សេចក្តីថ្លែងការណ៍នេះពិតជាមានអត្ថន័យអាក្រក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា

នាថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២១នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការប្រកាសមួយស្ដីពីការដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសកម្ពុជា
ចំនួនពីររូប រួមមាននាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកជុំវិញបញ្ហាអំពើពុករលួយលើបញ្ហាកម្រោងសាងសង់ និងកែលម្អកំពង់ផែជើងទឹករាមដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ យោងទៅតាមរតនាគារជាតិអាមេរិកបានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះបណ្ដាលមកពីការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅកម្ពុជារបស់បុគ្គលទាំងពីរ។ គួរបញ្ជាក់ផងដែរថា ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបានឡើយ។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិក
ទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលកម្ពុជាទាំងពីររូបនេះឡើយ។សេចក្តីថ្លែងការណ៍នេះពិតជាមានអត្ថន័យអាក្រក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា។


នាយឧត្ដមសេនីយ៍ ចៅ ភិរុណ (ឆ្វេង) និងនាយឧត្ដមនាវី ទៀ វិញ (ស្ដាំ)

ការដាក់ទណ្ឌកម្មនេះត្រូវបានមតិភាគច្រើនយល់ឃើញថាជាការដាក់ទណ្ឌកម្មបែបនិមិត្តរូបដល់អ្នកផ្សេងទៀតដូចលោកបណ្ឌិត អៀ សុផល
អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State បានថ្លែងថា
«វិធានការរបស់សហរដ្ឋអាមេរិកនៅថ្ងៃនេះ គឺជាការបង្ហាញថា ក្រុងវ៉ាស៊ីនតោនមិនបំភ្លេចកម្ពុជាទេហើយលោកថាវាអាចមានមន្ត្រីជាច្រើនរយនាក់នៅថ្ងៃអនាគត តែការដាក់ន្ថែមពីរនាក់ទៀតនេះគឺជានិមិត្តរូបមួយ»។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះ គឺជាការមើលស្រាលទៅលើសម្ព័ន្ធមិត្តទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះសហរដ្ឋអាមេរិកបានសម្រេចជាឯកតោភាគី មិនមានការស៊ើបអង្កេតជាមួយម្ចាស់ផ្ទះភាគីកម្ពុជាដែលជាហេតុធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរមានការរង្គោះរង្កើដែលខុសពីការប្ដេជ្ញាចិត្តរបស់ខ្លួនថា ខ្លួនមានបំណងជួយបង្កើតសុខសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌ដល់ប្រជាជនកម្ពុជា។ ប៉ុន្តែការសម្រេចចិត្ត
ដោយឯកតោភាគីបែបនេះ គឺជាការបង្កើតកម្លាត និងបន្ថែមភាពស្រពិចស្រពិលរវាងគ្នា និងគ្នាទៅវិញទេ។ គួរឱ្យចាប់អារម្មណ៍ផងដែរថា នេះមិនមែនជាលើកទីមួយនោះឡើយដែលសហរដ្ឋអាមេរិកបានធ្វើសកម្មភាពបែបនេះដែលក្នុងនោះរួមមានលោក ហ៊ីង ប៊ុនហៀង លោក គន់ គីម
និងលោក ទ្រី ភាព ផងដែរ។ តើនេះជាសញ្ញាអវិជ្ជមានដែលសហរដ្ឋអាមេរិកព្យាយាមដាក់សម្ពាធម្ដងបន្តិចៗ មកលើកម្ពុជាឬយ៉ាងណា? ទោះបីជាយ៉ាងណាក៏ដោយមធ្យោបាយនេះ មិនសមស្របទៅនឹងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនោះឡើយព្រោះទណ្ឌកម្មមិនមែនជាដំណោះស្រាយទៅលើបញ្ហាអំពើពុករលួយនោះឡើយ ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយបានតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនមែនការប្រើប្រាស់ស្ដង់ដារពីរ ឬដាក់គោលដៅលើប្រទេសណាមួយ ឬនរណាម្នាក់នោះឡើយ។ ស្របពេលជាមួយគ្នានេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់តាមរយៈសារព័ត៌មានដើមអំពិលថា «ចំពោះជនបរទេសដាក់ទណ្ឌកម្មយ៉ាងណា ជារឿងរបស់គេ ក៏ប៉ុន្តែខ្ញុំយល់ថា ការដាក់ទណ្ឌកម្មបែបណាក៏ដោយ វាអត់មានប្រសិទ្ធភាពទេ»។ អត់មានប្រសិទ្ធភាពនោះ លោកឲ្យដឹងទៀតថា «មូលហេតុអត់មានប្រសិទ្ធភាពបិទទិដ្ឋាការគេមិនឲ្យទៅអាមេរិក ហើយបើគេមិនចង់ទៅផង បានអីមានប្រសិទ្ធភាព។ មួយទៀតការរឹបអូសលុយ ឬមិនរកស៊ីជាមួយ បើវា(អាមេរិក)អត់រកស៊ីជាមួយយើងផង យើងមានប្រសិទ្ធភាពអីបិទជាមួយក្រុមហ៊ុនគេ» ។ លោក សុខ ឥសានឲ្យដឹងទៀតថា ទោះបីអាមេរិកដាក់ទណ្ឌកម្មបែបនេះក៏ដោយ ក៏ខ្មែរអត់ទាក់ទងសម្របសម្រួលជាមួយទូតអាមេរិកឡើយ ព្រោះបើធ្វើទៅក៏គ្មានប្រយោជន៍ដែរ ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក នៅតែមានទំនាក់ទំនងល្អជាមួយគ្នាដដែល។ យោងទៅតាមសម្ដីរបស់លោក សុខ ឥសាន យើងអាចមើលឃើញថាការដាក់ទណ្ឌកម្មនេះជាការកម្រាមកំហែង និងការដាក់សម្ពាធជាជាងការចូលរួមកាត់បន្ថយអំពើពុករលួយក្នុងប្រទេសកម្ពុជាព្រោះឥទ្ធិពលនៃទណ្ឌកម្មមានកម្រិតទាបប៉ុណ្ណោះ។ ជាងនេះទៅទៀតទណ្ឌកម្មនេះបានកើតឡើងបន្ទាប់ពីបញ្ហាក្នុងមូលដ្ឋានកងទ័ពជើងទឹករាមមានភាពស្ងប់ស្ងាត់មួយរយៈ និងការមិនពេញចិត្តចំពោះការវាយកម្ទេចចោលរបស់អគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅទីនោះ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហនេះភាគីកម្ពុជាបានធ្វើការបកស្រាយរួចហើយថាទង្វើនេះកើតឡើងដោយសារតែតម្រូវការនៅទីនោះមានការកើនឡើងដែលទាមទារឱ្យមានការអភិវឌ្ឍនូវ
សំណង់អគារដែលអាចឆ្លើយតបទៅនឹងតម្រូវការផ្ទាល់នៅទីនោះ។
ទន្ទឹមនឹងនេះដែរ សកម្មភាពបែបនេះ គឺមិនមែនជារឿងល្អនោះឡើយសម្រាប់កម្ពុជា ជាពិសេសនោះគឺនៅលើឆាកអន្តរជាតិ និងសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគផ្សេងៗដែលជាហេតុធ្វើឱ្យអ្នកវិនិយោគបរទេសមានការរុញរៀលក្នុងការមកដាក់ទុនវិនិយោគព្រោះតែឈ្មោះជាប្រទេសដែលមានអំពើពុករលួយ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តខិតខំក្នុងការទប់ស្កាត់ការដាក់សម្ពាធពីសហរដ្ឋអាមេរិកពីដំណាក់កាលទៅមួយដំណាក់កាលទៀត និងកាត់បន្ថយអំពើពុករលួយជាបណ្ដើរៗហើយខិតខំព្យាយាមសហការណ៍ជាមួយប្រទេសដទៃទៀត ដើម្បីពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាពដែលបង្ហាញអំពីចំហរបស់ខ្លួនក្នុងការគាំទ្រពហុភាគីនិយម និងស្របទៅតាមប្រសាសន៍របស់សម្ដេចហ៊ុន សែន
«កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅដោយឈរលើមូលដ្ឋានឯករាជ្យ»។

Bun

Leave a Reply

Your email address will not be published. Required fields are marked *

seven − one =

This site uses Akismet to reduce spam. Learn how your comment data is processed.