ការជម្លៀសនៃប្រជាជនអាមេរិកតែងតែជាសញ្ញានៃការបង្ហូរឈាមនៃជាតិសាសន៍ដ៏ទៃ

បន្ទាប់ពីការលុកលុយក្នុងប្រទេសអាហ្វហ្កានីស្ថានអស់រយៈពេលប្រមាណជាង ២០ ឆ្នាំមកសហរដ្ឋអាមេរិកក៏បានប្រកាសដកទ័ពចេញពីទីនោះ
ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការប្រកាសកាលពីខែមេសាកន្លងទៅដោយចាប់ផ្ដើមដកចាប់ពីថ្ងៃទី១ ខែមេសា ហើយសម្រាប់ការដកទ័ពនេះផងដែរត្រូវបានប៉ានស្មានថានឹងដកចេញទាំងអស់ត្រឹមថ្ងៃទី១ ខែកញ្ញានេះ។ ទោះបីជាយ៉ាងណាក៏ដោយ
គិតមកត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះក្រុមតាលីបង់បានធ្វើការគ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើប្រទេសអាហ្វហ្កានីស្ថានទៅហើយដោយ
ចំណាយពេលមិនដល់ដប់ថ្ងៃនោះឡើយ។ ស្របពេលដែលប្រទេសអាហ្វហ្កានីស្ថានកំពុងតែធ្លាក់ចូលទៅក្នុងភាពចលាចល បាត់បង់ប្រទេសទាំងមូលទៅឱ្យក្រុមតាលីបង់ សហរដ្ឋអាមេរិកដែលជាដើមចមនៃវិបត្តិបានបញ្ចូនឧទ្ធម្ភាគចក្រដើម្បីជម្លៀសប្រជាជនរបស់ខ្លួនចេញពីទីក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន។


រូបភាពនៅស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន

ជាមួយគ្នានេះដែរលោក Joe Biden បានបង្ហោះសារមួយនៅលើកណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «សហរដ្ឋអាមេរិកបានឈានជើងចូលទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន
ជាង ២០ ឆ្នាំនេះដោយមានគោលដៅច្បាស់លាស់ ហើយគោលដៅនោះគឺដាក់ទោសអ្នកដែលបានវាយប្រហារមកលើសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍ ១១ កញ្ញា ២០០១ និង
ដើម្បីធានាថាក្រុមភេរវកម្ម Al Qaeda មិនអាចប្រើប្រទេសអាហ្វហ្កានីស្ថានជាមូលដ្ឋានដើម្បីវាយប្រហារទៅលើអាមេរិកសារជាថ្មីម្ដងទៀត ហើយបេសកកម្មរបស់សហរដ្ឋអាមេរិក គឺមិនមែនការកសាងប្រទេសនោះឡើយ»។


សាររបស់លោក Joe Biden

តាមអត្ថន័យនៃសារមួយនេះបានបង្ហាញយ៉ាងច្បាស់អំពីការខ្វះទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិកដោយយកការបង្រា្កបក្រុមភេរវកម្មនិងគោលនយោបាយផ្ទាល់ខ្លួន
មកឈ្លានពាន និងបង្កការបង្ហូរឈាមឥតស្រាកស្រាន្តនៅក្នុងប្រទេសដ៏ទៃជាពិសេសនោះ គឺប្រជាជនស្លូតត្រង់។ បញ្ហានៅក្នុងអាហ្វហ្កានីស្ថាន យើងមិនទាន់ដឹងឬសន្និដ្ឋានថានរណាឈ្នះឬចាញ់នៅឡើយតែ ប៉ុន្តែអ្នកដែលចាញ់នាពេលនេះគឺប្រជាជនស្លូតត្រង់នៃប្រទេសអាហ្វហ្កានីស្ថាន។
ប្រសិនបើការចូលទៅឈ្លានពានអស់ប្រមាណជាង ២០ ឆ្នាំដោយសំអាងថាមានការលាក់ខ្លួនរបស់ក្រុមភេរវកម្ម ហើយបានបង្កនូវការខូចខាតយ៉ាងដំណំដល់ប្រទេសម្ចាស់ផ្ទះ ហើយលើកឡើងថាគោលដៅរបស់ខ្លួនមិនបានបញ្ចូលការកសាងប្រទេសរបស់ប្រទេសម្ចាស់ផ្ទះនោះ គឺវាជាអំពើប្រាសចាកសីលធម៌ដ៏ធ្ងន់ធ្ងរមួយដែលបានប្រតិបត្តិដោយប្រទេសប្រជាធិបតេយ្យនិងបិតាសិទ្ធមនុស្ស។

រឿងរ៉ាវដែលបានរៀបរាប់ខាងលើនេះ គឺប្រាកដណាស់យើងទាំងអស់គ្នាមានការប្រហាក់ប្រហែលក្នុងចិត្ត នោះបណ្ដាលមកពីយើងធ្លាប់ជួបហើយបានចារក្នុងប្រវត្តិសាស្រ្ត និងឆ្លងកាត់យ៉ាងវេទនាដែលបណ្ដាលមកពីសង្រ្គាមស៊ីវិលដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នងនាកំឡុងឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជាពេលខ្មែរក្រហមបានយកឈ្នះទៅលើរដ្ឋាភិបាលសាធារណរដ្ឋដែលដឹកនាំដោយសេនាប្រមុខលន់ ណល ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្ដម
សីហនុនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅខណៈពេលនោះរដ្ឋាភិបាលសាធារណរដ្ឋដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើសហរដ្ឋអាមេរិកដែលរួមបញ្ចូលទាំងជំនួយផ្នែកថវិកា និងយោធាអស់រយៈពេលប្រមាណ ៥ ឆ្នាំស្រាប់តែដាច់ជំនួយទាំងស្រុងដែលជាហេតុនាំឱ្យខ្មែរក្រហមមានលទ្ធភាពគ្រប់គ្រងទីក្រុងភ្នំពេញ ដែលជាទីតាំងចុងក្រោយគេដូចទៅនឹងអ្វីដែលកើតឡើងនាពេលនេះឯង ពួកតាលីបង់បានឈានចូលទៅដល់ទីក្រុងកាប៊ូលដែលជាទីក្រុងចុងក្រោយគេ មុននឹងប្រកាសដណ្ដើមបានអំណាចទាំងស្រុងនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ជាលទ្ធផល ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបប្រលៃពូជសាសន៍ដែលអស់រយៈពេល
ប្រមាណជាង ៣ ឆ្នាំហើយប្រជាជនស្លូតត្រង់រាប់លានអ្នកបានបាត់បងជីវិត។

                                                   កម្ពុជានាឆ្នាំ ១៩៧៥

នៅគ្រានោះដែរ បន្ទាប់ពីប្រកាសផ្ដាច់ជំនួយដល់រដ្ឋាភិបាលសេនាប្រមុខលន់ ណល រួចមកសហរដ្ឋអាមេរិកក៏បានបញ្ចូនឧទ្ធម្ភាគចក្រមកកាន់ទីក្រុងភ្នំពេញដើម្បីជម្លៀសអ្នកធ្វើការក្នុងស្ថានទូតរបស់ខ្លួនដែលរួមមានប្រជាជនអាមេរិកផ្ទាល់ និងប្រជាជនខ្មែរមួយចំនួនដែលធ្វើការជូនគេគេចចេញពីកម្ពុជាដែលរៀបនឹងធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហមទាំងមូល ដែលយើងអាចហៅ
មួយបែបទៀតថា «យុគ្គខ្មៅងងឹត»។ ទោះបីមកដល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ច្បាស់ពីចំនួនអ្នកស្លាប់ ឬរបួសក្នុងប្រទេសអាហ្វហ្កានីស្ថានកំឡុងពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក្ដី ប៉ុន្តែប្រជាជននៅទីនោះគឺកំពុងរស់នៅដោយភាពភ័យខ្លាចបំផុតរួមជាមួយនឹងភាពស្រពិចស្រពិលអំពីអនាគតប្រទេសរបស់ខ្លួន។

ទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំក្ដី ក៏ប៉ុន្តែទិដ្ឋភាពនៅទីក្រុងកាប៊ូលបានទាញអារម្មណ៍របស់យើងទាំងអស់គ្នាឱ្យគិត និងឃើញទិដ្ឋភាពទាំងអស់
ដូចទើបតែកើតឡើងថ្មីៗនេះអញ្ជឹង ព្រោះវាជាការឈឺចាប់មួយដែលយើងមិនអាចបំភ្លេចបាននោះឡើយ។ មេរៀនជាច្រើនដែលយើងអាចរៀនអំពីបញ្ហា នេះ ប៉ុន្តែរឿងដែលសំខាន់មួយនោះគឺអធិបតេយ្យភាព ឯករាជភាព និងភាពម្ចាស់ការលើខ្លួនឯងជារឿងដែលសំខាន់សម្រាប់ប្រទេសនីមួយៗ ហើយមិនត្រូវឱ្យបរទេសណាមួយលូកលាន់ចូលមកកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់ខ្លួនបាននោះឡើយព្រោះគ្មានប្រទេសណាមួយដែលជួយយើងដោយចិត្តស្មោះនោះឡើយ។ ជាមួយគ្នានេះដែរបញ្ហាទាំងអស់ដែលកើតមានឡើងសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គ្មានបរទេសណាមួយស្រលាញ់យើងជាងយើងស្រលាញ់ជាតិសាសន៍របស់ខ្លួនឯងនោះឡើយ។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

four + two =

This site uses Akismet to reduce spam. Learn how your comment data is processed.