វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ស្រាប់តែចង់ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន?​

នៅក្នុងការផ្លាស់ប្ដូរចិត្តមួយដ៏ភ្ញាក់ផ្អើល ​ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី២១ ខែមេសា បាននិយាយថារូបលោកមានឆន្ទៈជួបចរចាដោយផ្ទាល់ជាមួយរបបទីក្រុងកៀវ ពាក់ព័ន្ធនឹងសំណើមួយរបស់អ៊ុយក្រែន ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល ៣០ថ្ងៃ។ នេះជាលើកដំបូងបំផុតដែលលោក ពូទីន បញ្ជាក់ពីចេតនាចង់ជួបចរចាដោយផ្ទាល់ ជាមួយទីក្រុងកៀវ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ប៉ុន្តែតើលោក ពូទីន ពិតជាចង់ចរចាមែន ឬក៏គ្រាន់តែជាអន្ទាក់?

ចង់យកចិត្តលោក ត្រាំ
លោក ពូទីន កន្លងមកតែងតែបដិសេធកិច្ចចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលលោកបានចាត់ទុកថាជាមេដឹកនាំនៃរបបណាហ្ស៉ីនៅអ៊ុយក្រែន។ នេះបើតាម លោក Jeff Hawn ជាអ្នកជំនាញពីរុស្ស៉ី មកពីសាកលវិទ្យាល័យ London School of Economics។ ទីក្រុងមូស្គូបានដឹកនាំយុទ្ធនាការឃោសនាដោយនិយាយថាសង្រ្គាមរបស់ខ្លួនគឺមានគោលដៅផ្ដួលរំលំ រដ្ឋាភិបាលរបស់លោក ហ្សេលេនស្គី សំដៅលុបបំបាត់ចោលនូវការគំរាមកំហែងពីរបបណាហ្ស៉ី។ ក៏ប៉ុន្តែ ការផ្លាស់ប្ដូរចិត្តរបស់លោក ពូទីន កាលពីថ្ងៃចន្ទ មិនមែនមានន័យថាការយល់ឃើញរបស់លោកចំពោះ លោក​ ហ្សេលេនស្គីបានផ្លាស់ប្ដូរ ដែរនោះទេ។ ពីព្រោះដោយនិយាយថារូបលោកត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយរបបដឹកនាំទីក្រុងកៀវ ជាជាងហៅថារដ្ឋាភិបាលអ៊ុយក្រែន ឬអាជ្ញាធរអ៊ុយក្រែន លោក ពូទីន នៅតែបង្កប់បំណងចាត់ទុករដ្ឋាភិបាល របស់លោក ហ្សេលេនស្គី មិនមានភាពស្របច្បាប់។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Jeff Hawn។

ផ្ទុយទៅវិញ លោក ពូទីន ប្រហែលជាចង់បង្ហាញថាលោកកំពុងប្រឹងប្រែងដើម្បីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រដ្ឋបាលលោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងដកខ្លួនពីកិច្ចប្រឹងប្រែងស្វែងរក សន្តិភាព ប្រសិនបើមិនមានភាពរីកចម្រើនក្នុងពេលឆាប់ៗទេនោះ។ លោក Stephen Hall ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់ជំនាញខាងកិច្ចការរុស្ស៉ី មកពីសាកលវិទ្យាល័យ University of Bath យល់ថា «លោក ពូទីន ចង់បញ្ជាក់ឱ្យលោក ត្រាំ បានឃើញថារុស្ស៉ីពិតជាមានឆន្ទៈដើម្បីចរចាប្រាកដមែន»។ ការគំរាមដកខ្លួនរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ឡើងវិញដោយអនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃពុធ ទី២៣ ខែមេសា។ លោក JD Vance បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងទស្សនកិច្ចក្នុងប្រទេសឥណ្ឌា ដូច្នេះថា «យើងបានលើកឡើងវិញនូវសំណើច្បាស់ៗទៅកាន់ភាគីទាំងសងខាង ហើយឥលូវ គឺជាពេលដែលត្រូវនិយាយថា Yes ឬក៏ចង់ឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញ»។ ការកត់សម្គាល់របស់លោក ពូទីន ធ្វើឡើងនៅចំកាលៈទេសៈដ៏សំខាន់ គឺនៅមុនពេលអ្នកតំណាងមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ត្រូវជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ជាមួយក្រុមមន្ត្រីអ៊ុយក្រែនអំពីបទឈប់បាញ់។ ប៉ុន្តែគម្រោងនានាត្រូវបានផ្លាស់ប្ដូរភ្លាមៗ ក្រោយការវាយប្រហារតាមផ្លូវអាកាសមួយរបស់រុស្ស៉ី សម្លាប់មនុស្សយ៉ាងហោច ៩នាក់ នៅភាគខាងកើតអ៊ុយក្រែន។ «ការសម្រេចចិត្តរបស់លោក ពូទីន ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល ហើយវាជាសារចង់បញ្ជូនទៅឱ្យមនុស្សតែម្នាក់គត់ (លោក ត្រាំ)។ នេះជាការយល់ឃើញរបស់លោក Jeff Hawn។

តើអាចជាការដាក់អន្ទាក់ឬ?
នៅពេលនិយាយដល់ស្ថានការណ៍ជាក់ស្ដែង កងទ័ពរុស្ស៉ីនៅតែបន្តភាពរីកចម្រើនទៅមុខនៅលើសមរភូមិក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។ លោក Jeff Hawn បាននិយាយថាបើនិយាយដល់យោធាវិញ អ៊ុយក្រែនសព្វថ្ងៃ មិនមែនកំពុងស្ថិតក្នុងទីតាំងដ៏ល្អមួយនោះទេ ហើយវាមើលទៅ រុស្ស៉ីប្រហែលជានឹងបន្តរក្សាការមានប្រៀបយោធាក្នុងពេលបច្ចុប្បន្ន ជាជាងប្ដូរយកជម្រើសផ្សេង។ ទីក្រុងមូស្គូក៏បានបង្ហាញដែរថាខ្លួនមិនទាន់ត្រៀមខ្លួន រួចរាល់ដើម្បីរក្សាពាក្យសន្យាឡើយ។ ក្រោយបដិសេធសំណើមួយរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន អំពីបទឈប់បាញ់ពេញលេញមួយដោយគ្មានលក្ខខណ្ឌកាលពីខែមីនាកន្លងទៅ លោក ពូទីន បានប្រកាស បទឈប់បាញ់ដ៏ភ្ញាក់ផ្អើលមួយសម្រាប់ពិធីបុណ្យ Easter កាលពីចុងសប្ដាហ៍មុន។ ប៉ុន្តែ បទឈប់បាញ់ដ៏ខ្លីនេះត្រូវបានរំលោភបំពានជាច្រើនដង ដោយអ៊ុយក្រែនបានអះអាងថារុស្ស៉ីបានបាញ់ផ្លោងគ្រាប់៥៩លើក។

តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញខ្លះដូចជាលោក Will Kingston-Cox ជាអ្នកស្រាវជ្រាវពីរុស្ស៉ីសម្រាប់ស្ថាប័ន International Team for the Study of Security ក្នុងទីក្រុង Verona បាននិយាយថារុស្ស៉ីក៏ប្រហែលចង់ ចរចាជាមួយអ៊យក្រែនពិតមែន ពីព្រោះយ៉ាងហោច រុស្ស៉ីចង់កេងចំណេញពេលវេលាលើស្ថានការណ៍សព្វថ្ងៃ។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Jeff Hawn យល់ថា «លោក ពូទីន អាចនឹងយកបានអ្វីៗគ្រប់យ៉ាង ដែលលោកចង់បានពីលោក ត្រាំ។ ប្រសិនបើលោកចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិកអាចនឹងដាក់សម្ពាធលើទីក្រុងកៀវឱ្យទទួលយកកិច្ចព្រមព្រៀងមួយ»។ ណាមួយ វាក៏អាចនឹងក្លាយជាកិច្ចចរចាមួយ ដែលផាត់អឺរ៉ុបចេញផងដែរ។ នេះជាការបន្ថែមរបស់លោក Kingston-Cox។ លើសពីនេះទៅទៀត ក្រោយលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន បានបង្កើតក្រុមចម្រុះថ្មីមួយ ដើម្បីផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ នៅត្រង់នេះ លោក ពូទីន ប្រហែលជាគិតថាលោកត្រូវតែពន្លឿនកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងកៀវ មុននឹង «ក្រុមចម្រុះនៃឆន្ទៈ» ផ្ដល់ការគំាទ្រ យ៉ាងពេញទំហឹងដល់អ៊ុយក្រែន។

តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅក្នុងសំណើចុងក្រោយមួយនៃផែនការសន្តិភាពរបស់លោក ត្រាំ សហរដ្ឋអាមេរិកអាចនឹងទទួលស្គាល់ជាផ្លូវការថាតំបន់គ្រីមៀជាកម្មសិទ្ធិរបស់រុស្ស៉ី ហើយអាចទទួលស្គាល់ក្រៅផ្លូវការលើ តំបន់៤ផ្សេងទៀតនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនជាទឹកដីរុស្ស៉ី ដែលជាសំណើត្រូវបានបដិសេធដោយលោក ហ្សេលេនស្គី។ ដូច្នេះថាតើវាអាចជាអន្ទាក់ឬ? លោក Stephen Hall បាននិយាយថាលោក ហ្សេលេនស្គី កំពុងធ្វើឱ្យខ្លួនឯងស្ថិតក្នុងស្ថានភាពមួយដ៏លំបាកដោយបដិសេធការចរចាជាមួយលោក ពូទីន។ បានន័យថាប្រសិនបើលោកនៅតែបន្តនិយាយថាលោកនឹងមិនអង្គុយចរចាជាមួយរុស្ស៉ីទេ នោះលោក ត្រាំ អាចនឹងនិយាយថា «អ្នកឯង (លោក ហ្សេលេនស្គី) មិនចង់បានសន្តិភាពនោះទេ»។ ចំណែក លោក Jeff Hawn បានសង្កត់ធ្ងន់ថាការសម្រុះសម្រួលមួយចំនួនដែលត្រូវបានរាយការណ៍កាលពីពេលថ្មីៗនេះ ក៏ជារឿងគ្រោះថ្នាក់សម្រាប់ អ៊ុយក្រែនដែរ។ «អ៊ុយក្រែនមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយដែលទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៉ី លើតំបន់ដុនបាស និងគ្រីមៀបានឡើយ»។ នេះបើតាមលោក Jeff Hawn ដោយបន្ថែមថាលោក ហ្សេលេនស្គី បានបញ្ជាក់ជាច្រើនលើកពីជំហររបស់លោកចំពោះបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ហើយប្រឆាំងនឹងលក្ខខណ្ឌជាច្រើនដែលមានគូសបញ្ជាក់នៅក្នុងសំណើរបស់សហរដ្ឋអាមេរិក។ ដូច្នេះវានឹងផ្ដល់ហេតុផលឱ្យលោក ពូទីន បញ្ជាក់ប្រាប់គេឯងថារូបលោកពិតជាបានប្រឹងប្រែងរួចហើយក្នុងការស្វែងរកសន្តិភាព។

សម្រាប់លោក Kingston-Cox ទីក្រុងមូស្គូចង់បញ្ចប់សង្រ្គាម តាមលក្ខខណ្ឌរបស់ខ្លួន ហើយប្រសិនបើអ៊ុយក្រែនមិនព្រមចរចាលើលក្ខខណ្ឌរបស់លោក ពូទីនទេ នោះរុស្ស៉ីអាចនឹងប្រកាសថាខ្លួនជាអ្នកចង់បានសន្តិភាព។ លោកបន្ថែមថា ទោះបីជាសំណើសន្តិភាពរបស់លោក ពូទីន ទំនងជានឹងមិនត្រូវបានយកចិត្តទុកដាក់នៅក្នុងតំបន់អឺរ៉ុបក៏ដោយ តែការបញ្ជូនសាររបស់លោកអាចនឹងត្រូវបានយកចិត្តទុកដាក់នៅតាមប្រទេសមួយចំនួនដូចជា ចិន ឬឥណ្ឌា ជាដើម៕

From: Fresh News

Leave a Reply

Your email address will not be published. Required fields are marked *

eight + twelve =

This site uses Akismet to reduce spam. Learn how your comment data is processed.