ទស្សនៈពលរដ្ឋ៖ «ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន»

ពិតជាគួរឲ្យហួសចិត្ត និងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀនដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតក៏រកមិនបានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជីឲ្យគណបក្សនេះទេ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។


វាពិតជារឿងមិនគួរឲ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត ៣០ឆ្នាំ ក្នុងឆាកនយោនបាយបែរជាទីបំផុតរកឯកសារឲ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ ១០យ៉ាង ដែលមិនអាចខ្វះបាន ពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។


ជាក់ស្តែង គណបក្សមួយចំនួនជាពិសេសគណបក្សប្រជាជនកម្ពុជា បានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើកទទួលម៉្លេះ។ ហេតុអ្វីត្រូវស្រូតរូតរះ? ពីព្រោះទី១៖ គេបានត្រៀមលក្ខណៈជាមុនរួចស្រេចអស់ហើយដោយមិនចាំបាច់អែអង់ឡើយ និងទី២៖ គេចង់បង្ការក្រែងមានការខ្វះខាតអ្វីជាយថាហេតុ គេមានពេលវេលាគ្រប់គ្រាន់ដើម្បីកែតម្រូវ។

ចំណែកឯបក្សភ្លើងទៀន បានទៅចុះបញ្ជីនៅថ្ងៃចុងក្រោយ ហើយនៅតែខ្វះឯកសារទៀត។ ក្រោយពីពិនិត្យពាក្យសុំចុះបញ្ជី គ.ជ.ប បានប្រកាសជូនដំណឹងទៅបក្សភ្លើងទៀនឲ្យបំពេញលក្ខខណ្ឌចំនួន៣ ដែលខ្វះខាត៖ ទី១ ត្រូវមានឯកសារដើមនៃការចុះឈ្មោះបក្ស នយោបាយនៅក្រសួងមហាផ្ទៃ, ទី២ ត្រូវមានបង្កាន់ដៃបង់ប្រាក់តម្កល់នៅរតនាគារជាតិចំនួន ១៥លានរៀល និងទី៣ ត្រូវដកឈ្មោះលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្ត្រ ពីព្រោះបុគ្គលរូបនេះមិនទាន់ទទួលបានសម្បទារឡើងវិញសម្រាប់ឈរឈ្មោះបោះឆ្នោតឡើយបន្ទាប់ពីតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីពេលកន្លងទៅ។ ឯកសារចុងក្រោយដែលគណបក្សភ្លើងទៀនមិនបានបំពេញ គឺប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។
គ្រាន់តែលក្ខខណ្ឌប៉ុណ្ណឹងសោះហេតុអ្វីបក្សភ្លើងទៀនមិនអាចបំពេញបាន?

«នេះគឺជាលទ្ធផលនៃកម្សោយផ្លូវច្បាប់និងធនធានមនុស្សនិងជាពិសេសភាពខ្ជីខ្ជាររបស់គណបក្សភ្លើងទៀន ទើបបណ្តាលឲ្យជួបបញ្ហាបែបនេះ»។

ភាពកម្សោយទាំងនេះមិនមែនជារឿងចម្លែកទេសម្រាប់បក្សនយោបាយមួយដែលកំពុងបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងដូចទឹកបាក់ទំនប់។ គ្រាន់តែសេចក្តីថ្លែងការណ៍ដែលចេញប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏ជាភស្តុតាងដែលបានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយអំពីភាពច្របូកច្របល់ផ្ទៃក្នុងរបស់បក្សភ្លើងទៀន។
លោក សុន ឆ័យ អនុប្រធានគណបក្សនេះបានទទួលស្គាល់នៅចំពោះមុខសកម្មជនរបស់ខ្លួនថា ពិតជាមានភាពច្របូកច្របល់ផ្ទៃក្នុងគណបក្សមែន ដែលសូម្បីតែរូបលោកក៏មិនបានដឹងថា តើអ្នកណាចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ឧសភានោះផងទេ ពីព្រោះវាជាសេចក្តីថ្លែងការណ៍ខុសទាំងស្រុង។ នៅជ្រុងមួយទៀត មន្ត្រីនិងសកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀនក៏បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យគណបក្សនេះជួបបញ្ហាវឹកវរផ្ទៃក្នុងកាន់តែខ្លាំង។ ចំណែកឯក្បាលម៉ាស៊ីនដឹកនាំវិញរឹតតែវឹក វរខ្លាំងថែមទៀតដោយសារតែអ្នកខ្លះជួបរឿងអាស្រូវផ្លូវភេទដ៏គួរឲ្យអាម៉ាស់តួយ៉ាងលោក លី សុធារ៉ាយុត្តិ ចំណែកឯ លោក ថាច់ សេដ្ឋា ក៏មានរឿងក្តីក្តាំជំពាក់លុយគេ ហើយកំពុងជាប់ពន្ធនាគារ ខណៈលោក សុន ឆ័យ ក៏រងពាក្យបណ្តឹងបរិហារកេរយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ការដណ្តើមអំណាចគ្នាក៏បានដុត រោល គណបក្សនេះឲ្យក្តៅឆាបឆួលស្ទើរឆេះទៅហើយ។


ក្នុងស្ថានភាពបែបនេះ គេប្រាកដជាអាចយល់បានថា គណបក្សនេះគ្មានសមត្ថ ភាពនិងគ្មានសម្បទារគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចជាគណបក្សដែលឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតបានឡើយ។ ប៉ុន្តែវិបត្តិផ្ទៃក្នុងនិងអសមត្ថភាពរបស់ខ្លួនមិនត្រូវបង្វែរទៅជាកំហុសរបស់ គ.ជ.ប ឬអ្នកដទៃនោះឡើយ។ តាមទម្លាប់ បក្សប្រឆាំងមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនទេ ពោលគឺតែងតែទម្លាក់កំហុសទៅលើអ្នកដទៃ ជាពិសេសទៅលើបក្សកាន់អំណាច។ ករណីការចុះបញ្ជីគណបក្សនាពេលនេះក៏ទំនងជាមិនខុសគ្នាឡើយ។ ច្បាស់ជាមានអ្នកទាញឲ្យទៅជាកំហុសរបស់ គ.ជ.ប ឬកំហុសរបស់គណបក្សប្រជាជនកម្ពុជាមិនខាន តាមរយៈការបង្វែរសាធារណៈមតិឲ្យយល់ច្រឡំថា មកពីគ.ជ.ប ឬបក្សកាន់អំណាច ឬលោកនាយករដ្ធមន្ត្រី ហ៊ុន សែន រារាំងមិនចង់ឲ្យបក្សភ្លើងទៀនចូលរួមបោះឆ្នោត។


ប្រសិនបើមានការលើកឡើងបែបនោះមែន ក៏គ្មាននរណាគេជឿនោះដែរ ពីព្រោះនេះជាកម្សោយខាងផ្លូវច្បាប់របស់បក្សភ្លើងទៀនខ្លួនឯងដែល គ.ជ.ប បានប្រកាស ឲ្យដឹងជាសាធារណៈអស់ហើយ ពោល«បើជាងមិនកើត កុំបន្ទោសដែក» ព្រោះ «គ.ជ.ប. គេអនុវត្តស្តង់ដារតែ១ ច្បាប់គឹច្បាប់ ច្បាប់វាតឹង ប៉ុន្តែវាជាច្បាប់»

កន្លងមកនេះក៏មានគណបក្សនយោបាយដល់ទៅ៥ ដែល គ.ជ.ប បានស្នើសុំឲ្យ កែតម្រូវ និងបំពេញបន្ថែមឯកសារដែលខ្វះខាត ប៉ុន្តែគណបក្សទាំងនោះបានបំពេញតាមតម្រូវការរបស់ គ.ជ.ប បានទាន់ពេលវេលា ចម្លែកអ្វីតែបក្សភ្លើងទៀនមិនអាចធ្វើបាន។ ប្រការនេះពិតជាសបញ្ជាក់ឲ្យឃើញថា គណបក្សដែលមានចំណាស់ជិត ៣ទសវត្សរ៍ក្នុងឆាកនយោបាយមួយនេះនៅតែគ្មានសមត្ថភាព គ្មានធនធានមនុស្សគ្រប់គ្រាន់ គ្មានកំណើត និងនៅតែបែកបាក់ផ្ទៃក្នុងយ៉ាងខ្ទេចខ្ទាំដដែល។
ភាពកម្សោយទាំងអស់នេះជាសក្ខីភាពនិងជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដែលបញ្ជាក់អំពីការចុះទន់ខ្សោយរបស់បក្សប្រឆាំងនៅកម្ពុជា។ នេះក៏ជាហេតុផលសត្យានុម័តដែលសកម្មជននិងអ្នកគាំទ្រគណបក្សប្រឆាំងបានមកចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់៕

ដោយ: អ្នកនយោបាយតុកាហ្វេ

Leave a Reply

Your email address will not be published. Required fields are marked *

1 × 4 =

This site uses Akismet to reduce spam. Learn how your comment data is processed.