អន្ដរជាតិបន្ដទទូចឱ្យកម្ពុជាបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈរដ្ឋាភិបាលកំពុងស្វះស្វែងរកដំណោះស្រាយ

មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែជាចេតនារួមដូចគ្នាចង់ឱ្យអាជ្ញាធរកម្ពុជាដោះស្រាយបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍(Naga World)ឱ្យបានឆាប់ ដូច្នេះហើយទើបបណ្ដាប្រទេសមួយចំនួនបានចេញការអំពាវនាវជាថ្មី។ អន្ដរជាតិមើលឃើញសកម្មភាពរបស់អាជ្ញាធរកម្ពុជាធ្វើលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមក ជាការរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កូដករ។

តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៨ មីនា ដែលចំនឹងថ្ងៃសិទ្ធិនារីអន្ដរជាតិផងនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោកChristian Barger បានស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់វិលចូលតុចរចាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ។ លោកឯកអគ្គរដ្ឋទូតថា វិបត្ដិនេះបើសិនភាគីពាក់ព័ន្ធនៅតែបន្ដមិនអើពើ ច្បាស់ណាស់នឹងមិនអាចបញ្ចប់បានទេ។ តំណាងភាគីទាំងសងខាងគួរតែចូលរួមចរចាដោយសន្ដិវិធី ដើម្បីស្វែងរកប្រយោជន៍ទាំងអស់គ្នា។ លោកChristian Bargerក៏ឆ្លៀតរំលេចពីការតវ៉ាដោយសន្ដិវិធីរបស់កូដករណាហ្គាវើលដ៍ ដោយសង្កត់ធ្ងន់ថា ភាគច្រើននៃកូដករគឺជាស្ដ្រីដែលមានភាពក្លាហាន ហើយពួកគេធ្វើសកម្មភាពគ្រាន់តែជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិលើបញ្ហាប្រឈម និងអ្វីដែលជាក្ដីកង្វល់របស់ពួកគេតែប៉ុណ្ណោះ។

ចំណែកឯក្រសួងការបរទេសអាមេរិកវិញ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី០៨មីនាដូចគ្នាថា អាមេរិកសូមទទួលស្គាល់នូវភាពក្លាហានរបស់មេដឹកនាំសហជីពជាស្ដ្រីនៅកម្ពុជា ដែលបានដឹកនាំកូដករក្រុមហ៊ុនណាហ្គាយ៉ាងក្លាហាន ក្រោកឈរឡើងដើម្បីសិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត។ សេចក្ដីថ្លែងការណ៍បន្ថែមថា អាជ្ញាធរកម្ពុជាបានចាប់ឃុំខ្លួនមេដឹកនាំសហជីពស្ដ្រីចំនួន៧រូបតាំងពីខែធ្នូឆ្នាំមុន ដោយចោទប្រកាន់ពួកគេពីបទញុះញង់ ខណៈពួកគេគ្រាន់តែទាមទារឱ្យកម្មករដែលត្រូវបានបញ្ឈប់ពីការងារចូលធ្វើការវិញ។ ហេតុនេះ សហរដ្ឋអាមេរិកពិតជាមានការព្រួយបារម្ភជាខ្លាំងពីការប្រើប្រាស់បទឧក្រិដ្ឋមកចោទប្រកាន់ បើគ្រាន់តែមេដឹកនាំសហជីពទាំងនោះអនុវត្ដសិទ្ធិសេរីភាពរបស់ខ្លួន និងនាំគ្នាប្រមូលផ្ដុំដោយសន្ដិវិធី។ អាមេរិកសូមជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងសហជីពដែលត្រូវបានចាប់ខ្លួនទាំងអស់ ព្រមទាំងទម្លាក់បទចោទ ឈានទៅដោះស្រាយវិវាទដើម្បីប្រយោជន៍រួម។

ពាក់ព័ន្ធនឹងការអំពាវនាវខាងលើនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាទេពីភាគីកម្ពុជា។ ប៉ុន្ដែអ្វីដែលជាការកត់សម្គាល់ មួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស ខេងក៏បានកោះប្រជុំពិសេសមួយជាមួយភាគីនិងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារដែលអូសបន្លាយជាច្រើនខែកន្លងមក។

តាមរយៈលិខិតអញ្ជើញ កិច្ចជំនួបសម្របសម្រួលក្រៅពីលោកស ខេង ក៏មានបញ្ជាក់ពីសមាសភាពចូលរួមផ្សេងទៀតដូចជា លោកអ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌, លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកស ថេត ស្នងការរាជធានីភ្នំពេញ, លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកតាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។

រហូតមកទល់ពេលនេះនៅមិនទាន់មានសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំទេ ប៉ុន្ដែបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ្រ ថ្លែងប្រាប់វិទ្យុអន្ដរជាតិផ្សាយជាភាសាខ្មែរមួយថា កិច្ចប្រជុំផ្ទៃក្នុងនេះគឺគ្រាន់តែពិនិត្យ និងស្ដាប់មើលរបាយការណ៍បឋមជុំវិញបញ្ហាវិវាទការងាររវាងក្រុមហ៊ុន និងបុគ្គលិកប៉ុណ្ណោះ មិនទាន់ជាការពិភាក្សាស្វែងរកដំណោះស្រាយទេ។ កន្លងមក ក្រសួងមហាផ្ទៃមិនទាន់បានទទួលព័ត៌មានអំពីកិច្ចការដែលក្រសួងពាក់ព័ន្ធបានដោះស្រាយនៅឡើយ ដូច្នេះទើបជាជំហានដំបូងនៃកិច្ចប្រជុំ ត្រូវប្រមូលព័ត៌មាន និងស្ដាប់ពីរបាយការណ៍របស់រដ្ឋមន្ដ្រីពាក់ព័ន្ធនានា។

បើទោះជាមិនទាន់បង្ហាញពីលទ្ធផល ប៉ុន្ដែជំនួបពិភាក្សាលើកដំបូងនៃមន្ដ្រីគ្រាក់ៗរបស់រដ្ឋាភិបាល ខាងសហជីពដាក់ក្ដីរំពឹងថានឹងអាចរកច្រកចេញឃើញ រួមទាំងមានការដោះលែងតំណាងសហជីពកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។ តាមរយៈការផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុក អ្នកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាលើកឡើងថា កិច្ចជំនួបនេះជារឿងដ៏ល្អ ហើយលោកស្រីស្នើសុំឱ្យបញ្ចប់វិវាទឱ្យបានឆាប់។ វិវាទការងារនេះពាក់ព័ន្ធរវាងកូដករនិងក្រុមហ៊ុន ដូច្នេះអាជ្ញាធរមិនគួរធ្វើការងារគាំទ្រភាគីក្រុមហ៊ុននោះទេ។ ម្យ៉ាងវិញទៀត ការអូសបន្លាយវិវាទជាច្រើនខែមិនផ្ដល់ផលចំណេញដល់រដ្ឋាភិបាលឡើយ ផ្ទុយទៅវិញមានតែបង្ហាញថាកម្ពុជាមានជំហរការពារក្រុមហ៊ុនមួយនេះប៉ុណ្ណោះ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងបុគ្គលិក បានទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីអន្ដរជាតិ ក្រោយពេលអាជ្ញាធរប្រើវិធានការក្ដៅទៅលើក្រុមតវ៉ា បន្ទាប់ពីមិនអាចហាមឃាត់ការជួបជុំរបស់ពួកគេបាន។ ជាពិសេសនៅពេលឈានដល់ការចាប់ខ្លួនមេដឹកនាំសហជីព ធ្វើឱ្យសហជីពអន្ដរជាតិនិងបណ្ដាអង្គការអន្ដរជាតិធំៗចំនួន៧ សម្ដែងនូវការព្រួយបារម្ភនិងថ្កោលទោស។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ អង្គការនិងសហជីពអន្ដរជាតិទាំងនេះបង្ហាញក្ដីបារម្ភពីការរំលោភបំពានសិទ្ធិមនុស្ស និងថ្កោលទោសចំពោះការវាយឆ្មក់ចូលទៅក្នុងការិយាល័យសហជីពនៃបុគ្គលិកខ្មែររបស់ក្រុមហ៊ុនណាហ្គា រួមនឹងការប្រមាថរបស់អាជ្ញាធរមកលើសហជីពក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ថាជាការធ្វើបដិវត្ដន៍ពណ៌ ការយាយី បំភិតបំភ័យរបស់អាជ្ញាធរមកលើក្រុមកូដករជាដើម។ សេចក្ដីថ្លែងការណ៍ចាត់ទុកថា សកម្មភាពនេះប្រៀបដូចជាការជ្រៀតជ្រែកហួសហេតុរបស់អាជ្ញាធរមកលើក្រុមកូដករ និងមិនបានបង្ហាញពីដំណោះស្រាយដោយសន្ដិវិធីស្របច្បាប់នោះឡើយ មានតែការរំលោភសិទ្ធិមនុស្សដែលមិនអាចទទួលយកបាន។ ក្រៅពីនេះនៅមានអង្គការ ស្ថាប័នអន្ដរជាតិនានាជាច្រើនទៀត ក៏បង្ហាញការព្រួយបារម្ភនិងថ្កោលទោសស្រដៀងៗគ្នាដែរ។

ប៉ុន្ដែសម្រាប់អាជ្ញាធរមានសមត្ថកិច្ចបានបកស្រាយខុសពីនេះថា ក្រុមកូដករបានធ្វើសកម្មភាពប្រមូលផ្ដុំដោយខុសច្បាប់ មិនស្ដាប់តាមការណែនាំ និងធ្វើឡើងចន្លោះពេលដែលកម្ពុជាកំពុងមានផ្ទុះឡើងជាថ្មីនូវករណីឆ្លងជំងឺកូវីដ-១៩អូមីក្រុង។ ដូច្នេះហើយទើបពួកគេត្រូវប្រឈមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” និង “រារាំងការអនុវត្ដវិធានការសុខភាពសាធារណៈ”។

ម្យ៉ាងវិញទៀត ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោកប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាអ្នកទទួលបន្ទុកផ្នែកបង្ក្រាបក្រុមកូដករ បានបញ្ជាក់ថាតាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញភស្តុតាងដាក់បន្ទុកមួយចំនួនធំពីវីដេអូបែកធ្លាយក្នុងកិច្ចប្រជុំ។ ស្នងការរងនគរបាលរាជធានីភ្នំពេញរូបនេះបានឱ្យដឹងបន្ថែមថា លទ្ធផលនៃការពិនិត្យភស្តុតាងដែលដកហូតបាន សមត្ថកិច្ចបានរកឃើញ ក្រុមមេដឹកនាំធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ បានទទួលការឧបត្ថម្ភពីអង្គការនៅខាងក្រៅ និងក្នុងប្រទេសជាទឹកប្រាក់ជាដំណាក់កាលៗ ដោយមួយលើកបាន៥ពាន់ដុល្លារ និងមានដាក់ជាផែនការសម្រាប់ការធ្វើកូដកម្ម។

រីឯអាជ្ញាធររាជធានីភ្នំពេញក្នុងពេលថ្មីៗ ទើបបានជូនដំណឹងបន្ថែមពីការអនុវត្ដវិធានការច្បាប់ទៅលើក្រុមតវ៉ាដែលជាអតីតបុគ្គលិកនិងបុគ្គលិកណាហ្គាវើលដ៍ បើសិនជានៅតែរឹងរូសមិនព្រមផ្ដល់កិច្ចសហការ និងរារាំងការអនុវត្ដវិធានការសុខាភិបាល ពួកគេនឹងទទួលការអនុវត្ដវិធានការច្បាប់ដោយពិន័យអន្ដរការណ៍ជាប្រាក់ពី១លានទៅ៥លានរៀល។ ក្នុងករណីមិនរាងចាលត្រូវពិន័យទ្វេដង និងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នា រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវកុំឱ្យក្រុមតវ៉ាជឿតាមការអូទាញរបស់ជនឱកាសនិយមមួយក្ដាប់តូច ដែលចង់កេងចំណេញយករូបភាពតវ៉ាធ្វើអាជីវកម្ម និងស្នើឱ្យបញ្ឈប់នូវរាល់សកម្មភាពប្រមូលផ្ដុំខុសច្បាប់ដែលផ្ទុយនឹងវិធានការសុខាភិបាល។

ជាការពិត វិធានការទាំងអម្បាលម៉ានដែលរដ្ឋាភិបាលកម្ពុជាបានធ្វើ គឺដើម្បីសន្តិភាព ជៀសវាងភាពចលាចលក្នុងសង្គម និងប្រឹងប្រែងដោះស្រាយជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនដូចការចោទប្រកាន់របស់សហគមន៍អន្តរជាតិទេ។ តួយ៉ាងដូចជាការជួបពិភាក្សារវាងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស ខេង ជាមួយនឹងរដ្ឋមន្ដ្រីពាក់ព័ន្ធជាច្រើនរូប សបញ្ជាក់កាន់តែច្បាស់ថារាជរដ្ឋាភិបាលនៅតែយកចិត្ដទុកដាក់ក្នុងការបញ្ចប់ជម្លោះសម្រាប់ភាគីទាំងសងខាង។

សូមរម្លឹកឡើងវិញថា រឿងរ៉ាវនៃវិវាទការងាររវាងអតីតបុគ្គលិកជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយពេលប្រមាណ៨ខែមុនចាប់ផ្ដើមកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិក១,៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨,០០០នាក់។ ការបញ្ឈប់នេះក្រុមហ៊ុនណាហ្គាវើលដ៍លើកហេតុផលថា ដោយសារជួបវិបត្តិហិរញ្ញវត្ថុបណ្ដាលមកពីជំងឺកូវីដ-១៩។ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនណាហ្គាវើលដ៍អះអាងថា បានខាតបង់ប្រាក់ចំណូលចំនួនជាង៧៧លានដុល្លារក្នុងរយៈពេល៦ខែឆ្នាំ២០២១។ ចំពោះការកាត់បន្ថយបុគ្គលិកក្រុមហ៊ុនថា មិនមែនកាត់បន្ថយតែបុគ្គលិកជាសមាជិករបស់សហជីពប៉ុណ្ណោះទេ ពោលគឺធ្វើឡើងលើផ្នែកណាដែលមានចំនួនបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាពប៉ុណ្ណោះ។ តែក្រុមកូដករចាត់ទុកនេះជាហេតុផលប្រតិដ្ឋឡើងរបស់ក្រុមហ៊ុន មិនឆ្លុះបញ្ចាំងពីការពិត។ ពួកគេអះអាងថា ក្រុមហ៊ុនបានចំណេញប្រាក់យ៉ាងលើសលុប រហូតដល់មានការសង់អគារណាហ្គាវើលដ៍ទី៣បន្ថែមទៀតផង៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

5 × one =

This site uses Akismet to reduce spam. Learn how your comment data is processed.