លោក ហ៊ុន សែន ព្រមាន​ប្រទេស​ដែល​ខ្លួនធ្លាប់គាំទ្រដល់រដ្ឋប្រហារ លន់ នល់ កុំ​ឲ្យ​គាំ​ទ្រ​ក្រុម​អ្នក​ធ្វើ​«​បដិវត្តន៍​ពណ៌​»​នៅ​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានទៅប្រទេសមួយចំនួន ដែលបង្ហាញកង្វល់លើប្រជាធិបតេយ្យនៅកម្ពុជា កុំឱ្យសាងកំហុសទី៣ទៀត ខណៈដែលពួកគេជាអ្នកគាំទ្រដល់រដ្ឋប្រហាររបស់​ លោក លន់ នល់ ទម្លាក់សម្តេចនរោត្តម សីហនុ បង្កើតជាសង្គ្រាមឱ្យកម្ពុជារាប់ទសវត្សរ៍។

សម្តេចតេជោ ហ៊ុន សែន ពុំបាននិយាយចំឈ្មោះប្រទេសទាំងនោះឡើយ ប៉ុន្តែការថ្លែងសារនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ចេញមុខសម្តែងកង្វល់ចំពោះការកាត់ទោសលើ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចំពោះបទសន្ទិដ្ឋិភាពជាមួយបរទេស។

ថ្លែងប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ជនបរទេសទាំងឡាយ មិនបានមកស្លាប់ជាមួយខ្មែរនោះទេ​ គេនាំគ្នារត់ចោលយើង ហើយទុកឱ្យពួកយើង ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែដល់ពេលមានសន្តិភាព គេបែរជានាំគ្នាបង្ហាញកង្វល់ជួសយើង ទៅលើបញ្ហានេះបញ្ហានោះ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ឬគិតគូរដល់កង្វល់របស់យើងពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិភាព និងសង្គ្រាមនោះទេ»។

ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃចាប់តាំងពីរដ្ឋប្រហារដោយ លោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេចនរោត្តម សីហនុ កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ សង្គ្រាមរវាងខ្មែរ និងខ្មែរ បានកើតឡើងបន្តបន្ទាប់ រហូតធ្លាក់ទៅក្នុងរបបខ្មៅងងឹតប៉ុលពត ដែលធ្វើឱ្យពលរដ្ឋជិត៣លាននាក់ បានបាត់បង់ជីវិត ហើយកម្ពុជាត្រូវរង់ចាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបអាចបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ នាំមកនូវសន្តិភាពពេញលេញឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តប្តេជ្ញាមិនឱ្យមាននរណាមកបំផ្លាញសន្តិភាពរបស់កម្ពុជាតទៅទៀតទេ ដោយអះអាងថា ទម្រាំមានសន្តិភាពនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលដ៏លំបាក មិនខុសពីពុទ្ធទំនាញថា «វាលបី» នោះឡើយ ដែលវាលទី១នោះ គឺសង្គ្រាមតែម្តង។

សម្តេចបានបញ្ជាក់ថា «សង្ឃឹមថា អ្នកនឹងមិនដុតកម្លោចដោយជួយផ្ចុងផ្ដើមដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសន្តិភាពនៅក្នុងប្រទេសរបស់យើង ហើយបង្កើតឡើងវិញនូវសង្គ្រាម ដែលក្នុងពុទ្ធទំនាយរបស់យើង និងដែលយើងបាននិយាយរហូតដល់ពេលនេះគឺទាក់ទងនឹងការឆ្លងកាត់វាលបី ដែលវាលទៅមួយនេះគឺវាលសង្គ្រាម»។

សម្តេចក៏សង្ឃឹមដែរថា អ្វីដែលសម្តេចលើកឡើងនេះ អាចជាការដាស់តឿន ឱ្យអ្នកដទៃទៀត កុំកសាងកំហុសទី៣។ សម្តេចបញ្ជាក់ថា «ប្រទេសណាក៏ដោយដែលបានគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់សម្តេចនរោត្តម សីហនុ នៅឆ្នាំ១៩៧០ សុទ្ធតែមានចំណែកទាំងអស់ នៃការដុតកម្លោចសង្គ្រាមនៅកម្ពុជា តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យប៉ុន្តែគាំទ្រដល់រដ្ឋប្រហារយោធា គឺជារឿងគួរឱ្យអស់សំណើច»។

សម្តេចតេជោ ស្នើឱ្យប្រទេសដែលគាំទ្រដល់រដ្ឋប្រហារយោធារបស់លន់នល់ទាំងនោះ ក្រលែកមើលក្រោយ មុននឹងនិយាយអំពីរឿងប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលាតត្រដាងអំពីកំហុសមួយទៀតរបស់បស្ចឹមប្រទេស ដែលគាំទ្រដល់របបខ្មែរក្រហមអស់រយៈពេល១២ឆ្នាំ នៅក្នុងអង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានរិះគន់ផងដែរចំពោះសហរដ្ឋអាមេរិក ដែលបង្ហាញកង្វល់លើការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ខណៈដែលខ្លួននៅឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា។

សម្តេចបញ្ជាក់ដូច្នេះថា៖ «សូម្បីតែរឿងកំពង់ផែសមុទ្ររាម ក៏ក្លាយជាកង្វល់របស់ពួកអ្នកឯង នៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា ប៉ុន្តែអ្នកឯងបានបង្ហាញកង្វល់ពីសន្តិសុខរបស់អ្នកឯង ប៉ុន្តែអ្នកឯងក៏មិនបានបង្ហាញអំពីកង្វល់សន្តិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តន៍ពណ៌នៃការផ្តួលរំលំ»៕

ប្រភព:Freshnews

Leave a Reply

Your email address will not be published. Required fields are marked *

15 + 13 =

This site uses Akismet to reduce spam. Learn how your comment data is processed.