តើកម្ពុជាត្រូវចុះចាញ់ការបង្កហានិភ័យឬការគំរាមកំហែងពីអាមេរិកឬទេ?

សហរដ្ឋអាមេរិកតាមរយៈមន្ដ្រីជាន់ខ្ពស់ដែលធ្វើទស្សនកិច្ចមកកម្ពុជាថ្មីៗនេះ បានបង្ហាញពីក្ដីព្រួយបារម្ភមួយចំនួនរបស់ខ្លួន។ ក្នុងនោះជាអាទិ៍គឺការព្រួយបារម្ភពីវត្ដមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដែលមហាអំណាចនេះជឿថា វត្តមាននេះនឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងជាការបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រៅពីនេះក៏មានលើកឡើងពាក់ព័ន្ធនឹងរឿងក្ដីក្ដាំរបស់លោកកឹម សុខា និងប្រព័ន្ធអនុគ្រោះពន្ធទូទៅឬGSPជាដើម។

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចផ្លូវការមកកម្ពុជាពីរថ្ងៃ គឺកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី១៣ ខែកក្កដា លោកក៏បានធ្វើសន្និសីទកាសែតដោយលើកឡើងពីកង្វល់មួយចំនួនខាងលើនេះ។

យ៉ាងណាមិញ ក្ដីកង្វល់ដែលមន្ដ្រីអាមេរិកបានរៀបរាប់ហាក់មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ មិនមែនជារឿងថ្មី ដ្បិតអាមេរិកតែងតែព្យាយាមយកចំណុចទាំងនេះធ្វើជារបៀបវារៈ នៅពេលមន្ដ្រីរបស់ខ្លួនធ្វើទស្សនកិច្ចមកកម្ពុជា។ វាគឺជាសម្ពាធមួយដែលអាមេរិកចិញ្ចឹមចិត្ដថា កម្ពុជានឹងត្រូវតែធ្វើតាមការអំពាវនាវរបស់ខ្លួនជាមហាអំណាច តែការយល់ឃើញរបស់អាមេរិកដូច្នេះពិតជាខុស ព្រោះកម្ពុជាមិនបានខ្លាចរអានឹងសម្ពាធមហាអំណាចណាមួយឡើយ។ នោះក៏ព្រោះរដ្ឋដ៏តូចមួយនេះមិនបានប្រព្រឹត្ដខុស ហើយក៏មិនត្រចៀកសជឿតាមការញាក់របស់ភាគីណាដាច់ខាត។

ជាក់ស្ដែងរឿងចោទប្រកាន់ថា ចិនកំពុងសាងសង់មូលដ្ឋានយោធានៅសមុទ្ររាមដើម្បីដាក់កម្លាំងទ័ពនៅទីនោះ កម្ពុជាបានបកស្រាយរាប់ភ្លេចដង ហើយថែមទាំងបើកឱ្យមានទស្សនកិច្ចមន្ដ្រីអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពជើងទឹករាមផងដែរដើម្បីបំបាត់មន្ទិលសង្ស័យ។ ប៉ុន្ដែអ្វីដែលកម្ពុជាទទួលបានមកវិញ មិនត្រឹមតែមិនមែនពាក្យអរគុណ តែបែរជារងការមូលបង្កាច់ថាមិនអនុញ្ញាតឱ្យមន្ដ្រីអាមេរិកចូលធ្វើទស្សនកិច្ចតាមការចង់បានទៅវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការពារជាតិបំភ្លឺថា ក្រសួងការពារជាតិបានយកចិត្តទុកដាក់រៀបចំឱ្យមានដំណើរទស្សនកិច្ច ដោយក្រុមការងារសម្របសម្រួលបានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក អនុលោមតាមគោលការណ៍ដែលបានកំណត់និងការព្រមព្រៀងគ្នា។ សកម្មភាពសំខាន់ៗមួយចំនួនត្រូវបានរៀបចំឡើង រួមមានជំនួបពិភាក្សាការងារដែលស្នើដោយភាគីអាមេរិកមានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី២ខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវា របស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ នៅកោះព្រាប។

តែផ្ទុយទៅវិញ ក្រោយបានចូលមើលទីតាំងទាំងនេះហើយ ភាគីអាមេរិកហាក់បានបង្កើតនូវសេណារីយ៉ូថ្មីមួយ ដោយទាមទារចូលទៅមើលកន្លែងផ្សេងដោយពុំមានការស្នើសុំមុន។ នេះជាការទាមទារដែលមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងមានចេតនាធ្វើជាមិនយល់អំពីលាក់ការណ៍របស់កងទ័ព ហេតុនេះកម្ពុជាមិនអនុញ្ញាតជាដាច់ខាត។ តាមរយៈសកម្មភាពនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចាត់ទុកការទាមទារចង់ទៅមើលគ្រប់កន្លែងដោយមិនបានស្នើសុំជាមុន ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិតដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរ។ ក្រសួងការពារជាតិកម្ពុជាក៏ស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក បញ្ឈប់ការបង្កើតសេណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន និងសូមឱ្យគោរពដល់អធិបតេយ្យភាព និងលាក់ការណ៍កងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា។

រីឯក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏ធ្លាប់បានប្រកាសច្រានចោលពាក់ព័ន្ធសំណុំរឿង “មូលដ្ឋានកងទ័ពជើងទឹករាម” ដែលថាបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

ចំពោះរឿងក្ដីក្ដាំរបស់លោកកឹម សុខាវិញក៏ដូចគ្នា វាជាការព្យាយាមរំលេចរបស់អាមេរិក ធ្វើយ៉ាងណាឱ្យអន្ដរជាតិមើលឃើញថាកម្ពុជាមានកំហុស ក្រោមលេសថាកម្ពុជាពន្យារពេលកាត់ក្ដីលោកកឹម សុខា ទាំងដែលធាតុពិតតុលាការបាននិងកំពុងធ្វើការលើរឿងនេះជាបន្ដបន្ទាប់។ ទទូចចង់ឱ្យពន្លឿនរឿងក្ដី មិនមែនអាមេរិកមានអំណាចលើតុលាការកម្ពុជា ហើយក៏មិនមែនអាមេរិកជាអ្នកកាត់ក្ដីនោះដែរ ព្រោះអ្វីៗជាសមត្ថកិច្ចរបស់តុលាការកម្ពុជា។ លោកកឹម សុខារងការចោទប្រកាន់ក្រោមបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ដូច្នេះសំណុំរឿងនេះបើតាមអ្នកនាំពាក្យក្រសួងយុត្ដិធម៌ធ្លាប់លើកឡើងថា មានភស្តុតាងដាក់បន្ទុករឹងមាំ និងស៊ីចង្វាក់គ្នាល្អបែបនេះ ជនជាប់ចោទគួរប្រើយុទ្ធសាស្រ្ត “To plead guilty” ដើម្បីសុំឱ្យតុលាការផ្តល់ស្ថានសម្រាលទោស និងដើម្បីអោយនីតិវិធីឆាប់ចប់។
នៅកម្ពុជាក៏ដូចជានៅសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀតដែរ ចាំបាច់ត្រូវចាត់វិធានការប្រឆាំងនឹងក្រុមជនល្មើស ហើយគេមិនអាចមកបកស្រាយការអនុវត្តច្បាប់ក្នុងប្រទេសអធិបតេយ្យមួយដូចកម្ពុជានេះ ថា ជាការធ្វើទុក្ខបុកម្នេញ ឬរំលោភសិទ្ធិលើអ្នកនយោបាយប្រឆាំងឡើយ។ ប្រសិនបើបកស្រាយបែបនេះ នោះជាការបកស្រាយដើម្បីកេងចំណេញផលប្រយោជន៍នយោបាយសម្រាប់ខ្លួននិងបក្ខពួកតែប៉ុណ្ណោះ។ កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការលើក្រុមជនក្បត់ជាតិ និងក្រុមជនបំផ្លាញជាតិដែលតែងតែបានដើរអង្វរបរទេសឱ្យដាក់សម្ពាធ ដាក់ទណ្ឌកម្មលើកម្ពុជា ដោយចង់បំផ្លាញជាតិខ្លួនតាមរយៈបដិវត្តន៍ពណ៌។

ទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធGSPរបស់សហរដ្ឋអាមេរិក ជាការពិតកម្ពុជាបានជំរុញឱ្យអាមេរិកបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញពិតប្រាកដមែន ប៉ុន្ដែក៏មិនអាចជាការដោះដូរជាមួយនឹងការគោរពសិទ្ធិ ឬការស្ដារស្ថានភាពប្រជាធិបតេយ្យអ្វីនោះដែរ។ ស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាបាននិងកំពុងវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ គ្មានហេតុផលអ្វីត្រូវស្ដារឡើងវិញដូចការលើកឡើងរបស់ក្រុមសង្គមស៊ីវិលមួយក្ដាប់តូចនោះទេ។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរទៅមុខជានិច្ច ជាមួយនឹងការអនុវត្តនូវគោលការណ៍នីតិរដ្ឋត្រឹមត្រូវ និងគោរពនូវគោលការណ៍សិទ្ធិមនុស្សជាសារវ័ន្ត ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស។

ដូច្នេះ តើកម្ពុជាត្រូវចុះចាញ់ការគំរាមកំហែង ឬហានិភ័យបង្កឡើងដោយអាមេរិកទៀតដែរឬទេ? ចម្លើយគឺពិតជាមិនអាចនោះទេ។ ជាយូរឆ្នាំណាស់មកហើយដែលប្រមុខដឹកនាំកម្ពុជាលោកបានប្រកាសថា ការគំរាម ការដាក់សម្ពាធ និងកៀបសង្កត់មកលើកម្ពុជាពីសំណាក់សហគមន៍អន្តរជាតិ ពិសេសប្រទេសលោកខាងលិចឬរដ្ឋសេរីដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមនោះ គឺលែងមានឥទ្ធិពលអ្វីតទៅទៀតហើយ។ មូលហេតុ ដោយសារតែកម្ពុជាសំអាងលើឯករាជ្យ អធិបតេយ្យជាតិ ដែលមិនអាចមានបរទេសណាមករំលោភបំពានបានឡើយ។ ម្យ៉ាងវិញទៀត ក៏អាចនិយាយបានថាដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយក៏មិនពឹងផ្អែកទាំងស្រុងលើអាមេរិកឬអឺរ៉ុប ដែលចង់ដាក់ការកៀបសង្កត់លើកម្ពុជាក្រោមលក្ខខណ្ឌប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្សអ៊ីនោះដែរ។ នាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសដាច់ណាត់ថា បើសិនថ្នាក់ដឹកនាំប្រទេសនានាមកកម្ពុជា ហើយចង់មកកៀបសង្កត់កម្ពុជាដើម្បីឱ្យធ្វើតាមខ្លួន សូមកុំមកល្អជាង ពីព្រោះថាការធ្វើអ្វីមួយជាសិទ្ធិរបស់កម្ពុជា៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

twelve − four =

This site uses Akismet to reduce spam. Learn how your comment data is processed.