តើគណបក្សភ្លើងទៀនអាចបន្ដដំណើរដល់ពេលណា?

“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់លោកសម រង្ស៊ី។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់គណបក្សនយោបាយបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គលជាសញ្ញាសម្គាល់ឬរូបគណបក្ស ត្រូវតែផ្លាស់ប្តូរនៅក្នុងអំឡុងពេល៩០ថ្ងៃ បើមិនដូច្នោះទេគណបក្សទាំងនោះនឹងប្រឈមមុខច្បាប់។

បន្ទាប់ពីផ្លាស់ប្ដូរឈ្មោះ គណបក្សភ្លើងទៀនដែលបច្ចុប្បន្នមានលោកទាវ វណ្ណុលជាប្រធាន បានបន្ដសកម្មភាពនយោបាយជាប្រក្រតី ហើយក៏ទើបបានចូលរួមការបោះឆ្នោតឃុំ/សង្កាត់កាលពីថ្ងៃទី០៥ ខែមិនថុនា ឆ្នាំ២០២២ផងដែរ។ តាមលទ្ធផលផ្លូវការ គណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្រច្រើនជាងគេទីពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ខណៈគណបក្ស១៥ផ្សេងទៀតស្ថិតនៅពីក្រោយ។

តែថ្វីបើទទួលលទ្ធផលល្អប្រសើរ គណបក្សភ្លៀងទៀនក៏រងនូវព្យុះភ្លៀងមិនតិចដែរ ពិសេសគឺមន្ដ្រីបក្សនេះមួយចំនួនកំពុងមានរឿងក្ដីក្ដាំជាប់ខ្លួន។ ដូច្នេះហើយទើបធ្វើឱ្យមានសំណួរចោទឡើងថា តើគណបក្សភ្លើងទៀនអាចបន្ដដំណើរដល់ពេលណា?

សំណួរនេះពិបាកនឹងរកចម្លើយ ព្រោះជីវិតនយោបាយរបស់គណបក្សភ្លើងទៀនអាចបន្ដដល់ពេលណា ក៏អាស្រ័យទៅលើសកម្មភាពរបស់ខ្លួនផ្ទាល់។ អ្វីដែលសំខាន់កុំឱ្យតែថ្នាក់ដឹកនាំ ឬមន្ដ្រីរបស់បក្សទៅប្រព្រឹត្ដទង្វើខុសច្បាប់នាំឱ្យប៉ះពាល់ដល់បក្ស ឬក៏ធ្វើឱ្យអ្នកគាំទ្របាត់បង់ជំនឿចិត្ដ មិនអ៊ីចឹងទេវាសនានៅថ្ងៃខាងមុខពិតជាពិបាកនឹងកំណត់។

ប៉ុន្ដែដូចបញ្ជាក់ គណបក្សភ្លើងទៀនសព្វថ្ងៃបានជួបបញ្ហាប្រឈមមួយចំនួន។ តួយ៉ាងអនុប្រធានគណបក្សលោកសុន ឆ័យ កំពុងរងបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា។ ក្នុងការធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយ លោកសុន ឆ័យត្រូវគណបក្សប្រជាជនកម្ពុជាចាត់ទុកថាបានបំភ្លៃខុសការពិត ផ្ដល់ព័ត៌មានក្លែងក្លាយក្នុងចេតនាទម្លាក់កំហុស និងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយសគណបក្សប្រជាជនកម្ពុជា។ តាមរយៈមេធាវីរបស់ខ្លួនគណបក្សកាន់អំណាចមួយនេះក៏សម្រេចប្ដឹងលោកសុន ឆ័យអនុប្រធានបក្សភ្លើងទៀន ដោយស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពិនិត្យចោទប្រកាន់ និងផ្ដន្ទាទោសលើលោកសុន ឆ័យតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្ដជូនគណបក្សប្រជាជនចំនួន៤ពាន់លានរៀល ស្នើនឹង១លានដុល្លារ។

 

 

ក្រៅពីគណបក្សប្រជាជនកម្ពុជា គ.ជ.បក៏ដាក់ពាក្យប្ដឹងលោកសុន ឆ័យមួយជាន់ទៀតកាលពីថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងពាក្យបណ្ដឹងដាក់ទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គ.ជ.បលើកអង្គហេតុដែលលោកសុន ឆ័យធ្វើអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយ ដោយលោកថាគ.ជ.បមិនឯករាជ្យ មិនយុត្ដិធម៌ ហើយលទ្ធផលបោះឆ្នោតឃុំ/សង្កាត់មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋជាដើម។

ការលើកឡើងរបស់លោកសុន ឆ័យ គ.ជ.បថាពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នគ.ជ.ប ដែលត្រូវបំពេញកិច្ចការដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហេតុនេះគ.ជ.ប បានសម្រេចដាក់ពាក្យប្ដឹងលោកសុន ឆ័យ ពីបទបរិហារកេរ្ដិ៍ជាសាធារណៈ តាមបញ្ញត្ដិមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងស្នើធ្វើលិខិតសុំទោសគ.ជ.បជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។

រីឯមេឃុំទើបជាប់ឆ្នោតថ្មីរបស់គណបក្សភ្លើងទៀននៅខេត្ដកំពង់ធំ លោកញឹម សារ៉ុម ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ខែមិថុនា ពីបទប្លន់ដែលកើតមានតាំងពី២០ឆ្នាំមុន។ លោកញឹម សារ៉ុមជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពតែបួនរូបប៉ុណ្ណោះរបស់គណបក្សភ្លើងទៀនដែលឈ្នះតំណែងមេឃុំ។ តែមួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី២២ខែមិថុនា លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ទោះបីជាអាចនៅក្រៅឃុំបាន វានៅតែជាក្ដីព្រួយបារម្ភមួយដដែលសម្រាប់មេឃុំទើបជាប់ឆ្នោតរូបនេះ។

ដោយឡែកមន្ដ្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនលោកថាច់ សេដ្ឋាឯណោះវិញ ក៏ធ្លាប់រងបណ្ដឹងផ្លូវច្បាប់ផងដែរ។ ជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមផងនោះ លោក ថាច់ សេដ្ឋា ត្រូវបានក្រុមហ៊ុនបញ្ចាំមួយដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញអំឡុងឆ្នាំ២០១៨ ដោយប្តឹងពីបទឆបោកលើករណីលួចយកប្លង់ទ្រព្យសម្បត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោមមកបញ្ចាំដើម្បីធានាបំណុលផ្ទាល់ខ្លួនមានទឹកប្រាក់ចំនួន៣៣,៤០០ដុល្លារអាមេរិក។ លោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសំណូមពរឱ្យតុលាការផ្តន្ទាទោសលោកថាច់ សេដ្ឋាតាមច្បាប់ និងសងជំងឺចិត្តចំនួន៥៣,៤០០ដុល្លារសហរដ្ឋអាមេរិក។ តាមប្រភពព័ត៌មានបញ្ជាក់ទៀតថា លោក ថាច់ សេដ្ឋាក៏បានចេញសែកអត់លុយចំនួនប៉ុន្មានសន្លឹកទៀតឱ្យជនរងគ្រោះ។

តាមអ្វីដែលបានរៀបរាប់សបញ្ជាក់ថា មន្ដ្រីរបស់គណបក្សភ្លើងទៀនចាប់ពីថ្នាក់លើដល់ថ្នាកមូលដ្ឋាន មានបីរូបហើយដែលមានពាក់ព័ន្ធនឹងបណ្ដឹងផ្លូវច្បាប់។ ដូច្នេះប្រសិនពួកគេពិតជាប្រព្រឹត្ដខុសហើយរកឃើញទោសកំហុសមែន ចង់ឬមិនចង់វាពិតជាប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះគណបក្សដោយសារមានមន្ដ្រីធ្វើខុសច្បាប់ ហើយសន្ទុះនៃការគាំទ្រក៏អាចប្រែប្រួលទៅតាមនោះដែរ។ ក្នុងករណីពលរដ្ឋបាត់បង់ទំនុកចិត្ដ លទ្ធភាពដែលបក្សភ្លើងទៀនអាចប្រជែងជាមួយគណបក្សប្រជាជននឹងមានកាន់តែតិច ហើយបក្សនេះក៏មិនអាចក្លាយជាបក្សប្រឆាំងធំបំផុតនៅកម្ពុជាបានទៀតដែរ។

ចង់បន្ដជីវិតនយោបាយបានយូរអង្វែងតែធ្វេសប្រហែសមិនគោរពច្បាប់ ទោះមានអាយុកាលជាង២០ឆ្នាំមកហើយក្ដី គណបក្សភ្លើងទៀនក៏គង់តែអាចបាត់ឈ្មោះពីសង្វៀននយោបាយបានដូចគណបក្សសង្គ្រោះជាតិ ព្រោះកម្ពុជាមានច្បាប់មិនអាចឱ្យអ្នកនយោបាយ និងបក្សនយោបាយណាមួយមកបំពានច្បាប់ ឬបង្កភាពអនាធិបតេយ្យបានឡើយ។

រឿងដែលគួរព្រួយបារម្ភមួយទៀត ភាពលេចធ្លោនៃគណបក្សភ្លើងទៀន ហាក់កើតឡើងចំពេលលោកកឹម សុខាកំពុងស្ថិតក្នុងបម្រាមនយោបាយនៅឡើយ។ លោកកឹម សុខាមិនទាន់បានប្រឡូកក្នុងនយោបាយជាថ្មី ព្រោះជាប់បម្រាមនយោបាយ៥ឆ្នាំ។ ប៉ុន្ដែនៅពេលលោកកឹម សុខាមានសិទ្ធិចូលធ្វើនយោបាយវិញ ហើយទៅប្រមូលកម្លាំងជាមួយគណបក្សក្រៅរដ្ឋាភិបាលណាមួយដែលលោកពេញចិត្ដ ដ្បិតមានបក្សខ្លះប្រកាសបើកទ្វារស្វាគមន៍រូបលោករួចជាស្រេចហើយនោះ ថាមិនត្រូវលោកអាចរកសំឡេងគាំទ្របានច្រើនជាងគណបក្សភ្លើងទៀនផងក៏មិនដឹង។

លោកកឹម សុខាទើបប្រកាសបញ្ចប់ទំនាក់ទំនងជាមួយលោកសម រង្ស៊ី ហេតុនេះបើសិនលោកកឹម សុខាកៀរគរអ្នកគាំទ្របានច្រើនក្លាយជាបក្សប្រឆាំងធំបំផុតនៅកម្ពុជា ឥទ្ធិពលរបស់គណបក្សភ្លើងទៀននឹងកាន់តែចុះខ្សោយ នៅពេលនោះហើយកាន់តែពិបាកប៉ាន់ស្មានពីជោគវាសនារបស់បក្សនេះ ដែលទំនងអាចរស់ដើម្បីតែកំដរឆាកនយោបាយ ប៉ុន្ដែគ្មានលទ្ធភាពយកឈ្នះក្នុងសង្វៀននយោបាយបាន៕

អ្នកនិពន្ធ៖Penh pheng

Leave a Reply

Your email address will not be published. Required fields are marked *

3 + five =

This site uses Akismet to reduce spam. Learn how your comment data is processed.