ការបង្កើនទំនាក់ទំនងជាមួយអាមេរិក វៀតណាមហាក់កំពុងដើរក្រឡាអុកដ៏គ្រោះថ្នាក់?

កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចផ្លូវរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសវៀតណាម។ អាចថាមិនមែនជារឿងចម្លែកទេ ដែលអាមេរិកបង្កើនចំណងមិត្ដភាពជាមួយវៀតណាមកាន់តែខ្លាំងជាងមុន ប៉ុន្ដែអ្វីដែលត្រូវបានចាប់អារម្មណ៍ច្រើនសម្រាប់ដំណើរទស្សនកិច្ចលោក Joe Biden ទៅកាន់ប្រទេសវៀតណាម ដោយសារលោកសុខចិត្ដចោលកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែហោះទៅវៀតណាមឯណោះវិញ។ ដូច្នេះតើលោក Joe Biden មានចេតនាអ្វីឱ្យពិតប្រាកដ?

ជាការពិត សម្រាប់មហាអំណាចអាមេរិកផលប្រយោជន៍គឺជារឿងធំបំផុត ព្រោះអាមេរិកអាចបានផលចំណេញពីវៀតណាមទាំងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច។ ចំណេញផ្នែកភូមិសាស្ដ្រនយោបាយត្រង់ថា អាមេរិកមើលឃើញពីចំណុចក្ដៅដែលវៀតណាមកំពុងមានជាមួយចិននៅសមុទ្រចិនខាងត្បូង។ អាមេរិកក្ដាប់បានឱកាសនៅពេលវៀតណាមកំពុងត្រូវការជំនួយ និងត្រូវការខ្នងបង្អែកជាចាំបាច់ដើម្បីតតាំងជាមួយចិន កុំឱ្យចិនបង្កព្យុះភ្លៀងតាមអំពើចិត្ដនៅដែនជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះជាពេលវេលាល្អសម្រាប់អាមេរិកចូលកាន់តែកៀកវៀតណាមដើម្បីផ្ដល់ទំនុកចិត្ដ។

លោក Joe Biden ប្រធានាធិបតីអាមេរិក និងប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងជំនួបពិភាក្សាបានទាមទារឱ្យមានការដោះស្រាយក្រោមបទដ្ឋានអន្ដរជាតិ ចំពោះការប្រកួតប្រជែងលើផ្លូវទឹកជាយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង។ លោក Biden និងលោក Trong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា មេដឹកនាំទាំងឡាយបានគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ពួកគេសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ ក្រៅពីនោះ ពួកគេក៏បានអំពាវនាវឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរ រួមទាំងការហោះហើរពាណិជ្ជកម្មស្របច្បាប់ ដោយគ្មានការរារាំងនៅក្នុងសមុទ្រចិនខាងត្បូង។ ដើម្បីប្រឆាំងចិនមិនឱ្យក្លាយជាមហាអំណាចលេខមួយនៅក្នុងលោក អាមេរិកហ៊ានលះបង់មិនស្ដាយសហការជាមួយដៃគូ។ មើលឃើញជាអាទិ៍មានកោះតៃវ៉ាន់ ដែលអាមេរិកធ្លាប់បាននិយាយចំៗថា ប្រសិនបើចិនហ៊ានវាយលុកតៃវ៉ាន់ ខ្លួននឹងផ្ដល់ការគាំទ្រដល់តៃវ៉ាន់ភ្លាម។ អាមេរិកបានទាំងហ៊ានលក់អាវុធតម្លៃរាប់រយលានដុល្លារទៅឱ្យតៃវ៉ាន់ជាបន្ដបន្ទាប់ មិនខ្វល់ពីការព្រមានរបស់ទីក្រុងប៉េកាំងឡើយ។

ទាក់ទងនឹងផលប្រយោជន៍សេដ្ឋកិច្ចវិញ សក្តានុពលរបស់វៀតណាមដែលទាញកែវភ្នែកមេដឹកនាំនៃប្រទេសមហាអំណាចឱ្យធ្វើដំណើរទៅមើលផ្ទាល់ គឺដោយសារតែក្រុងហាណូយមានកម្លាំងពលកម្មវ័យក្មេង និងមានការអប់រំខ្ពស់។ វាក៏បានជំរុញស្មារតីនៃភាពជាសហគ្រិនដែលធ្វើឱ្យវៀតណាមមានភាពទាក់ទាញខ្លាំងចំពោះវិនិយោគិនអាមេរិក ជាពិសេសអ្នកដែលចង់ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។ ក្រុមហ៊ុនធំៗរួមមាន Dell, Google, Microsoft និង Apple បានផ្លាស់ប្តូរផ្នែកនៃបណ្តាញផ្គត់ផ្គង់របស់ពួកគេទៅកាន់ប្រទេសវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អាមេរិកក៏ចាត់ទុកវៀតណាមជាទីផ្សារដ៏មានសក្ដានុពលសម្រាប់សព្វាវុធ និងបរិក្ខារយោធា។

អស់រយៈពេលជាង៥០ឆ្នាំ ចាប់តាំងពីទាហានអាមេរិកចុងក្រោយបានចាកចេញពីប្រទេសវៀតណាម លោក Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងនាំអតីតសត្រូវរបស់ខ្លួនកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាងពេលមុនៗ។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាការលើកកម្ពស់ទំនាក់ទំនងដ៏សំខាន់សម្រាប់អាមេរិក។ វាជាចំណុចកំពូលនៃការជំរុញដោយឥតឈប់ឈររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាម។

តើទំនាក់ទំនងកំពុងផ្អែមល្ហែមរវាងអតីតគូសត្រូវទាំងពីរអាចនឹងក្លាយជាថ្នាំពិសដែរឬទេ?

ចាប់ដៃជាមួយអាមេរិក មិនត្រូវភ្លេចឡើយពីពាក្យដែលអ្នកតាមដានស្ថានការណ៍ភូមិសាស្ដ្រនយោបាយធ្លាប់បានលើកឡើង នោះគឺ “ក្លាយជាសត្រូវរបស់អាមេរិកអាចជារឿងគ្រោះថ្នាក់ ប៉ុន្ដែបើក្លាយជាមិត្ដអាចនឹងស្លាប់”។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្ដ្រនយោបាយ បានចាត់ទុកទំនាក់ទំនងរវាងវៀតណាមជាមួយមហាអំណាចអាមេរិក ក៏ដូចជាទំនាក់ទំនងវៀតណាមជាមួយចិន និងរុស្ស៊ី ធ្វើឱ្យវៀតណាមហាក់កំពុងដើរក្រឡាអុកដ៏គ្រោះថ្នាក់នៅក្នុងនយោបាយការបរទេសរបស់ខ្លួន។ ទោះបីជាវៀតណាមកំពុងពង្រឹង និងមានភាពឆ្លាតវៃនៅក្នុងនយោបាយការបរទេសគ្រប់និន្នាការក៏ដោយ វាគឺជាចំណុចមាត់ជ្រោះដ៏គ្រោះថ្នាក់មួយសម្រាប់ភូមិសាស្ដ្រនយោបាយពិភពលោក និងតំបន់ ខណៈប្រទេសមហាអំណាចទាំងបីកំពុងប្រជែងឥទ្ធិពលគ្នា។

លោកបណ្ឌិត យង់ ពៅ បន្ថែមថា តាមរយៈការចេញផ្សាយរបាយការណ៍ដោយសារព័ត៌មាន New York Times បញ្ជាក់ពីការចុះកិច្ចព្រមព្រៀងជាសម្ងាត់របស់វៀតណាមដើម្បីទិញសព្វាវុធពីរុស្ស៊ី ការណ៍នេះជាចំណុចគ្រោះថ្នាក់មួយសម្រាប់វៀតណាម។ តែយ៉ាងណាលោកថា វៀតណាមធ្លាប់ទិញសព្វាវុធតាំងពីជំទាន់សហភាពសូវៀត ដូច្នេះការទិញបន្ថែមគឺងាយស្រួលក្នុងការប្រើប្រាស់បន្ដ។ ម្យ៉ាងវិញទៀត ដោយសារតែវៀតណាមនិងរុស្ស៊ីជាសម្ព័ន្ធមិត្ដចាប់តាំងពីសម័យសង្គ្រាមត្រជាក់

ដែលក្នុងការតតាំងជាមួយចិនក៏ដូចជាអាមេរិក វៀតណាមតែងតែប្រកៀកស្មាជាមួយសូវៀត តែឥលូវនេះវៀតណាមកំពុងប្រើល្បែងភូមិសាស្ដ្រនយោបាយជាមួយមហាអំណាចទាំងបី ដែលវាជាប្រភពគ្រោះថ្នាក់។ វៀតណាមគួរតោងមើលពីអតីតកាលនៃសង្គ្រាមវៀតណាម ដែលកាលនោះវៀតណាមចំណាយជីវិតមនុស្សរាប់លាននាក់ កងទ័ពវៀតណាមរាប់សែននាក់ ជាមួយនឹងអតីតកាលដ៏ជូរចត់ជាមួយអាមេរិក។

លោកបណ្ឌិត យង់ ពៅ ថាក៏អាចការសិក្សាប្រៀបធៀបពីសង្គ្រាមនៅបណ្ដាប្រទេសផ្សេងទៀត ដែលអាមេរិកចាកចេញដោយមិនបានគិតពីសុខទុក្ខនៅក្នុងប្រទេសនោះ ដូចជានៅអាហ្វហ្គានីស្ថាន និងបណ្ដាប្រទេសមួយចំនួនទៀតរួមទាំងវៀតណាម អាមេរិកតែងប្រើលេសថាដើម្បីសេរីភាព ប្រជាធិបតេយ្យនៃបណ្ដាប្រជាជននៅទីនោះ តែផ្ទុយទៅវិញពេលចាកចេញអាមេរិកមិនបានផ្ដល់សេរីភាព ប្រជាធិបតេយ្យ ឬក៏សន្ដិភាពឱ្យប្រទេសនោះទេ។ អាមេរិកតែងតែបង្កើតឱ្យមានសង្គ្រាម ប៉ុន្ដែមិនបានពន្លត់សង្គ្រាមស្វែងសន្ដិភាពឱ្យប្រទេសទាំងនោះឡើយ។ ហេតុនេះអាចវាយតម្លៃបានថា សម្រាប់អាមេរិកមិនសំខាន់ទៅលើការបញ្ចប់សង្គ្រាមទេ សំខាន់គឺធ្វើឱ្យមានសង្គ្រាម ដើម្បីប្រជែងភូមិសាស្ដ្រនយោបាយ ដើម្បីសេដ្ឋកិច្ចនៅក្នុងឧស្សាហកម្មសព្វាវុធរបស់ខ្លួន។

ចំពោះចំណុចគ្រោះថ្នាក់មួយទៀតដែលអាចប្រឈមសម្រាប់វៀតណាម លោកបណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថាទំនាក់ទំនងជាមួយអាមេរិក អាមេរិកមិនដែលភ្លេចពីការបញ្ជ្រាបមនោគមន៍ប្រជាធិបតេយ្យទៅក្នុងសង្គមវៀតណាម ឬរដ្ឋដែលមានទំនាក់ទំនងនោះទេ។ អ៊ីចឹងប្រសិនបើវៀតណាមបន្ដរឹតចំណងមិត្ដភាពឱ្យក្លាយជាសម្ព័ន្ធមិត្ដយូរអង្វែងដូចអ្វីដែលមេដឹកនាំទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នា នាពេលអនាគតអាមេរិកនឹងបញ្ជ្រាបពីមនោគមន៍នយោបាយកាន់តែខ្លាំង ដែលនេះជាចំណុចរសើបនៅវៀតណាមពិសេសគឺវៀតណាមភាគខាងត្បូងដែលធ្លាប់គ្រប់គ្រងដោយអាមេរិកក្នុងសង្គ្រាមវៀតណាម។ តែថ្វីបើបែបនេះ លោកបណ្ឌិត យង់ ពៅ ថាវៀតណាមក៏ដឹងពីគោលបំណងនេះរួចហើយដែរ។

ដោយឡែក សម្រាប់មន្ដ្រីជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី លោក Ian Storeyបាននិយាយថាលោកគិតឃើញក្នុងវីធីមួយចំនួនដែលអាមេរិកមានការរំពឹងមិនប្រាកដនិយមលើវៀតណាម។ លោកក៏មិនច្បាស់ដែរថាអាមេរិកបានស្វែងយល់គ្រប់ជ្រុងជ្រោយឬអត់លើចំណុចរសើបនៃទំនាក់ទំនងវៀតណាមជាមួយចិន រួមទាំងទំនាក់ទំនងរបស់ពួកគេជាមួយនឹងរុស្ស៊ី។ លោក Ian Storey បន្ដថា ប្រសិនបើភាន់ច្រឡំតែបន្ដិចលើបញ្ហាទាំងនេះ អាចធ្វើឱ្យអាមេរិកត្រូវរងភាពខ្លោចផ្សាបាន៕


អ្នកនិពន្ធ៖ PP

Bun

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + five =

This site uses Akismet to reduce spam. Learn how your comment data is processed.