ប្រទេសមួយចំនួនមានការយល់ឃើញអវិជ្ជមានពីផលប៉ះពាល់ស្ដីពីការបញ្ចេញកាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែនៅហ្វូគូស៊ីម៉ា ប្រទេសជប៉ុន ចុះកម្ពុជាវិញ?

 

កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលជប៉ុនបានប្រកាសស្ដីពីការសម្រេចបញ្ចេញកាកសំណល់វិទ្យុសកម្មដែលមានជាតិកខ្វក់នុយក្លេអ៊ែ ១.២៥ លានតោនដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្រ្តី Yoshihide Suga ក៏បានមានប្រសាសន៍ផងដែរថា «យើងនឹងព្យាយាមឱ្យអស់ពីសម្ថភាពដើម្បីរក្សាគុណភាពនៃទឹកឱ្យលើសពីស្តង់ណានៃសុវត្ថិភាព»។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនដែលស្ថិតក្នុងវិស័យឧស្សាហកម្ម និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបាននិយាយផងដែរថារោងចក្រនុយក្លេអ៊ែរផ្សេងៗទៀតក៏បានចោលកាកសំណល់តាមនិតិវិធីនេះផងដែរ ហើយផលប៉ះពាល់មានតិចតួចបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកបរិស្ថាន អង្គការផ្សេងៗទៀតដែលទាក់ទងទៅនឹងវិស័យជលផល សហគមន៍អ្នកនេសាទ និងអ្នកវិទ្យាសាស្រ្តសមុទ្របានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងមកលើបញ្ហាមួយនេះរួមទាំងប្រជាជនរបស់ជប៉ុនផ្ទាល់ផងដែរ។ សហរដ្ឋអាមេរិកក៏បានគាំទ្រ
រដ្ឋាភិបាលជប៉ុនផងដែរ ប៉ុន្តែរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានព្រមានចំពោះការនាំចូលចំណីអាហារពីប្រទេសជប៉ុនដោយតម្រូវឱ្យឆ្លងកាត់ត្រួតពិនិត្យជាមុន
ដើម្បីស្វែងរកសារធាតុវិទ្យុសកម្មជាមុនសិន។


ក្រុមអ្នកបរិស្ថាននៅក្នុងប្រទេសកូរ៉េខាងត្បូង
ប្រភពរូបភាព៖ VCG

ជាមួយនឹងសេចក្ដីសម្រេចមួយនេះ គឺមានប្រទេសជាច្រើនដែលបានបង្ហាញការព្រួយបារម្មណ៍ និងសោកស្ដាយជាខ្លាំងចំពោះ
រដ្ឋាភិបាលជប៉ុនដូចជាប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និង ចិនជាដើម។ ជាក់ស្ដែងលោក KOO YOON-CHEOL រដ្ឋមន្រ្តីនៃការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ផងដែរថា « រដ្ឋាភិបាលរបស់យើងសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងឡាយដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលជាអាទិភាពកំពូល »។ យើងនឹងទាមទារឱ្យពួកគេបញ្ចេញព័ត៌មានពាក់ព័ន្ធនានាអំពីបញ្ហានេះដែលស្របតាមច្បាប់អន្តរជាតិ ហើយយើងនឹងបដិសេដមិនទទួលយករាល់សកម្មភាពដែលធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាជនរបស់យើង លោកបានបន្ថែម។ ស្របពេលជាមួយនេះដែរក្រសួងការបរទេសនៃប្រទេសចិនក៏បានបញ្ចេញមតិលើការសម្រេចបញ្ចេញកាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែផងដែរ «កាកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាគឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមួយនៅលើពិភពលោក» ជប៉ុនត្រូវតែទទួលខុសត្រូវ បំពេញភារកិច្ចជាសកល និងគោរពតាមវិទ្យាសាស្រ្តដែលឆ្លើយតបទៅនឹងក្ដីបារម្មណ៍រួមរបស់សហគមន៍អន្តរជាតិ។


ប្រភពរូបភាព៖ NASA

មកទល់ពេលនេះយើងមិនទាន់សង្កេតឃើញមានប្រតិកម្មណាដែលត្រូវបានចុះផ្សាយជាសាធារណៈអំពីក្ដីបារម្មណ៍របស់ប្រទេសដែលជាសមាជិកអាស៊ាននោះឡើយ
លើកលែងតែប្រទេសហ្វីលីពីន។ ហ្វីលីពីជាប្រទេសដែលជាសមាជិកអាស៊ានដំបូងគេដែលបានបង្ហាញក្ដីព្រួយបារម្មណ៍ជាខ្លាំងទៅលើបញ្ហានេះ។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Harry Roque មានប្រសាសន៍ថា «យើងសង្ឃឹមថា ប្រទេសទាំងអស់ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននឹងគោរពទៅតាមច្បាប់ដែលមានជាធរមាន និងសងសំណងទៅដល់ការប៉ះពាល់ទាំងឡាយ»។


ផែនទីអាស៊ីអាគ្នេយ៍រួមជាមួយជប៉ុន
ប្រភពរូបភាព៖ Roger Hayter

ទោះបីជាយ៉ាងណាក្ដីប្រទេសសមាជិកនៃអាស៊ានមួយចំនួនទៀតជាពិសេសនោះ គឺប្រទេសវៀតណាម ឥណ្ឌូនេស៊ីដែលអាចនឹងទទួលផលប៉ះពាល់ខ្លាំងបន្ទាប់ពីហ្វីលីពីន មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ។ សូមគូសបញ្ជាក់ផងដែរថា ជប៉ុនគឺមានទំនាក់ទំនងល្អជាមួយនឹងប្រទេសអាស៊ីអាគ្នេយ៍បូករួមទាំងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ។ លើសពីនេះទៅទៀតបើយើងមើលតាមលំហូរនៃទឹកសមុទ្រ គឺហ្វីលីពីនជាប្រទេសដែលរងនឹងផលប៉ះពាល់ជាងគេជាពិសេសនៅក្នុងរដូវក្ដៅ។

តើការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងបញ្ចេញកាកសំណល់វិទ្យុសកម្មដែលមានជាតិកខ្វក់នុយក្លេអ៊ែពី Fukushima មានផលប៉ះពាល់អ្វីដល់កម្ពុជាដែលឬទេ ជាពិសេសនោះក្នុងវិស័យជលផល?

បញ្ហាមួយនេះ គឺមិនទាន់មានការបំភ្លឺឬបកស្រាយណាមួយនៅឡើយទេពីអ្នកជំនាញនៅក្នុងស្រុក ដូច្នេះហើយយើងមិនអាចធ្វើការសន្និដ្ឋានបាននោះឡើយថាតើកម្រិតនៃផលប៉ះពាល់អាចមានដល់កម្រិតណា ឬសកម្មភាពនេះបានផ្ដល់ការកំរាមកំហែងដល់សុខភាពសាធារណៈ ជាពិសេសនោះគឺកម្ពុជាផ្ទាល់តែម្ដង។ ជាក់ស្ដែងប្រសិនបើយើងមើលទៅតាមរូបភាពដែលបានបង្កើតដោយ NASA និងផែនទីខាងលើកម្ពុជាជាប្រទេសមួយដែលអាចនឹងរងផលប៉ះពាល់តិចបំផុត ក្នុងករណីកាកសំណល់នុយក្លេអ៊ែនោះពិតជាអាចបង្កជាហានិភ័យពិតប្រាកដមែន បើប្រៀបនឹងប្រទេសក្នុងតំបន់មួយចំនួនទៀតដូចជាថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។ ទោះបីជាយ៉ាងនេះក្ដី កម្ពុជាដែលជាប្រទេសតូចតែមានបេះដូងធំនិងតែងតែគិតពីប្រយោជន៍រួមនោះត្រូវតែចូលរួមក្នុងការការពារបរិស្ថានពីភពលោក ក៏ដូចជាការពារសុខភាពសាធារណៈនៃពលរដ្ឋរបស់ខ្លួននិងសកលប្រសិនបើការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនគ្មានតម្លាភាព និងការទទួលខុសត្រូវ។ ក្នុងនាមជាប្រទេសដែលមានទំនាក់ទំនងទ្វេភាគីល្អរវាងគ្នានឹងគ្នានិងជាមិត្ត កម្ពុជាកប្បីរក្សាចំហរអព្យាក្រិត្យរបស់ខ្លួនដោយឈរនៅកណ្ដាល ការពិត និងភាពត្រឹមត្រូវដែលស្របទៅតាមស្តង់ដាក៏ដូចជាច្បាប់អន្តរជាតិនានាដែលមានជាធរមាន។

ប្រទេសដែលអាចនឹងរងគ្រោះខ្លាំជាងគេនោះ គឺប្រទេសហ្វីលីពីនដោយលំហូរនៃទឹកសមុទ្រប៉ាស៊ីហ្វិកនឹងហូរកាត់នារដូវក្ដៅ។ ប្រសិនបើយើងក្រឡេកទៅលើទីតាំងភូមិសាស្រ្តដោយប្រទេសថៃ និងវៀតណាមនឹងរងផលប៉ះពាល់ខ្លាំងជាងនិងមុនកម្ពុជា។ ប្រទេសកម្ពុជាទោះបីជាស្ថិតនៅចម្ងាយឆ្ងាយបន្តិចក្ដី ក៏កម្ពុជាជាពិសេសក្រុមអ្នកនេសាទ និងអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍មិនអាចឈរឱបដៃមើលបាននោះឡើយព្រោះប្រសិនបើវាអាចបង្កជាបញ្ហាឬផលប៉ះពាល់នោះ ប្រាកដណាស់ផលប៉ះពាល់ទាំងស្រុងនឹងធ្លាក់ទៅលើពួកគាត់មុនគេ។ ក្នុងខណៈពេលនេះគឺមានក្រុមអ្នកនេសាទក្នុងប្រទេសមួយចំនួនបានដាក់ញត្តិប្រឆាំងនឹងការបញ្ចេញកាកសំណល់នុយក្លេអ៊ែនៅក្នុងប្រទេសជប៉ុន ដោយឡែកយើងគប្បីរងចាំមើលការពិនិត្យតាមបែបវិទ្យាសាស្រ្តជាក់ស្ដែង និងរងចាំការជូនដំណឹងពីអ្នកជំនាញជាមុនសិនមុននឹងបញ្ចេញប្រតិកម្មផ្សេងៗ។

 

អ្នកនិពន្ធ៖ Ly Sokong

Leave a Reply

Your email address will not be published. Required fields are marked *

11 − 4 =

This site uses Akismet to reduce spam. Learn how your comment data is processed.