ទោះបីត្រឹមជាប្រទេសតូចមួយ តែកម្ពុជាមិនចង់ធ្លាក់ក្នុងល្បែងនយោបាយរបស់មហាអំណាចឡើយ


សណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នហាក់បន្ដស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ពោលប្រសិនបើប្រទេសណាមួយធ្វេសប្រហែសក្នុងទំនាក់ទំនងការទូត ឬមានភាពក្មេងខ្ចីក្នុងបញ្ហាភូមិសាស្ដ្រនយោបាយ ហើយដើរតាមខ្សែញាក់របស់មហាអំណាច មិនយូរមិនឆាប់រដ្ឋទាំងនោះនឹងក្លាយជាជនរងគ្រោះព្រោះមហាអំណាចជាក់ជាពុំខាន។


សម្រាប់រដ្ឋតូចៗទាំងអស់នៅក្នុងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជានិយាយដោយឡែក ក្នុងករណីដែលមហាអំណាចមើលឃើញថាមានផលប្រយោជន៍ គេនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីនៅក្បែរហើយទាញយកផលប្រយោជន៍នោះ ដោយព្យាយាមបញ្ចុះបញ្ចូល ឬណែនាំឱ្យធ្វើតាមអ្វីដែលគេចង់បាន។ ផ្ទុយទៅវិញបើរដ្ឋតូចៗបដិសេធសំណើរបស់គេ មហាអំណាចក៏ចាប់ផ្ដើមចោទប្រកាន់ រិះគន់ ទម្លាក់កំហុស ដោយសារតែគេមិនអាចទាញយកផលចំណេញតាមការចង់បាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ធ្លាប់ត្រូវបានមហាអំណាចរិះគន់មិនសំចៃមាត់ និងព្យាយាមអូទាញឱ្យកម្ពុជាដើរតាមអ្វីដែលពួកគេគូសវាស ដោយយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស។ ជាក់ស្ដែងកម្ពុជាធ្លាប់ត្រូវបានសហរដ្ឋអាមេរិករិះគន់មិនទម្លាក់ដៃ។


ទោះបីកម្ពុជាបានព្យាយាមអភិវឌ្ឍខ្លួនឱ្យល្អប្រសើរយ៉ាងណាក្ដី អាមេរិកនៅតែមើលឃើញកំហុសរបស់កម្ពុជា ដូចជាជុំវិញបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះឯង។ មួយវិញទៀត គឺការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ដែលគ្រាន់តែជាការអភិវឌ្ឍសមត្ថភាពយោធាបន្ថែម ប៉ុន្ដែអាមេរិកបានទម្លាក់កំហុសថាកម្ពុជាកំពុងត្រៀមបើកដៃឱ្យចិនដាក់មូលដ្ឋានទ័ព ទាំងដែលកម្ពុជាធ្លាប់បានពន្យល់រាប់ភ្លេចដង ព្រមទាំងយករដ្ឋធម្មនុញ្ញមកអះអាងទៀត ក៏ភាគីអាមេរិកមិនជឿទុកចិត្ដ។ នោះក៏ព្រោះតែអាមេរិកខ្លាចកម្ពុជាបម្រើផលប្រយោជន៍យោធាណាមួយដល់ប្រទេសចិន ដែលធ្វើឱ្យខ្លួនកាន់តែពិបាកប្រជែងជាមួយចិននៅក្នុងតំបន់។ ការណ៍នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អាមេរិកខ្លាចខាតផលប្រយោជន៍របស់គេតែប៉ុណ្ណោះ ទើបចេះតែព្យាយាមអូសទាញឱ្យកម្ពុជាធ្វើតាមខ្លួន។ តែការពិតគ្រប់យ៉ាងមិនដូចអាមេរិកគិតនោះទេ វាគ្រាន់ជាការសង្ស័យតែម្ខាងប៉ុណ្ណោះ។


ក្នុងពេលថ្មីៗនេះ អគ្គរដ្ឋទូតអាមេរិកលោក Partrick Murphy ក៏បង្ហាញការមិនពេញចិត្ដបន្ថែមទៀត ជុំវិញស្ថានភាពនៅកម្ពុជា គឺពាក់ព័ន្ធនឹងខេត្ដព្រះសីហនុ។ តាមរយៈបណ្ដាញសង្គមTwitter អគ្គរដ្ឋទូតរូបនេះថាខេត្ដព្រះសីហនុរបស់កម្ពុជាមានបញ្ហាជាច្រើនទាក់ទងនឹងមនុស្ស រួមមានការគ្មានសុវត្ថិភាពនៃការធ្វើដំណើរតាមទូក ការជួញដូរមនុស្ស ជាមជ្ឈមណ្ឌលនៃកន្លែងបោកបញ្ឆោតមនុស្ស អគារត្រូវបោះបង់ចោល និងជាប់ស្អិតដោយកាស៊ីណូ។ លោកបន្ថែមថា វាមានតម្រូវការពិតប្រាកដសម្រាប់ដោះស្រាយពពកព្យុះនៅទីនេះ។

ប៉ុន្ដែអភិបាលរងខេត្ដព្រះសីហនុក៏បានចេញការឆ្លើយតបភ្លាមៗផងដែរជុំវិញការលើកឡើងបែបនេះ។ លោកឡុង ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុ បាននិយាយថា អាជ្ញាធរតែងតែយកចិត្ដទុកដាក់ ពិនិត្យលើបញ្ហាសុវត្ថិភាពជាចម្បងទៅលើគ្រប់បញ្ហាទាំងអស់ដើម្បីសុវត្ថិភាពពលរដ្ឋ។ ជាក់ស្ដែងមិនថាការធ្វើដំណើរតាមសមុទ្រ បញ្ហាជួញដូរមនុស្ស រួមនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណេតជាដើម អាជ្ញាធរបានបង្កើតយន្ដការជាបន្ដបន្ទាប់ដើម្បីលុបបំបាត់ មានទាំងការចូលរួមជាមួយមិត្ដអន្ដរជាតិថែមទៀតផង។


លោកអភិបាលរងខេត្ដព្រះសីហនុសង្កត់ធ្ងន់ថា ល្គឹកណាខេត្ដកំពុងព្យាយាមអភិវឌ្ឍខ្លួនឱ្យក្លាយជាខេត្ដគំរូសម្រាប់កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យាកម្រិតខ្ពស់ និងតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្មដែលរួមចំណែកប្រកបដោយចីរភាព ច្បាស់ណាស់នឹងមានបញ្ហាមួយចំនួនកើតឡើងទន្ទឹមពេលគ្នា។ តែយ៉ាងណាខេត្ដក៏កំពុងទន្ទឹងរង់ចាំការដោះស្រាយបញ្ហាប្រឈមទាំងអស់នេះឱ្យបានឆាប់ៗប្រកបដោយប្រសិទ្ធភាព។ អ្វីដែលសំខាន់បំផុតនោះ លោកអភិបាលរងរំលេចថា អាជ្ញាធរកម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួន ដែលចង់ឃើញកម្ពុជាធ្លាក់ក្នុងភាពលំបាកនៃភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ។


មែនទែនទៅ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយដែលត្រូវបានមហាអំណាចប្រទាញប្រទង់គ្នា កម្ពុជាប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែលមហាអំណាចណាក៏ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះប្រាកដណាស់ថា វាជាការលំបាកខ្លាំងសម្រាប់ប្រទេសតូចមួយដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេសដើម្បីគេចផុតពីឥទ្ធិពលរបស់មហាអំណាច។ តែទោះជាយ៉ាងនេះក៏ដោយ កម្ពុជាដែលមានមេដឹកនាំដ៏ខ្លាំងពូកែ និងមានបទពិសោធន៍ម្នាក់នៅក្នុងឆាកនយោបាយ បានជ្រើសរើសជំហរដ៏ឆ្លាតវៃមួយក្នុងការសម្របសម្រួលជាមួយមហាអំណាចទាំងអស់ដើម្បីទាញយកផលប្រយោជន៍សម្រាប់កសាងប្រទេសផង និងសម្រាប់រកសេចក្តីសុខជូនប្រជាពលរដ្ឋរបស់ខ្លួនផង។


កន្លងមកនាយករដ្ឋមន្ដ្រីកម្ពុជាក៏ធ្លាប់អះអាងយ៉ាងដាច់ណាត់ថា កម្ពុជាមិនអាចធ្វើតាមការបង្គាប់បញ្ជារបស់មហាអំណាចណាមួយជាដាច់ខាត។ លោកថាមិនអាចឱ្យនរណាមកដឹកច្រមុះនោះទេ កម្ពុជាមិនយកឯករាជ្យ អធិបតេយ្យ ទៅដោះដូរនឹងការអនុគ្រោះឬជំនួយណាទាំងអស់ ហើយវាពិតជាគ្មានតម្លៃ និងថោកទាបបំផុត បើច្បាប់របស់កម្ពុជាមានហើយតែមិនអាចអនុវត្ដបាន បែរជាតម្រូវឱ្យធ្វើតាមការបង្ខិតបង្ខំរបស់អ្នកដទៃ។ លោកថាបើសិនជាដូច្នេះ តើកម្ពុជាជាប្រទេសមានអធិបតេយ្យ មានឯករាជ្យឬទេ? លោកនាយករដ្ឋមន្ដ្រីបន្ថែមថា លោកមិនដែលធ្វើសេចក្ដីសម្រេចណាមួយដើម្បីតម្រូវចិត្ដប្រទេសណាមួយនោះទេ ហើយលោកក៏មិនធ្វើអ្វីឱ្យខូចដល់ប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជននោះដែរ។

ជារួម ថ្វីត្បិតកម្ពុជាជាប្រទេសតូចមែន តែកម្ពុជាមិនល្ងង់បណ្ដោខ្លួនឱ្យធ្លាក់ក្នុងល្បែងភូមិសាស្ដ្រនយោបាយរបស់មហាអំណាចជាដាច់ខាត។ កម្ពុជាក៏មិនចូលរួមលេងល្បែងនយោបាយដែលបង្កវិនាសកម្មដល់ខ្លួនដែរ ព្រោះមានឧទាហរណ៍ជាច្រើនដែលកម្ពុជាបានមើលឃើញ ហើយក៏ធ្លាប់រងគ្រោះគ្រប់គ្រាន់ដោយសារតែពួកមហាអំណាច។ ដូច្នេះក្នុងនាមជារដ្ឋឯករាជ្យ កម្ពុជាមានសិទ្ធិក្នុងការកំណត់ជោគវាសនារបស់ខ្លួនដោយមិនពឹងផ្អែក ឬដើរតាមការពង្វក់របស់ប្រទេសណាមួយជាដាច់ខាត។ កម្ពុជាមិនចាត់ទុកមហាអំណាចណាមួយជាសត្រូវនោះទេ តែកម្ពុជាស្វាគមន៍គ្រប់មិត្ដបរទេសទាំងអស់ដែលចង់រឹតចំណងមិត្ដភាពដើម្បីបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

2 × five =

This site uses Akismet to reduce spam. Learn how your comment data is processed.