សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញអំពីចរិយាមាយាទនៃការអនុវត្តស្តង់ដារពីរ

បន្ទាប់ពីមានបញ្ហាពាក់ព័ន្ធទៅនឹងការដាក់បញ្ចូលឈ្មោះគណបក្សដើម្បីឈរឈ្មោះបោះឆ្នោត និងបញ្ជីរបរក្ខជនឈរឈ្មោះរួចមក គណបក្សភ្លើងទៀនដែលបានផ្លាស់ប្ដូរឈ្មោះជាច្រើនដង ប៉ុន្តែគំនិតដដែលនោះបានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីតវ៉ាពាក់ព័ន្ធទៅនឹងកំហុសរបស់ខ្លួន។ ជាការឆ្លើយតប ដោយយោងទៅតាម សេចក្ដីប្រកាសព័ត៌មានលេខ ៤២/២០២៣ អ.កបធ.សជណ ចុះថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានប្រកាសទទួលពាក្យបណ្ដឹងរបស់គណបក្សភ្លើងទាន ប៉ុន្តែបានបដិសេធចោលដោយខុសនឹងគតិច្បាប់។

ប្រភព៖ គេហទំព័ររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ

ការណ៍ខាងលើនេះបាននាំឱ្យស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញនូវសេចក្ដីថ្លែងការណ៍មួយក្រោមចំណងជើងថា «សេចក្ដីថ្លែងការណ៍របស់លោក MATTHEW MILLER អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីទង្វើដែលគ្មានលក្ខណៈប្រជាធិបតេយ្យនៅមុនការបោះឆ្នោតនៅកម្ពុជា»។

ប្រភព៖ គេហទំព័រ U.S. Embassy Phnom Penh, Cambodia

តើសេចក្ដីថ្លែងការណ៍នេះកំពុងបង្ហាញអំពីចំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រក្រុមមនុស្សមួយក្រុមតូចដែលមិនដឹងអំពីនីតិវិធីនៃការចុះឈ្មោះឈឈ្មោះបោះឆ្នោត ឬយ៉ាងណា?

ការលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកមិនបានឆ្លុះបញ្ជាំងអំពីទិដ្ឋភាពជាក់ស្ដែងអំពីព្រះរាជាណាចក្រកម្ពុជានោះឡើយ ដោយបានមើលតែជ្រុងម្ខាង និងបកស្រាយចេញជារឿងថ្មីផ្សេងមួយទៀតតែម្ដង។ ជាក់ស្ដែងរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាមិនបានហាមប្រាមគណបក្សភ្លើងទានមិនឱ្យចូលរួមឈរឈ្មោះបោះឆ្នោតនោះឡើយ ផ្ទុយទៅវិញគណបក្សភ្លើងទាន​ ពោលថ្នាក់ដឹកនាំ និងក្រុមការងាររបស់ខ្លួនជាអ្នកមិនអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបបណ្ដាលឱ្យពួកគេបាត់បង់សិទ្ធិក្នុងការឈរឈ្មោះ ឬចុះឈ្មោះនេះ។ ក្នុងករណីមានការអនុគ្រោះជូន តើច្បាប់ និងការណែនាំផ្សេងៗដែលមានជាធរមាន គ្មានតម្លៃទេឬ?

សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដដែលបានលើកឡើងថា រដ្ឋាភិបាលបានរៀបចំបណ្ដឹងបែបប្រឌិត គំរាមកំហែង ការយាយី និងបទយោទប្រកាន់ព្រហ្មទណ្ឌដែលមានលក្ខណៈនយោបាយ […]។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះបានបង្គប់អត្ថន័យដូចទៅនឹងអ្វីដែលគេចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជាដែលជាមានចារិកគំរាមកំហែង មិនមែនជាការសហការល្អដែលប្រកបដោយវិធីសាស្រ្តឈ្នះឈ្នះនោះឡើយ ត្រង់ពាក្យថា «ខ្លួនមិនមានបំណងបញ្ចូនមន្រ្តីមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានោះឡើយ […]»។ ការលើកឡើងរបស់សហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងទម្រង់គំរាមកំហែង និងមើល ឬស្ដាប់តែម្ខាង។ជាក់ស្ដែងសហរដ្ឋអាមេរិក មិនដែលបានសង្កេតមើលកម្ពុជាស្រាប់ទៅហើយ ព្រោះថាប្រសិនបើជាពួកគេមើលសព្វ គ្រប់ជ្រុងជ្រោយ ម្លោះហើយគេនឹងមិនចេញសេចក្ដីថ្លែងការណ៍បែបខ្វះចន្លោះ និងមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយបែបនេះឡើយ។ និយាយដល់ សិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា គឺមានស្មើៗគ្នា ប៉ុន្តែសិទ្ធិទាំងអស់នោះត្រូវស្ថិតនៅក្រោមច្បាប់ ពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា មិនមែនតាមការលើកឡើងរបស់ប្រទេសមហាអំណាចនោះឡើយ។

គួរបញ្ជាក់ផងដែរថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានលើកឡើងអំពីការផ្ដាច់ទំនាក់ទំនងជាមួយមិត្តបរទេសដែលមានបំណងគាំទ្រដោយគ្មានមូលដ្ឋានច្បាស់លាស់លើបុគ្គល ឬគណបក្សនយោបាយណាមួយ ដោយលោកបានលើកឡើងថា «អ្នក​ត្រូវ​ជ្រើសរើស​រវាង​ក្រុម​បុគ្គល​ដែល​បំពាន​ច្បាប់ និង​រដ្ឋាភិបាល សូមជ្រើសរើសមួយ ប្រសិន​បើ​អ្នក​ត្រូវ​ការ​អ្នក​ដែល​ត្រូវ​បាន​ពិន័យ​ដោយ​ច្បាប់ សូម​ជ្រើសចុះ ហើយ​អ្នក​អាច​ផ្តាច់​ទំនាក់ទំនង​ការទូត​ពី​កម្ពុជា​បាន»។ ការលើកឡើងខាងលើនេះបានបង្ហាញអំពីចំហច្បាស់ៗរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិនោះ គឺកម្ពុជាជារដ្ឋឯករាជ្យ មិនស្ថិតក្រោមការបញ្ជា ឬចុះញមជាមួយប្រទេសដែលចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។

តើសហរដ្ឋអាមេរិកពិតជាមានបំណងក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យមែនឬ?


ប្រសិនបើជាសហរដ្ឋអាមេរិកពិតជាមានបំណងល្អសម្រាប់ពិភពលោកមែននោះប្រហែលជាពេលនេះពួកគេមិនមានទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាមនោះឡើយប្រសិនបើយើងមើលតាមប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ និងប្រព័ន្ធនយោបាយក្នុងប្រទេសវៀតណាមដែលអនុវត្តរបបកុម្មុយនីស្ដ។ បើយោងតាមការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្ដ្រនយោបាយ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាលេសនយោបាយ ដែលអាមេរិកចង់លើកឡើង ដើម្បីដាក់បន្ទុកប្រទេសណាមួយប៉ុណ្ណោះ ព្រោះអ្វីដែលអាមេរិកត្រូវការគឺផលប្រយោជន៍ភូមិសាស្ត្រនយោបាយ»។ ដូច្នេះទំនាក់ទំនងការទូតជាមួយវៀតណាម គឺដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ប៉ុណ្ណោះ។

ហេតុផលទាំងអស់ខាងលើនេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក
មកលើប្រទេសកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីភាពខ្វះចន្លោះ មិនគ្រប់ជ្រុងជ្រោយ និងស្តង់ដារពីរ។

អ្នកនិពន្ធ៖ SK

Leave a Reply

Your email address will not be published. Required fields are marked *

14 − thirteen =

This site uses Akismet to reduce spam. Learn how your comment data is processed.