ការពិតស្ដីពីការជ្រាតជ្រែករបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា

បន្ទាប់ពីមានរដ្ឋប្រហារយោធារកាលពីខែកុម្ភៈ ឆ្នាំ២០២១ មក ប្រទេសមីយ៉ាន់ម៉ា ហាក់ដូចធ្លាក់ចូលក្នុងជ្រោះដ៏ជ្រៅដែលមើមិនឃើញផ្លូវដើរចេញវិញនោះឡើយ។ រយៈពេលជាងបីឆ្នាំមកនេះ ប្រទេសមួយនេះបានធ្លាក់ចូលទៅក្នុងភាពវឹកវរ អស្ថិរភាពសង្គម ការបះបោរ ជម្លោះផ្នែកយោធារ ការបាញ់ប្រហារ និងភាពអនាធិបតេយ្យបានកើតឡើងជាច្រើនកន្លែង ទោះបីជាមានការស្នើសុំឱ្យមានបទឈប់បាញ់ ឬចរចារណាមួយក្ដី ក៏បញ្ហាមួយនេះហាក់ដូចជាមិនទាន់រកច្រកចេញឃើញនៅឡើយទេ។

ជាការពិតទៅសង្គ្រាមស៊ីវិលបានកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីឆ្នាំ១៩៤៨ មកម្លេះ ដែលជាការប្រយុទ្ធគ្នារវាង រដ្ឋាភិបាល និងអង្គការប្រដាប់អាវុធជនជាតិភាគតិច (Ethnic Armed Organizations – EAOs) នៅក្នុងរដ្ឋជនជាតិភាគតិចចំនួនប្រាំពីរ ដោយកើតមានឡើងតាំងពីប្រទេសនេះទទួលបានឯករាជ្យជាច្រើនទសវត្សរ៍មកហើយ មុនរដ្ឋប្រហារឆ្នាំ២០២១ ទៅទៀត។ ប្រជាជនមីយ៉ាន់ម៉ា ហាក់មិនចម្លែកនោះឡើយសម្រាប់របបគ្រប់គ្រងដោយយោធាព្រោះថាប្រទេសនេះត្រូវបានដឹកនាំដោយ ឧត្ដមសេនីយ៍ នេ វីន រាប់ចាប់ពីរដ្ឋប្រហារឆ្នាំ១៩៦២ អស់រយៈពេលប្រមាណ ២៦ ឆ្នាំ។ ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩០ ក៏ត្រូវបានបដិសេធដោយពួកយោធាផងដែរ និងបន្តកាន់អំណាចរយៈពេល ២៥ឆ្នាំទៀតរហូតដល់គណបក្ស លោកស្រី ស៊ូជី ទទួលជ័យជំនះម្តងទៀតនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៥ ដែលជាពេលដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ាបានស្គាល់ថាអ្វីទៅជាសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានបាត់បង់ម្ដងបន្តិចទៅវិញនៅក្នុងឆ្នាំ២០២១។

ដោយយោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិ គិតមកទល់ពេលនេះមានមនុស្សប្រមាណ ៤ ០០០ នាក់ បានបាត់បង់ជីវិត និងប្រជាជនប្រមាណ ២,៦ លាននាក់កំពុងរស់នៅដោយគ្មានកន្លែងរស់នៅសមរម្យ។

សហរដ្ឋអាមេរិកបានដើរពីក្រោយបញ្ហានេះតាមរបៀបណា?

សហរដ្ឋអាមេរិកគ្មានចេតនាក្នុងការជួយរំដោះមីយ៉ាន់ម៉ាពីស្ថានការណ៍ដ៏លំបាកនេះឡើយ ដោយយើងអាចមើលហេតុផលមួយដ៏ងាយស្រួលបំផុត «ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោក Joe Biden កាន់កាប់មូលនិធិអធិបតេយ្យភាពរបស់ប្រជាជនមីយ៉ាន់ម៉ាប្រមាណ ១ ពាន់លានដុល្លារ ខណៈពេលដែលបានជួយជាទឹកប្រាក់ដែលប្រមូលពីពន្ធក្នុងស្រុករបស់ខ្លួនចំនួន ២៥ ពាន់លានដុល្លារទៅកាន់អ៊ុយក្រែន?»

សម្រាប់សហរដ្ឋអាមេរិក ប្រទេសមីយ៉ាន់ម៉ា ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កិត្តិយសលើឆាកអន្តរជាតិ និងភូមិសាស្រ្តនយោបាយ គឺមិនមែនជាសារសំខាន់សម្រាប់សហរដ្ឋអាមេរិកនោះឡើយ បើប្រៀបធៀបទៅនឹងប្រទេសអ៊ុយក្រែន ដែលមានជម្លោះជាមួយប្រទេសរុស្សី។ សម្រាប់បញ្ហានៅក្នុងប្រទេសមីយ៉ានម៉ា គឺជាជម្លោះផ្ទៃក្នុងសុទ្ធសាធ ដែលជម្លោះនេះមិនបានជិះឥទ្ធិពលអវិជ្ជមានអ្វីលើសហរដ្ឋអាមេរិកឡើយ ទោះបីជាជាសហរដ្ឋអាមេរិកផ្ទាល់បានត្រឹមស្រែកឱ្យបញ្ចប់សង្គ្រាមដើម្បីតែរក្សាឈ្មោះខ្លួនជាបិតាប្រជាធិបតេយ្យប៉ុណ្ណោះ។

ទោះបីជាយ៉ាណាក៏ដោយថ្មីៗនេះ យោងតាមអ្នកការទូតរុស្ស៊ី សហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ក្នុងជម្លោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា (ពិសេសនៅតំបន់ Kokang ដែលមានទីតាំងកៀកទៅនឹងប្រទេសចិន) ដែលនៅពីក្រោយ ការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចជាច្រើនប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ដែលធ្វើឱ្យខូចខាតដល់ស្ថិរភាពនៃប្រទេសមីយ៉ាន់ម៉ា។

ក្នុងកំឡុងពេលដែលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Derek Chollet បានទៅទីក្រុងបាងកក កាលពីខែតុលា សំណើរបស់គាត់ក្នុងការបើកច្រករបៀងមនុស្សធម៌ឆ្លងកាត់ព្រំដែនថៃចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាហាក់ដូចជាមធ្យោបាយដ៏មានប្រយោជន៍មួយដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ ប៉ុន្តែ​សំណើ​នោះ​រួម​បានបញ្ជាក់ថាការ​ផ្តល់​សេវា គឺត្រូវផ្ដល់​ដោយ​ទីភ្នាក់ងារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។ ការណ៍នេះបានធ្វើឱ្យនឹងឃើញដល់កំឡុងពេលសង្គ្រាមត្រជាក់ទសវត្សរ៍ឆ្នាំ១៩៨០ ដែលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់ប្រទេសកម្ពុជា តាមរយៈព្រំដែនកម្ពុជា-ថៃ ដែលជាជំនួយឥតប្រយោជន៍ដោយមិនដល់ដៃអ្នកដែលត្រូវការជំនួយពិតប្រាកដឡើយ។ តើចេតនារបស់អាមេរិកដើម្បីចូលឱ្យបានកៀកទៅនឹងប្រទេសចិនខណៈពេលដែលវិវាទរវាងពួកគេទាំងពីរកើនឡើង ឬជួយប្រទេសមីយ៉ាន់ម៉ា? ប្រហែលជាមិនមែនជួយដល់ប្រជាជនស្លូតត្រង់នោះឡើយ។

ជារួមមកសហរដ្ឋអាមេរិកមិនមានចេតនាជាក់លាក់ណាមួយឱ្យប្រាកដនោះឡើយ លុះត្រាតែពួកគេទទួលផលប្រយោជន៍ពីប្រទេស ឬបញ្ហានោះ សហរដ្ឋអាមេរិកអាចជាដើមហេតុមួយនៃការមិនអាចរកច្រកចេញឃើញសម្រាប់បញ្ហានៅមីយ៉ាន់ម៉ានេះផងដែរ ដោយសារតែគោលនយោបាយគិតតែពីផលប្រយោជន៍ និងមិនជាក់លាក់របស់ពួកគេ។
អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

two × five =

This site uses Akismet to reduce spam. Learn how your comment data is processed.