តើការដាក់បន្ទុកលើ លោក ដូណាល់ ត្រាំ អាចជាការបែងចែកនយោបាយផ្ទៃក្នង
របស់សហរដ្ឋអាមេរិក ដែរឬយ៉ាងណា?

ក្រុមអ្នកវិភាគនយោបាយអន្តជាតិមួយចំនួន បានលើកឡើងថា សកម្មភាពដែលក្រុមប៉ូលិស FBI បានឆ្មក់ឆែកឆេរផ្ទះរបស់លោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago) នៃរដ្ឋផ្ល័រីដា (Florida) កាលពីពេលថ្មីៗកន្លងទៅ បាន​បង្ហាញអំពី​ភាព​តានតឹង​នៃផ្នែកនយោបាយរបស់កំពូលមហាអំណាចផុតលេខ ដោយជ្រកនៅក្រោមហេតុផល​ការស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម ដែល​ធ្វើឡើង​ដោយ​ក្រសួង​យុត្តិធម៌អាមេរិក​​។

ក្នុងករណីនេះលោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​​បានចេញលិខិតប្រកាសមួយ កាលពីថ្ងៃចន្ទ​ទី​២២សីហា​ ដោយបាន​អះអាងថា ការចុះទៅឆែកឆេរ និងប្រមូលឯកសារដល់គេហដ្ឋានលោក ពីសំណាក់​ក្រុម​FBI វាគឺជារឿងខុសច្បាប់ និងប្រឆាំងរដ្ឋធម្មនុញ្ញ។ លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងប្រឆាំងក្រសួងយុត្តិធម៌អាមេរិក និងបានស្នើ ឱ្យចៅក្រមសហព័ន្ធម្នាក់បញ្ឈប់ការស៊ើបអង្កេតរបស់ក្រសួង ពាក់ព័ន្ធនឹងឯកសារមួយចំនួនដែលប៉ូលិស FBI បានរឹបអូសនៅក្នុង ប្រតិបត្តិការឆ្មក់ឆែកឆេរផ្ទះរបស់លោក។ ​ លោកបាន​បញ្ជាក់ថា លោក​បានដាក់ពាក្យបណ្តឹងមួយ ទៅតុលាការ ដើម្បី​ទាមទារឲ្យតែងតាំងអ្នកជំនាញ​ឯករាជ្យ​ម្នាក់ ដែល​នឹងមានតួនាទីចាត់ចែង​ការ​ត្រួតពិនិត្យ​ឯកសារ ដែលក្រុមFBI បានរឹបអូសយកទៅពី​ផ្ទះរបស់​លោក​ កាលពីដើមខែសីហានេះ។

គួររំលឹកថា កាលពីថ្ងៃទី​៨សីហា សមត្ថកិច្ចFBI បានចុះទៅរឹបអូសឯកសារជាច្រើនកេស នៅផ្ទះលោក​ដូណាល់ ត្រាំ ក្នុងរដ្ឋផ្លរីដា ដោយសង្ស័យថា លោក​បាន​រក្សាទុកនូវឯកសារសម្ងាត់ជាតិជាច្រើនដុំ​។ ការ​ឡោមព័ទ្ធ វាយឆ្មក់ និង​កាន់កាប់ ដោយ​ភ្នាក់ងារ​FBI ក្នុងអំឡុងពេល​នៃ​ការឆែកឆេរ​នោះ លោក ត្រាំ មិនបាន​នៅផ្ទះ​នោះទេ។ យោងតាម​ច្បាប់ អតីតប្រធានាធិបតី​​​ មិនអាចយកទៅតាមខ្លួន នូវឯកសារសម្ងាត់ជាតិបានទេ នៅពេលចប់អាណត្តិ។ ក្រៅពីសំណុំរឿងនេះ លោកដូណាល់ ត្រាំ កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាច្រើនផ្សេងទៀត តួយ៉ាងការស៊ើបអង្កេតស្តីពីព្រឹត្តិការណ៍​ហិង្សា​នៅវិមានកាពីតូល ថ្ងៃទី​៦មករា២០២១ ដែលគេសង្ស័យថាលោកដូណាល់ ត្រាំផ្ទាល់ គឺជាអ្នកឃោសនាញុះញង់ឲ្យ​មានហេតុការណ៍​នេះ។ តែយ៉ាងណា គិតមកត្រឹមពេលនេះ មិនទាន់មានការចោទប្រកាន់ ជាផ្លូវការណាមួយ ទៅលើលោកដូណាល់ ត្រាំទេ។ ទាក់ទិននឹងការចុះទៅឆែកឆេរ រឹបអូសឯកសារដល់គេហដ្ឋានរបស់​លោកដូណាល់ ត្រាំ ពីសំណាក់​ក្រុម​FBI ក្រុមមេធាវីរបស់​លោកត្រាំ បានអះអាងថា គឺរដ្ឋបាលរបស់​លោកចូ បៃដិន ដែល​បានប្រើប្រព័ន្ធយុត្តិធម៌ជាឧបករណ៍ ដើម្បីរករឿងរំខានលោក ដូណាល់ ត្រាំ ព្រោះថាលោក ត្រាំ គឺជាបេក្ខជន​ដែល​គេសង្ឃឹមឈ្នះឆ្នោត នៅ​ក្នុងការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ​២០២៤ខាងមុខ។ ខណៈ​ដែល​លោក ត្រាំ​កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ ក្នុងការ​ឈរ​ឈ្មោះ សម្រាប់​តំណែង​ប្រធានា​ធិបតី​ម្ដងទៀត ពីសាធារណៈ​ជន និង​សម្ព័ន្ធមិត្តរបស់លោក ។
ក្នុង​សេចក្ដី​ថ្លែងការណ៍ លោក ត្រាំ និយាយ​ថា ខ្ញុំ​បាន​សហការ​ជាមួយ​ភ្នាក់ងារ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​ទាំងអស់ លោកបានបន្ថែមថា«ការ​វាយឆ្មក់​ដោយ​មិនបាន​ប្រកាស​មក​លើ​ផ្ទះរ​បស់​ខ្ញុំ គឺ​មិន​ចាំ​បាច់ និង​មិន​សមរម្យ​ទាល់​តែ​សោះ ហើយការ​វាយប្រហារ​បែបនេះ​អាច​កើត​ឡើង​បាន​តែ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប៉ុណ្ណោះ។ ជាការពិរណាស់ ការចោទប្រកាន់មក​លើរូបខ្ញុំបែបនេះ គឺដើម្បី​មិន​ឱ្យ​ខ្ញុំ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានា​ធិបតី​ម្ដងទៀត​។

កាសែត​ញូវយ៉កថែមស៍ ស្រង់​សម្ដី​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ផ្សេងៗ​គ្នា ដែល​បាន​ដឹង​ពី​សំណុំ​រឿង​នៃ​ការ​ស៊ើប​អង្កេត​នោះ​ថា កង​កម្លាំង FBI បាន​ផ្តោត​លើ​សម្ភារ​ឯកសារសម្ងាត់ជាច្រើន​​ ដែល​លោក ត្រាំ បាន​នាំ​យក​ទៅ​ជាមួយ ដោយ​ខុសច្បាប់ ពេល​លោក​ចេញពី​សេតវិមាន​។ បើតាមក្រសួងយុត្តិធម៌អាមេរិក ការដែល​គ្រប់គ្រង​ ការដក ឬ​ការ​បំផ្លាញ​កំណត់ត្រា​ប្រធានា​ធិបតី ដោយ​ចេតនា និង​ខុស​ច្បាប់ ទោះ​បី​ជា​កម្រ​នឹង​ត្រូវ​បាន​អនុវត្ត​ក្ដី ក៏​ការ​ដាក់​ទោសធ្ងន់់ៗ នឹង​ធ្វើ​ឡើង រួមមាន​ការ​ផាក​ពិន័យ ការ​ដាក់​ពន្ធនាគារ និង​ជាពិសេស គឺ​ការ​ដក​សិទ្ធិ ក្នុងការ​កាន់​តំណែង​បច្ចុប្បន្ន ឬ​អនាគត​។

បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្គេត និងការចោទប្រកាន់តាមផ្លូវច្បាប់ជាច្រើន ក្នុងនោះរាប់ចាប់តាំងពីគេចពន្ធ ការញុះញង់ឱ្យក្រុមអ្នកគាំទ្រចូល អុកឡុកវិមានសភា ការព្យាយាមលុបចោលលទ្ធផលបោះឆ្នោត និងចុងក្រោយបំផុតនោះគឺការលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់។
មែនទែនទៅ ទោះបីជាស្ថិតនៅក្រោមការស៊ើបអង្កេតពីសកម្មភាពលើ្មសច្បាប់ស្ទើរជុំទិសក៏ពិតមែន ក៏ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ នៅក្នុង គណបក្សសាធារណរដ្ឋនៅតែមានភាពរឹងមាំដោយមិនរង្គោះរង្គើរគួរឱ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញវាមានតែស្ទុះឡើងថែមទៀត។ បើតាមការស្ទង់មតិចេញ ផ្សាយដោយសារព័ត៌មាន Politico កាលពីពាក់កណ្ដាល់ខែសីហានេះ លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រ ៥៧ភាគរយ ពីអ្នកសាធារណរដ្ឋ ក្នុងករណីការប្រជែងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋធ្វើឡើងភ្លាមៗ។ បើធៀបកាលពីខែកក្កដាកន្លងទៅ នៅមុន FBI ចុះឆែកឆេរផ្ទះរបស់លោកក្នុង អត្រាគំាទ្រលោក ត្រាំ មានត្រឹម ៥៣ភាគរយប៉ុណ្ណោះ។

គួរជម្រាបថា សមាជិកសភា Congress នៃគណបក្សសាធារណ​រដ្ឋរបស់អាមេរិក បានត្រៀមរៀបចំការដាក់ពាក្យប្តឹងចំពោះលោកប្រធានាធិបតី ចូ បៃដិន ម្តងទៀត ក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិ។ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងសហរដ្ឋអាមេរិក គឺសំដៅទៅលើប្រភេទនៃការបោះឆ្នោតដែលប្រជាពលរដ្ឋអាមេរិកអាចជ្រើសរើស តំណាងរបស់ពួកគេ និងមន្ត្រីថ្នាក់ក្រោមជាតិផ្សេងទៀត ដូចជាអភិបាលរដ្ឋ, សមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលតែងធ្វើនាពាក់កណ្តាលអាណត្តិនៃនីតិប្រតិបត្តិ។ យោងតាមការស្ទង់មតិដែលចេញផ្សាយដោយសារព៌តមានអាមេរិកបានបង្ហាញថា គណបក្សសាធារណរដ្ឋ នឹងអាចមានឳកាសក្នុងការផ្តួលលោក ចូ បៃដិនបាន។ ការរៀបចំសេណារីយ៉ូដើម្បីរកការផ្តួល លោក ចូ បៃដិន ត្រូវបានរៀបចំជាបណ្តើរក្នុងនោះរួមមានទាំងការសើរើ នូវកំហុសពាក់ព័ន្ធនឹង ចំណាត់ការរបស់លោកប្រមាណជិត ២ឆ្នាំកន្លងមកនេះ។

គេកត់សម្គាល់ឃើញថា ប្រធានបទអំពីលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ បានកំពុងក្លាយជាការ ជជែកដេញដោលដ៏ក្ដៅគគុកមួយសាជាថ្មី នៅចំពោះមុខការចោទសួរកាន់តែច្រើនឡើង ទាំងនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច។ អ្វីដែលសំខាន់នោះ គឺថាតើបុរសខ្លាំង ដូណាល់ ត្រាំ ដែលធ្លាប់បានព្យាយាមលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពី ឆ្នាំ២០២០ ការគំរាមរំលាយបក្សសម្ព័ន្ធយោធាណាតូ និងចូលចិត្តរាប់អានមេដឹកនាំផ្ដាច់ការដូចជាលោក ពូទីន និងលោក គីម ជុងអ៊ុន អាចនឹងក្លាយជាប្រធានាធិបតីអាមេរិកម្ដងទៀតដែរ ឬក៏យ៉ាងណានោះ ចម្លើយនូវមិនទាន់ចេញនោះទេ។ ប៉ុន្តែព័ត៌មាន​ចុងក្រោយ​នេះ បានកំពុង​បញ្ឆេះ​កំហឹង​ពី​អ្នក​គាំទ្រ លោក ត្រាំ​ និង​បន្ថែម​កម្ដៅ​លើ​ការ​អះអាង​របស់​គណបក្ស​សាធារណ​រដ្ឋ ដែល​ថាអតីត​ប្រធានា​ធិបតី​រូបនេះ កំពុង​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​អយុត្តិ​ធម៌។ ហើយ FBI ក៏ដូចជា​ក្រសួង​យុត្តិធម៌ ក៍មិន​ទាន់​បានធ្វើការ​អត្ថា​ធិប្បាយ​យ៉ាងណា​នោះដែរ។

គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រលោក ត្រាំ បានចោទប្រកាន់ FBI ក៏ដូចជា​ក្រសួង​យុត្តិធម៌អាមេរិកថា ការស៊ើបអង្កេត ឬការចោទប្រកាន់ប្រឆាំង លោក ត្រាំ គឺជាការអនុវត្តស្ដង់ដារពីរ ខណៈទាំងលោក ត្រាំ និងអ្នកគាំទ្ររបស់លោកកំពុងស្វែងរកការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ នាពេលខាងមុខ។ គេសង្កេតឃើញថា នយោបាយបិតាប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក គឺ​ជាអាវុធមុខពីរលាក់ធាតុពិតរបស់អ្នកកាន់អំណាច ដែលកំពុងព្យាយាមធ្វើបាបជនរងគ្រោះក្នុងផ្នែកនយោបាយ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

2 × five =

This site uses Akismet to reduce spam. Learn how your comment data is processed.