“ចារកម្មអាមេរិក “CIA ” ជាអ្នកនៅពីក្រោយការផ្តួលរំលំរដ្ឋាភិបាលប្រទេសជាច្រើនក្នុងពិភពលោក”


Central Intelligence Agency គឺជាឈ្មោះពេញនៃទីភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគេហៅថា «CIA»។ បង្កើតឡើងនៅឆ្នាំ១៩៤៧ CIA មានប្រភពចេញពីទីភ្នាក់ងារចារកម្មអាមេរិក សម្រាប់សង្រ្គាមលោកលើកទីពីរហៅថា Office Strategic Servives (OSS)។ មុនពេលមានទីភ្នាក់ងារ CIA និង OSS ការងារចារកម្មនៅក្រៅប្រទេស និងការទប់ទល់ចារកម្មពីបរទេស ត្រូវបានធ្វើឡើងដោយយោធាអាមេរិកនិង ទីភ្នាក់ងារស៉ើបអង្កេត ឬប៉ូលិសសហព័ន្ធរបស់អាមេរិកហៅថា Federal Bureau of Investigation (FBI) ប៉ុន្តែការងារនោះពុំបានប្រព្រឹត្តទៅដោយរលូនឡើយ។

មែនទែនទៅ សហរដ្ឋអាមេរិកគឺជាមហាអំណាចចុងក្រោយគេ បើនិយាយពីការបង្កើតទីភ្នាក់ងារចារកម្ម ដែលទទួលបន្ទុកប្រមូលព័ត៌មានសម្ងាត់ សម្រាប់ថ្នាក់ដឹកនាំប្រទេស។ ជាការពិត គឺរហូតទាល់តែដល់ឆ្នាំ១៩៤២ ទើបអាមេរិកមានទីភ្នាក់ងារចារកម្មច្បាស់លាស់មួយ។ នៅមុនឆ្នាំ១៩៤២ ការងារចារកម្មអាមេរិក ត្រូវបានធ្វើឡើងដោយខាងកងទ័ពជើងទឹកផង ទ័ពជើងគោកផង និងទីភ្នាក់ងារ FBI ផងរបស់អាមេរិក។ ប្រការនេះបានធ្វើឲ្យពេលខ្លះមានភាពជាន់គ្នា ខ្វះការសម្របសម្រួល និងកើតគំនិតប្រកួតប្រជែងគ្នាជាដើម។ នៅឆ្នាំ១៩៤៧ សភាអាមេរិកបានអនុម័តច្បាប់សន្តិសុខជាតិ ដែលផ្តល់កំណើតឲ្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក NSC ហើយនៅក្រោមនោះគឺទីភ្នាក់ងារ CIA។ CIA របស់អាមេរិកភាគច្រើនត្រូវគេប្រៀបប្រដូចទៅនឹងទីភ្នាក់ងារចារកម្ម របស់សហភាពសូវៀត KGB។ ប៉ុន្តែខុសពី KGB គឺទីភ្នាក់ងារ CIA ត្រូវបានច្បាប់សន្តិសុខជាតិអាមេរិក ហាមឃាត់មិនឲ្យធ្វើសកម្មភាពចារកម្ម នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកផ្ទាល់ឡើយ ពោលគឺប្រតិបត្តិការរបស់ CIA ត្រូវធ្វើឡើងនៅក្រៅ។


រចនាសម្ព័ន្ធនិងភារកិច្ចរបស់ទីភ្នាក់ងារ CIA ដឹកនាំដោយនាយកម្នាក់ និងនាយករងម្នាក់ ក្នុងចំណោមអ្នកទាំងពីរអាចមានម្នាក់ជាមន្រ្តីយោធា។ ទីភ្នាក់ងារ CIA ត្រូវបានបែងចែកជា៤នាយកដ្ឋានធំៗ។ នាយកដ្ឋានការណ៍សម្ងាត់ នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ចុងក្រោយគេគឺនាយកដ្ឋានរដ្ឋបាល។

សកម្មភាពរបស់ CIA ការបញ្ចេញឯកសារសម្ងាត់ជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលអាមេរិក បានឲ្យយើងអាចដឹងអំពីសកម្មភាពជាច្រើន របស់ទីភ្នាក់ងារចារកម្ម CIA ដែលក្នុងនោះមានទាំងភាពជោគជ័យ និងបរាជ័យ។ ការប្រមូលនិងវិភាគព័ត៌មានរបស់ CIA មានសារសំខាន់ជាខ្លាំងសម្រាប់ការចរចា សន្ធិសញ្ញាគ្រប់គ្រងសព្វាវុធ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត កាលពីសម័យសង្រ្គាមត្រជាក់ និងសម្រាប់ការកំណត់យុទ្ធសាស្រ្តរបស់អាមេរិក កំឡុងវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមចារជន CIA ដែលបង្កប់ខ្លួននៅក្នុងជួរយោធា និងទីភ្នាក់ងារ KGB របស់សូវៀត បានផ្តល់ព័ត៌មានជាច្រើនអំពីទីតាំងយោធា និងឧស្សាហកម្មរបស់សូវៀត។

អំឡុងសម័យសង្រ្គាមត្រជាក់ប្រតិបត្តិការបច្ចេកទេសរបស់ CIA រួមមានទាំងការបង្កប់ឧបករណ៍ស្តាប់សំឡេង នៅតាមខ្សែបណ្តោញទំនាក់ទំនងធំៗរបស់យោធាសូវៀត នៅឯអាល្លឺម៉ង់ខាងកើត និងការអភិវឌ្ឍយន្តហោះឈ្លបការណ៍ដូចជា U-2 និងផ្កាយរណបស៉ើបការណ៍ដែលមានសមត្ថភាពផ្តិតយករូបភាពបានល្អៗជាដើម។ ការឈ្លបការណ៍ពីលើអាកាស និងទីអវកាស ដោយយន្តហោះ និងផ្កាយរណបបានជួយឲ្យអាមេរិក ដឹងមុនអំពីគម្រោងដាក់ពង្រាយមីស៉ីល របស់សូវៀតនៅគុយបា និងការអភិវឌ្ឍមីស៉ីលថ្មីៗនៅសហភាពសូវៀត។


ទោះប្រតិបត្តិការសម្ងាត់ជាច្រើនរបស់ CIA ទទួលបានជោគជ័យធំធេងក៏ដោយ CIA ក៏ធ្លាប់បានជួបប្រទះ នូវរឿងបរាជ័យមួយចំនួនដែរ ដូចជាប្រតិបត្តិការឈ្លានពានដែលបរាជ័យនៅច្រកសមុទ្រជ្រូក ដោយក្រុមនិរទេសជនគុយបា ដែលគាំទ្រដោយ CIA ប្រឆាំងនឹងមេដឹកនាំ គុយបា លោក ហ្វីឌែល កាស្រ្តូ (Fidel Castro)។ ការប្រមូលព័ត៌មានខុស កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការ NATO លើសហភាពយូហ្គោស្លាវី (Yugoslavia) ឆ្នាំ១៩៩៩ ដែលធ្វើឲ្យស្ថានទូតចិន នៅក្រុងប៊ែលហ្រ្កាដ (Belgrade) រងការបំផ្លិចបំផ្លាញ។ CIA ក៏បានទទួលបរាជ័យយ៉ាងអាម៉ាស់ជាច្រើនលើក ក្នុងការព្យាយាមធ្វើឃាតលោក Fidel Castro អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ផងដែរ។

អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ទីភ្នាក់ងារ CIA បានគាំទ្រប្រតិបត្តិការយោធាអាមេរិកនៅតំបន់បាល់កាននៃទ្វីបអឺរ៉ុប និងនៅតំបន់មជ្ឈិមបូព៌ា។ ក្រោយមហាភេរវកម្ម «១១ កញ្ញា ២០០១» ដោយក្រុមអាល់កៃដា CIA បានជួយអាមេរិក ក្នុងការចូលឈ្លានពានអាហ្វហ្គានីស្ថាន។ CIA ក៏បានអនុវត្តយុទ្ធនាការធ្វើឃាត ឬចាប់ខ្លួនទ្រង់ទ្រាយធំ ប្រឆាំងសមាជិកអាល់កៃដាផងដែរ។ ដ្បិត CIA ត្រូវបានហាមឃាត់ដោយប្រធានាធិបតីអាមេរិកលោក ចឺរ៉ាល់ អរ ហ្វដ (Gerald R. Ford) នៅឆ្នាំ១៩៧៦ មិនឲ្យមានប្រតិបត្តិការធ្វើឃាត រដ្ឋាភិបាលលោក ចច ដាបេលយូ ប៊ូស (George W. Bush) (២០០១-២០០៩) បានលើកឡើងថា បម្រាមនេះមិនមានសុពលភាពពេលសង្រ្គាមឡើយ ដូច្នេះ CIA អាចសម្លាប់ក្រុមភេរវករអាល់កៃដា ទាំងឡាយណា ដែលគំរាមកំហែងដល់សហរដ្ឋអាមេរិក។ ចំណែករដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលបន្តពីលោក Bush ក៏មានការយល់ឃើញដូចគ្នាដែរ។


ការត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើឃាតរបស់ CIA ត្រូវបានបង្ហាញឲ្យឃើញកាលពីឆ្នាំ២០១១ តាមរយៈការសម្លាប់មេដឹកនាំអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) ដែលជាមេក្លោងនៃភេរវកម្ម «១១/កញ្ញា» ដោយកងកម្លាំងពិសេសរបស់អាមេរិក ដែលស្ថិតក្រោមការបញ្ជាដឹកនាំរបស់ CIA ។ ប៉ុន្តែភាគច្រើនគឺ CIA សម្លាប់សមាជិកអាល់កៃដា តាមរយៈការប្រើមីស៉ីលវាយប្រហារពីយន្តហោះដ្រូន។ មិនតែប៉ុណ្ណោះយុទ្ធនាការរបស់ CIA ប្រឆាំងនឹងអាល់កៃដា ក៏រួមមានការធ្វើទារុណកម្ម និងការឃុំឃាំងជនសង្ស័យភេរវកម្ម ដោយពុំមានពេលកំណត់ច្បាស់លាស់ ថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទីភ្នាក់ងារ CIA ក៏បានទទួលរងការរិះគន់មិនតិចផងដែរ ដោយសារការធ្វើប្រតិបត្តិការសម្ងាត់ដែលអសីលធម៌ ឬក៏ខុសច្បាប់តែម្តង នៅក្រោមច្បាប់អន្តរជាតិ , ដោយសារការរក្សាទំនាក់ទំនងជិតស្និទ្ធិជាមួយក្រុមរំលោភបំពានសិទ្ធិមនុស្ស និងក្រុមឧក្រិដ្ឋជនផ្សេងៗ, ដោយសារភាពបរាជ័យក្នុងការធានាការពារនូវប្រតិបត្តិការរបស់ខ្លួន ហើយបើគិតចាប់តាំងពីឆ្នាំ២០០១វិញ គឺដោយសារការចាប់ជំរិត ការធ្វើទារុណកម្ម និងឃុំឃាំង ជនបរទេសដោយខុសច្បាប់ជាដើម។

CIA ជារឿយៗត្រូវក្រុមអ្នករិះគន់ខ្លួនយល់ឃើញថា ជាទីភ្នាក់ងារចារកម្មមួយដែលធ្វើប្រតិបត្តិការសម្ងាត់ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។ ប៉ុន្តែការយល់ឃើញនេះគឺមិនត្រឹមត្រូវនោះទេ ព្រោះថារាល់ប្រតិបត្តិការសម្ងាត់ទាំងអស់របស់ CIA សុទ្ធតែត្រូវមានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលអាមេរិក។ បន្ទាប់ពីទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខជាតិ គម្រោងសម្រាប់ធ្វើប្រតិបត្តិការសម្ងាត់នានា ត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការនៃព្រឹទ្ធសភា និងសភាតំណាងរាស្រ្តអាមេរិក ដែលទទួលខុសត្រូវលើប្រតិបត្តិការរបស់ CIA។ រីឯ បច្ចេកទេសនៃការធ្វើទារុណកម្មដែល CIA ប្រើលើជនសង្ស័យភេរវកម្ម ក៏ត្រូវបានរដ្ឋាភិបាលប្រកាសទទួលស្គាល់ថា ស្របច្បាប់ដែរ។


បើគេនិយាយអំពីររឿងរបស់លោក Edward Snowden តាមអ្នកជំនាញខាងផ្នែកស៊ើបការណ៍សម្ងាត់ យុវជន Snowden ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់CIA រើសបញ្ចូលជាបុគ្គលិក នៅក្រោយអំពើភេរវកម្ម ឆ្នាំ ២០០១ គឺក្នុងដំណាក់កាលមួយ ដែលគេត្រូវការច្រើន ចំនួន អ្នកចេះដឹងខាងផ្នែកបច្ចេកទេសព័ត៌មានវិទ្យា ដើម្បីស្វែងរក និងកំណត់អត្តសញ្ញាណរបស់ក្រុមភេរវករ។ ប៉ុន្តែក្រោយមកលោក Snowden បានទំលាយឯកសារសំងាត់ៗនិងកំពូលជាច្រើនរបស់អាមេរិក ទៅឲ្យសាធារណៈជន ដឹងអំពីរឿងអាស្រូវមួយចំនួនរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក ហើយបានធ្វើឲ្យពិភពក្រុមអ្នកស៊ើបការណ៍សម្ងាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បន្ទាប់មកលោក Edward Snowden ត្រូវបានចោទប្រកាន់ពីបទចារកម្មនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមានករណីបែកធ្លាយព័ត៌មានស្តីពី ការស៊ើបការណ៍សម្ងាត់របស់អាមេរិក និងកម្មវិធីឃ្លាំមើលដ៏ធំទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ខណៈរូបលោកត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកបានរត់គេចមករស់នៅនិរទេសខ្លួននៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៣ ដោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ លោក និងប្រពន្ធរបស់ខ្លួនឈ្មោះ Lindsay Mills ក៏បានសម្រេចដាក់ពាក្យសុំសញ្ជាតិរុស្ស៊ី ប៉ុន្តែមិនទាន់បានទទួលសញ្ជាតិភ្លាមឡើយ លោកក៏បន្តរស់នៅរុស្សីក្នុងនាមជាពលរដ្ឋរស់នៅបណ្តោះអាសន្នប៉ុណ្ណោះខណៈដែលភរិយារបស់លោកក៏បានដាក់ពាក្យស្នើសុំចូលសញ្ជាតិរុស្សីដូចគ្នាផងដែរ។


បុរសដែលអាមេរិក តាមចាប់ខ្លួនបំផុតនេះទទួលបានសញ្ជាតិ ពីរុស្សី តាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ័ ទី២៧ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្ដល់សញ្ជាតិរុស្ស៊ីដល់អតីតមន្រ្តីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) មួយរូបឈ្មោះ Edward Snowden។


ការប្រកាសផ្តល់សិទ្ធជាពលរដ្ឋរបស់លោក Snowden ត្រូវធ្វើឡើងរួមគ្នាជាមួយនឹងជនបរទេសចំនួនប្រមាណជា៧២នាក់ទៀតដែលត្រូវបានរុស្សីបានផ្តល់សញ្ជាតិដូចគ្នាផងដែរ។

គួរជម្រាបថា មកទល់ពេលនេះ ទីភ្នាក់ងារចារកម្មអាមេរិក CIA មានអាយុកាលជាង៧០ឆ្នាំហើយ ដោយបច្ចុប្បន្ននាយករបស់ទីភ្នាក់ងារនេះ គឺលោក វីលៀម ជេ បឺន (William J. Burns) នៅក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

11 − 10 =

This site uses Akismet to reduce spam. Learn how your comment data is processed.