សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយ
ដែលចោទប្រកាន់ប្រទេសកម្ពុជាជាកន្លែងលាក់ទាសករបច្ចេកវិទ្យា

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូដែលគ្មានការពិតមួយអំពីប្រទេសកម្ពុជាស្តីអំពីទាសករបច្ចេកវិទ្យា។ នៅក្នុងវីដេអូនោះ បានធ្វើការកាត់តវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយក្នុងវិដេអូនោះក៏បានធ្វើការចោទប្រកាន់ទាំងគ្មានភស្តុតាងទៀតថា ប្រទេសកម្ពុជាកំពុងត្រូវបានគ្រប់គ្រងដោយចិន និងជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអន្តរជាតិដ៏ក្តៅគគុក ។

ក្រោយពីមានការបង្ហោះនូវវីដេអូចោទប្រកាន់ទាំងគ្មានការពិត និងសែនអយុត្តិធម៌មកលើប្រទេសកម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុបែបនេះ ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ចំពោះការចុះផ្សាយដោយសារព័ត៌មាន Aljazeera​
ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម facebook ។

គណនេយ្យហ្វេសប៊ុកមួយបានលើកឡើងអំពីស្ត្រីឈ្មោះ Mary Ann Jolley គឺជាអ្នកយកព័ត៌មានរបស់សារព័ត៌មាន Aljazeera ដែលមានជំនាញក្នុងការសរសេរព័ត៌មាន និងផលិតជាវីដេអូដើម្បីធ្វើការវាយប្រហារទៅលើបណ្តាប្រទេសនានា និងមិនលើកលែងសូម្បីតែប្រទេសអូស្ត្រាលីដែលជាប្រទេសកំណើតរបស់នាង។ រាល់ព័ត៌មាន និងវីដេអូដែលស្ត្រីរូបនេះបានផលិតគឺតែងតែធ្វើឡើងដោយផ្តោតទៅលើពាក្យចចាមរាមតៗគ្នា ហើយភាគច្រើនគឺជារឿងមិនពិត ដែលមិនបានកើតមានឡើងទាល់តែសោះ។ ជាក់ស្តែងដោយសារតែការផ្សព្វផ្សាយព័ត៌មានដោយគ្មានការពិត និងមានចេតនាញុះញង់ បង្កឱ្យមានចលាចលក្នុងសង្គមប៉ះពាល់ដល់សន្តិសុខជាតិ កាលពីឆ្នាំ២០១៥ ស្ត្រីជនជាតិអូស្ត្រាលីរូបនេះ ត្រូវបានប្រទេសម៉ាឡេស៊ីបណ្តេញចេញពីក្នុងប្រទេសរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ ស្ត្រីរូបនេះក៏ត្រូវបានអាជ្ញាធរ New Zealand ចាត់ទុកថាជា ឧក្រិដ្ឋជន (Criminal) និងហាមឃាត់មិនឱ្យនាងចូលទៅក្នុងប្រទេសរបស់ពួកគេជាដាច់ខាត នេះបើតាមការលើកឡើងដោយគណនេយ្យហ្វេសប៊ុក។

ក្រោយការចេញផ្សាយវិដេអូនេះរួចមក របាយការណ៍ ស្តីអំពី ការជួញដូរមនុស្សប្រចាំឆ្នាំ២០២២ ចេញផ្សាយដោយក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២19 ខែកក្កដា ឆ្នាំ ២០២២ បានកម្ពុជាធ្លាក់ទៅក្នុងបញ្ជីក្រហម ឬចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្ស មិនទាន់មានប្រសិទ្ធិភាព។
គួរកត់សម្គាល់ថា ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ កម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២នៃការឃ្លាំមើល ក៏ប៉ុន្តែសម្រាប់របាយការណ៍នៅឆ្នាំ២០២២ បានធ្លាក់ទៅដល់កម្រិត៣ ឬបញ្ជីខ្មៅ។ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនាពេលនេះ ក៏ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសារព័ត៌មាន Al Jazeera បានចេញផ្សាយនូវវីដេអូឯកសារស៊ើបអង្កេត មួយអំពីការជួញដូរមនុស្ស ដោយបង្ខំឱ្យពួកគេធ្វើការងារបោកប្រាស់តាមអ៊ីនធឺណេតនៅកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ RFI នៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ ២០២២ ។


ដោយឡែក លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យល់ថា មិនយុត្តិធម៌ឡើយ ដែលក្រសួងការរបរទេសអាម៉េរិក សម្រេចឲ្យកម្ពុជាជាប់លេខ៣ ជាប្រទេស ដែលមានការជួញដូរមនុស្ស។ ចំណាត់ថ្នាក់លេខ៣នេះ ធ្វើឲ្យកម្ពុជា ចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស។
លោកស្រី ជូ ប៊ុនអេង ស្នើឲ្យភាគីដែលដឹងឮ ពីករណីជួញដូរមនុស្សនៅកម្ពុជា រាយការណ៍ដល់អាជ្ញាធរ ដើម្បីសហការគ្នាដោះស្រាយបញ្ហា។ ឆ្លើយតបនឹងរបាយកាណ៍របស់ក្រសួងការបរទេសអាម៉េរិក ដែលចេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស លោកស្រី មានប្រសាសន៍ថា «មិនយុត្តិធម៌ទាល់តែសោះ»។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រថ្មីៗនៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ ២០២២នេះ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី ២០ ខែកក្កដាថា មួយឆ្នាំទៅមួយឆ្នាំទៀត សហរដ្ឋអាមេរិកមិនអើពើនឹងការពិត ដោយប្រឌិតម្តងហើយម្តងទៀត «របាយការណ៍» មិនពិតស្តីពីបញ្ហាជួញដូរមនុស្ស ដើម្បីបញ្ឆោតពិភពលោក។ តាមពិត សហរដ្ឋអាមេរិកវិញទេ ដែលជាប្រទេសជួញដូរមនុស្សធំទី១ នៅលើពិភពលោក។

ក្នុងនោះរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ចិន ​ក្នុង​ការ​បង្កើត​យន្តការ​ផ្សេងៗ​ដើម្បី​​ទប់ស្កាត់ និង​បង្រ្កាប​ឧក្រិដ្ឋកម្មនានា​ ​នៃ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​កម្ពុជា-ចិន។

តាមការលើកឡើងដោយគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថា ចៅ តូច Chao Toch បានធ្វើការពណ៌នាថា ក្នុងនាមខ្ញុំជាប្រជាជនខ្មែរមួយរូប សូមសំណូមពរឱ្យសារព័ត៌មាន Aljazeera លុបចោលនូវវីដេអូដែលគ្មានការពិតនេះចេញជាបន្ទាន់ ហើយក៏ចង់ផ្តាំផ្ញើផងដែរទៅដល់លោកស្រី Mary Ann Jolley សូមឱ្យនាងបញ្ឈប់ និងបោះបង់ចោលគំនិតក្នុងការសរសេរព័ត៌មាននិងផលិតវីដេអូមិនពិតបែបនេះទៀតទៅ បើមិនដូច្នេះទេ នាងច្បាស់ជាជៀសមិនផុតពីការបណ្តេញចេញពីសំណាក់ប្រទេសជាច្រើនផ្សេងៗ ដែលក្នុងនោះក៏អាចរួមមានទាំងប្រទេសកម្ពុជាផងដែរ។

គួរបញ្ចាក់ថា អ្វីដែលជាបញ្ហាចោទនៅក្នុងវីដេអូនេះ គឺចោទតែនៅក្នុងប្រទេសកម្ពុជា ដែលថាកម្ពុជាប្រទេសពុករលួយផុតលេខ និងការជួញដូរមនុស្ស ដោយបង្ខំឱ្យពួកគេធ្វើការងារបោកប្រាស់តាមអ៊ីនធឺណេត ខណៈដែលរឿងនេះមិនមែនកើតតែនៅក្នុងប្រទេសកម្ពុជាទេ។ ករណីបែបនេះក៏អាចកើតនៅប្រទេសក្នុង​តំបន់ ដូចជា ថៃ ម៉ាឡេស៊ី វៀតណាម ឬឡាវ ជាដើម។

នៅក្នុងវីដេអូបានឆ្លុះបញ្ចាំងពី អំពើពុករលួយមួយចំនួនរបស់រដ្ឋាភិបាល ដោយផ្នែកលើការស្រាវជ្រាវតែម្ខាង វាអាចពិតខ្លះ ឬមិនពិតខ្លះ ដែលនេះអាចធ្វើអោយប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាទាំងមូល។ ពិសេសគឺវិស័យទេសចរណ៍ ដែលជាវិស័យចម្បងសម្រាប់កម្ពុជា វាអាចធ្វើឲ្យបាត់បង់ភ្ញៀវទេសចរជាច្រើន ដូចនេះចំណូលរបស់ប្រជាពលរដ្ឋ ដែលកំពុងតែពឹងផ្អែកទៅលើវិស័យនេះ ហ្នឹងត្រូវបាត់បង់មួយផ្នែកធំផងដែរ។

ប្រសិនបើជនបរទេសមួយចំនួនដែលមិនដែលបានស្គាល់ប្រទេសកម្ពុជា នៅពេលដែលពួកគេបានទស្សនាវីដេអូនេះ ពួកគេនឹងគិតថាកម្ពុជា ជាប្រទេសដែលគ្មានសុវត្ថិភាព អសន្តិសុខ សំបូរតែអំពើឧក្រិដ្ឋកម្ម និងពុករលួយ។ ដូច្នេះ មានតែស្ថាប័នរដ្ឋាភិបាលជំនាញពាក់ព័ន្ធ ពិនិត្យ ស្រាវជ្រាវ សិក្សា និងរកឯកសារ មកបញ្ចាក់អោយចឹងច្បាស់លាស់ ដើម្បីមុខមាត់ប្រទេសឡើងវិញ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

six + 18 =

This site uses Akismet to reduce spam. Learn how your comment data is processed.