ការគ្រប់គ្រងមន្ទីរពិសោធន៍គឺជាការងារដែលត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត មិនដូច្នេះនឹងបង្កមហន្ដរាយដល់ពិភពលោកទាំងមូល

រថយន្ដមួយគ្រឿងដែលដឹកសត្វស្វាប្រហែលជា១០០ក្បាល បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យសត្វស្វាចំនួនបីក្បាលបានរត់ចេញទីទ្រុងសណ្ដោងរបស់រថយន្ដ។ ហេតុការណ៍នេះបានកើតឡើងនៅសហរដ្ឋអាមេរិក គឺនៅលើផ្លូវហាយវ៉េមួយស្ថិតក្នុងរដ្ឋPennsylvania។ បើតាមអាជ្ញាធរបានឱ្យដឹងថា ក្រោយកើតហេតុសត្វស្វាដែលរត់គេចចេញពីក្នុងទ្រុងសណ្ដោងនៅខាងក្រោយរថយន្ដនោះ ត្រូវបានរកឃើញវិញនៅយប់ថ្ងៃសៅរ៍ ទី២២ ខែមករា ពោលគឺមួយថ្ងៃបន្ទាប់ពីជួបគ្រោះថ្នាក់កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្រោយមានករណីនេះកើតឡើង អាជ្ញាធរបានណែនាំឱ្យមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC) រួមទាំងនាយកដ្ឋានសុខភាព ត្រូវការពារសុវត្ថិភាពក្នុងតំបន់កើតហេតុ។

សត្វស្វាទាំងនោះដែរត្រូវបានCDCបញ្ជាឱ្យដឹកទៅដាក់នៅមន្ទីរពិសោធន៍ដាច់ឆ្ងាយពីគេមួយ ក្រោយដឹកពីដែនកោះម៉ូរីសមកដល់អាកាសយានដ្ឋានKennedyក្នុងទីក្រុងញូវយ៉កកាលពីព្រឹកថ្ងៃទី២១មករា ប៉ុន្ដែចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

ចំពោះទីតាំងមន្ទីរពិសោធន៍ និងថាតើយកសត្វស្វាទាំងនោះទៅពិសោធដើម្បីអ្វី ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ទេ។ នៅពេលសួរថាតើសត្វស្វាដែលបានរួចទៅមុនពេលរកឃើញវិញ មានបញ្ហាសុខភាពឬជំងឺឬអត់ ក្រុមអាជ្ញាធរចុះស្វែងរកក៏មិនច្បាស់ពីករណីនេះដូចគ្នា។ ប៉ុន្ដែស្ដ្រីជនជាតិអាមេរិកម្នាក់ឈ្មោះFallon បន្ទាប់ពីបានប៉ះនិងកាន់ទ្រុងស្វានោះ នាងបាននិយាយថា នាងមានអាការ:ក្អក ហៀរសំបោរ និងមានប្រតិកម្មភ្នែកឡើងពណ៌ផ្កាឈូក ដែលមានរោគសញ្ញាស្រដៀងនឹងជំងឺCOVID-19អ៊ីចឹងដែរ។ ដូច្នេះទើបបង្កឱ្យមានការព្រួយបារម្ភកានតែខ្លាំង។ ក្រោយពីមានហេតុការណ៍នេះកើតឡើង ប៉ូលិសក្នុងតំបន់កើតហេតុក៏បានស្នើសុំឱ្យមនុស្សគ្រប់គ្នាត្រូវនៅឆ្ងាយពីសត្វស្វា។

កន្លងមកធ្លាប់មានព័ត៌មានបញ្ជាក់ថា សត្វស្វាក៏ជាសត្វដែលអាចចម្លងជំងឺបានដែរ ដែលរួមមានជំងឺអុតស្វាយ និងវីរុស herpes B (វីរុសបង្កជាជំងឺរើម) ដែលត្រូវបានរាយការណ៍ថាបានសម្លាប់មនុស្សលើកដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។

ស្របពេលដែលមិនទាន់មានការពន្យល់ឱ្យបានច្បាស់ថា សត្វស្វាខាងលើត្រូវដឹកយកទៅមន្ទីរពិសោធន៍ដើម្បីអ្វី ករណីនេះគឺជាឧទាហរណ៍ជាក់ស្ដែងមួយដែលអ្នកគ្រប់គ្រងការដឹកជញ្ជូន ឬក៏ក្រុមការងារទទួលខុសត្រូវគួរតែមានចំណាត់ការឱ្យបានខ្ពស់ និងប្រយ័ត្នប្រយែងជាងនេះ។ បើសិនណាជាសត្វស្វាដែលរួចចេញមានផ្ទុកជំងឺឆ្លងកាចសាហាវ នោះចង់ឬមិនចង់ហានិភ័យពិតជាអាចកើតមានឡើង។

ជាងនេះទៅទៀត ករណីនេះក៏ជាមេរៀនមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្ដ្រ ឬអ្នកវេជ្ជសាស្ដ្រ ជាអ្នកធ្វើការក្នុងមន្ទីរពិសោធន៍នៅក្នុងគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោកនិយាយជារួម និងនៅក្នុងប្រទេសកម្ពុជាផងដែរនិយាយដោយឡែក សូមបង្កើននូវការរក្សាសុវត្ថិភាពឱ្យបានកាន់តែខ្លាំងជាងមុន ទាំងនៅពេលដឹកជញ្ជូនសត្វផ្សេងៗយកទៅពិសោធន៍ ឬក្នុងអំឡុងពេលពិសោន៍ ចៀសវាងមានឧប្បត្ដិហេតុផ្សេងៗបង្កទៅជាវិបត្ដិសុខភាពសាធារណៈ។

ដូចបានដឹងហើយថា សព្វថ្ងៃគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកកំពុងរងគ្រោះដោយសារជំងឺឆ្លងដ៏កាចសាហាវមួយរួចទៅហើយ គឺជំងឺកូវីដ-១៩ ដែលជំងឺនេះអ្នកវិទ្យាសាស្ដ្រធ្លាប់សន្និដ្ឋានថាអាចមានប្រភពចម្លងចេញពីសត្វ។ ជារួម រាល់ដំណើរការពិសោធន៍ទៅលើសត្វនានា មិនអាចធ្វេសប្រហែសបានឡើយ មិនដូច្នេះមិនត្រឹមតែប្រទេសខ្លួនឯងប៉ុណ្ណោះទេដែលរងគ្រោះ តែពិភពលោកទាំងមូលនឹងប្រឈមគ្រោះកាចពិបាកទប់ស្កាត់។ អ្នកជំនាញត្រូវតែធានាថា មិនត្រូវឱ្យមានរឿងចៃដន្យនៃការលេចធ្លាយមេរោគចេញពីមន្ទីរពិសោធន៍ជីវសាស្ដ្របានឡើយ បើមិនចង់បង្កមហន្ដរាយដល់មនុស្សជាតិ៕

អ្នកនិពន្ធ៖penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

1 × five =

This site uses Akismet to reduce spam. Learn how your comment data is processed.