បាតុកម្មនៅតាមទីក្រុងមួយចំនួននៃតំបន់អឺរ៉ុប
បាតុករក៏បានស្រែកឲ្យចាកចេញពី NATO គិតប្រទេសខ្លួនជាមុនវិញ


កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាជននៅតាមទីក្រុងធំៗ នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន បាននាំគ្នាធ្វើសកម្មភាពតវ៉ាជាថ្មី ចំពោះមុខស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើង នៃវិបត្តិថាមពលនិងអតិផរណា នៅក្នុងតំបន់អឺរ៉ុប ដ្បិតប្រជាជនអឺរ៉ុបជាច្រើនខឹងសម្បារចំពោះរដ្ឋាភិបាលរបស់ពួកគេ ដែលទៅពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន និងដើរតាមសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ដែលជះប៉ះពាល់អវិជ្ជមានត្រឡប់មកលើខ្លួនឯងវិញ។

ប្រជាជនអឺរ៉ុបបានចេញធ្វើបាតុកម្ម នៅតាមដងផ្លូវក្នុងទីក្រុងធំៗដូចជានៅប៉ារីស បែរឡាំង និងប្រាក ជាដើម ដោយអ្នកតវ៉ាខ្លះបានស្រែកទាមទារចង់ឱ្យប្រទេសពួកគេ ចាកចេញពីអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ហើយគិតគូរអំពីប្រទេសខ្លួនជាមុន។ ក្រុមបាតុករបានថ្កោលទោស NATO ថា ជាសម្ព័ន្ធភាពយោធាដែលចង់ឱ្យមានសង្រ្គាម ព្រមទាំងរិះគន់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ទាក់ទងជាមួយនឹងទណ្ឌកម្មដែល EU បានដាក់ទៅលើរុស្ស៉ី ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

បើតាមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនយោបាយអន្តជាតិជាច្រើន បានគូសបញ្ជាក់ថា «សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក បច្ចុប្បន្ននេះ កំពុងតែវិលត្រឡប់ទៅរករូបភាព នៃសង្គ្រាមត្រជាក់បែបថ្មីមួយ គឺសហភាពព័ន្ធរុស្ស៉ី ដែលជាអ្នកទទួលមរតពីសហភពសូវៀត កំពុងតែដើរចាប់គូកនរបស់ខ្លួន បង្កើតជាក្រុមមួយ ហើយសហរដ្ឋអាមេរិក គេមានក្រុមរបស់គេរួចស្រេចទៅហើយ អ្វីដែលធំបំផុតនៅពេលនេះមិនមែនតួនាទីបម្រើមនោគមវិជ្ជាទេ គឺតួនាទីផលប្រយោជន៍សេដ្ឋកិច្ចជាធំ តែវាបង្កើតជាប្លុកប្រឈមមុខដូចកាលពីសង្គ្រាមត្រជាក់ដែរ។

ស្ថានភាពសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានបន្តអូសបន្លាយជាង៨ខែមកហើយ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយអាចបញ្ជាក់ថាភាគីណាឈ្នះលើភាគីណានោះទេ។ សង្គ្រាមនេះ បានបង្ហាញពីផលលំបាកយ៉ាងខ្លាំងដល់តំបន់អឺរ៉ុប ក៏ដូចជាពិភពលោក និងបានធ្វើឱ្យពិភពលោករងនូវវិបត្តិជាបន្តបន្ទាប់ ក្នុងនោះមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងនូវអតិផរណា និងវិបត្តិអាកាសធាតុនៅអឺរ៉ុបផងដែរ។

កាលពីថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ បាតុកររាប់ម៉ឺននាក់ បានដើរដង្ហែក្បួនក្នុងទីក្រុងប៉ារីស ដោយបន្ថែមការប្រឆាំងនិងកំហឹងកាន់តែខ្លាំងឡើងអំពីបញ្ហាអតិផរណា ដោយបានឈានចូលដល់៣សប្តាហ៍ហើយនៃកូដកម្ម នៅរោងចក្រចម្រាញ់ប្រេងដែលបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈ នៅទូទាំងប្រទេសបារាំង នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP ។

បាតុកម្មប្រឆាំងនឹងការកើនឡើងតម្លៃក្នុងសង្គម ត្រូវបានអំពាវនាវដោយគណបក្សប្រឆាំងឆ្វេងនិយម France Unbowed ដឹកនាំដោយប្រធានគណបក្ស គឺ លោក ហ្សង់ លូច មេឡុងឆុង ( Jean-Luc Melenchon)។ វាជាការបង្ហាញកំហឹងប្រឆាំងនឹងផលរំខានដែលបង្កឡើងការឡើងថ្លៃចំណាយ និងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។

ក្រុមអ្នករៀបចំបាតុកម្មបានហៅសកម្មភាពនេះថាជា «ការដើរដង្ហែប្រឆាំងនឹងការកើនឡើងថ្លៃចំណាយ និងភាពអសកម្មចំពោះវិបត្តិអាកាសធាតុ»។ អ្នករៀបចំបាននិយាយថា មនុស្ស១៤០,០០០នាក់ បានចូលរួមការជួបជុំកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ខណៈមុននេះប៉ូលិសព្យាករថាមានមនុស្សប្រហែល៣០.០០០នាក់ ចូលរួមប៉ុណ្ណោះ។ សហជីពបារាំងជាច្រើនប៉ុន្តែមិនទាំងអស់ទេ បានប្រកាសកំណត់យកទិវាជាតិនៃកូដកម្ម នេះ ដែលរំពឹងថានឹងអាចប៉ះពាល់ដល់ការធ្វើចរាចណ៍តាមមធ្យោបាយសាធារណៈ និងការដឹកជញ្ជូននានា។

គេសង្កេតឃើញថាថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិក ដែលគេស្គាល់យ៉ាងច្បាស់ថាជាកំពូលមហាអំណាចនោះ កំពុងតែរងការចោទប្រកាន់ពីបណ្ដាប្រទេសនានា នៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។ ដែលក្នុងនោះ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ប្រធានាធិបតីអ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា «កំពុងញុះញង់ឱ្យមានភាពចលាចល» បន្ទាប់ពី លោកប្រធានាធិបតី ចូ បៃដិន បង្ហាញការគំាទ្រដល់បាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ឱ្យស្ត្រីម្នាក់ឈ្មោះ ម៉ាស់សា អាមីនី (Mahsa Amini) ដែលបានស្លាប់ ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអ៉ីរ៉ង់កាលពីជាងមួយខែមុន។ ប្រធានាធិបតីអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដែលជាអ្នកញុះញង់ឱ្យមានភាពចលាចល ភេរវកម្ម និងការបំផ្លិចបំផ្លាញប្រទេសដទៃ គឺបានរំឮកដល់ពាក្យមួយរបស់ស្ថាបនិកសាធារណរដ្ឋអ៉ីស្លាមដែលបានហៅថាសហរដ្ឋអាមេរិកថាបិសាច ពិសេសសហរដ្ឋអាមេរិកគឺតែងតែ ញុះញង់ ឲ្យមានសង្គ្រាមនៅគ្រប់ទីកន្លែងដើម្បីទទួលបានផលប្រយោជន៍ខ្លួនឯង មិនគិតពីវិបត្តិដែលកំពុងតែកើតឡើងនៅក្នុងពិភពលោកជាបន្តបន្ទាប់ ក្នុងនោះមានទាំងការកើនឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងនូវអតិផរណា និងវិបត្តិអាកាសធាតុទៀតផង »។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ប្រជាជននៅតាមបណ្តាប្រទេសអឺរ៉ុប ដូចជាសាធារណរដ្ឋឆែក បារាំង និងអាល្លឺម៉ង់ ក៏ធ្លាប់បានចេញបាតុកម្មរួចហើយដែរ ជុំវិញការកើនឡើងខ្លាំងនៃថ្លៃចាយវាយរស់នៅ ស្របពេលដែលពួកគេចាប់ផ្តើមភ្ញាក់ខ្លួនថា តាមពិតពួកគេផ្ទាល់ទេ ទើបជាអ្នកដែលត្រូវចាំរងថ្មបាក់ សម្រាប់ការសម្រេចចិត្តនៃរដ្ឋាភិបាលរបស់ពួកគេ ក្នុងការដើរតាមសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញវិបត្តិអ៊ុយក្រែន ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនជឿឡើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើ អាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បន្ទាប់ពីលោកផ្ទាល់បានព្រមានពីហានិភ័យខ្ពស់នៃសង្រ្គាមនុយក្លេអ៊ែរ។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវជាថ្មីឱ្យបណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 បញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមមកឱ្យទីក្រុងកៀវ ខណៈលោកផ្ទាល់ច្រានចោលកិច្ចចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ។

មែនទែនទៅ មកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាគិតទឹកប្រាក់ជាង ១៦.៨ពាន់លានដុល្លារហើយដល់ទីក្រុងកៀវ ប៉ុន្តែ អាមេរិកមិនទាន់អាចរកបាននៅដំណោះស្រាយសន្តិភាពប្រសើរណាមួយឡើយ។ ជាកាពិតណាស់ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានឈានដល់ដំណាក់កាលថ្មីមួយ ដែលរុស្ស៉ី បានប្រើប្រាស់មីស៊ីលបាញ់ស្រោចទៅរដ្ឋធានីកៀវ និងក្រុងសំខាន់ៗរបស់អ៊ុយក្រែន ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ព្រមទាំងខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ពិសេស បាតុកម្មថ្មីៗកើតមានឡើង នៅតាមទីក្រុងមួយចំនួននៃតំបន់អឺរ៉ុប ចំពោះការកើនឡើងតម្លៃថាមពល និងអតិផរណា ហើយក្នុងនោះបាតុករក៏បានស្រែកឲ្យចាកចេញពី NATO គិតប្រទេសខ្លួនជាមុនផងដែរ៕
អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

3 × four =

This site uses Akismet to reduce spam. Learn how your comment data is processed.