នាវេលាថ្ងៃនេះចំណាប់អារម្មណ៍គ្រប់គ្នាគឺទៅលើជំនួបរវាងកំពូលមេដឹកនាំរបស់មហាយក្សទាំងពីរគឺលោកតាត្រាំជាទីស្នេហារបស់អាម៉េរិក និងលោកប្រធានស៊ីដ៏ស្រស់សង្ហាររបស់ចិននៅឯកិច្ចប្រជុំកំពូល APEC ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះនឹងកាត់បន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងការគំរាមកំហែងរបស់លោកតាត្រាំក្នុងការដំឡើងពន្ធ ១០០% លើទំនិញរបស់ចិនមានសុពលភាពចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ជាការតបតនឹងវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ (rare earth exports) របស់ប្រទេសចិន ជាពិសេសទៅកាន់អាម៉េរិក។ បណ្តាពាណិជ្ជករ និងអ្នកពាក់ព័ន្ធទាំងឡាយរបស់មហាយក្សទាំងពីរបង្ហាញពីសញ្ញាសុទិដ្ឋិនិយម ហើយរំពឹងថាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលមួយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជឿថា ជំនួបនេះទំនងជានឹងនាំមកនូវ បទឈប់បាញ់ពាណិជ្ជកម្ម ជាបណ្តោះអាសន្ន មួយប៉ុណ្ណោះ តែការប្រឈមនៅតែបន្តព្រោះថាមហាយក្សទាំងពីរមិនព្រមឲ្យភាគីណាមួយក្លាយជាម្ចាស់ពិភពគុនតែម្នាក់ឯងនោះទេ។
ប៉ុន្តែសម្រាប់កិច្ចប្រជុំលើកទី១នៃមេដឹកនាំកំពូលរបស់ប្រទេសទាំងពីរក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ភាគីចិនហាក់ដូចជាមានប្រៀបបើទោះជាលទ្ធផលចេញមកយ៉ាងណាក៏ដោយចុះ។
អត្ថបទវិភាគមួយរបស់ CNN ក្រោមចំណងជើងថា Whatever the outcome, the Xi-Trump meeting is a win for China បានពិពណ៌នាយ៉ាងពិស្តារអំពីរឿងនេះដោយខ្ញុំសូមធ្វើការប្រែសម្រួលយកតាមស្ទីលបកប្រែអង់គ្លេសនៅសាលាក្រោយវាំងកាលពីដើមទសវត្សរ៍១៩៩០ ដូចតទៅ៖
ទោះជាលទ្ធផលយ៉ាងណាក៏ដោយ ជំនួប ស៊ី-ត្រាំ គឺជាជោគជ័យមួយសម្រាប់មហាយក្សចិន
សម្រាប់មេដឹកនាំចិនលោកប្រធាន ស៊ី ជីនពីង ជំនួបដ៏សំខាន់មួយនេះជាមួយលោក ដូណាល់ ត្រាំ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ គឺជាឱកាសដើម្បីបង្ហាញអំពីអ្វីដែលទីក្រុងប៉េកាំងចស្វែងរកយូរមកហើយនោះគឺ ប្រទេសចិនឈរស្មើមុខស្មើមាត់ជាមួយសហរដ្ឋអាមេរិកនៅលើឆាកសកល។
សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិកប្រឆាំងនឹងចិន បានបង្កជាបញ្ហាប្រឈមទៅនឹងយុទ្ធនាការរបស់លោកប្រធាន ស៊ី សម្រាប់វឌ្ឍនភាព និងនវានុវត្តន៍ ក៏ប៉ុន្តែវាក៏បានផ្តល់ឱ្យទីក្រុងប៉េកាំងនូវអំណោយផលដែលមិននឹកស្មានដល់ផងដែរ នោះគឺពន្លឺដ៏ភ្លឺច្បាស់មួយបង្ហាញនូវកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន។
នៅពេលដែលបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោកប្រញាប់ប្រញាល់ចែចង់លោកតាត្រាំដើម្បីចរចាបន្ធូរបន្ថយអត្រាពន្ធគយសកលដែលលោកបានដាក់ចេញកាលពីនិទាឃរដូវកន្លងទៅ មហាយក្សចិនបានតបតទៅវិញជាមួយនឹងវិធានការផ្ទាល់ខ្លួន—រហូតដល់ភាគីទាំងពីរត្រូវបានបង្ខំឱ្យចូលតុចរចាដើម្បីរកបទឈប់បាញ់ពាណិជ្ជកម្ម។
ក្នុងប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ បន្ទាប់ពីច្បាប់របស់សហរដ្ឋអាមេរិកបានរារាំងចិនពីការទទួលព័ត៌មាននានាទាក់ទងនឹងបច្ចេកវិទ្យារបស់អាមេរិកពិសេសផ្តោតលើឧស្សាហកម្មដឹកជញ្ជូន រដ្ខធានីក្រុងប៉េកាំងបានបាញ់ត្រឡប់វិញដោយការប្រកាសពីការពង្រីកយ៉ាងទូលំទូលាយនូវការត្រួតពិនិត្យការនាំចេញលើរ៉ែកម្រសំខាន់ៗ—ដែលជាចលករមួយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានការភ្ញាក់ផ្អើល និងជំរុញឱ្យលោក ត្រាំ គំរាមដាក់ពន្ធគយបន្ថែមទៀត ១០០% លើទំនិញចិន។
ភាគីទាំងពីរហាក់ដូចជាបានដកថយពីការកើនឡើងចុងក្រោយនោះ បន្ទាប់ពីមានកិច្ចចរចាពាណិជ្ជកម្មនៅម៉ោងចុងក្រោយរវាងអ្នកចរចាជាន់ខ្ពស់កាលពីចុងសប្តាហ៍នេះនៅក្នុងប្រទេសម៉ាឡេស៊ី។
ឥឡូវនេះ លោក ស៊ី និងលោក ត្រាំ គ្រោងនឹងជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលអន្តរជាតិមួយនៅកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍—ដែលជាជំនួបផ្ទាល់លើកដំបូងរបស់ពួកគេក្នុងអាណត្តិទីពីររបស់លោក ត្រាំ ជាទីដែលពួកគេត្រូវបានគេរំពឹងថានឹងយល់ព្រមលើក្របខ័ណ្ឌមួយសម្រាប់ការគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ។
វាមិនទាន់ច្បាស់នៅឡើយទេថា តើភាគីនីមួយៗបានយល់ព្រមលះបង់អ្វីខ្លះដើម្បីឈានដល់ចំណុចនេះ—ហើយនេះគ្រាន់តែជាចំណុចមួយនៅក្នុងការប្រកួតប្រជែងដ៏ស្មុគស្មាញ និងប្រែប្រួលរវាងមហាអំណាចទាំងពីរ។ ប៉ុន្តែវាក៏នឹងក្លាយជាពេលមួយដែលលោក ស៊ី ចូលទៅក្នុងបន្ទប់ប្រជុំបន្ទាប់ពីបានពង្រឹងនូវការពិតថ្មីមួយនៅក្នុងទំនាក់ទំនងអាមេរិក-ចិន៖ ប្រទេសចិននឹងចរចា ប៉ុន្តែវានឹងមិនចុះចាញ់ដោយការគំរាមកំហែងឡើយ។
‘ប្រទេសចិនមានភាពស្ងប់ស្ងាត់ណាស់’
ទាំងអស់នេះមិនមានន័យថា ហានិភ័យមិនខ្ពស់សម្រាប់លោក ស៊ី នោះទេ។
ជំនួសឱ្យសហរដ្ឋអាមេរិក និងចិនធ្វើការរួមគ្នាលើការគំរាមកំហែងសកលក្នុងនាមជា “G2” នៃប្រទេសដែលមានសេដ្ឋកិច្ចមានឥទ្ធិពលបំផុតលើពិភពលោក នោះទីក្រុងប៉េកាំងមើលឃើញសហរដ្ឋអាមេរិកដែលដាក់គោលដៅរារាំងការងើបឡើងរបស់ខ្លួនដោយពន្ធគយ ការត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាខ្ពស់ និងការកកិតនយោបាយ។
ពន្ធគយបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកលើទំនិញចិន—ដែលឈរនៅកម្រិតជាមធ្យមលើសពី ៥០%—កំពុងដាក់សម្ពាធលើសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរួចទៅហើយរបស់ប្រទេសនេះ ហើយពន្ធទាំងនោះអាចនឹងកើនឡើងទ្វេដង ប្រសិនបើមេដឹកនាំទាំងពីរមិនអាចរកចំណុចរួមបាន។
ប៉ុន្តែខណៈដែលមន្ត្រីអាមេរិកកំពុងអួតអាងពីសមត្ថភាពរបស់លោក ត្រាំ ក្នុងការ “បង្កើតឥទ្ធិពល” ដើម្បីដាក់សម្ពាធលើចិន នោះនៅពាក់កណ្តាលនៃទិដ្ឋភាពរបស់ទីក្រុងប៉េកាំងវិញ ប្រទេសចិនក៏មើលឃើញជោគជ័យនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។
នៅទីនោះ ទស្សនៈទូទៅគឺថា ប្រទេសចិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងនេះ៖ ខ្លួនបានបង្កើតឥទ្ធិពលធម្មជាតិតាមរយៈការត្រួតត្រាជាយុទ្ធសាស្ត្រលើខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែដីកម្រសកល ខ្លួនបានធ្វើពិពិធកម្មពាណិជ្ជកម្មដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារអាមេរិក ហើយខ្លួនកំពុងជំរុញឱ្យពន្លឿននវានុវត្តន៍ដែលនឹងអនុញ្ញាតឱ្យខ្លួនកាត់ផ្តាច់ខ្លួនពីទំនិញអាមេរិក ដូចជាបន្ទះឈីប (semi-conductors) កម្រិតខ្ពស់។
យោងតាមលោក វ៉ាង យីវ៉ី (Wang Yiwei) នាយកវិទ្យាស្ថានកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំងបានឱ្យដឹងថា ទីក្រុងប៉េកាំងបាន “ត្រៀមខ្លួនរួចរាល់ទាំងស្រុង” ចំពោះរបៀបដែលលោក ត្រាំ អាចធ្វើសកម្មភាពឆ្ពោះទៅរកប្រទេសចិន នៅពេលដែលលោកចាប់ផ្តើមអាណត្តិទីពីររបស់លោក។
លោក វ៉ាង បាននិយាយថា៖ «ប៉ុន្តែពីខាងសហរដ្ឋអាមេរិក ពន្ធគយ ឬវិធានការណាមួយដែលបានធ្វើឡើង [ដោយ] ភាគីចិនបានជួយដល់លោកប្រធានាធិបតី ត្រាំ ខ្លួនឯងឱ្យដឹងថា សមត្ថភាពរបស់ចិនគឺខុសពីប្រាំបីឆ្នាំមុន… ហើយលោកយល់ថា អ្វីដែលបានផ្លាស់ប្តូរ—គឺសហរដ្ឋអាមេរិកលែងជាមហាអំណាចលេចធ្លោទៀតហើយ»។
ទីក្រុងប៉េកាំងក៏កំពុងបន្តការជំរុញរបស់ខ្លួនដើម្បីការពារខ្លួនពីវិបត្តិនាពេលអនាគតផងដែរ—រួមទាំងនៅក្នុងផែនការរយៈពេល ៥ ឆ្នាំដែលនឹងមកដល់របស់ខ្លួន ដែលមានគោលដៅពង្រឹងការជំរុញពីថ្នាក់លើសម្រាប់បច្ចេកវិទ្យា និងឧស្សាហកម្មដែលពឹងផ្អែកលើខ្លួនឯង។
លោក វ៉ាង វិន (Wang Wen) ព្រឹទ្ធបុរសនៃវិទ្យាស្ថាន Chongyang សម្រាប់មូលនិធិសិក្សាហិរញ្ញវត្ថុ (Chongyang Institute for Financial Studies think tank) នៅសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំង បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុននៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនមានភាពស្ងប់ស្ងាត់ណាស់ក្នុងការប្រឈមមុខនឹងជម្លោះ និងការលំបាកទាំងអស់ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក»។
លោក វ៉ាង បានបន្ថែមថា៖ «សហរដ្ឋអាមេរិកនៅតែជាដៃគូដ៏សំខាន់ ប៉ុន្តែនៅក្នុងទិដ្ឋភាពរបស់ចិន សហរដ្ឋអាមេរិកកំពុងបាត់បង់សារៈសំខាន់របស់ខ្លួន»។
មេដឹកនាំខ្លាំងទាំងពីររូប
ភាគីទាំងពីរបានផ្តល់សញ្ញាវិជ្ជមានបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មកាលពីចុងសប្តាហ៍ ដោយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កត ប៊ែសិន (Scott Bessent) បានណែនាំថា ទីក្រុងប៉េកាំងនឹងពន្យារពេលការត្រួតពិនិត្យរបស់ខ្លួនលើរ៉ែដីកម្រ ខណៈដែលសហរដ្ឋអាមេរិកនឹងដកការគំរាមកំហែងពន្ធ ១០០% របស់ខ្លួន និងពង្រីកបទឈប់បាញ់ពន្ធគយកាលពីមុន។
ប៉ុន្តែប្រទេសចិនមិនបានធ្វើសេចក្តីថ្លែងការណ៍បែបនេះទេ ហើយនៅតែមានហានិភ័យដែលមេដឹកនាំខ្លាំងទាំងពីររូបនេះមិនអាចមើលឃើញស្របគ្នា ឬការបញ្ចេញមតិដែលមិនសមរម្យមួយអាចបង្វែរស្ថានភាពដ៏ផុយស្រួយនេះ។ ហើយដូចដែលតែងតែកើតមានជាមួយនឹងការទូតរបស់លោក ត្រាំ ដែរ ភាគច្រើនអាចនឹងអាស្រ័យលើគីមីវិទ្យានៅថ្ងៃជួបគ្នារវាងមេដឹកនាំទាំងពីរ ដែលបានជួបគ្នាជាលើកចុងក្រោយក្នុងឆ្នាំ ២០១៩។ ភាពស្វាហាប់បែបនេះត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ៍នៅប្រទេសជប៉ុន ជាទីដែលលោក ត្រាំ បានចុះសម្រុងជាមួយនាយករដ្ឋមន្ត្រីអភិរក្សនិយមថ្មីរបស់ប្រទេសនេះ គឺលោក សេនណេ តាកៃស៊ី (Sanae Takaishi) ហើយបានសន្យាថា ប្រសិនបើជប៉ុនត្រូវការការអនុគ្រោះណាមួយ សហរដ្ឋអាមេរិកនឹងនៅទីនោះ។
អ្នកវិភាគបាននិយាយថា នៅក្នុងជំនួបជាមួយលោក ត្រាំ អាទិភាពកំពូលរបស់លោក ស៊ី គឺមានគោលបំណងចង់ឃើញសហរដ្ឋអាមេរិកកាត់បន្ថយពន្ធគយ និងដកចេញនូវការត្រួតពិនិត្យការនាំចេញ។ ដើម្បីធ្វើឱ្យរឿងនេះកើតឡើង លោកអាចនឹងមានឆន្ទៈក្នុងការបន្ធូរបន្ថយ ឬពន្យារពេលការត្រួតពិនិត្យការនាំចេញរ៉ែដីកម្រចុងក្រោយរបស់ចិន។
លោក សិន ឌីងលី (Shen Dingli) អ្នកវិភាគកិច្ចការបរទេសដែលមានមូលដ្ឋាននៅសៀងហៃបាននិយាយថា ប្រទេសចិនបានដាក់ការត្រួតពិនិត្យទាំងនោះដើម្បី “បង្ខំឱ្យសហរដ្ឋអាមេរិកមិនដាក់ទណ្ឌកម្មដ៏ទូលំទូលាយលើប្រទេសចិន” ប៉ុន្តែផ្ទុយទៅវិញកំណត់ទណ្ឌកម្មរបស់ខ្លួនត្រឹម “វិស័យសន្តិសុខជាតិមួយចំនួនតូចប៉ុណ្ណោះ”។
ថាតើការនេះដំណើរការជាក់ស្តែងឬអត់ នឹងត្រូវបានសាកល្បងនៅថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រជុំមួយដែលទីក្រុងប៉េកាំងសង្ឃឹមថា លោក ត្រាំ នឹងប្រព្រឹត្តចំពោះលោក ស៊ី ដោយក្តីគោរព និងភាពកក់ក្តៅចំពោះមេដឹកនាំចិនដែលលោកបានសម្តែងក្នុងប៉ុន្មានខែថ្មីៗនេះ និងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
មេដឹកនាំការទូតកំពូលរបស់ចិន លោក វ៉ាង យី បានផ្តល់ការរំលឹកដ៏ឈ្លាសវៃមួយអំពីរឿងនេះនៅក្នុងការហៅទូរស័ព្ទជាមួយសមភាគីអាមេរិករបស់លោក ម៉ាកូ រូប៊ីអូ (Marco Rubio) កាលពីល្ងាចថ្ងៃច័ន្ទ។
យោងតាមរបាយការណ៍ លោក វ៉ាង បាននិយាយថា លោក ស៊ី និងលោក ត្រាំ គឺជា «មេដឹកនាំលំដាប់ពិភពលោកទាំងពីរ ដែលបានចូលរួមជាមួយគ្នាក្នុងរយៈពេលដ៏យូរ និងដោយការគោរពគ្នាទៅវិញទៅមក»។ លោកបានបន្ថែមថា «ការប្រកាន់ខ្ជាប់នូវស្មារតីនៃសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក» គឺជាលក្ខខណ្ឌគន្លឹះសម្រាប់ការ «ជំរុញទំនាក់ទំនងទ្វេភាគីទៅមុខ»។
From:Mao Vutha