ឧស្សាហកម្មផលិតអាវុធនៅក្នុងសហរដ្ឋអាមេរិកចំណេញយ៉ាងច្រើនក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន

ការប៉ះទង្គិចយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កឱ្យមានការព្រួយបារម្ភអំពីការរំពឹងទុកនៃសង្រ្គាមត្រជាក់លើកទីពីររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ ខណៈពេលដែលមេដឹកនាំលោកខាងលិចមិនទាន់បានបង្ហាញពីការឆ្លើយតបខាងយោធាដោយផ្ទាល់ណាមួយចំពោះរុស្ស៊ីនោះទេ ប៉ុន្តែពួកគេបានចំណាយលើវិស័យការពារជាតិរៀងៗខ្លួនយ៉ាងខ្លាំងខ្លា។ ក្នុងនោះប្រភពពត៌មានសំងាត់របស់អ្នកអង្កេតលើការជួយដូរអាវុធបានបង្ហាញថា ក្រុមហ៊ុនលក់អាវុធអាមេរិក និងសមាជិកសភាមួយចំនួន បានកំពុងទទួលបានផលប្រយោជន៍ជាច្រើនលើការជួញដូរអាវុធដោយសំងាត់នេះ។ ត្រូវបានគេហៅថា “ភាពស្មុគស្មាញយោធា-ឧស្សាហកម្ម”) ដែលជាទូទៅសហគ្រាសឧស្សាហកម្មយោធា ជាអ្នកទទួលបានប្រយោជន៍ច្រើនជាងគេ។


ត្រង់ចំនុចនេះមានសំនួរថា តើឧស្សាហកម្មផលិតអាវុធធំជាងមានគេនៅក្នុងប្រទេសណា? ហេតុអ្វីឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមិនចេះជួបវិបត្ដិ? យោងតាម Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា ៧៦% នៃសព្វាវុធ ដែលនាំចេញទៅជុំវិញពិភពលោកចាប់ពីឆ្នាំ ២០១៥ – ២០១៩ គឺមានតែប្រទេសចំនួនប្រាំប៉ុណ្ណោះ ដែលសកម្មបំផុត ដោយក្នុងនោះរួមមាន សហរដ្ឋអាមេរិក រុស្ស៊ី បារាំង អាល្លឺម៉ង់ និងចិន។ សហរដ្ឋអាមេរិកបានគ្រប់គ្រងទីផ្សារសព្វាវុធ រហូតដល់ ៣៧% ដោយបាននាំចេញទៅកាន់ប្រទេសចំនួន ៩៦ នៅទូទាំងពិភពលោក។ ប្រទេសដែលទទួលនាំចូលអាវុធភាគច្រើន គឺជាប្រទេសដែលស្ថិតនៅតំបន់មជ្ឈឹមបូព៌ា ពិសេសគឺប្រទេស អារ៉ាប់ប៊ីសេអូឌីត ដែលបាននាំចូលអាវុធរហូតដល់ ២៥% បើធៀបនឹងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។


បើតាមក្រុមអ្នកជំនាញបានលើកឡើងថា ជាការពិតណាស់ សហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រផ្ដល់ជំនួយជាទឹកប្រាក់ និងអាវុធដូចទឹកបាក់ទំនប់ទៅឲ្យអ៊ុយក្រែននោះ ក៏អាចទទួលបានផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែណាស់ដែរ ដូចជាបង្ហាញពីនយោបាយមហាអំណាច ចំនេញលើការលក់អាវុធរបស់ខ្លួន ក៏ដូចជាទាញយកផលចំណេញពីប្រទេសនានា ដែលត្រូវការការពារពីខ្លួន។ ទាំងនេះគេមើលឃើញថា សហរដ្ឋអាមេរិកជាអ្នកទទួលបានផលចំណេញដ៏ធំបំផុតមួយ ក្នុងអំឡុងពេលជម្លោះរុស្ស៊ី-អ៊ុយក្រែន ។

នៅក្នុងពិភពលោកវិបត្តិក្នុងវិស័យផ្សេងៗតែងតែកើតឡើងជាប្រចាំ លើកលែងតែវិស័យផលិតអាវុធប៉ុណ្ណោះ ដែលមិនចេះជួបវិបត្តិ ផ្ទុយទៅវិញបែរជាមានការរីកចម្រើនរាល់ឆ្នាំ។ មូលហេតុដែលធ្វើឱ្យវិស័យនេះរីកចម្រើនគ្រប់ពេល ដោយសារតែនៅលើពិភពលោកសព្វថ្ងៃ តែងតែមានជម្លោះយោធា និងវិបត្តិភូមិសាស្ត្រនយោបាយជាប្រចាំ ហើយវិបត្តិនេះគឺកើតចេញពីការប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាចតែម្ដង។ គួរឱ្យដឹងផងដែរថា ក្នុងចំណោមក្រុមហ៊ុនដែលផលិតអាវុធធំៗចំនួន២០នៅលើពិភពលោក ក្រុមហ៊ុនកំពូលៗទាំងប្រាំ សុទ្ធតែជារបស់អាមេរិកទាំងអស់ ដែលក្រុមហ៊ុនទាំងនោះមានដូចជា Lockheed Martin, Boeing, General Dynamics, Raytheon និង Northrop ។

ក្នុងចំណោមប្រទេសមហាអំណាចដែលលក់អាវុធទាំងអស់ យើងអាចនិយាយបានថា គឺអាមេរិកនេះឯង ដែលប៉ិនប្រសប់ក្នុងការឆ្លៀតឱកាស ជួញដូរអាវុធ និងពូកែទាញប្រយោជន៍ពីប្រទេសដែលមានបញ្ហាសង្គ្រាមជាងគេចាប់តាំងពីសតវត្សទី២០មកដល់បច្ចុប្បន្ននេះ។ នៅពេលមានវិបត្តិជម្លោះយោធា បញ្ហាសង្គ្រាម ឬវិបត្តិភូមិសាស្ត្រនយោបាយនៅកន្លែងណាមួយលើពិភពលោក វិបត្តិនោះប្រៀបដូចជាម៉ាស៊ីនបោះពុម្ពលុយសម្រាប់ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិកដូចគ្នាដែរ។ ហេតុដូច្នេះហើយទើបគ្រាន់តែរុស្ស៊ីប្រកាសលើកទ័ពចូលទៅធ្វើប្រតិបត្ដិការយោធានៅក្នុងទឹកដីអ៊ុយក្រែន តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធអាមេរិកមានការឡើងជាលំដាប់។ ទោះបីជាសហរដ្ឋអាមេរិកនិងក្រុមលោកខាងលិចផ្សេងទៀតមិនបានបញ្ចូនទ័ពដោយផ្ទាល់ទៅជួយអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែបានជួយជាជំនួយសព្វាវុធ ដែលជំនួយសព្វាវុធទាំងនោះភាគច្រើនផលិតដោយក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Raytheon និង ក្រុមហ៊ុន Lockheed Martin ជាដើម។ ឧស្សាហកម្មផលិតអាវុធក៏នឹងរំពឹងថាកាន់តែពេញនិយមនាឆ្នាំខាងមុខដោយសារប្រទេសធំៗដូចជាប្រទេសអាឡឺម៉ង់ ប្រទេសជប៉ុន ជាដើមគ្រោងនឹងបន្ថែមថវិការទៅលើវិស័យយោធា។


ជាការពិតណាស់ ការធ្វើសង្រ្គាមគឺជាការចំណាយទ្រព្យសម្បត្តិ សេចក្តីសុខ អាយុជីវិត និងស្ទើរតែអ្វីៗទាំងអស់ដែលខ្លួនមានដើម្បីបូរណភាពទឹកដីរបស់ខ្លួន។ គ្រប់កម្រិតនៃសង្គមចាប់ពីអ្នកដឹកនាំនយោបាយ រហូតដល់ប្រជាជនទូទៅ ប្រឈមមុខនឹងការលះបង់ ឬហានិភ័យមួយចំនួនក្នុងការប្រយុទ្ធជាមួយប្រទេសមួយផ្សេងទៀត។ អ្វីក៏ដោយដែលកើតឡើងនៅក្នុងជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន ក្រុមហ៊ុនផលិតអាវុធឯកជន ជាពិសេសក្រុមហ៊ុនផលិតអាវុធនៅសហរដ្ឋអាមេរិក ត្រូវបានគេដឹងថាទទួលបានប្រាក់ចំណេញជាបន្តបន្ទាប់ ជាពិសេសគឺការកើនឡើងនៃឧស្សាហកម្មយោធាបន្ថែមទៀត ដែលមានទំហំធំមិនធ្លាប់មានពីមុនមក។ ត្រចំនុចនេះ ថាតើនរណាម្នាក់យល់ស្របនឹងភាពលេចធ្លោនៃភាពស្មុគស្មាញយោធា-ឧស្សាហកម្ម ដែរឬអត់? តាមអ្នកជំនាញ ឥទ្ធិពលដែលកំពុងកើនឡើងរបស់ពួកគេទំនងជានឹងនាំឱ្យមានការកើនឡើងផ្នែកយោធានិយម និងការរីកដុះដាលនៃការប្រប្រាស់អាវុធទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក ជាបញ្ហាដែលគ្រប់គ្នាកំពុងព្រួយបារម្តណ៍។ ក្រុមអ្នកស្រាវជ្រាវអំពីការគ្រប់គ្រង់អាវុធបានបង្ហាញទិន្និយ័មួយ ការគាំទ្រពីសាធារណៈជនសម្រាប់សង្គ្រាម នៅអាមេរិកនៅតែមានកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


គួររំលឹកថា នៅក្នុងសុន្ទរកថាកាពីឆ្នាំ ១៩៦១ អតីតប្រធានាធិបតីអាមេរិក Dwight D. Eisenhower បានទទួលស្គាល់ការចំណាយកើនឡើងដែលអាមេរិកបានស៊ូទ្រាំក្នុងការប្រណាំងអាវុធជាមួយសហភាពសូវៀត ក្នុងកំឡុងសង្គ្រាមត្រជាក់។ លោកបានព្រមានជាពិសេសលើការបង្កើនការពឹងផ្អែករបស់យោធាអាមេរិកលើក្រុមហ៊ុនផលិតសព្វាវុធឯកជន។ លោកបានសង្កត់ធ្ងន់ថា «នៅក្នុងក្រុមប្រឹក្សារដ្ឋាភិបាល យើងត្រូវការពារប្រឆាំងនឹងការទទួលបានឥទ្ធិពលដែលមិនមានការធានា ទោះបីជាមានការស្វែងរក ឬមិនស្វែងរកដោយស្មុគស្មាញយោធា-ឧស្សាហកម្មក៏ដោយ។ បើសិនជាសក្ដានុពលការកើនឡើង មហន្តរាយនៃអំណាចវានឹងនៅតែមានបន្តទៅមុខទៀត»។ ពិតណាស់ ក្នុងរយៈពេលជាង៦០ឆ្នាំ បន្ទាប់ពីសុន្ទរកថារបស់ Eisenhower ក្រុមហ៊ុនផ្គត់ផ្គង់យោធាអាមេរិកមិនត្រឹមតែកើនឡើងនៃប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលក្នុងផ្នែកនយោបាយផងដែរ។


បើក្រឡេកយើងទៅអតីតកាលសូម្បីតែកម្ពុជាយើងក្នុងសម័យសាធារណរដ្ឋខ្មែរ (១៩៧០-៧៥) ក៏ធ្លាប់ជាម៉ូយអាវុធរបស់អាមេរិកដែរ ហើយថែមទាំងជំពាក់បំណុលអាមេរិកដោយសារការទិញអាវុធនេះទៀតផង។ យោងតាមការសិក្សារបស់ watson.brown.edu ត្បិតតែសហរដ្ឋអាមេរិកចំណាយទឹកប្រាក់អស់ជា ១៤ ទ្រីលានដុល្លារអាមេរិកអំឡុងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថានរហូតមកដល់២០២១ ប៉ុន្តែលុយជាងពាក់កណ្ដាលនៃ ១៤ ទ្រីលានដុល្លារអាមេរិក នោះបានចូលទៅក្រុមហ៊ុនផលិតអាវុធនៅអាមេរិក។ បើនិយាយពីបច្ចុប្បន្នេះនេះ យោងតាមសារព័ត៌មាន Bloomberg បានបង្ហាញថា ភាពតានតឹងរវាង តៃវ៉ាន និងមហាយក្សចិន បានធ្វើឱ្យតៃវ៉ានចំណាយថវិកាទិញសព្វាវុធទំនើបពីអាមេរិកចាប់តាំងពីឆ្នាំ ២០១០ ច្រើនជាង ២៣ ពាន់លានដុល្លារទៅទៀត ដែលនេះគឺជាចំនួនដ៏ច្រើនបំផុតមួយ។ លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយរបស់បណ្ដាលប្រទេសនៅទ្វីបអឺរ៉ុប ពិសេសសង្គ្រាមនៅអ៊ុយក្រែន បានជំរុញឱ្យប្រទេសដែលជាសមាជិករបស់អង្គការ NATO បង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លួនផងដែរ ដែលធ្វើឱ្យអាមេរិកកើបលុយច្រើនសម្បើមពីអឺរ៉ុបដូចគ្នា ហើយមានប្រទេសជាច្រើនទៀតដែលផ្ដល់ចំណូលច្រើនលើសលប់ដល់ក្រុមហ៊ុនផលិតអាវុធ និងសេដ្ឋកិច្ចអាមេរិក។


គួរបញ្ជាក់ថា សុខសន្តិភាពគឺជាអ្វីដែលមនុស្សជាច្រើនស្រលាញ់និងចង់បាន ប៉ុន្តែក៏មានអ្នកខ្លះប្រាថ្នាចង់ចង់ឃើញសង្គ្រាម ដោយសារតែពួកគេសម្លឹងឃើញសង្គ្រាមថាជាឱកាសដែលអាចទាញយកប្រយោជន៍បានទាំងការទូតនិងសេដ្ឋកិច្ច។ ក្នុងន័យនេះ ឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមួយដែលមិនអាចឈប់សម្រាក ទោះបីជាពិភពលោកមានសន្តិភាព ឬពិភពលោកមានសង្គ្រាម ឬពិភពលោកជាមួយវិបត្ដិសេដ្ឋកិច្ច ឬវិបត្ដិសង្គមណាមួយឡើយ។ ប្រទេសទន់ខ្សោយទទួលការគម្រាមកំហែងត្រូវការទិញសព្វាវុធទំនើបៗដើម្បីការពារបូរណភាពទឹកដីទោះបីជាមិនទាន់មានសង្គ្រាម ខណៈប្រទេសដែលខ្លាំងមហាអំណាចប្រើប្រាស់ឧស្សាហកម្មផលិតអាវុធអភិវឌ្ឍវិស័យយោធាដើម្បីពង្រឹងអំណាច ព្រមទាំងប្រើប្រាស់ឧស្សាហកម្មនេះដើម្បីជាផ្លូវរកចំណូលសេដ្ឋកិច្ច និងទ្រទ្រង់អំណាចផុតលេខរបស់ខ្លួន៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

twelve + 5 =

This site uses Akismet to reduce spam. Learn how your comment data is processed.