិច?

មែនទែនទៅប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យស្ទើរទាំងអស់ តែងតែលេចលឺនូវបាតុភាពមិនប្រក្រតីនៅក្រោយពេលបោះឆ្នោតបិទបញ្ចប់ គ្រាន់តែមានតិចឬច្រើន ហើយកើតមានពិតប្រាកដ ឬមួយជាព័ត៌មានបំប៉ោងពីគណបក្សប្រឆាំង គណបក្សក្រៅរដ្ឋាភិបាល។ ជាក់ស្ដែងសូម្បីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យនៅលើលោក និងជាប្រទេសដែលតែងដើរសាបព្រោះប្រជាធិបតេយ្យក្នុងប្រទេសផ្សេង ក៏ធ្លាប់មានការចោទប្រកាន់ និងការមិនពេញចិត្ដជាមួយនឹងលទ្ធផលនៃការបោះឆ្នោតផងដែរ។ តួយ៉ាងដូចកាលបោះឆ្នោតឆ្នាំ២០២០ ជាការប្រកួតប្រជែងរវាងលោកដូណាល់ ត្រាំមកពីបក្សសាធារណរដ្ឋ ជាមួយលោកចូ បាយដិនមកពីបក្សប្រជាធិបតេយ្យ កាលនោះលោកត្រាំមិនទទួលយកលទ្ធផល និងចោទថាមានការលួចបន្លំសន្លឹកឆ្នោតថែមទៀតផង។

ដូចគ្នាអ៊ីចឹងដែរ ការបោះឆ្នោតនៅកម្ពុជាដែលទើបបញ្ចប់នេះ លែងអីនឹងមានការមិនពេញចិត្ដដ្បិតថាកម្ពុជាជាប្រទេសតូចមួយទើបងើបចេញពីសង្គ្រាម ហើយដើរលើផ្លូវប្រជាធិបតេយ្យមិនបានយូរប៉ុន្មាន ប៉ុន្ដែកម្ពុជាក៏មានសមត្ថភាពអាចរៀបចំឱ្យមានការបោះឆ្នោតបានមិនចាញ់ប្រទេសមានប្រជាធិបតេយ្យចាក់ឫសរាប់សិបឆ្នាំមកនោះទេ។ មានគណបក្សនយោបាយមិនពេញចិត្ដនឹងដំណើរការរៀបចំការបោះឆ្នោត ប៉ុន្ដែក៏មានគណបក្សចេញសេចក្ដីថ្លែងការណ៍គាំទ្រ ដោយគិតត្រឹមពេលនេះបក្សគាំទ្រដំណើរការបោះឆ្នោតមានច្រើនជាងបក្សប្រឆាំងទៅទៀត។ ក្នុងនោះមានគណបក្សយុវជណកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរស្រឡាញ់ជាតិជាដើម បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា ការបោះឆ្នោតឃុំ-សង្កាត់បញ្ចប់កាលពីថ្ងៃទី០៥មិថុនា សេរីត្រឹមត្រូវ យុត្ដិធម៌ និងគ្មានរូបភាពគំរាមកំហែងឡើយ។

ចំណែកឯក្រុមសមាគមពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ដូចជាក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិជាច្រើនដូចជា CDI, CAPDI, ICAPP, IPTP និង AIPA ដែលបានចូលរួមសង្កេតនិងវាយតម្លៃពីការបោះឆ្នោត សុទ្ធតែបានអះអាងច្បាស់ថាៗ ការបោះឆ្នោតឃុំ-សង្កាត់អាណត្ដិទី៥នៅកម្ពុជា ពិតជាមានដំណើរការល្អប្រសើរ ប្រកបដោយភាពរលូន ត្រឹមត្រូវ សេរី យុត្ដិធម៌ និងមានតម្លាភាព។

និយាយពីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច មិនបានខ្វល់ពីការវាយប្រហារឬមតិប្រឆាំងណាមួយឡើយ ពោលគឺបក្សមួយនេះបានអះអាងពីភាពត្រឹមត្រូវរបស់ខ្លួន ហើយក៏ថែមទាំងបានបង្ហាញពីជោគជ័យដ៏អស្ចារ្យបន្ដទៀតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្ដិទី៥នេះ ព្រោះគ្រប់គ្រងតំណែងមេឃុំ-ចៅសង្កាត់ស្ទើរតែទាំងស្រុង មិនថារងនូវការចោទប្រកាន់ថាជាអ្នកគប់គិតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីបន្លំសន្លឹកឆ្នោតឬយ៉ាងណាក៏ដោយ។ ទាំងបក្សប្រជាជនក៏បានច្រានចោលការចោទប្រកាន់ថាគ្មានមូលដ្ឋាន ហើយគ.ជ.បក៏បានបំភ្លឺរួចរាល់ថាគ្មានរូបភាពលួចបន្លំសន្លឹកឆ្នោត ការគំរាមកំហែង បំបិទសិទ្ធិសេរីភាពណាមួយកើតឡើងនោះទេ ព្រោះគ.ជ.បបានអនុវត្ដត្រឹមត្រូវតាមច្បាប់បោះឆ្នោត។ បើសិនគណបក្សណាមិនអាចទទួលយកបាន អាចដាក់ពាក្យប្ដឹងមកគ.ជ.ប។

លោកសុខ ឥសានអ្នកនាំពាក្យប្រជាជនកម្ពុជាបានបញ្ជាក់ក្រោយបញ្ចប់ការបោះឆ្នោតថា មូលហេតុដែលប្រជាពលរដ្ឋគាំទ្រទៅលើគណបក្សប្រជាជន ដោយសារតែបក្សមានកម្មវិធីនយោបាយត្រឹមត្រូវ ផ្សារភ្ជាប់ជាមួយនឹងឧត្ដមគតិ ឧត្ដមប្រយោជន៍របស់ប្រទេស និងផលប្រយោជន៍របស់ប្រជាជន នេះជាចំណុចទី១។ រីឯចំណុចទី២ គណបក្សប្រជាជនមានមន្ដ្រីដែលដាក់ខ្លួនដាក់កាយធ្វើការបម្រើប្រជាជនដោយស្មោះត្រង់ ហើយទី៣ ដោយសារប្រជាជនមានទំនុកចិត្ដ និងមើលឃើញជាក់ស្ដែងពីការអភិវឌ្ឍប្រទេសជាតិ និងមូលដ្ឋានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្ដិនេះ លោកសុខ ឥសានថា បានប្រព្រឹត្ដទៅដោយតម្លាភាព មានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ ប្រជាជនកម្ពុជាបានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដី។

រីឯលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានលើកឡើងក្នុងឱកាសជួបជាមួយអ្នកសង្កេតការណ៍អន្ដរជាតិមុនពេលបោះឆ្នោតថា លោកពិតជាមានមោទកភាពចំពោះការប្រែក្លាយកម្ពុជាពីប្រទេសល្បីល្បាញខាងធ្វើសង្គ្រាម កាប់សម្លាប់ប្រល័យពូជសាសន៍ មកជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។ លោកនាយករដ្ឋមន្ដ្រីរំលេចអំពីប្រវត្ដិសាស្ដ្ររបស់កម្ពុជាដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ និងថាពេលលោកចូលមកភ្នំពេញដំបូងបានជួបមនុស្សតែ៧០នាក់ប៉ុណ្ណោះ នៅភ្នំពេញពេលនោះជាវាលរហោស្ថានមិនដូចភ្នំពេញសព្វថ្ងៃមានការកកស្ទះចរាចរណ៍ផង និងអគារខ្ពស់ៗផង។ នេះសបញ្ជាក់ឱ្យឃើញថាកម្ពុជាបានអភិវឌ្ឍខ្លួនជាបន្ដបន្ទាប់ ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ដ មានសន្ដិភាពពេញលេញ។ បើគ្មានសន្ដិភាព កុំថាឡើយប្រជាធិបតេយ្យ សូម្បីជីវិតក៏មិនប្រាកដថាអាចរក្សាគង់នោះដែរ។

សរុបមក លំហប្រជាធិបតេយ្យនៅកម្ពុជាថ្វីបើមិនទាន់អាចនិយាយថាល្អប្រសើរឥតខ្ចោះ ប៉ុន្ដែកម្ពុជាក៏បាននិងកំពុងអភិវឌ្ឍបន្ដិចម្ដងៗ។ ប្រជាជនគ្រប់រូបមានសិទ្ធិពេញលេញដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ក្នុងការជ្រើសរើស និងគាំទ្រចំពោះបុគ្គល ឬគណបក្សនយោយបាយដែលខ្លួនពេញចិត្ត ដែលទុកចិត្តថានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនរុងរឿងនិងសុខុដុមរមនា។ អ្វីទាំងអស់នេះ ក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ទើបដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាអាចប្រព្រឹត្ដទៅដោយរលូន ដែលមានការបោះឆ្នោតឃុំ-សង្កាត់ទើបបិទបញ្ចប់នេះជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញអ្វីដែលបានលើកឡើង ពលរដ្ឋជាម្ចាស់ឆ្នោតអាចវាយតម្លៃដោយយោងទៅលើការសង្កេតផ្ទាល់ខ្លួន។ នៅកម្ពុជាសព្វថ្ងៃ ពលរដ្ឋមានចំណេះដឹងកាន់តែច្រើនជាងមុន អាចសម្រេចចិត្ដដោយឯករាជ្យ ហើយរឿងកម្ពុជាមានប្រជាធិបតេយ្យឬមិនប្រជាធិបតេយ្យ ក៏ពលរដ្ឋអាចមានលទ្ធភាពស្វែងយល់បានដែរ៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

6 − 4 =

This site uses Akismet to reduce spam. Learn how your comment data is processed.