ប្រជាធិបតេយ្យដែលកម្ពុជាត្រូវការ

ព្រះរាជាណាចក្រកម្ពុជាជាប្រទេសតូចមួយក្នុងណោមប្រទេសដទៃទៀតដែលស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប៉ុន្តែមានអាយុកាលជាយូរលង់ណាស់មកហើយ ព្រមទាំងមានអរិយធម៌ដ៏រុងរឿងមួយជាប្រវត្តិសាស្រ្តហើយបានបន្តរហូតមកដល់សព្វថ្ងៃនេះទៀតផង។ ទោះបីជាកម្ពុជាបានឆ្លងកាត់រជ្ជកាលដ៏រុងរឿងកាល
ពីអតីតកាលយ៉ាងណាក្ដី ក៏កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ជាពិសេសនោះគឺយុគ្គដ៏ខ្មៅងងឹតដែលធ្វើឱ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យរួមបញ្ជូលទាំងសេដ្ឋកិច្ច នយោបាយ វប្បធម៌ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក៏ត្រូវបានបំផ្លាញនៅក្នុងរបបប្រល័យពូជសាសន៍ដែលរាប់ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ ១៩៧៩ ហើយសង្គ្រាមរ៉ាំរ៉ៃបានបន្តរហូតដល់កំឡុងឆ្នាំ១៩៩៨ ដែលការវាយប្រហារគ្នាឯងត្រូវបានបញ្ចប់ទាំងស្រុងដោយការបង្កើតនយោបាយឈ្នះៗរបស់សម្ដេចតេជោហ៊ុន សែន។ ចាប់ពីពេលនោះមកទើបកម្ពុជាបានស្គាល់អ្វីទៅជាសន្តិភាពពេញលេញ ការអភិវឌ្ឍប្រកបដោយចីរភាព និងមានមុខមាត់លើឆាកអន្តរជាតិជាថ្មីម្ដងទៀត។

រហូតមានសព្វថ្ងៃនេះកម្ពុជាត្រូវបានរងទុក្ខវេទនាជាច្រើនដោយសង្រ្គាមផ្ទៃក្នុង និងការទទួលរងនូវឥទ្ធិពលនៃសង្គ្រាមត្រជាក់ដែលបានជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញ កម្ពុជា គឺត្រូវចាប់ផ្ដើមសារជាថ្មីម្ដងទៀតពីបាតដៃទទេដោយមិនមាននូវធនធានមនុស្សដូចប្រទេសដ៏ទៃនោះឡើយដោយសារតែអ្នកមានចំណេះដឹងជាច្រើន
ត្រូវបានបាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (របបប៉ុលពត) សេដ្ឋកិច្ចធ្លាក់ដល់ចំណុចសូន្យ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លិចបំផ្លាញខ្ទេចគ្មានសល់។ ដូច្នេះហើយសម្រាប់ប្រជាជនកម្ពុជាផ្ទាល់នាពេលនោះមិនត្រូវការអ្វីឡើយក្រៅពីសិទ្ធិរស់រានមានជីវិតដោយអាចមានលទ្ធភាពទទួលបាននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងម្ហូបអាហារដើម្បីបរិភោគប៉ុណ្ណោះ។ ទោះបីជាខណៈពេលនោះបន្ទាប់ពីមានការបង្កើតសន្ធិសញ្ញាទីក្រុងប៉ារីសដែលជាសន្តិភាពមានតែនៅក្នុងក្រដាស មានភាគីជម្លោះទាំងអស់ជាហត្ថលេខី តម្រូវឱ្យកម្ពុជាគោរពតាមលទ្ធិប្រជាធិបតេយ្យដោយមានការបោះឆ្នោតទៀងទាត់ និងមានការចូលរួមពីគណបក្សចម្រុះក្ដី ប៉ុន្តែវាមិនមែនជាអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនោះឡើយដោយសារតែខណៈពេលនោះ គឺកម្ពុជាស្ថិតនៅក្នុងស្ថានភាពក្រីក្រដាច់ខាត (Absolute Poverty)។ ជាក់ស្ដែងយោងទៅតាមការលើកឡើងរបស់លោកហ្សង់ ហ្រ្វង់ស័រតាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) យ៉ាងហោចណាស់មានហេតុផលចំនួន ៤ ដែលអាចពន្យល់ពីមូលហេតុចម្បងដែលប្រជាជនកម្ពុជាបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជានាឆ្នាំ ១៩៩៨ ២០០៣ និង២០០៨ រួមមាន ១-ថ្នាក់ដឹកនាំគណបក្សនេះជាអ្នកទប់ស្កាត់ពួកខ្មែរក្រហមពីការត្រលប់មកកាន់អំណាចវិញ ២-ថ្នាក់ដឹកនាំគណបក្សនេះជាអ្នកនាំសន្ថិភាពមកកាន់ប្រទេសជាតិវិញ ៣-ការបែងខ្ញែកសំលេងឆ្នោតរបស់គណបក្សប្រឆាំង និង៤-ប្រទេសជាតិមានការលូតលាស់សេដ្ឋកិច្ចក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែនដែលកម្ពុជាមិន
បានស្គាល់អស់ជាង ២០ ឆ្នាំទៅហើយ។

មកទល់ពេលនេះ កម្ពុជាបានបន្តការអភិវឌ្ឍជាបន្តបន្ទាប់ដោយមានកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន ៧ ភាគរយរហូតត្រូវបានគេហៅថា «ខ្លាសេដ្ឋកិច្ចអាស៊ី» ទៀតផង។ ស្របពេលជាមួយគ្នានេះដែលកម្ពុជាបានបន្តខិតខំបង្កើតធនធានមនុស្ស និងបន្តពង្រឹងទៅលើការវិវត្តន៍លើគ្រប់វិស័យដើម្បីបន្តអភិវឌ្ឍប្រទេសជាដ៏រាប
ជាពិសេសនោះគឺបន្តអនុវត្ត និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដើម្បីបោះជំហានទៅមុខជាបន្តទៀត។ ដូច្នេះហើយទើបយើងឃើញថាសេរីភាពសារព័ត៌មានដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសមានការប្រសើរឡើងជាខ្លាំងបើប្រៀបធៀបទៅនឹងអតីតកាល និងប្រទេសជិតខាងជាពិសេសប្រទេសដែលជាសមាជិកអាស៊ានដោយកម្ពុជាជាប្រទេសមួយដែលមានសេរីភាពសារព័ត៌មានទូលំទូលាយ និងប្រសើរជាងគេ រួមជាមួយការរៀបចំការបោះឆ្នោះជារៀងរាល់ ៥ ឆ្នាំម្ដងដោយអាចសរបញ្ជាក់ថាកម្ពុជាបានបន្តការអនុវត្តលទ្ធិប្រជាធិបតេយ្យបានយ៉ាងតឹងរឹងបំផុតទោះបីជាមានការមិនយល់ស្របពីគណៈបក្សប្រឆាំង និងប្រទេសមួយចំនួនក្ដី។

តើកម្ពុជាបានមកដល់ដំណាក់កាលភាពក្រីក្រទាក់ទង (Relative Poverty) ហើយឬ?

ភាពក្រីក្រទាក់ទង ឬភាសាអង់គ្លេសយើងហៅថា Relative Poverty នេះសម្ដៅដល់ការវិវត្តន៍នៃមនុស្សជាតិបន្ទាប់ទទួលបានសិទ្ធក្នុងការរស់នៅ និងអាចមានលទ្ធភាពទទួលយកការផ្គត់ផ្គង់ប្រចាំថ្ងៃរួចហើយនោះពួកគេនឹងឈានទៅរកសិទ្ធិសេរីភាពដូចជាសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការចូលរួមជាដើម។ ជាក់ស្ដែងយើងតែងឃើញដំណាក់កាលនេះកើតមានឡើងនៅក្នុងប្រទេសអភិវឌ្ឍដែលពោលពេញទៅដោយធនធានមនុស្ស មានការអភិវឌ្ឍស្ទើគ្រប់វិស័យ ចំណែកឯកម្ពុជាដែលជាប្រទេសដែលទើបងើបពីសង្គ្រាមរ៉ាំរ៉ៃ ហើយចាប់ផ្ដើមពីចំណុចសូន្យគឺនៅឆ្ងាយពីដំណាក់កាលនេះណាស់ទោះបីជាសេដ្ឋកិច្ចមានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក្ដីព្រោះប្រជាជនកម្ពុជា
នៅមានកម្រិតដែលរាប់បញ្ចូលទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុផ្ទាល់ដោយធ្វើឱ្យការយល់ដឹងនៅមានកម្រិតងាយនឹងទទួលយកការផ្លុំត្រជាក់ពី
មនុស្សមិនល្អមួយចំនួន។ នាពេលនេះកម្ពុជានៅស្ថិតក្នុងស្ថានភាពក្រីក្រដាច់ខាត (Absolute Poverty) នៅឡើយទេ ដោយត្រូវការពេលបន្ថែមទៀតក្នុងការឈានទៅរកមួយដំណាក់កាលមួយទៀតនោះគឺ ភាពក្រីក្រទាក់ទង (Relative Poverty) ហើយនៅខណៈពេលនោះដែលកម្ពុជាកំពុងបោះជំហានទៅមុខជាបន្តបន្ទាប់ទៀត។ នាពេលដ៏ខ្លីខាងមុខកម្ពុជានឹងបន្តឈានទៅរកប្រជាធិបតេយ្យពេញលេញជាក់ជាមិនខានបន្ទាប់ពីកម្ពុជាចេញរួចពីដំណាក់កាលទីមួយនេះ
ជាពិសេសនោះគឺស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលកម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណួលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងន័យនេះមិនមែនបានន័យថាប្រជាជនកម្ពុជាគ្មានសិទ្ធិជ្រើសរើសនោះឡើយ ប៉ុន្តែប្រជាជនកម្ពុជាត្រូវស្ថិតនៅក្រោមច្បាប់ដែលមានជាធរមាន។ ប្រជាធិបតេយ្យពិតប្រកដដែលកម្ពុជាត្រូវការនោះ គឺការកំណត់ទៅលើជោគវាសនារបស់ប្រទេសជាតិរបស់ខ្លួនដោយគ្មានការលូកដៃពីជាតិសាសន៍ដទៃ និងសិទ្ធិក្នុងការរស់រាន្តមានជីវិត និងបន្តរីករាយជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នរបស់ប្រទេសដែលស្ថិតនៅក្រោមម្លប់នៃសន្តិភាព។ ស្របពេលជាមួយគ្នានេះដែរ លទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចគឺមិនសមរម្យ និងអាចប្រើប្រាស់បានពេញលេញសម្រាប់ប្រទេសកម្ពុជានោះឡើយដោយបរិបទនៃប្រទេសនីមួយៗមានសភាពខុសគ្នា។ ការអនុវត្តដែលពុំមានមូលដ្ឋានច្បាស់លាស់ និងមិនស្របទៅនឹងកាលៈទេសៈ វាអាចនឹងនាំឱ្យកម្ពុជាសាងនូវកំហុសកាលពីអតីតកាលម្ដងទៀតដូចទៅនឹងរដ្ឋបាលរបស់លោកលន់ ណលជាក់ជាមិនខាន។
សហរដ្ឋអាមេរិក និងគណបក្សសង្គ្រោះជាតិគួរបោះបង់ប្រឹងប្រែងរបស់ខ្លួនដើម្បីកុំឱ្យខ្ជះខ្ជាយពេលវេលា និងកម្លាំងឥតប្រយោជន៍។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

4 × 2 =

This site uses Akismet to reduce spam. Learn how your comment data is processed.