ប្រៀបធៀបសណ្ឋាននៃបដិវត្តពណ៌ក្នុងប្រទេសគុយបា និងព្រះរាជាណាចក្រកម្ពុជា

នាពេលថ្មីៗនេះប្រជាជនគុយបារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាដើម្បីធ្វើការប្រឆាំងតវ៉ានឹងរដ្ឋាភិបាលផ្ដាច់ការដែលបណ្ដាលមកពីកត្តាមួយចំនួន
ដូចជាយុទ្ធនាការនៃការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នៅមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយដោយអត្រាអ្នកឆ្លងនិងបាត់បងជីវិតនៅតែបន្តកើនឡើង កង្វះខាតស្បៀងអាហារ ជាពិសេសនោះ គឺវិបត្តសេដ្ឋកិច្ច អ្នកសេដ្ឋកិច្ចវិទូបានព្យាករណ៍ថាអតិផរណានឹងកើនឡើងរហូតដល់ទៅ ៩០០ ភាគរយនៅក្នុងឆ្នាំនេះ។

លោក Migual Díaz-Canel ប្រធានាធិបតីនៃប្រទេសគុយបា បានធ្វើការស្ដីបន្ទោសដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្មមកលើប្រទេសរបស់ខ្លួនឡើងវិញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ាហ្វីយ៉ាអាមេរិក-គុយបា។ លោកប្រធានាធិបក៏បានបញ្ជាក់ផងដែរថា ប្រសិនបើការញុះញុងផ្សេងៗទៀតបន្តកើតមានទៀត លោកនឹងមិនលើកលែងឱ្យនោះឡើយ។ ទន្ទឹមគ្នានេះដែរ សហរដ្ឋអាមេរិកបានសម្ដែងការគាំទ្រដល់ក្រុមបាតុករ ព្រមទាំងព្រមានចំពោះអំពើហិង្សាណាដែលកើតមានឡើងចំពោះក្រុមបាតុករ។

ក្នុងរូបភាពនេះត្រូវបានគេហៅថា “បដិវត្តពណ៌” ដែលសម្ដៅដល់បាតុកម្មដោយអហិង្សាពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកប្រឆាំងនឹងរដ្ឋាភិបាល។ ព្រឹត្តិការណ៍បែបនេះក៏យើងសង្កេតឃើញថាធ្លាប់កើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាក់ស្ដែង គឺបានកើតឡើងក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៥ ឆ្នាំ២០១៣ ដែលបណ្ដាលមកពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់គណៈបក្សប្រឆាំងដោយអះអាងថាសន្លឹងឆ្នោតជាងមួយលានសន្លឹកបានបាត់បង់ ហើយក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្រ្តីជាប់ឆ្នោតចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតសារជាថ្មីដែលបង្កឱ្យមានចលាចលនៅផ្លូវវេងស្រេង ខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌស្ទឹងមានជ័យ រហូតឈានទៅដល់ការផ្ទុះហិង្សាទៀតផង។ ស្ថានការណ៍បែបនេះគឺប្រហាក់ប្រហែលទៅនឹងអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសគុយបាប្រសិនបើបាតុកម្មនេះមិនអាចគ្រប់គ្រងបាន នោះវាអាចនឹងឈានទៅដល់អំពើហិង្សាទៀតផង។ យោងទៅតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ថា “បដិវត្តពណ៌មិនមែនចាំទាល់តែផ្ទុះទើបហៅថាបដិវត្តពណ៌នោះឡើយ គឺវានឹងចាប់ផ្ដើមកកើតរហូតដល់គ្រប់គ្រងលែងបាន ” នៅក្នុងកិច្ចសំណេះសំណាលជាមួយប្រតិភូកីឡាករ និងកីឡាការនីមុននឹងចេញទៅប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសម៉ាឡេស៊ីនៅវិមានសន្តិភាព។

ព្រឹត្តិការណ៍ក្នុងប្រទេសទាំងពីរបានកើតមានឡើងបណ្ដាលមកពីមូលហេតុប្រហាក់ប្រហែលគ្នា។ មូលហេតុចម្បងដែលបានត្រូវលើកមកវែកញែកបកស្រាយនោះ គឺការញុះញង់ និងការមិនពេញចិត្តក្នុងការដឹកនាំរបស់រដ្ឋាភិបាល ព្រមទាំងការបើកដៃរបស់ប្រទេសខាងក្រៅដែលជាប្រទេសមហាអំណាច ជាពិសេស គឺសហរដ្ឋអាមេរិក។ ការធ្វើបាតុកម្មតវ៉ាបានឈានរហូតទៅដល់ការចាប់ខ្លួនបាតុករមួយចំនួន និងមានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈទៀតផង។ ប៉ុន្តែមូលហេតុចម្បងនៅក្នុងប្រទេសគុយបានោះគឺបណ្ដាលមកពីប្រសិទ្ធភាពនៃការដឹកនាំរបស់រដ្ឋាភិបាល ដែលខុសពីប្រទេសកម្ពុជាទាំងស្រុងដែលបណ្ដាលមកពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់គណៈបក្សប្រឆាំងរួមទាំងការញុះញង់ផងដែរ។

(ការធ្វើបាតុកម្មមិនទទួលយកលទ្ធផលបោះឆ្នោតឆ្នាំ២០១៣)
រូបភាពដោយ Tang Chin Sothy

បដិវត្តពណ៌ គឺតែងផ្ដល់នូវផលវិបាកជាជាងប្រយោជន៍ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់មនុស្សមួយក្រុមណានោះឡើយ ប៉ុន្តែវានឹងប៉ះពាល់ដល់ប្រទេសទាំងមូលជាពិសេស គឺវិនិយោគផ្ទាល់ពីបរទេសតែម្ដងដែលបានរួមចំណែកមួយផ្នែកធំដល់ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេស។ កម្ពុជាក៏នៅតែបន្តទទួលការកំរាមកំហែងពីបញ្ហានេះផងដែរដូចដែលសម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងពិធីរំលឹកខួប
នៃការបង្កើតនរគរបាលជាតិលើកទី ៧៥ ថា “ យើងមិនត្រូវអនុញ្ញាតឱ្យមានបដិវត្តពណ៌ដែលធ្វើឡើងក្នុងគោលបំណងផ្ដួររលំរដ្ឋាភិបាលស្របច្បាប់ និងកាន់កាប់អំណាចនោះឡើយព្រោះវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ធិប្រជាធិបតេយ្យស៊េរីពហុបក្ស ”។

អ្នកនិពន្ធ៖LY SOKONG

Bun

Leave a Reply

Your email address will not be published. Required fields are marked *

nineteen + 16 =

This site uses Akismet to reduce spam. Learn how your comment data is processed.