«ក្រុមឡប់ប៊ីកំាភ្លើង» ជា «ជំងឺឆ្លងមួយនៅក្នុងសង្គមអាមេរិក»

អំពើហិង្សាដោយកាំភ្លើងដែលលោក ចូ បៃដិន ហៅថាជា «ជំងឺឆ្លងមួយនៅក្នុងសង្គមអាមេរិក» មិនមែនជារឿងថ្មីថ្មោងនោះទេ ហើយវាជាបញ្ហាមួយដ៏ស្មុគស្មាញ ដោយសូម្បីតែរដ្ឋាភិបាលអាមេរិកខ្លួនឯង ក៏មិនទាន់អាចដោះស្រាយបានដែរ ក្នុងពេលរាប់ទសវត្សរ៍មកហើយ។ កាលពីឆ្នាំ២០១២ ពោលគឺនៅក្រោមអាណត្តិ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ករណីបាញ់សម្លាប់រង្គាលកុមារក៏ធ្លាប់បានកើតឡើងផងដែរ ដោយនៅកាលណោះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់ សម្លាប់កុមារ ២០នាក់ និងមនុស្សពេញវ័យ ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook Elementary School ក្នុងទីក្រុង ញូវថោន (Newtown) នៃរដ្ឋខុននិចទីឃូត (Connecticut)។ នៅពេលនោះដែរ លោក អូបាម៉ា បាននិយាយថា «សហរដ្ឋអាមេរិកបានពិការបាត់ទៅហើយ មិនមែនដោយសារតែ ការភ័យខ្លាចទេ តែគឺដោយសារតែក្រុមឡប់ប៊ីកាំភ្លើង និងគណបក្សនយោបាយមួយ ដែលមិនមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់សោកនាដកម្មបែបនេះ»។
ហេតុការណ៍បាញ់សម្លាប់រង្គាលមនុស្សនៅឯសាលាបឋមមួយកន្លែង ក្នុងរដ្ឋតិចសាស់ បាន និងកំពុងបង្កឱ្យមានការចាប់អារម្មណ៍ជាថ្មីទៅលើ «ក្រុមឡប់ប៊ីកាំភ្លើង» ដ៏មានឥទ្ធិពលនៅក្នុងសហរដ្ឋអាមេរិក ខណៈគណបក្សប្រជាធិបតេយ្យបានបន្ទោសក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋថា នៅតែបន្តជំពាក់ជំពិននឹងផលប្រយោជន៍ជាមួយក្រុមឡប់ប៊ីកាំភ្លើងនេះ ដែលនេះបានធ្វើឱ្យរារាំងស្ទះដល់ការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើងថ្នាក់ជាតិ។

នៅក្នុងសុន្ទរកថាមួយ ប៉ុន្មានម៉ោង បន្ទាប់ពីទទួលបានដំណឹងថាខ្មាន់កាំភ្លើងជាយុវជនមានអាយុ ១៨ឆ្នាំម្នាក់ បានសម្រុកចូលបើកការបាញ់ប្រហារនៅឯ សាលាបឋមសិក្សា Robb Elementary School ក្នុងទីក្រុង អ៊ូវ៉ាល់ដ៍ (Uvalde) នៃរដ្ឋតិចសាស់ (Texas) ដោយសម្លាប់កុមារ ១៩នាក់ និងគ្រូបង្រៀន២នាក់ ក្រោយហេតុការណ៍នេះកើតឡើង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចោទសួរត្រង់ៗថា «នៅក្នុងនាមព្រះជាម្ចាស់, តើយើងទាំងអស់គ្នានឹងក្រោកឈរប្រឆាំងនឹង ក្រុមឡប់ប៊ីកាំភ្លើង ដែរឬទេ»?
តើអ្វីទៅជា «ក្រុមឡប់ប៊ីកាំភ្លើង» នៅសហរដ្ឋអាមេរិក? ពាក្យថា «gun lobby» ជាទូទៅនៅសហរដ្ឋអាមេរិក គឺគេចង់សំដៅលើក្រុមឡប់ប៊ីកាំភ្លើង ឬក្រុម អ្នក បញ្ចុះបញ្ចូលឱ្យ មាន ការគាំទ្រ ការ ប្រើ កាំភ្លើង។ បើតាមការសិក្សា ជាច្រើន សមាគមកំាភ្លើងជាតិ (National Rifle Association) ហៅកាត់ថា NRA គឺជាក្រុមមួយនៅក្នុងចំណោមក្រុមដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើ គោលនយោបាយសារធារណៈរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់កាំភ្លើង។ NRA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧១ ដើម្បីជំរុញឱ្យជំនាញ ក្នុងការបាញ់កំាភ្លើង ហើយក្នុងឆ្នាំ២០១៣ សមាគមនេះមានសមាជិកជិត ៥លាននាក់។

NRA មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយក្រុមហ៊ុនផលិតអាវុធ និងកាំភ្លើងធំៗនៅក្នុងសហរដ្ឋអាមេរិក ហើយជារឿយៗ សមាគមនេះ និងក្រុមឡប់ប៊ីកាំភ្លើង ដទៃទៀត តែងតែចាត់ទុកខ្លួនឯងជា «ក្រុមការពារសិទ្ធិស៊ីវិល» អនុលោមទៅតាមច្បាប់ Second Amendment នៃរដ្ឋធម្មនុញ្ញអាមេរិក ដែលបានចែងពីសិទ្ធិបំពាក់ អាវុធ និងប្រើកាំភ្លើង។
តើក្រុមឡប់ប៊ីកាំភ្លើង មានឥទ្ធិពលធំប៉ុនណា? មែនទែនទៅ, វាពិតជាពិបាកណាស់ក្នុងការវាយតម្លៃឥទ្ធិពលរបស់ក្រុមឡប់ប៊ីកាំភ្លើង។ ប៉ុន្តែ អ្វីដែលគេដឹង ក្រុមឡប់ប៊ីកាំភ្លើងដូចជា សមាគមកំាភ្លើងជាតិ ឬ NRA គឺជាអ្នកនៅពីក្រោយការជួយទំនុកបម្រុងទាំងនយោបាយ និងលុយរាប់លានដុល្លារដល់បេក្ខជនប្រធានាធិបតី និងអ្នកនយោបាយនៅក្នុងទូទាំងសហរដ្ឋអាមេរិក។

តួយ៉ាង បើតាមទិន្នន័យផ្ដល់ដោយអង្គការក្រៅរដ្ឋាភិបាល OpenSecrets, ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២០ ក្រុមអ្នកគាំទ្រការប្រើកំាភ្លើងបានចំណាយប្រាក់ អស់ ១៧១.៩លានដុល្លារ ដើម្បីអាចបញ្ចុះបញ្ចូល ឬមានឥទ្ធិពលទៅលើគោលនយោបាយសារធារណៈរបស់សហរដ្ឋអាមេរិក ហើយចាប់តាំងពីឆ្នាំ១៩៩៨មកដែរ គ្រាន់តែ NRA ម្នាក់ឯងបានចំណាយប្រាក់អស់ ៦៣,៨៥៧,៥៦៤ដុល្លារ។ OpenSecrets បានឱ្យដឹងទៀតថា ក្រុមអ្នកគាំទ្រការប្រើកាំភ្លើងបានចំណាយប្រាក់ ១៥៥.១លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ រាប់ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ និងចាប់តាំងពីឆ្នាំ២០០០មក NRA បានចំណាយអស់ច្រើនជាង ១៤០លានដុល្លារ ដើម្បីគាំទ្រដល់បេក្ខជនប្រធានាធិបតី ដែលពួកគេពេញចិត្ត ដូចជាតាមរយៈការឃោសនានយោបាយនៅតាមកញ្ចក់ទូរទស្សន៍ជាដើម។

ជាឧទាហរណ៍ កាលពីឆ្នាំ២០១៦, NRA ត្រូវបានគេរាយការណ៍ថាបានចំណាយលុយ ៥០លានដុល្លារ ជួយឃោសនារកសំឡេងឆ្នោតឱ្យលោក ដូណាល់ ត្រាំ និងបេក្ខជនព្រឹទ្ធសភាចំនួន ៦រូបមកពីគណបក្សសាធារណៈ។ នៅក្នុងឆ្នាំ២០១៦ដដែល អង្គការ OpenSecrets បានរាយការណ៍ថាការចាយវាយរបស់ NRA បាន កើនដល់ ១០០លានដុល្លារ ហើយលោក ដូណាល់ ត្រាំ គឺជាអ្នកនយោបាយម្នាក់ដែលទទួលបានផលចំណេញច្រើនជាងគេនៅពេលនោះ។ លើសពីនេះទៅទៀត លោក ត្រាំ នៅក្នុងឆ្នាំ២០១៧ ត្រូវបានអះអាងថាថែមទាំងបានសន្យាផងដែរថានឹងគាំទ្រសិទ្ធិប្រើកាំភ្លើង ដោយនិយាយប្រាប់ NRA នូវពាក្យមួយឃ្លាថា «ខ្ញុំនឹងមិន ធ្វើឱ្យអ្នកអស់សង្ឃឹមឡើយ»។

បើតាមអង្គការ OpenSecrets ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកដែលទទួលបានលុយពីក្រុមអ្នកគាំទ្រការប្រើកាំភ្លើង ភាគច្រើនជាអ្នកនយោបាយ សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ ។

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើងថ្នាក់ជាតិ នៅក្នុងសហរដ្ឋអាមេរិកបានដំណើរការ ក្រោយមានករណីបាញ់ សម្លាប់រង្គាលនៅឯសាលាបឋមសិក្សា Sandy Hook កាលពីឆ្នាំ២០១២។ ប៉ុន្តែ ទោះបីជាចលនាក្រុមអ្នកគាំទ្រការធ្វើកំណែទម្រង់នេះ មានការកើនឡើងក៏ដោយ ក៏ ការជំរុញឱ្យធ្វើកំណែទម្រង់នៅតែទទួលបរាជ័យម្ដងហើយម្ដងទៀត។ មិនតែប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលឱ្យមានការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើង, ក្រុមអ្នកគាំទ្រច្បាប់គ្រប់គ្រងកាំភ្លើង បានចំណាយប្រាក់ ២៥០,០០០ដុល្លារ ក្នុងឆ្នាំ២០១២ រហូតដល់ ២.២លានដុល្លារក្នុងឆ្នាំ២០១៣ ហើយកាលពីឆ្នាំ២០២១ កន្លងទៅ ពួកគេ បានចំណាយប្រាក់ ២.៩លានដុល្លារ ដើម្បីបញ្ចុះបញ្ចូល ឬឡប់ប៊ី។

ចេញផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថា រដ្ឋាភិបាលអាមេរិកគួរតែផ្តល់មូលនិធីជាអទិភាពជួយ ទៅដល់កម្មវិធីសន្តិសុខសម្រាប់ សាលារៀនជាជាងយកទៅជួយអ៊ុយក្រែន។ លោក Trump បាននិយាយបែបនេះថា៖ ប្រសិនបើអាមេរិកអាចបញ្ជូន លុយរាប់ពាន់លានដុល្លារ ទៅអ៊ុយក្រែនដូចនេះពួកយើង គួរតែអាចធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ក្នុងការថែរក្សាសន្តិសុខ ជូនកុមារតូចៗរបស់ពួកយើង ទាំងនៅផ្ទះ និងនៅសាលារៀន។
លោកបន្តថា៖ ពួកយើងបានចំណាយលុយ រាប់ទ្រីលានដុល្លារទាំងនៅអ៊ីរ៉ាក់ និងអាហ្គានីស្ថានប៉ុន្តែអ្វីដែល យើងទទួលបានគឺគ្មានអ្វីទាំងអស់។ ដូចនេះមុនកសាងនូវវិស័យការពារជាតិ សម្រាប់បណ្តាប្រទេសដទៃទៀត យើងគួរតែកសាងប្រព័ន្ធ សន្តិសុខសម្រាប់ពលរដ្ឋរបស់យើងជាមុន ជាពិសេសកុមារតូចៗទាំងនោះ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

six − 6 =

This site uses Akismet to reduce spam. Learn how your comment data is processed.